ភ្នំពេញ ៖ អ្នកនយោបាយមួយរូប ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានធ្វើការបកស្រាយបំភ្លឺឆ្លើយតបអ្នករិះគន់វាយប្រហារ។
លោកសួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ដែលសព្វថ្ងៃជាមន្ត្រីរាជរដ្ឋាភិបាល ឋានះជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុករបស់លោក នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ថា «ខ្ញុំចង់ឆ្លើយតបទៅក្រុមមនុស្សមួយចំនួនដែលវាយប្រហារមកលើរូបខ្ញុំ ក្រោយពេលដែលខ្ញុំចូលរួមជីវភាពនយោបាយជាមួយនិងគណបក្សប្រជាជនកម្ពុជា ឲ្យអ្នកបានជ្រាបថា ៖ ខ្ញុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមមគ្គុទ្ទេសក៍ដឹកនាំដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ គឺជាសិទ្ធិនយោបាយរបស់ខ្ញុំ ស្របជាមួយនិងឧត្តមគតិរបស់ខ្ញុំ ហើយក៏ជាការវិលត្រឡប់របស់ខ្ញុំ មករកទ្រនំចលនានយោបាយចាស់ ដែលលោកតារបស់ខ្ញុំ ឪពុកម្តាយរបស់ខ្ញុំ មីងមារបស់ខ្ញុំ និងគ្រួសារសាច់ញាតិរបស់ខ្ញុំ នៅស្រុកកំណើត លោកបានចូលរួមតាំងពីដើមឆ្នាំ១៩៧៩ រហូតមក..!
១- លោកតា លោកឪពុក និងលោកមារបស់ខ្ញុំ ទាំងអស់ ជាសមាជិកបក្សស្នូលរបស់បក្សប្រជាជនបដិវត្តន៍កម្ពុជា តាំងពីក្រោយរំដោះខេត្តបាត់ដំបង នៅថ្ងៃទី១៣ មករា ១៩៧៩ ប្រចាំនៅអតីតស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ពួកគាត់ជាសមាជិកសកម្ម រៀបចំចលនាក្រុមសាមគ្គី ចងក្រងក្រុម ភូមិ ឃុំ ដឹកនាំគណៈឃុំ កម្លាំងកងឈ្លបការពារភូមិ ស្រុក ទប់ទល់នឹងសង្គ្រាមឆ្មក់របស់ពួកខ្មែរក្រហម ហើយខំធ្វើស្រែ ប្រមូលផលស្រូវ លក់ជូនរដ្ឋ កសាងសាលារៀន កសាងវត្តអារាម ព្រមបងៗប្រុសៗ ក្នុងត្រកូលសាច់ញាតិរបស់ ជីដូនមួយ និងជីទួតមួយ មិនតិចជាង ១០០នាក់ទេ ដែលបានពលិកម្មស្លាប់ក្នុងសមរភូមិសង្គ្រាម វ៉ៃទប់ទល់ប្រឆាំងការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម នាក្រោយថ្ងៃ ៧ មករា ១៩៧៩។
២- តាំងពីរៀនថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ នៅក្នុងសាលា រូបខ្ញុំ គឺជាសិស្សឆ្នើម ជាមេកងកុមារឈានមុខ ជាមេក្រុមសិស្សដៃក្រហម ប្រចាំសាលា និងទទួលបានការបណ្តុះបណ្តាលណែនាំជាប្រចាំពីចាស់ៗ សមាជិកបក្សស្នូលប្រចាំមូលដ្ឋាន ឃុំ ស្រុក និង ខេត្ត… ពិសេសសម័យលោកប្រធាន សុក សារ៉ាន់ ជាប្រធានគណកម្មាធិការប្រជាជនបដិវត្តន៍ខេត្តបាត់ដំបង លោកប្រធាន បានប្រគល់ប័ណ្ណសរសើរ និងលិខិតតែងតាំងរូបខ្ញុំ ដោយផ្ទាល់ ជាសមាជិកដៃសិស្សដៃក្រហមឆ្នើម ប្រចាំថ្នាក់ខេត្ត នៅក្នុងថ្ងៃនៃពិធីសម្ពោធ អនុវិទ្យាល័យខ្នាចរមាស (អកុសលឯកសារលិខិតសរសើរ លិខិតតែងតាំង ត្រូវឆេះបាត់បង់អស់ ដោយសារតែសង្គ្រាម)។
