ខេត្ដកណ្ដាល៖ ឃ្លាំងស្ដុកអេតចាយនៅស្រុកស្អាងដែលអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីរសៀលមិញនេះ មានលួចលាក់បង្កប់ឈើប្រណិតជាច្រើនដុំ ទើបភ្លើងមិនងាយរលត់ ឥឡូវកំពុងឆេះឡើងវិញទៀតហើយ ។ នេះបើយោងតាមភ្នាក់ងារព័ត៌មាននគរធំ ប្រចាំការនៅទីនោះ ប្រាប់ឲ្យដឹងនៅមុននេះបន្ដិច ។
គួររំលឹកថា កាលពីវេលាម៉ោង១៤ និង១៦នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មានអគ្គិភ័យឆេះឃ្លាំងស្តុកអេតចាយរបស់ជនជាតិវៀតណាម បង្កការភ្ញាក់ផ្អើល ។
ឃ្លាំងដែលត្រូវបានអគ្គិភ័យឆាបឆេះខាងលើនេះមានទំហំ១៥ម៉ែត្រគុណ៣៥ម៉ែត្រ ប្រក់សង្ក័សី មានម្ចាស់ឈ្មោះ សុខ មាន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិរៀវណាម មុខរបរ ទិញ-លក់អេតចាយ បច្ចុប្បន្នរស់នៅក្នុងភូមិ/ឃុំកើតហេតុខាងលើនេះ ។
បន្ទាប់ពីកើតមានគ្រោះអគ្គិភ័យខាងលើនេះ គេសង្កេតឃើញវត្តមានរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល រថយន្តពន្លត់អគ្គិភ័យកងអង្គរក្ស និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនខ្មែរប្លូប៊ើរី ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះ ៕
ដោយ៖ សិលា