សុភាសិតសកល១ឃ្លា ចែងថា “ធ្វើត្រូវ កុំខ្លាច!” (Do right and fear no man) គឺជាមរតកសាសន៍ដ៏មានតម្លៃ សម្រាប់លើកទឹកចិត្តអ្នកសាងអំពើល្អ កុំឱ្យខ្លាចចាញ់គេ។ អំពើល្អ សំដៅដល់ការស្គាល់បុណ្យបាប វៀរចាកអកុសលកម្ម ត្រូវបានមហាជនមើលឃើញផ្តល់តម្លៃ លុះមានការប្រកួតប្រជែងគ្នាលើសង្វៀនប្រជាធិបតេយ្យ អ្នកសាងអំពើល្អនោះ ត្រូវ– តែឈ្នះអ្នកសាងអំពើអាក្រក់ អយុត្តិធម៌ជាដរាប ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ កាន់តែខិតជិតមកដល់ហើយ ធ្វើឱ្យអ្នកនយោបាយ គ្រប់និន្នាការ ប្រឹងប្រែងដណ្តើមយកជ័យជម្នះរៀងខ្លួន ព្រោះតែការបោះឆ្នោតយកតាមប្រព័ន្ធសមាមាត្រ ពោលគឺ គណបក្ស ត្រូវតែងតាំងបេក្ខជនមេឃុំ–ចៅសង្កាត់ ហើយឈ្មោះណានៅលើបញ្ជីតារាង នឹងជាប់ជាមេឃុំ–ចៅសង្កាត់។ បើសិនជាមានការ បោះឆ្នោតតាមប្រព័ន្ធឯកត្តនាម ដូចសម័យសង្គមរាស្ត្រនិយមនោះ អ្នកនយោបាយមិនសូវខ្វល់ពេកទេ ដោយទុកការងាររក សំឡេងឆ្នោត ឱ្យបេក្ខជនមេឃុំ–ចៅសង្កាត់ ជាអ្នកប្រឹងប្រែងដោយខ្លួនឯង ដែលជំនាន់នោះ អ្នកចាញ់ឆ្នោត អស់ដីស្រែចម្ការ គោក្របី ដំរី សេះ ឯអ្នកឈ្នះឆ្នោត ក៏ចំណាយអស់មិនតិចទេ។
ដោយហេតុថា សម័យនេះ ការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ បេក្ខជនមេឃុំ–ចៅសង្កាត់ មានការចំណាយទ្រព្យ– សម្បត្តិផ្ទាល់ខ្លួនតិចតួច ព្រោះមានការឧបត្ថម្ភថវិកាពីគណបក្ស ប៉ុន្តែ អ្វីដែលសំខាន់បំផុត គឺ “អំពើល្អ” ឬ “ការធ្វើត្រូវ” នេះ ឯង ជាកត្តានាំឱ្យឈ្នះឆ្នោត។ អ្វីទៅជាការធ្វើត្រូវ? សំណួរនេះ មិនពិបាកឆ្លើយទេ ព្រោះថា បេក្ខជនមេឃុំ–ចៅសង្កាត់ ភាគ– ច្រើនជាមនុស្សដដែលៗ ខ្លះក៏ធ្វើការជាង៣០ឆ្នាំទៅហើយ ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលគាត់គ្រប់គ្រង ស្គាល់បុគ្គលិកលក្ខណៈរបស់គាត់ច្បាស់ណាស់។ មានន័យថា មេឃុំ–ចៅសង្កាត់ដែលល្អ គឺស្គាល់សុខទុក្ខរាស្ត្រ ចេះជួយជនក្រីក្រកំព្រា អនាថា កម្សត់ទុរគត ចេះមើលផ្លូវក្រហេងក្រហូង ស្គាល់បុណ្យទាន មិនពុករលួយ យកលុយក្រោមតុ មិនបក្ខពួកគ្រួសារនិយម មិនស៊ីផឹកហួសហេតុ ឬបើកកម្មវិធីជល់កែវញឹកញាប់ នាំឱ្យរាស្ត្រវាយតម្លៃ។ អំពើល្អរបស់មនុស្ស មិនបាច់ពាក់ស្លាក ទះទ្រូងអួតខ្លួនថា ស្អាតស្អំនោះទេ ព្រោះសកម្មភាពអ្វីដែលបានសាង គឺគេចមិនផុតពីកែវភ្នែកមហាជន។