៣- មកដល់ភ្នំពេញ ក្នុងឆ្នាំ ១៩៩៥ ស្នាក់នៅវត្តនាគវ័ន ខ្ញុំជាសមាជិកស្ថាបនិកម្នាក់ ចូលរួមបង្កើត «សមគមនិស្សិតវត្តនាគវ័ន» និងដែលកាលនោះ បានលើកមតិស្នើសុំសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានកិត្តិយសរបស់សមាគម ហើយសម្តេចតេជោ ក៏លោកបានយល់ព្រមទទួលធ្វើជាប្រធានកិត្តិយសរបស់សមាគមនិស្សិតវត្តនាគវ័ន និងបានបន្ថែម ឯ.ឧ ម៉ុង ឬទ្ធី ជាសមាជិកកិត្តិយសរបស់សមាគមផងដែរ។
៤- ពេលខ្ញុំបង្កើតចលនាអំណាចពលរដ្ឋខ្មែរ នៅក្រៅប្រទេស មានលោកកឹម សុខា ធ្លាប់ទៅជួបខ្ញុំ នៅ Washington State លោកស្រី មួរ សុខហួរ ធ្លាប់ជួបខ្ញុំ នៅ Washington DC សុទ្ធតែបានបញ្ចុះបញ្ចូលខ្ញុំ ឲ្យចូលរួមជាមួយគណបក្សរបស់ពួកគេ កាលណោះនៅជាសិទ្ធិមនុស្ស និងនៅជាសម រង្ស៊ី តែខ្ញុំបដិសេធ និងឆ្លើយថា ៖ បើខ្ញុំចូលស្រុកធ្វើនយោបាយ គឺបង្កើត គណបក្សមួយ ដឹកនាំដោយខ្លួនឯង… ហើយពេលនោះ ក៏មានសមាជិកសំខាន់របស់ពួកគេនៅអាមេរិក បន្តសួរខ្ញុំថា ៖ ចុះបើ រដ្ឋា ឯង បង្កើតបក្ស មិនជោគជ័យ ព្រមចូលរួមជាមួយពួកយើងវិញទេ? ខ្ញុំឆ្លើយថា ៖ អត់ទេ… អត់ចូលរួមជាមួយពួកលោកអ្នកនយោបាយបល់បាយដូចក្រុមពួកលោកទេ… តែខ្ញុំនឹងចូលរួមជាមួយនិងគណបក្សប្រជាជនកម្ពុជា ទោះក្នុងឋានៈណាក៏ដោយ ឲ្យតែអាចយកសមត្ថភាពតិចតួចនេះទៅជួយរួមចំណែករំដោះទុក្ខពលរដ្ឋខ្មែរបាន។ ធ្វើជាមេភូមិម្នាក់ ក៏ខ្ញុំធ្វើដែរ ដើម្បីជួយអ្នកភូមិខ្ញុំបាន…»។
លោកសួន សេរីរដ្ឋា សរសេរបន្តថា «ចម្លើយនេះហើយដែលជាមូលហេតុពួកគេយកទៅផ្សាយថា ខ្ញុំជាអ្នកទៅបំបែកកម្លាំងរបស់ពួកគេនៅក្រៅប្រទេស… លាបពណ៌ចោទថា ម៉ែឪខ្ញុំ ជាយួន និងផ្សព្វផ្សាយថា ខ្ញុំជាកូនយួន។
ដូចនេះ ជំហរនិងឧត្តមគតិរបស់ខ្ញុំ គឺរក្សានិងគោរពគោលការណ៍របស់ខ្ញុំ ដែលខ្ញុំបាននិយាយ បានតាំងចិត្ត បានបញ្ជាក់តាំងតែពីដើមទីមក ដោយគ្មានការកែប្រែទេ។ វិលចូលទ្រនំចលនានយោបាយចាស់របស់លោកតា លោកឪពុក និងសាច់ញាតិ ក្រុមគ្រួសារ ដើម្បីរួមចំណែកជួយកសាងអភិវឌ្ឍន៍ជាតិ និងការពារសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ជាមគ្គុទ្ទេសក៍សន្តិភាព គឺដើម្បីតបស្នងសងគុណបុព្វបុរស និងសាច់ញាតិ និងបងប្រុសជីដូនមួយ ជីទួតមួយ ដែលបានពលីកម្មក្នុងសមរភូមិ ដើម្បីការពារភូមិ ការពារសាលារៀន ឲ្យខ្ញុំបានរៀនសូត្រទទួលចំណេះដឹង»។
លោកសួន សេរីរដ្ឋា សរសេរបន្តទៀតថា «…ស្រណោះសំដីបងប្រុសជីដូនមួយម្នាក់ ដែលធ្វើជាឈ្លបឃុំ និយាយជាមួយខ្ញុំ កាលពីខែមករា ឆ្នាំ១៩៨៥ ថា ៖ អា រស់ (រស់ ជាឈ្មោះកំណើតខ្ញុំ) អ្ហែងត្រូវខំរៀន មួយពូជយើងឲ្យបានធ្វើការធំនឹងគេម្នាក់មើល… ពូជយើងឲ្យតែប្រុសៗ តាំងពីតា មក ធំត្រឹមលីដែកប្រហោង (លីកាំភ្លើង) នេះឯង។ អញមិនដឹងងាប់ថ្ងៃណាទេ តែអញវ៉ៃខ្មែរក្រហម ការពារសាលារៀនឲ្យហែងរៀន ឲ្យបានធ្វើធំ… ជួយអ្នកភូមិយើង! និយាយគ្នាបានរំលង ២យប់ គាត់ទៅយាមបារ៉ែត ក្រោយសាលារៀនក្នុងភូមិ ខ្មែរក្រហម វាយឆ្មក់ចូលយប់នោះ គាត់ពលីកម្មជីវិតក្នុងយប់នោះ នៅចំពីក្រោយសាលារៀនបឋមសិក្សា ដែលខ្ញុំរៀន…»៕