ភ្នំពេញ ៖ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើការឆ្លើយតប ៣ចំណុច ទៅនឹងសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោកជិន ម៉ាលីន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទិ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ថា “៣ចំណុច ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ Rhona Smith អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ៖
១. មូលដ្ឋាននៃការអនុវត្តច្បាប់ ៖ វាជាការចោទប្រកាន់ច្រំដែល និងដដែលៗ ដោយគ្មានមូលដ្ឋាន មកលើវិធានការរបស់សមត្ថកិច្ច ថាគ្មានមូលដ្ឋានច្បាប់ ដែលតាមពិតសមត្ថកិច្ចមានមូលដ្ឋានផ្លូវច្បាប់រឹងមាំនិងច្បាស់លាស់ ក្នុងដំណើរការនីតិវិធីតាមផ្លូវតុលាការ លើជនជាប់ចោទ ដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់ ក្នុងការដាក់បន្ទុក តាមរយៈសក្ខីកម្មនិងភ័ស្តុតាងនានាជាច្រើន ដែលសមត្ថកិច្ចបានបង្ហាញនាពេលកន្លងមក។
តែផ្ទុយទៅវិញ មានតែក្រុមជនជាប់ចោទទាំងអស់នោះវិញទេ ដែលមិនមានភ័ស្តុតាងនិងសក្ខីកម្មរឹងមាំ ក្នុងការដោះបន្ទុកតាមផ្លូវច្បាប់ ក្រៅតែពីការចោទប្រកាន់សមត្ថកិច្ចនិងតុលាការ ជួបជុំគ្នាតវ៉ា រត់គេចខ្លួន និងបដិសេធមិនចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ នាពេលកន្លងមក ដែលទាំងនេះ មិនមែនជាមធ្យោបាយក្នុងការការពារខ្លូនតាមផ្លូវច្បាប់នោះទេ។
២. បទល្មើសដែលមានអ្នកពាក់ព័ន្ធច្រើន ៖ វាជារឿងធម្មតានិងជាគោលការណ៍ច្បាប់ព្រហ្មទណ្ឌ សំណុំរឿងមួយចំនួន អាចមានអ្នកជាប់ពាក់ព័ន្ធច្រើន កាលណាវាជាសំណុំរឿងដែលមានអង្គការចាត់តាំងរៀបចំចាត់ចែងច្បាស់លាស់និងជាប្រព័ន្ធ ភាសាអង់គ្លេសហៅថា Organized crime ដែលតាមគោលការណ៍ច្បាប់ព្រហ្មទណ្ឌ ក្នុងសំណុំរឿងបែបនេះ អ្នកដែលជាប់ពាក់ព័ន្ធទាំងប៉ុន្មាន ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដូចៗគ្នា។
ម្យ៉ាងវិញទៀត ការចេញដីកាជាបន្តបន្ទាប់ នាពេលថ្មីៗនេះ ក៏អាចស្ថិតក្នុងគោលដៅនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការផងដែរ ក្នុងការពន្លឿនដំណើរការនីតិវិធីរបស់តុលាការ មិនមែនក្នុងគោលដៅធ្វើទុក្ខបុកម្នេញ រឹតត្បិតសិទ្ធិសេរីភាពរបស់សកម្មជនយោបាយអ្វីនោះទេ។
៣. សិទ្ធិទទួលបានយុត្តិធម៌ និងការពារខ្លួនតាមផ្លូវច្បាប់ ៖ សិទ្ធិទទួលបានយុត្តិធម៌និងការពារខ្លួនតាមផ្លូវច្បាប់ ត្រូវបានធានាយ៉ាងពេញលេញ ដល់ជនជាប់ចោទ តាមរយៈការផ្តល់មេធាវីការពារក្តី នៅសវនាការ តាមការចាត់តាំងឬការជ្រើសរើសរបស់សាមីខ្លួន ទោះបីពួកគេខ្លះមិនមានវត្តមានក្នុងស្រុកយ៉ាងណាក៏ដោយ។
ដូច្នេះ ពួកគេគួរតែចូលរួមក្នុងដំណើរការនីតិវិធីតុលាការ ដើម្បីការពារខ្លួនតាមផ្លូវច្បាប់ ជាជាងបដិសេធ និងគេចខ្លួន ហើយធ្វើការជួបជុំតវ៉ា ចោទប្រកាន់សមត្ថកិច្ចនិងតុលាការ ដោយគ្មានមូលដ្ឋាន ដែលទាំងនេះ មិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ ក្នុងការការពារខ្លួនឱ្យរួចពីបទចោទនោះទេ”៕