សុភាសិតបារាំង១ឃ្លា ចែងថា “អ្នកដេរស្បែកជើង ពាក់ស្បែកជើងរហែក” (Les cordonniers sont les plus mal chaussés) ឬជាភាសាអង់គ្លេសថា “The cobblers wears the worst shoes) មានខ្លឹមសារជ្រាលជ្រៅណាស់ បើយក មកប្រៀបធៀបនឹងបុគ្គលឡេមឡឺម អែបអប ដើម្បីលាភសក្ការៈ ឬថាគណបក្សខ្លួនមិនប្រឹងប្រែងដោលទៅមុខទេ បែរជា ខំជួយដោលគណបក្សគេទៅវិញ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
កាលពីសម័យមុន មនុស្សគ្រប់ជាតិសាសន៍ គ្រប់វណ្ណៈ ចេះច្នៃស្បែកជើងទៅតាមជំនាញ និងបរិយាកាសសង្គម ឯការ ផលិតនោះធ្វើពីដៃសុទ្ធសាធ មិនចេញពីរោងចក្រដូចសព្វថ្ងៃនេះទេ។ ស្បែកជើង មានច្រើនប្រភេទ ដូចជា ស្បែកជើងមាស សម្រាប់ព្រះមហាក្សត្រ ហៅជារាជសព្ទថា “សុវណ្ណបាទុកា ឬព្រះសុពណ៌បាទ” រាប់បញ្ចូលក្នុងរាជកកុធភណ្ឌ ឬគ្រឿងសម្រាប់ រាជ្យទាំង៥ របស់ព្រះមហាក្សត្រខ្មែរ, ស្បែកជើងឈើ ស្បែកជើងប្រាក់ និងស្បែកជើង ធ្វើពីស្បែកគោ។ សម្រាប់ស្រុកត្រជាក់ ដូចនៅប្រទេសបារាំង អង់គ្លេស ជាដើម គេផលិតស្បែកជើងឃ្លុប ឬស្បែកជើងកវែង ការពារធាតុត្រជាក់ តែសម្រាប់ស្រុកខ្មែរ ប្រើស្បែកជើងផ្ទាត់ ស្បែកជើងសង្រែក ឬស្បែកជើងខ្វៀ។
ការផលិតស្បែកជើងឃ្លុប ឬស្បែកជើងអង់ហ្វ្រង្ស (En France) មុនដំបូង គេត្រូវយកស្បែកគោទាំងផ្ទាំង ទៅហាលថ្ងៃ ឱ្យស្ងួតឡើងរឹងកំព្រឹស បន្ទាប់មក ក៏យកស្បែកស្ងួតនោះទៅសម្លាប់។ ការសម្លាប់ស្បែក មានរបៀបធ្វើខុសៗគ្នាតាមទម្លាប់ អ្នកស្រុក ដូចអ្នកផលិតស្គរធំ ជាដើម គេត្រូវយកស្បែកស្ងួតទាំងផ្ទាំងនោះ ដាក់ត្រាំទឹកឱ្យទន់បន្តិច រួចស្រង់ឡើង សំដិលហាល ខ្យល់ ឱ្យស្ងួតទឹក ទើបគេយកទៅបុកជញ្ជ្រំនឹងផ្លែអម្ពិលខ្ចី លៃយ៉ាងណាឱ្យជាតិម្ជូរជ្រាបចូលទៅក្នុងស្បែកគោ ឱ្យឡើងស្រងល់ ទើបគេយកទៅដាសស្គរ។ របៀបដាសនោះ គេយកស្គរធ្វើពីឈើខ្នុរ ដែលលុងឈូសរួចស្រេច មានខួងប្រហោងតូចៗ ប៉ុន– ម្រាមដៃ តាមគែមស្គរ ទើបយកស្បែកដាសពីលើ ចាប់ផ្តើមទាញសន្ធឹងឱ្យតឹង និងប្រើកូនស្នឹង ឬកូនកំព្រោធ្វីពីគល់ប្ញស្សី បោះ– ភ្ជាប់ស្បែកនឹងរន្ធគែមស្គរ គឺសម្រាប់តម្កល់ក្នុងវត្តអារាម ប្រើជាប្រយោជន៍ក្នុងការទូងដាស់អ្នកស្រុកឱ្យភ្ញាក់ពីដំណេក ចេញ ដកសំណាប នារដូវវស្សា និងជាសញ្ញាដាស់ព្រះសង្ឃឡើងថ្វាយបង្គំព្រះ ក្នុងឱកាសចូលវស្សា រយៈពេល៣ខែ៘