ដូច្នេះ “ធ្វើត្រូវ កុំខ្លាច!” មានន័យថា មិនត្រូវខ្លាចចាញ់ឆ្នោតនោះទេ បើដឹងថាខ្លួនស្អាតស្អំ មានប្រជាប្រិយភាព។ សព្វថ្ងៃ គណបក្សនយោបាយណាក៏លើកពីភាពស្អាតស្អំដូចគ្នា ដោយព្យាយាមលាបពណ៌ វាយប្រហារគណបក្សជាគូប្រជែង។ ទោះជាខ្លួនធ្វើត្រូវ ក៏នៅតែខ្លាចចាញ់ឆ្នោត ដែលរឿងខ្លាចនេះ គេមើលឃើញតាមរយៈការប្រុងប្រយ័ត្ន សូម្បីតែការចុះ ឈ្មោះបោះឆ្នោត ក៏មានភាពប្រទង់ប្រទាញគួរឱ្យកត់សម្គាល់។
កាលពីពេលថ្មីៗនេះ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតជូនលោកស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ដោយមានកម្មវត្ថុ “សំណើសុំជួយអន្តរាគមន៍ ដើម្បីឱ្យពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃ បានចុះឈ្មោះ បោះឆ្នោត នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតដែលឋិតនៅក្នុងឃុំ–សង្កាត់តាមបណ្តោយព្រំដែនកម្ពុជា–ថៃ ស្រប តាមច្បាប់ជាធរមាន”។ ការស្នើសុំនេះ បក្សប្រឆាំង បានសំអាងហេតុផលថា មកពីអាជ្ញាធរឃុំ–សង្កាត់នៅតាមព្រំដែន បាន បង្កការលំបាក មិនចេញលិខិតបញ្ជាក់ទីសំណាក់ជូនពួកគាត់ ទោះបីពួកគាត់មានអ្នកធានាដែលស្របនឹងច្បាប់ និងនីតិវិធី គ.ជ.ប។ កាលពីខែមុន បក្សប្រឆាំងបានទាំងចោទប្រកាន់ថា អាជ្ញាធរឃុំ–សង្កាត់នៅតាមព្រំដែនខ្លះ បានអនុញ្ញាតឱ្យកងទ័ព មកពីអង្គភាពឆ្ងាយៗ បានចុះឈ្មោះបោះឆ្នោតនៅមូលដ្ឋានបានយ៉ាងរលូន។ បក្សប្រឆាំង ក៏មានលេសចោទប្រកាន់ថា យោធា ដែលស្មោះត្រង់នឹងបក្សកាន់អំណាច នឹងចេញទៅបោះឆ្នោតនៅឃុំ–សង្កាត់ណាដែលមានអ្នកគាំទ្របក្សប្រឆាំងច្រើន ដើម្បី ដណ្តើមកៅអីមេឃុំ–ចៅសង្កាត់ ឱ្យបាន។ ផ្ទុយទៅវិញ ពលករ–ពលការិនី ដែលបក្សប្រឆាំងទុកចិត្តថា បានគាំទ្របក្ស ប្រឆាំងនោះ បែរជាមិនបានចុះឈ្មោះបោះឆ្នោតនៅមូលដ្ឋានណា ដែលមានអ្នកគាំទ្របក្សកាន់អំណាចច្រើន។
