Friday, April 19, 2024
Homeព័ត៌មានជាតិលោក​ស្រី​រ៉ូណា ស្មីុត ចូល​រួម​បុណ្យ​១០០ ថ្ងៃ​សព​លោក​កែម ឡី

លោក​ស្រី​រ៉ូណា ស្មីុត ចូល​រួម​បុណ្យ​១០០ ថ្ងៃ​សព​លោក​កែម ឡី

ភ្នំពេញ ៖ អ្នករាយការណ៍ពិសេសនៃអង្គការ សហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅ កម្ពុជា លោកស្រីរ៉ូណា ស៊្មីត (Rhona Smith) កាលពីព្រឹកថ្ងៃទី១៥ តុលា ឆ្នាំ២០១៦ បាន អញ្ជើញទៅចូលរួមពិធីបុណ្យ១០០ថ្ងៃ និងគោរព វិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី នៅវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

នៅក្នុងដំណើររបស់លោកស្រីរ៉ូណា ស៊្មីត អមដំណើរដោយមន្ត្រីអង្គការសិទ្ធិមនុស្សសំខាន់ៗ មួយចំនួនទៀត ទៅកាន់វត្តចាស់ ដែលជាកន្លែង ប្រារឰពិធីបុណ្យ១០០ថ្ងៃនៃសពលោកបណ្ឌិត កែម ឡី កាលពីព្រឹកថ្ងៃទី១៥ ខែតុលា នោះ ប៉ុន្តែលោកស្រីមិនបាននិយាយអ្វីច្រើននោះទេ ក្រៅពីការអុជធូបគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវសង្គម ដែលត្រូវបាន ខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន២គ្រាប់ បណ្តាល ឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្នុងស្តារម៉ាត កាល់តិច នៅស្តុបបូកគោ កាលពីវេលាម៉ោងជិត ១០ព្រឹកកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

kem-lay1

គណៈកម្មការររៀបចំបុណ្យ១០០ថ្ងៃ លោក បណ្ឌិតកែម ឡី ក៏ដូចជាមជ្ឈដ្ឋានអ្នកចូលរួម បានបង្ហាញការចាប់អារម្មណ៍ចំពោះវត្តមាន លោកស្រីរ៉ូណា ស៊្មីត អ្នករាយការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី និង បានចាត់ទុកថា ព្រឹត្តិការណ៍ឃាតកម្មលើលោក បណ្ឌិតកែម ឡី បានធ្វើឱ្យមន្ត្រីអង្គការសហប្រជាជាតិ ចាប់អារម្មណ៍។

លោកសៅ កុសល តំណាងគណៈកម្មការ រៀបចំបុណ្យ១០០ថ្ងៃ សពលោកបណ្ឌិតកែម ឡី បានបញ្ជាក់ប្រាប់ “នគរធំ” នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ថា ពិតជាព្រឹត្តិការណ៍គួរ ឱ្យកត់សម្គាល់ ដែលលោកស្រីរ៉ូណា ស៊្មីត បាន មកចូលរួមបុណ្យសព និងគោរពវិញ្ញាណក្ខន្ធលោក បណ្ឌិតកែម ឡី ហើយលោកស្រីទទួលស្គាល់ថា ការស៊ើបអង្កេតករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី គ្មានភាពជឿនលឿន។ 

លោកសៅ កុសល មានប្រសាសន៍ថា “បាទ! យើង ឃើញហើយ បញ្ហាធ្វើបុណ្យនេះ លោកស្រីមានការចាប់អារម្មណ៍ ហើយលោកស្រី អញ្ជើញមក មានគោលបំណង៣។ ទី១ គឺចូល រួមគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី ហើយ ទី២ លោកស្រីក៏ចង់ដឹងការលំបាករបស់គណៈកម្មការដែរ ដោយឃើញថា កន្លងមក គណៈកម្មការ រៀបចំបុណ្យនេះ មានការលំបាកក្នុងរកកន្លែង និងទីតាំងធ្វើបុណ្យ។ ប៉ុន្តែក្រោយមក សាលារាជធានីភ្នំពេញ បានអនុញ្ញាតឱ្យយើងធ្វើវិញ នេះ ជាចំណុចដែលយើងអបអរសាទរ ហើយចំណុច ទី៣ គឺប្រជាពលរដ្ឋមានការស្នើសុំលោកស្រីរ៉ូណា ស៊្មីត សុំឱ្យធ្វើយ៉ាងម៉េចពន្លឿនក្នុងការស៊ើបអង្កេតរកយុត្តិធម៌ជួនលោកបណ្ឌិត ឱ្យបានលឿន ព្រោះថា ក្នុងរយៈពេល៣ខែនេះ យើងអត់ឃើញ មានការព្យាយាមក្នុងការស៊ើបអង្កេតរកយុត្តិធម៌ ជូនលោកបណ្ឌិតកែម ឡី ទេ។ ពេលនោះ លោកស្រីបានលើកឡើងថា គាត់បានដឹងរឿងឃាតកម្ម លោកបណ្ឌិតកែម ឡី ហើយគាត់ទទួលស្គាល់ ការពិតអ៊ីចឹងដែរ ការស៊ើបអង្កេតនេះ វាអត់ ឃើញមានភាពជឿនលឿន។ អ៊ីចឹងប្រជាពលរដ្ឋ សុំថា ធ្វើយ៉ាងម៉េច ធ្វើការស៊ើបអង្កេតឱ្យបាន លឿនឱ្យមានក្រុមការស៊ើបអង្កេតឯករាជ្យណា មួយ ដើម្បីធ្វើការងារនេះឱ្យបានលឿន ស្វែងរក យុត្តិធម៌ជូនលោកបណ្ឌិត”។  

