Monday, November 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុស្សេខ្សែភ្លើង ឆេះរោងស្នាក់នៅកម្មករ

ទុស្សេខ្សែភ្លើង ឆេះរោងស្នាក់នៅកម្មករ

ភ្នំពេញ ៖ រោងស្នាក់នៅកម្មករមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវលេខ៤ ក្រុមទី០៥ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យរាជធានីភ្នំពេញ ចំនួន៣គ្រឿងប្រើ ប្រាស់ទឹក អស់១ឡាន ស្មើនឹង ៤ម៉ែត្រគូប។ ចំពោះប្រភេទសំណង់រងគ្រោះ គឺជាប្រភេទដែកប្រក់ស័ង្កសី ទំហំ ៣ម៉ែត្រ គុណនឹង ១២ម៉ែត្រ និងឆេះរោងស្នាក់នៅកម្មករ ទំហំ ៣ម៉ែត្រ គុណនឹង ១២ម៉ែត្រ រួមមានម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ ចំនួន១គ្រឿង គ្រែពូក និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ អស់ទាំងស្រុង ហើយពុំបណ្តាលឱ្យឆេះរាល ដាលដល់អ្នកក្បែរខាងឡើយ។ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ គ្រប់គ្រងបានទាំង ស្រុង នៅម៉ោង១រសៀល ថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ នៅក្នុងហេតុ ការណ៍គ្រោះអគ្គិភ័យខាងលើនេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕

RELATED ARTICLES