Monday, November 10, 2025

 KTV លើប ភ្លើងឆេះ

ភ្នំពេញ ៖ ទីតាំង KTV លើប ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅចំណុចហាង KTV មួយកន្លែង នៅផ្ទះលេខ៦អា តាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង ក្នុងនោះរថយន្តការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះរាជធានីភ្នំពេញ ចំនួន៤គ្រឿង ប្រើប្រាស់ទឹក អស់១ឡាន ស្មើនឹង៤ម៉ែត្រគូប និងរថយន្តជំនួយ កាណាឌីយ៉ា ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក។

ចំពោះប្រភេទសំណង់រងគ្រោះ គឺជាប្រភេទផ្ទះល្វែង ទំហំ ៤ម៉ែត្រ គុណនឹង ១៦ម៉ែត្រ និងឆេះបន្ទប់ ទំហំ ៣ម៉ែត្រ គុណនឹង ៣ម៉ែត្រ រួមនឹងសម្ភារៈប្រើប្រាស់អស់មួយចំនួន តែពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាង ឡើយ។ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ គ្រប់គ្រងបានទាំងស្រុងនៅម៉ោង៧និង៤៥នាទីយប់ ថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មិនបានបណ្តាលឱ្យអ្នករបួសនោះឡើយ៕

RELATED ARTICLES