ដោយឡែក លោកអេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក្នងឱកាសចូល រួមពិធីបុណ្យសពលោកកែម ឡី គម្រប់១០០ ថ្ងៃ នៅថ្ងៃដដែលនោះ បានថ្លែងប្រាប់អ្នកកាសែតថា រាជរដ្ឋាភិបាល គួរតែបង្ហាញតម្លាភាពនៃការស៊ើបអង្កេតករណីឃាតកម្មលោក បណ្ឌិតកែម ឡី ពិសេសលោកបានជំរុញឱ្យ ក្រសួង២ គឺក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ យកចិត្តទុកដាក់ចំពោះករណីនេះ ឱ្យមែន ទែន។

គួរបញ្ជាក់ថា លោកស្រីរ៉ូណា ស៊្មីត មក បំពេញទស្សនកិច្ច រយៈពេល១០ថ្ងៃនៅកម្ពុជា គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែតុលា ដើម្បី ពិនិត្យអំពីស្ថានភាពសិទ្ធិមនុស្ស និងតាមដាន ការអនុវត្តអនុសាសន៍ដែលលោកស្រីដាក់ជូន រាជរដ្ឋាភិបាល សម្រាប់ការកែលម្អស្ថានភាព គោរពសិទ្ធិមនុស្សនៅកម្ពុជា ឱ្យបានប្រសើរឡើង។

ដំណើរបេសកកម្មរបស់លោកស្រីរ៉ូណា ស៊្មីត បានធ្វើឡើងស្របពេលដែលមហាសន្និបាតនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ បានបោះឆ្នោតជ្រើសតាំងលោកអង់ តូនីញ៉ូ ហ្គូទែររ៉េស (António Guterres) អតីត នាយករដ្ឋមន្ត្រីប្រទេសព័រទុយហ្គាល់ ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០២ និងធ្លាប់ធ្វើជាឧត្តមស្នងការនៃ អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៥ ជាអគ្គលេខាធិការថ្មី នៃអង្គការសហប្រជាជាតិ ជំនួសលោកបាន គីមូន (Ban Ki-moon) ជាអគ្គលេខាធិការអង្គការ សហប្រជាជាតិបច្ចុប្បន្ន ដែលនឹងត្រូវផុតអាណត្តិ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

ក្រៅពីមកគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ដែល ជាថ្ងៃទី២ នៃពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ និង មានប្រជាពលរដ្ឋមកគ្រប់ទិសទី បន្តមកចូលរួម កម្មវិធីបុណ្យនោះ លោកស្រីរ៉ូណា ស៊្មីត បាន ជួបពិភាក្សាការងារជាមួយអង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងមន្ត្រីរាជរដ្ឋាភិបាល កម្ពុជា ជាបន្តបន្ទាប់។

គួរបញ្ជាក់ដែរថា កម្មវិធីគម្រប់ខួប១០០ ថ្ងៃនៃសពលោកបណ្ឌិតកែម ឡី នៅពោធិយារាម ហៅវត្តចាស់ បញ្ចប់នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៦ នេះ ហើយនៅថ្ងៃនេះ ក៏មានការហែ រូបសំណាកលោកបណ្ឌិតកែម ឡី ឆ្ពោះ ទៅបូជនីយដ្ឋានបញ្ចុះសពនៅឯខេត្តតាកែវ បន្ទាប់ពី ការស្នើសុំតម្កល់នៅទីលានប្រជាធិបតេយ្យរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរបដិសេធ។ រីឯថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦ គឺជាថ្ងៃបង្ហើយនៃពិធី បុណ្យ១០០ថ្ងៃនេះ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES