Monday, August 18, 2025
Homeព័ត៌មានជាតិជិះម៉ូតូចូលការដ្ឋានសំណង់គេ ផ្អើលឆុលទាំងយប់ ចុងក្រោយលើកដៃ...

ជិះម៉ូតូចូលការដ្ឋានសំណង់គេ ផ្អើលឆុលទាំងយប់ ចុងក្រោយលើកដៃ…

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូចូលក្នុងការដ្ឋានសំណង់ ដែលកំពុងសាងសង់មួយកន្លែង នៅពេលយប់ ធ្វើឱ្យគេសង្ស័យថាជាចោរ ក៏នាំគ្នាឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចយកទៅសួរនាំ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់ ស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

បុរសដែលត្រូវឃាត់ខ្លួនខាងលើ មានឈ្មោះឡុង ពុទ្ធយាខេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់អីវ៉ាន់ រស់នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-0469។

បើតាមប្រភពពីម្ចាស់ការដ្ឋានសំណង់ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានបុរស៣នាក់ ជិះម៉ូតូចំនួន២គ្រឿង ដោយមួយគ្រឿងជិះគ្នា២នាក់ និងមួយគ្រឿងទៀតជិះម្នាក់ឯង បានមកចូលក្នុងការដ្ឋានសំណង់ បន្ទាប់មកបុរស២នាក់ដែលជិះម៉ូតូ១គ្រឿងឌុបគ្នាបានជិះចេញបាត់ទៅ នៅតែម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់ត្រូវកម្មករឃាត់ខ្លួននៅក្នុងការដ្ឋានសំណង់ ដោយមានការសង្ស័យថាជាចោរ។

ម្ចាស់ការដ្ឋានសំណង់បន្តថា នៅពេលឃើញម៉ូតូចូលក្នុងការដ្ឋានដូច្នេះ ភ្លាមៗនោះដែរ កម្មករសំណង់ដែលស្នាក់នៅកន្លែងកើតហេតុខាងលើ ក៏នាំគ្នាឃាត់ ហើយគ្រានោះ បុរសដែលត្រូវគេឃាត់ខ្លួននេះ បាននិយាយថា គាត់ធ្លាប់ជិះកាត់តាមនេះដើម្បីទៅមើលផ្ទះរបស់គាត់ដែលកំពុងសាងសង់នៅជិតកន្លែងកើតហេតុ។ ប៉ុន្តែក្រុមកម្មករក្នុងការដ្ឋានសំណង់មិនជឿ ដោយសារតែនៅក្នុងការដ្ឋានសំណង់កន្លងមក គឺធ្លាប់បាត់របស់របរជាច្រើន ទើបទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១ ឱ្យទៅទទួលយកមកសួរនាំនៅប៉ុស្តិ៍។

ក្រោយពេលទទួលបានព័ត៌មាននេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ក៏មកឃាត់ខ្លួនបុរសរូបនេះយកទៅសួរនាំនៅប៉ុស្តិ៍ ហើយបុរសរូបនេះបាននិយាយថា នៅក្នុងការដ្ឋានខាងលើ ប្រមាណ១ខែមុន គាត់ធ្លាប់ជិះម៉ូតូកាត់ ដែលគ្រានោះ ក្នុងការដ្ឋានមិនទាន់សាងសង់ទេ គឺគាត់ទៅមើលផ្ទះរបស់ខ្លួនដែលនៅខាងក្រោយជិតទីកន្លែងកើតហេតុ ហើយរូបគាត់មកតែម្នាក់ឯងទេ។

បន្ទាប់ពីការសាកសួររួច បុរសដែលត្រូវឃាត់ខ្លួនខាងលើ មិនទាន់បានលួចយកអីវ៉ាន់អ្វី ហើយបុរសរូបនេះបង្ហាញអាកប្បកិរិយាមិនខ្លាចអ្នកណា ព្រោះគាត់អះអាងថា គាត់មិនបានយករបស់របរអ្នកណាទេ ហើយក៏បានសំពះសុំទោសដើម្បីបញ្ចប់រឿង ហើយភាគីខាងម្ចាស់ការដ្ឋាន ក៏មិនបានប្តឹងផ្តល់អ្វីដែរ គ្រាន់តែសមត្ថកិច្ចឱ្យបុរសរូបនេះធ្វើកិច្ចសន្យា និងទាក់ទងទៅអាណាព្យាបាលមកធានា ទើប អនុញ្ញាតឱ្យត្រឡប់ភ្លាមៗដែរ៕

RELATED ARTICLES