ងាកមករឿងធ្វើស្បែកជើងវិញ ក៏មិនខុសពីផលិតស្គរនោះទេ ដោយគេយកស្បែកគោ ទៅសម្លាប់តាមរបៀបដូចខាងលើ ទើបយកទៅច្រៀកដេរភ្ជាប់គ្នាតាមពុម្ព ឬខ្នាតតូចធំ រួចហាលឱ្យស្ងួតលាបថ្នាំ។ ជាងដេរស្បែកជើង ត្រូវប្រើម្ជុលធ្វើពីដែក និងខ្សែសរសៃយ៉ាងស្វិត ជាពិសេស មានទេពកោសច្បាស់លាស់ ទើបអតិថិជនចូលចិត្តទិញយកទៅពាក់។ ស្បែកជើងជំនាន់ដើម ដែលធ្វើពីស្បែកគោ ប៉ះទឹកភ្លៀងមិនបានទេ ច្បាស់ជារីកអស់ និងធុំក្លិនអាក្រក់ ត្រូវឆ្កែពាំយកទៅអង្កៀមស៊ីមិនខាន។ កាលពី ជំនាន់ប៉ុល ពត ក៏មានកម្មាភិបាលខ្មែរក្រហមខ្លះ បានយកស្បែកគោទៅច្នៃជាស្បែកជើងផ្ទាត់ ពាក់ជំនួសស្បែកជើងកង់ឡាន ប៉ុន្តែ បើគាត់មិនប្រយ័ត្ន ច្បាស់ជាមនុស្សស្រេកឃ្លានលួចយកទៅស្ងោរស៊ីមិនខាន ដែលរឿងលួចស្បែកជើងនេះ យើងធ្លាប់ ដឹងច្បាស់ណាស់។ កាលនោះ នាឆ្នាំ១៩៧៧ ស្រុកកំពុងអត់ឃ្លានខ្លាំងមែនទែន ក៏មានកម្មាភិបាលខ្មែរក្រហមម្នាក់ ទៅសម្រាក លេងនៅទីស្នាក់ការកងចល័តមួយយប់ ស្រាប់តែបាត់ស្បែកជើងដែលធ្វើពីស្បែកគោ។ មេកងចល័ត ក៏ចាត់ឱ្យតាមរកស្បែក– ជើងនោះ ក៏ឃើញយុវជនកងចល័តស្គមកំព្រឹងម្នាក់ កំពុងស្ងោរស្បែកជើងនោះនៅក្នុងព្រៃ ក៏ចាប់គ្នាយកទៅសម្លាប់ ដោយ ចោទប្រកាន់ពីបទក្បត់បដិវត្តន៍។
ធម្មតា “អ្នកដេរស្បែកជើង ពាក់ស្បែកជើងរហែក” គឺមានន័យថា ជាងដេរស្បែកជើងនោះ សម្រាប់លក់យកកម្រៃ មិនមែន ទុកពាក់ខ្លួនឯងទេ ជួនកាល ក៏មានសេដ្ឋី គហបតីជួលគាត់ឱ្យដេរស្បែកជើងប្រណីត ដោយឱ្យឈ្នួលខ្ពស់ ទើបជាងនោះខំសម្រិត– សម្រាំងយកស្នាដៃ។ ពេលដេររួចរាល់ គាត់វេចខ្ចប់ស្បែកជើងដ៏ល្អនោះយកទៅជូនសេដ្ឋី ដោយដើរតាមផ្លូវមានបន្លានិងក្រួស– រវាន តម្រូវឱ្យ “ជាងដេរស្បែកជើង ពាក់ស្បែកជើងរហែក” ដើម្បីកុំឱ្យមុតបន្លា។ ជាងដេរស្បែកជើងដ៏ក្រីក្រនោះ គ្មានវាសនា បានពាក់ស្បែកជើងដូចសេដ្ឋីនោះទេ ព្រោះតែមុខរបររបស់គាត់ ត្រូវការតែប្រាក់ចិញ្ចឹមជីវិត អត់គិតពីរឿងលម្អអង្គ។
យ៉ាងណាមិញ បើយកករណីនេះមកប្រៀបធៀបនឹងនយោបាយ យើងឃើញថា ជាងដេរស្បែកជើង មិនខុសពីមេបក្ស មួយចំនួន ដែលមិនសូវខ្វល់ពីប្រយោជន៍បក្សខ្លួន តែគាត់ខ្វល់ពីរឿងបក្សគេឯណោះ។ កាលឃោសនាបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី១ ក្រោមការរៀបចំរបស់អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UN TAC) មានតែគណបក្សធំៗ២ប៉ុណ្ណោះ ដែលខ្លាំងជាងគេ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដោយ មានគណបក្សតូចៗជាង២០ ប្រកួតប្រជែងគ្នា។ កាលនោះគណបក្សខ្លះ មិនប្រឹងប្រែងឃោសនារកសំឡេងខ្លួនឯងទេ បែរជា លើកសរសើរសម័យសង្គមរាស្ត្រនិយម