ភ្នំពេញ ៖ ស្ថាបនិកចលនាមាតាធម្មជាតិ បានលើកឡើងរិះគន់ចំពោះអាជ្ញាធរខេត្តព្រះសីហនុ ដែលចាត់ការរុះរើសំណង់អគារកាស៊ីណូខុសច្បាប់ នៅកោះរ៉ុងសន្លឹម ហើយមិនមានចំណាត់ការផ្លូវច្បាប់លើជនល្មើស ថែមទាំងបន្សល់ទុកនូវសំណល់បាក់បែក រាយប៉ាយ ធ្វើឲ្យខូចបរិស្ថានឆ្នេរខ្សាច់។ ជាមួយនេះ ស្ថាបនិកចលនាមាតាធម្មជាតិ បានថ្លែងចំអកថា កម្ពុជា ថា ជារឿងមួយដែលចម្លែកសម្រាប់កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ដែលម្ចាស់កាស៊ីណូសាងសង់សំណង់ខុសច្បាប់ បំផ្លាញបរិស្ថានឆ្នេរសមុទ្រ មិនទទួលបានទោសអ្វីឡើយ ចំណែកសកម្មជនការពារបរិស្ថាន បែរជាមានទោស ជាប់គុក។
លោកអាឡិច ហ្គន់សាឡេស ដេវិតសុន ស្ថាបនិកចលនាមាតាធម្មជាតិ បានបង្ហោះរូបភាពនិងសំណេរនៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ថា “តើបងប្អូននៅចាំយុទ្ធនាការរបស់សកម្មជនចលនាមាតាធម្មជាតិ និយាយពីការបង្ហូរទឹកលូ និងការសាងសង់សំណង់ខុសច្បាប់ នៅលើឆ្នេរកោះរ៉ុងសន្លឹម ដែរឬទេ?
បន្ទាប់ពីមានបទបញ្ជាពីអភិបាលខេត្តព្រះសីហនុ ឱ្យរុះរើសំណង់កាស៊ីណូ ជីនទីង តាំងពីខែធ្នូ ឆ្នាំ២០១៩ កាស៊ីណូមួយនេះ ត្រូវបានរុះរើរួចហើយ។ ប៉ុន្តែតើបងប្អូនសង្កេតឃើញថាមានអ្វីដែលនៅសេសសល់? នោះគឺសំណល់អគារបាក់បែក ដែលបន្ទាប់ពីមានការរុះរើរួចមិនទាន់ត្រូវបានសម្អាតនៅឡើយ។ សំណល់អគារទាំងនេះ បានធ្វើឱ្យសម្រស់ឆ្នេរខ្សាច់សក្បុស ក្លាយជាកន្លែងដែលភ្ញៀវទេសចរមិនអាចដើរលេងបាន។
ប្រហែលវាជារឿងមួយដែលចម្លែកសម្រាប់ព្រះរាជាណាចក្រអច្ឆរិយ របស់យើង នោះគឺ ម្ចាស់កាស៊ីណូ ដែលបានសាងសង់សំណង់ខុសច្បាប់នេះ មិនទទួលបានទោសអ្វីឡើយ ចំណែកឯសកម្មជនបែរជាមានទោស កំពុងជាប់ឃុំ ដោយសារការងារបរិស្ថានទៅវិញ។
សូមចែករំលែកទាំងអស់គ្នា ដើម្បីជំរុញឱ្យអភិបាលខេត្តព្រះសីហនុ ដ៏ល្បីល្បាញ ឯកឧត្ដម គួច ចំរើន មានវិធានការក្នុងការសម្អាតសំណល់អគារកាស៊ីណូ ដើម្បីលើកកម្ពស់សម្រស់ឆ្នេ កោះរ៉ុងសន្លឹម របស់យើងទាំងអស់គ្នា!“។
បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកអាឡិច ហ្គន់សាឡេស ដេវិតសុន បានមានប្រសាសន៍ប្រាប់ ”នគរធំ” នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ថា “យើងឃើញរយៈពេល ២៧-២៨ឆ្នាំ កន្លងមក វាអ៊ីចឹង ក្រោមលេសថា អភិវឌ្ឍ មានមនុស្សមួយចំនួនដែលរកស៊ីការបំផ្លិចបំផ្លាញធនធនាធម្មជាតិ គឺជួញដូរសត្វព្រៃ ឬក៏ធ្វើសកម្មភាពរ៉ែមាស ឬក៏បូមខ្សាច់ ទ្រង់ទ្រាយធំ ដែលធ្វើឲ្យប្រទេសកម្ពុជា ក្រជាងមុន ជាតិទាំងមូល ក្រជាងមុន ហើយប្រជាពលរដ្ឋនៅមូលដ្ឋានហ្នឹង ក៏ក្រជាងមុនឆ្ងាយណាស់ ហើយបុគ្គលដែលនៅពីក្រោយ មានទាំងម៉ុង ឫទ្ធី លី យ៉ុងផាត់ មានទាំងទ្រី ភាព មានទាំងច្រើនណាស់ គឺអត់ដែលមានបញ្ហាទាក់ទងនឹងផ្លូវតុលាការ អត់ដែលមានគេចាត់វិធានការ អត់ដែលគេពិន័យ អត់ដែលហ៊ុន សែន ស្ដីបន្ទោស អត់សោះតែម្ដង មានតែរកលុយកាន់តែច្រើន ហើយឡើងជាឧកញ៉ា ឡើងជាមេទាហាន ឬក៏ឡើងជាឯកឧត្តមអ៊ីចឹងទៅ។ ប៉ុន្តែបើយើងក្រឡេកមើលយុវជនជាទូទៅ មិនមែនត្រឹមមាតាធម្មជាតិទេ គឺយុវជននៅព្រៃឡង់ ក៏ដោយ នៅមណ្ឌលគិរី ប្រជាពលរដ្ឋការពារដីធ្លីនៅកោះកុង ឬក៏សកម្មជនការពារបឹងតាមោក ។ល។ និង។ល។
ឲ្យតែនិយាយ គ្រាន់តែជាពាក្យសម្ដីដែលនិយាយជាសារណៈថា ខ្ញុំចង់ការពារ ខ្ញុំចង់ឲ្យកោះកុងក្រៅ ក្លាយទៅជាឧទ្យានជាតិ ដឹងតែមានទោស ដឹងតែជាប់គុក។ អាហ្នឹងយើងឃើញថា ដូចអត់យុត្តិធម៌សោះ ហើយវាបង្ហាញឲ្យប្រជាជនខ្មែរ ឃើញច្បាស់ថា របបនេះ គឺរបបដែលមិនមែនធ្វើដើម្បីប្រជាជន មិនមែនធ្វើដើម្បីប្រយោជន៍រួម ហើយមិនមែនជារបបដែលគោរពច្បាប់ទេ ជារបបដែលគោលដៅសំខាន់បំផុត គឺតែមួយគត់ទេ ធ្វើយ៉ាងណាឲ្យអ្នកមានអំណាច គឺទី១ ថែរក្សាអំណាច ហើយទី២ ធ្វើម៉េចឲ្យបានលុយ អាហ្នឹងជាគោលដៅសំខាន់បំផុត។
ពាក្យថាគេអភិវឌ្ឍ ឬក៏ស្ថិរភាព ឬក៏សន្តិភាព អាហ្នឹងគ្រាន់តែជាពាក្យខែលទេ ជាពាក្យល្ខោនទេ ធាតុពិតគឺលុយ ហើយលុយ បានមកពីណា? បានមកពីថែរក្សាអំណាច ហើយប្រភពនៃលុយដែលគេទទួលបានមួយចំនួនធំ គឺចេញមកពីធនធានធម្មជាតិ។ អ៊ីចឹងបុគ្គលណាដែលទៅការពារដោយអហិង្សាសកម្ម អាហ្នឹងដឹងតែមានបញ្ហា។ អ៊ីចឹងបានមាតាធម្មជាតិ សរសេរសារបែបឌឺដងថា ប្រទេសអច្ឆរិយស្អី បើយើងឃើញថា អ្នកការពារ ជាប់គុក ហើយអ្នកបំផ្លាញ រួចខ្លួន ដូចតែរឿងជិនទីង នៅកោះរ៉ុងសន្លឹម អាជ្ញាធរខេត្ត មិនមែនយើងទេ អាជ្ញាធរខេត្ត ជាអ្នកដែលចោទថា ខុសច្បាប់ រំលោភដីឆ្នេរសាធារណៈ បង្ហូរទឹកលូទៅសមុទ្រ មិនមែនយើងអ្នកនិយាយឯណា អាហ្នឹងឯកសារផ្លូវការរបស់យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ គាត់អ្នកនិយាយ គាត់អ្នកស៊ីញ៉េខ្លួនឯងហ្នឹង ហើយច្បាប់ មានតើ! មានមាត្រាទីប៉ុន្មានទេ នៃច្បាប់ភូមិបាលហ្នឹង តែយើងឃើញហើយ អត់មានជាប់គុកទេ អត់មានផ្ដន្ទាទោស ពិន័យអីទាំងអស់ហ្នឹង តែអាយុវជនដែលនិយាយអំពីរឿងជិនទីង និយាយអំពីរឿងបរិស្ថាន គឺជាប់គុកអស់រលីង អ៊ីចឹងបានសរសេរសារអ៊ីចឹងម្សិលមិញ“។
លោកអាឡិច បន្តថា “បើសិនជាលោកហ៊ុន សែន គ្នាគាត់នៅតែពាក្យហ្នឹង (កម្ពុជា អច្ឆរិយ) គឺខ្មាសគេបំផុតទេ ហើយប្រជាជនខ្មែរ ចាប់ផ្ដើមយល់ហើយ ចាប់ផ្ដើមចេះហើយ គឺយើងយកពាក្យរបស់គេ ដែលគ្រាន់តែជាពាក្យល្ខោន ដើម្បីលើកឡើងពីចរិតពិតប្រាកដរបស់របបហ៊ុន សែន ដូចពាក្យដែលថា សន្តិភាព អរគុណសន្តិភាព ឬក៏ពាក្យថា ខ្មែរអច្ឆរិយ ឃើញ comment តាមហ្វេសប៊ុក រាប់ពាន់ រាប់ម៉ឺននាក់ រយៈពេលប៉ុន្មានឆ្នាំកន្លងមក គេចាប់ផ្ដើមប្រើសារឌឺដងអហិង្សា យើងមិនជេរគេ យើងមិនមើលងាយគេ គ្រាន់តែយើងយកសាររបស់គេទៅឌឺដល់គេ ដើម្បីចង្អុលអំពីចន្លោះប្រហោង និងកំហុសរបស់គេដែរ។
អច្ឆិរយស្អី បើព្រៃអស់ ប្រទេសខ្មែរ ពីមុនគ្រប់ដណ្ដប់ដោយព្រៃឈើ ពី ៧៥% ក្នុងឆ្នាំ៨៩ ឆ្នាំ៩០-៩១ហ្នឹង ធ្លាក់ត្រឹម ២០% ហ្នឹង ២៥% ហ្នឹង អាហ្នឹងអច្ឆរិយមែនអ្ហែ៎? អច្ឆរិយស្អី? ចំណូលប្រជាជនខ្មែរ ម្នាក់ ជាមធ្យម ១ឆ្នាំហ្នឹង ១៥០០ដុល្លារហ្នឹង អច្ឆរិយស្អី? ខ្លាសេដ្ឋកិច្ចស្អី? បើខ្លាសេដ្ឋកិច្ចហ្នឹង ក្នុងតំបន់អាស៊ីអាគ្នេយ៍ហ្នឹង ឡើង ៧% ១០% ខ្លាសេដ្ឋកិច្ចស្អី បើប្រជាជនខ្មែររត់ទៅថៃ ខុសច្បាប់ ទៅធ្វើការងារ គ្រោះថ្នាក់ផង បែកពីគ្រួសារផង ឡើងជិត ២លាននាក់ហើយហ្នឹង! អាហ្នឹងគឺល្ខោនរបស់គេ ដែលឆ្លើយសំណួរឲ្យខ្លី គឺពិតជាខ្មាសគេ តែមិនខ្មាសដល់យើងទេ មិនមែនខ្មាសដល់យុវជន មិនមែនខ្មាសដល់ប្រជាជនទេ ខ្មាសដល់របបហ៊ុន សែន“។
គួរបញ្ជាក់ដែរ ក្រៅពីការលើកឡើងខាងលើនេះ ចលនាមាតាធម្មជាតិ ក៏បានផ្ញើលិខិតចំហ មួយ ជូនលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីជម្រាបពីបញ្ហានេះ នឹងស្នើចាត់វិធានការក្នុងការសម្អាតឆ្នេរខាងលើ ឲ្យវិលមកសភាពដើម និងបកស្រាយចំពោះការមិនចាប់ខ្លួនជនល្មើស មកទទួលខុសត្រូវចំពោះមុខច្បាប់ ឲ្យសាធារណជនបានយល់ផងដែរ។
លិខិតចំហរបស់ចលនាមាតាធម្មជាតិ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ មានខ្លឹមសារថា “ចលនាមាតាធម្មជាតិ សូមស្វាគមន៍ចំណាត់ការរបស់អាជ្ញាធរ ក្នុងការចាត់វិធានការចំពោះកាស៊ីណូ ជីន ទីង ដែលបានសាងសង់សំណង់លើដីឆ្នេរសាធារណៈដោយខុសច្បាប់។ ប៉ុន្តែរូបភាពដែលយើងថតបាន បានបង្ហាញឲ្យឃើញថា ផ្ទាំងថ្ម ទុយោ និងសម្ភារៈសំណង់កាស៊ីណូនេះ មួយចំនួនមិនត្រូវបានគេយកចេញនោះទេ ដែលសំណល់ទាំងនេះ ធ្វើឲ្យខូចសោភណភាពឆ្នេរ ហើយភ្ញៀវទេសចររដែលទៅកម្សាន្តនៅឆ្នេរទីនោះ ក៏អាចមានគ្រោះថ្នាក់ផងដែរ។
ម្យ៉ាងវិញទៀត យើងសូមរំលឹកផងដែរថា ម្ចាស់កាស៊ីណូ ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ នៅបន្តរួចខ្លួននៅឡើយ ខណៈពេលដែលអាជ្ញាធរ ហាក់បីដូចជាមិនរវីរវល់នឹងរឿងនេះទាល់តែសោះ ទោះបីអាជ្ញាធរ ស្គាល់អត្តសញ្ញាណម្ចាស់កាស៊ីណូនេះច្បាស់ហើយក្ដី។ នេះគឺជារឿងមួយគួរឲ្យសង្វេគជាពន់ពេក សម្រាប់ប្រជាជាតិខ្មែរ ដែលអាជ្ញាធរតែងធ្វើទុក្ខបុកម្នេញដល់សកម្មជនបរិស្ថាន ប៉ុន្តែបែរជាមិនអើពើចំពោះឧក្រិដ្ឋជនបំផ្លាញបរិស្ថានទៅវិញ។
ជាចុងក្រោយ យើងសង្ឃឹមថា អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នឹងចាត់វិធានការក្នុងការសម្អាតឆ្នេរ ឲ្យវិលមកសភាពដើម និងបកស្រាយចំពោះការមិនចាប់ខ្លួនជនល្មើស មកទទួលខុសត្រូវចំពោះមុខច្បាប់ ដល់សាធារណជនឲ្យបានយល់ផង“។
ទោះបីយ៉ាងណា ជុំវិញការលើកឡើងរបស់ស្ថាបនិកចលនាមាតាធម្មជាតិ ខាងលើនេះលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ចលនាមាតាធម្មជាតិ ថាពីក្រៅប្រទេស ថាទៅ តែកុំមករញ៉េរញ៉ៃក្នុងប្រទេសឲ្យសោះ មិនបានទេ។
លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ថា រាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា ធ្វើអីក៏មិនចេះត្រូវចិត្តចលនាមាតាធម្មជាតិ ដែលមានលោកអាឡិច ជនជាតិអេស្ប៉ាញ ជាស្ថាបនិកហ្នឹងដែរ ដូច្នេះលោកមិនបាច់និយាយអីច្រើនតបតទៅជនបរទេសហ្នឹងទេ គ្រាន់តែថា បើកាលណាជននេះលួចចូលដោយប្រការណាមួយ ខុសច្បាប់កម្ពុជា ខាងអន្តោប្រវេសន៍ នឹងត្រូវចាត់ការតាមផ្លូវច្បាប់ហើយ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “យើងដឹងហើយថា ជនបរទេស ជនជាតិអេស្ប៉ាញនេះ ត្រូវបណ្ដេញចេញពីកម្ពុជា អត់មានថ្ងៃចូលមកកម្ពុជា វិញទេ។ អ៊ីចឹងដោយអស់វត្តមាននៅកម្ពុជា បានជាអាឡិច ហ្នឹង វានៅអេស្ប៉ាញ ហ្នឹង វាបង្ហោះសារពីក្រៅប្រទេស