ភាពចម្រូងចម្រាសនេះ បានដើរផ្ទុយនឹងសុភាសិត “ធ្វើត្រូវ កុំខ្លាច!” នោះហើយ ខណៈដែលបក្សកាន់អំណាច ក៏ដូច បក្សប្រឆាំង សុទ្ធតែអះអាងថា បានដើរតាមមាគ៌ាប្រជាធិបតេយ្យ សេរី ពហុបក្ស ឬតាមផ្លូវត្រូវដូចគ្នា។ ចំពោះការចុះឈ្មោះ បោះឆ្នោត យើងឃើញមានភាពយឺតយ៉ាវខ្លះ ដោយសារប្រជាពលរដ្ឋមួយចំនួនជ្រុះបាត់អត្តសញ្ញាណប័ណ្ណ ខ្លះធ្វើចំណាក– ស្រុក ខ្លះទៀតយូរដៃយូរជើង រង់ចាំធ្វើក្រោយគេ។ កាលពីថ្ងៃបុណ្យភ្ជុំ រយៈពេល៣ថ្ងៃនោះ ការិយាល័យចុះឈ្មោះបោះ– ឆ្នោតខ្លះ ពេញណែនដោយមនុស្ស លុះកុំព្យូទ័ររអាក់រអួល ធ្វើឱ្យប្រជាពលរដ្ឋខ្លះខ្ជិលអង្គុយរង់ចាំ ក៏វិលទៅផ្ទះវិញ។ ក្នុង នោះ ក៏មានពលករ–ពលការិនី ទៅធ្វើការនៅប្រទេសថៃ ដែរ ពេលពួកគេមិនបានចុះឈ្មោះបោះឆ្នោត លុះចប់បុណ្យភ្ជុំ ក៏នាំ គ្នាវិលទៅប្រទេសថៃ វិញ អាចបូកសរុបរាប់ពាន់នាក់ ដែលមិនទាន់បានចុះឈ្មោះ។ ឥឡូវឮថា អ្នកទាំងនោះបានទៅសុំ ចុះឈ្មោះបោះឆ្នោតនៅតាមព្រំប្រទល់ដែរ ប៉ុន្តែដោយសារពួកគេពុំមែនជាអ្នកមូលដ្ឋាន ទើបអាជ្ញាធរមិនអនុញ្ញាតឱ្យចុះឈ្មោះ។ បើនឹងវិលទៅស្រុកកំណើតបានចុះឈ្មោះ នាំឱ្យខាតពេលវេលានិងផលកម្រៃ ដូច្នេះ ពលករ–ពលការិនីរាប់រយនាក់នោះ អាចនឹងខកខានមិនបានបោះឆ្នោត។
តើនេះជាកំហុសអ្នកណា? ហើយអ្នកណាជាអ្នកធ្វើត្រូវ? សំណួរនេះ ក៏មានចម្លើយខុសៗគ្នាថា អាជ្ញាធរធ្វើត្រូវ ព្រោះ បានទប់ស្កាត់ជនចំណាកស្រុក ដែលគ្មានទីតាំងស្នាក់នៅច្បាស់លាស់ ខ្លះទៀតថា ពលករ–ពលការិនីធ្វើត្រូវ ដោយពួកគេ ស្គាល់កាតព្វកិច្ចជាពលរដ្ឋ ទោះខកមិនបានចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើត ក៏ព្យាយាមទៅសុំចុះឈ្មោះតាមព្រំប្រទល់ ជិតការដ្ឋាន ឬកសិដ្ឋានដែលខ្លួនធ្វើការ។
“ធ្វើត្រូវ កុំខ្លាច!” នៅមានការបកស្រាយច្រើនច្រកទៀត គឺបក្សកាន់អំណាច បើយល់ឃើញថា កំពុងដើរលើផ្លូវត្រូវ ដូចជា ការដឹកនាំប្រទេសឱ្យមានសុខសន្តិភាពនិងអភិវឌ្ឍន៍ ក៏ដូចជាបានជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យឆ្លងផុតពីភាពក្រីក្រ ជាដើមនោះ តើខ្លាចអីរឿងចាញ់ឆ្នោត? ដោយឡែក បក្សប្រឆាំង បើយល់ឃើញថា បក្សខ្លួនកំពុងដើរលើផ្លូវត្រូវ ដូចជា ជួយការពារសិទ្ធិពលរដ្ឋ សិទ្ធិជំទាស់ ជាដើមនោះ តើខ្លាចអីរឿងចាញ់ឆ្នោត?