សរសើររបបរាជានិយម ដែលត្រូវមហាជនវាយតម្លៃបានថា បក្សតូចនោះ ជាកូនអុក របស់គណបក្សហ៊្វុនស៊ិនប៉ិច។ ដោយឡែក គណបក្សខ្លះទៀត មិនខំដោលរកផលប្រយោជន៍ឱ្យបក្សខ្លួនទេ គឺពេលចេញ ឃោសនា គាត់សរសើរថ្ងៃ៧មករា និងលើកឡើងពីគុណបំណាច់របស់កងទ័ពវៀតណាម ដែលបានជួយរំដោះប្រជាពលរដ្ឋខ្មែរ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍។ របៀបឃោសនានោះ ត្រូវមហាជនវាយតម្លៃថា បក្សតូចនោះ គឺជាកូនអុករបស់គណបក្ស ប្រជាជនកម្ពុជា។ លុះដល់ពេលប្រកាសលទ្ធផលបោះឆ្នោត ក៏ឃើញតែគណបក្សធំទាំង២នោះឈ្នះឆ្នោតគគ្រឹកគគ្រោង ឯបក្ស តូចជួយឃោសនាឱ្យគេនោះ បាត់ស្រមោលរកតែកៅអីមួយគ្មានផង ដែលមិនខុសពី “ជាងដេរស្បែកជើង ពាក់ស្បែកជើងរហែក”។
ឥឡូវអ៊ីចឹងទៀតហើយ អាណត្តិទី៥នេះ គណបក្សធំៗជាប់ឆ្នោតមានតែ២ទេ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ ប៉ុន្តែ ក៏មានបក្សទើបបង្កើតថ្មី កើតឡើងព្រោងព្រាត។ មេបក្សថ្មីខ្លះ មិនខុសពី “ជាងដេរស្បែកជើង” នោះទេ ពោលគឺគាត់មិនដេរស្បែកជើងទុកពាក់ខ្លួនឯងទេ បែរជាដេរលក់ឱ្យអ្នកមានទ្រព្យទៅវិញ។ ខណៈដែលការបោះឆ្នោតជ្រើសរើស មេឃុំ–ចៅសង្កាត់ កាន់តែខិតជិតមកដល់ គួរណាស់តែមេបក្សថ្មី ប្រឹងប្រែងបើកក្តោង រកឈើដោលទូកថ្មីរបស់ខ្លួនឱ្យបានលឿន ឬថា គួរណាស់តែព្យាយាមឃោសនាលើកពីគោលនយោបាយបក្សខ្លួន ឱ្យមហាជនជ្រួតជ្រាប ងាយស្រួលក្នុងការវាយតម្លៃ ប៉ុន្តែ ផ្ទុយទៅវិញ ឃើញតែមេបក្សខ្លះ គិតតែវាយប្រហារបក្សគេទៅវិញ ប្រៀបដូចជាការប្រឹងប្រែងជួយដោលគេ ដោយមិន សូវខ្វល់ពីប្រយោជន៍បក្សខ្លួន។
សរុបទៅ “អ្នកដេរស្បែកជើក ពាក់ស្បែកជើងរហែក” មានន័យយ៉ាងនេះឯង គឺលុះត្រាតែអ្នកចងក្រងសុភាសិតនោះ មើលឃើញតថភាពសង្គមច្បាស់ ទើបលោកកត់ត្រាទស្សនៈនេះទុក។ ហេតុនេះ អ្នកនយោបាយថ្មី បើបានជាបង្កើតគណបក្ស ខ្លួនឯង គួរតែប្រឹងប្រែងរកកៅអីអង្គុយខ្លួនឯងវិញ កុំជួយឃោសនាគេ ព្រោះល្បែងនយោបាយ គេមើលឆាប់ដឹងណាស់។ នៅ សហរដ្ឋអាមេរិក គ្មានអ្នកស៊ីឈ្នួលដេរស្បែកជើងនយោបាយនោះទេ គឺគេដេរទុកពាក់ខ្លួនឯង ដូចលោកស្រីហ៊ីលឡារី គ្លីនតុន និងលោកដូណាល់ ត្រាំ ពួកគាត់ប្រឹងឃោសនាឱ្យខ្លួនឯង ដណ្តើមតំណែងប្រធានាធិបតី អត់ជួយឃោសនាឱ្យអ្នកណាទេ ដោយ ហេតុថា នៅអាមេរិក មានគណបក្សតែពីរ។ ដូច្នេះ អ្នកនយោបាយខ្មែរ គួរកុំធ្វើដូចអ្នកប្រកបរបរដេរស្បែកជើង ដែលដេរស្បែក ជើងឱ្យគេល្អ ឯខ្លួនឯងពាក់ស្បែកជើងរហែកនោះទៅ ទើបមានផ្លូវប្រជែងយកឈ្នះគេបានុ៕
ដោយ ៖ អាចារ្យថាំ