ដើម្បីញុះញង់ បន្តវ៉ៃប្រហារមកលើរាជរដ្ឋាភិបាល ដោយមិនផ្សារភ្ជាប់នឹងការជាក់ស្ដែងទេ។ រាល់ថ្ងៃនេះ គឺការកែច្នៃធនធានធម្មជាតិ ទាំងព្រៃឈើ ទាំងរ៉ែផ្សេងៗ ស្ថិតនៅក្នុងក្របខ័ណ្ឌនៃនយោបាយអភិវឌ្ឍកសាងប្រទេសជាតិ ហើយបើសិនណាជាអភិវឌ្ឍកសាងប្រទេសជាតិ ឲ្យមានការពិបាក បែរជាថា យើងបំផ្លាញធនធានធម្មជាតិ អាហ្នឹងវាអត់ត្រឹមត្រូវទេ តាមការពិតជាក់ស្ដែង។
ពេលណាដែលយើងកែច្នៃធនធានធម្មជាតិ មកវាយតម្លៃយើងថា បំផ្លាញធនធានធម្មជាតិ តែបើសិនណាជាយើងមិនធ្វើការអភិវឌ្ឍ មិនចេះកែច្នៃធនធានធម្មជាតិ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន គេថាយើងហ្នឹងអសមត្ថភាព ឬមួយយើងហ្នឹងចោលម្សៀត មិនចេះគិតគូរអំពីធនធានធម្មជាតិសម្បូរបែបហើយ មិនចេះច្នៃដើម្បីប្រយោជន៍ជាតិ និងប្រជាជន។
អាហ្នឹងគឺថា យើងធ្វើម៉េចក៏មិនត្រូវចិត្តអ្នកដែលប្រឆាំងដែរ គឺប្រឆាំងហ្នឹង យើងធ្វើឆ្វេង គេថាស្ដាំ យើងធ្វើស្ដាំ គេថាឆ្វេង អាហ្នឹងជារឿងធម្មតា អ៊ីចឹងយើងមិនខ្វល់ទេ អ្នកឯងថាអីថាទៅ វាគ្មានឥទ្ធិពលអីទេ។ រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ស្របតាមឆន្ទៈប្រជាពលរដ្ឋនេះ គឺថាធ្វើទៅតាមគម្រោងផែនការរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាដើម្បីឲ្យប្រទេសជាតិហ្នឹង រីកចម្រើនតាមរយៈការអភិវឌ្ឍនិងកែច្នៃធនធានធម្មជាតិហ្នឹងឯង“។
លោកសុខ ឥសាន បន្តថា “ពាក់ព័ន្ធនឹងបញ្ហានេះ យើងដឹងហើយថា រាជរដ្ឋាភិបាលកែច្នៃធនធានធម្មជាតិ ដើម្បីអភិវឌ្ឍប្រទេសជាតិ ដូច្នេះហើយគេថា យើងបំផ្លាញទៅវិញ យើងមិននិយាយពីបាតុភាពអសកម្មដែលបំផ្លាញព្រៃឈើ បំផ្លាញធនធានធម្មជាតិទេ អាហ្នឹងគឺស្ថិតនៅក្នុងក្របខ័ណ្ឌអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល មិនមែនបណ្ដែតបណ្ដោយឲ្យកុ្រមជនមួយចំនួនតូចហ្នឹងធ្វើបំផ្លាញធនធានធម្មជាតិរបស់ប្រទេសជាតិទេ គ្មានប្រយោជន៍អីទេ។
អាហ្នឹងយើងមិនបណ្ដែតបណ្ដោយទេ វាស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់ ឧទាហរណ៍ថា ដូចជាយើងធ្វើសំណង់វារីអគ្គិសនីធំៗនៅភូមិភាគនិរតីរបស់ប្រទេសហ្នឹង ព្រំដែនខេត្តពោធិ៍សាត់ ហើយនិងខេត្តកោះកុង ហ្នឹង គឺថាយើងធ្វើវារីអគ្គិសនី ដើម្បីយើងផលិតឲ្យថាមពលយកមកប្រើប្រាស់ ហើយការធ្វើនេះ វាចៀសផុតពីការប៉ះពាល់ធនធានធម្មជាតិមួយចំនួនទេ។
