ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ជាកម្មករសំណង់ បន្ទាប់ពីមិនស្រួលខ្លួន បានទៅសុំច្បាប់មេការសម្រាក បាត់២ថ្ងៃ ស្រាប់តែប្រទះឃើញដេកស្លាប់ទៅវិញ សង្ស័យជំងឺខ្យល់គ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបន្ទប់ រោងរបស់កម្មករ សំណង់ផ្ទះល្វែង ជាប់របងវត្តតាំងកសាងខាងជើង ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
សាកសព មានឈ្មោះ សៅ ម៉ន អាយុ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ ផ្នែកតម្លើងពុម្ព មកស្នាក់នៅក្នុងរោង ការដ្ឋានសំណង់ខាងលើ ម្នាក់ឯង រយះពេល៣ខែមកហើយ មានស្រុកកំណើត ភូមិថ្មី ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង មានប្រពន្ធឈ្មោះ ធឿន ចន អាយុ៣៨ឆ្នាំ មុខរបរកសិករនិងមានកូន ស្រីម្នាក់ អាយុ៣ឆ្នាំ ក្នុងបន្ទុក ។
តាមសម្តីមេការសំណង់ ឈ្មោះ ឈឺន ឆាត ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០៧ ខែកក្កដា ជនរងគ្រោះ បានសុំច្បាប់ផ្ទាល់មាត់ ឈប់សម្រាក ដោយពោលប្រាប់ថា មិនស្រួលខ្លួន ហើយក៏មិនទៅណាដែរ សម្រាក នៅបន្ទប់ ក្នុងការដ្ឋានតែម្តង ហើយក៏គ្មាន កម្មករ ស្នាក់នៅក្បែរខាងអ្នកណាចាប់អារម្មណ៍ដែរ ឃើញតែបន្ទប់បិទទ្វារជិត លុះរហូតដល់ព្រឹកថ្ងៃទី០៩ នេះមិនឃើញ ជនរងគ្រោះចេញក្រៅ មានកម្មករ នៅជាប់នោះងឿងឆ្ងល់ ឃើញតែស្បែកជើងមិនឃើញមនុស្ស រុញទ្វារមើល ស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកស្លាប់ បាត់ទៅហើយទើបបង្កឲ្យភ្ញាក់ផ្អើល និងរាយការណ៍ទៅ អាជ្ញាធរ សមត្ថកិច្ចចុះមកពិនិត្យមើល ។
ព័ត៌មានលម្អិត សូមរង់ចាំអានលើទំព័រកាសែតនគរធំ ៕