ចំណែកមេឃុំ–ចៅសង្កាត់ បើយល់ឃើញថា ខ្លួនស្អាតស្អំ ស្គាល់សុខទុក្ខរាស្ត្រ បានរួមចំណែកស្តារហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវគមនាគមន៍ក្នុងមូលដ្ឋាននោះ តើខ្លាចអីការចាញ់ឆ្នោត? ដូចគ្នានេះដែរ បេក្ខជនមេឃុំ–ចៅសង្កាត់ របស់បក្សប្រឆាំង បើមើលឃើញថា ខ្លួនស្អាតស្អំ មិនដែលសាងអំពើទុច្ចរិតអ្វីនោះ តើខ្លាចអីរឿងធ្លាក់ឆ្នោត?
បើគណបក្សនយោបាយ ក៏ដូចជាបេក្ខជន សុទ្ធតែមើលឃើញពីភាពត្រឹមត្រូវរបស់បក្ស ឬបុគ្គលដូចៗគ្នាយ៉ាងនេះ គួរ– តែអនុញ្ញាតឱ្យកងទ័ពបានបោះឆ្នោតនៅឃុំ–សង្កាត់ណា ដែលគាត់ចង់ទៅបោះ មិនត្រូវបន្ទច់បង្អាក់សិទ្ធិសេរីភាពគាត់នោះ ទេ។ ចំណែក ពលករ–ពលការិនីចំណាកស្រុក ដែលខកខានមិនបានចុះឈ្មោះនៅស្រុកកំណើត ហើយបើមានអ្នកធានាត្រឹមត្រូវ តាមច្បាប់បោះឆ្នោត ត្រូវតែបើកសិទ្ធិឱ្យពួកគាត់បានបោះឆ្នោត នៅឃុំ–សង្កាត់តាមព្រំប្រទល់ផង។
សរុបទៅ “ធ្វើត្រូវ កុំខ្លាច!” មានន័យយ៉ាងនេះឯង ពោលគឺបើចេះតែខ្លាច ឬផ្អើលខ្លាចចាញ់ឆ្នោតនោះ មានន័យថា “ខ្លួនធ្វើខុស”។ បញ្ហា “ត្រូវនិងខុស” គួរទុកឱ្យប្រជាពលរដ្ឋវាយតម្លៃផ្តល់ពិន្ទុវិញ ព្រោះរាស្ត្រសម័យនេះ ចេះវិភាគរឿង នយោបាយច្បាស់លាស់ មិនចាញ់អ្នកនយោបាយនោះទេ។ បើគណបក្ស ឬបេក្ខជនធ្វើល្អ ស្គាល់សុចរិត យុត្តិធម៌ កុំបារម្ភឱ្យ សោះ ដូចលោកមេឃុំខ្លះ ធ្វើសំបុត្រស្នាមអីមិនដែលយកលុយរាស្ត្រ គាត់រស់ដោយសារប្រាក់ខែបន្តិចបន្តួច និងផលស្រូវ ឯប្រពន្ធគាត់រកស៊ីលក់បន្លែ ចិញ្ចឹមជ្រូក ពេលមានអ្នកភូមិស្លាប់ គាត់ជួយសែងមឈូសសពទៅបូជា អ៊ីចឹងគាត់ធ្លាក់ឆ្នោតយ៉ាង ម៉េច? ទោះជាគាត់ធ្វើមេឃុំជាង៣០ឆ្នាំទៅហើយ ក៏នៅតែជាប់ដដែលហ្នឹង ព្រោះតែ “ធ្វើត្រូវ” ពោលគឺបម្រើជាតិ និងប្រជាពលរដ្ឋនេះឯង៕
ដោយ ៖ អាចារ្យថាំ