ឧបមាថា យើងធ្វើវារីអគ្គិសនី ពេលដែលទឹកឡើងមក ផ្ទះទឹកដែលយកទឹកច្រើនសម្រាប់យកមកកែច្នៃបានជាថាមពលហ្នឹង គឺថាវាប៉ះពាល់ព្រៃឈើមួយចំនួនហើយ ក៏ប៉ុន្តែក្នុងការដែលកសាងទំនប់វារីអគ្គិសនីនេះ គឺរាជរដ្ឋាភិបាល លោកថ្លឹងថ្លែងថា តើប្រយោជន៍ថាមពលអគ្គិសនីដែលបានមកហ្នឹង វាច្រើនឬវាតិច ឬវាខាត? អាហ្នឹងយើងគិតគូរថា តើព្រៃឈើដែលបាត់បង់ ហើយនិងថាមពលអគ្គិសនីដែលបានមកហ្នឹង មួយណាដែលអាទិភាពជាង? អាហ្នឹងគឺថា សុទ្ធតែមានការសិក្សាស្រាវជ្រាវហើយ អ៊ីចឹងចៀសមិនរួចទេ តែពួកគេហៅថា មាតាធម្មជាតិនោះ វាមិនមែនមាតាត្រឹមត្រូវទេ មាតាមួលបង្កាច់សភាពការណ៍ពិត។ យើងយកអារឿងអាប៉ះពាល់តិចតួច មកធ្វើជារឿងធំ ហើយវាយតម្លៃថា រាជរដ្ឋភិបាល បំផ្លិចបំផ្លាញធនធានធម្មជាតិ អាហ្នឹងវាអត់ត្រឹមត្រូវទេ“។
លោកសុខ ឥសាន បន្តទៀតថា “ចំពោះករណីនៅខេត្តព្រះសីហនុ អាហ្នឹងគេមិនបណ្ដែតបណ្ដោយទេ អាហ្នឹងអាជ្ញាធរខេត្ត គេមានសិទ្ធិដើម្បីពិនិត្យមើលអាហ្នឹង មិនមែនចេះតែបណ្ដែតបណ្ដោយឲ្យក្រុមហ៊ុនឯកជនហ្នឹងធ្វើអ្វី ដូចជាបង្ហូរទឹកស្អុយដាក់សមុទ្រ ឬមួយក៏ដាក់ឆ្នេរទេសចរណ៍របស់ប្រទេស នាំឲ្យខូចបរិស្ថាន ហើយឲ្យប៉ះពាល់ទៅដល់ភ្ញៀវទេសចរទេ អាហ្នឹងគេគិតគូរហើយ ក៏ប៉ុន្តែជាការគិតគូរនេះ វាមិនបានភ្លាមទេ ការធ្វើដូចជាបញ្ហាទឹកចម្រោះ ឬមួយការធ្វើកុំឲ្យមានទឹកស្អុយហូរចូលសមុទ្រអី ដែលជាកន្លែងកម្សាន្តរបស់ភ្ញៀវទេសចរអី ពេលកំពុងតែធ្វើ គេថា យើងមិនគិតគូរ មិនយកចិត្តទុកដាក់ តែតាមពិត គឺថា អភិបាលខេត្ត ឬមួយក៏អភិបាលស្រុក អភិបាលក្រុងហ្នឹង ចេះគិតគូរជាងអ្នកថាហ្នឹងទៅទៀត។
ដូច្នេះខ្ញុំយល់ថា យើងដើរផ្លូវត្រង់ យើងចេះតែដើរទៅ ឆ្កែព្រុស ចេះតែព្រុសទៅ យើងអត់ឈឺក្បាលវិលមុខអីទេ ហើយជនបរទេសហ្នឹង មិនគិតគូរប្រទេសអេស្ប៉ាញ ខ្លួនឯង មកគិតគូរយកចិត្តទុកដាក់អីចំពោះកម្ពុជា ហ្នឹង? ជនបរទេសហ្នឹង ខួរក្បាលអីក៏ខួរក្បាលស្នេហាជាតិជាងខ្មែរ ម្ល៉េះ? អាហ្នឹងយើងគិតមើលតែប៉ុណ្ណឹងបានហើយ ខ្ញុំមិនបាច់និយាយអីច្រើនតបតទៅជនបរទេសហ្នឹងទេ។ ប៉ុន្តែជនបរទេសនេះ វាអត់ចូលបានទេ បើកាលណាលួចចូលដោយប្រការណាមួយ អាហ្នឹងខុសច្បាប់កម្ពុជា អាហ្នឹងខាងអន្តោប្រវេសន៍ គេត្រូវចាត់ការតាមផ្លូវច្បាប់ហើយ“៕ កុលបុត្រ