បៀ ជាឈ្មោះខ្យងសមុទ្រមួយប្រភេទ មានធំ មានតូច សំបកក្រាស់ភ្លឺរលោង ដែលសាច់វាជាម្ហូបពិសេសសម្រាប់ជួយបំប៉នកម្លាំងផ្លូវភេទ។ មានយុវវ័យមួយចំនួន ឆ្ងល់ថា ប្រាក់ខែសម្រាប់បើកឲ្យមន្ត្រីរាជការ កម្មករ និយោជិត… ហេតុអ្វីបានជាមានឈ្មោះថា បៀវត្ស?
យោងតាមការស្រាវជ្រាវ បញ្ជាក់ថា ក្នុងសម័យបុរាណរាជ្យពីព្រេងនាយ មានព្រះមហាក្សត្រមួយអង្គ មិនច្បាស់ព្រះនាម តែអាចនៅចុងសម័យអង្គរ បន្ទាប់ពីប្រាមប្រាបបច្ចាមិត្រ ឲ្យចុះចាញ់រួចមក ស្តេចអង្គនោះបានឡើងសោយរាជសម្បត្តិ ខណ:ដែលព្រះនគរខ្ទេចខ្ទាំដោយសារសង្គ្រាម សល់តែបាតដៃទទេ។ មាស ប្រាក់ ត្រូវកងទ័ពប្រទេសជិតខាង លួច ប្លន់ និងកប់លាក់ទុកនៅក្នុងដី។

ព្រះមហាក្សត្រ ចាប់ផ្តើមកសាងប្រទេសឡើងវិញ បើកឲ្យមានផ្សារផ្សោ ប៉ុន្តែត្រូវប្រឈមមុខ គ្មានមាស ប្រាក់ សម្រាប់ចាយ។ ដើម្បីដោះស្រាយបញ្ហានេះ ព្រះមហាក្សត្រ បានត្រាស់បង្គាប់ពលសេនា និងប្រជារាស្ត្រ ដើរប្រមូលរើសសំបកខ្យងបៀនៅតាមឆ្នេរសមុទ្រ មកទុកក្នុងឃ្លាំង រួចឲ្យបោះត្រាដែកលើសំបកខ្យង ដាក់តម្លៃជាប្រាក់ប៉ុណ្ណេះប៉ុណ្ណោះ តាមធំតូច។
ព្រះអង្គចាត់ឲ្យបើកសំបកខ្យងបៀ តាមតិចច្រើន និងតាមឋាន: បុណ្យស័ក្តិ ដល់មេទ័ព មេកង ពលសេនា មន្ត្រីរាជការតាមជាន់ថ្នាក់។ ប្រាក់បៀនោះ ក៏ចរាចរណ៍ពេញនគរ ក្នុងការដោះដូរ លក់ចេញ ទិញចូល មានស្បោងសម្រាប់ដាក់។

ចំណុចនេះ គួរយល់ថា សំបកខ្យងបៀសមុទ្រនោះ មិនជាសម្បូរណាស់ណានោះទេ គឺរកមិនសូវបាន ហើយក៏មិនអាចក្លែងបន្លំបានដែរ ព្រោះប្រាក់បៀ មានត្រាចំណាំ ម្យ៉ាងទៀតអំណាចស្តេចផែនដី ពិតជាគ្មានជនណាហ៊ានចាយបៀក្លែងក្លាយ។ លុះសេដ្ឋកិច្ចរីកចម្រើន ស្តេចក៏ឲ្យយកបៀ ដូរយកជាមាស ប្រាក់តាមតម្លៃ និងបញ្ឈប់ការចាយសំបកខ្យងនោះទៅ។
ការដូរបៀ យកជាមាស ឧបមាដូចលេងល្បែងកាស៊ីណូ គេប្រើកាសសម្រាប់ចាក់ លុះឈ្នះបានកាសច្រើន ក៏ដូរយកជាដុល្លារ។

ចូលមកដល់សម័យស្តេចកន ក៏មានសង្គ្រាមដែរ តែព្រះអង្គត្រាស់បង្គាប់ឲ្យបោះប្រាក់ ស្លឹង មានរូបនាគជាតំណាងឆ្នាំកំណើតព្រះអង្គ (ឆ្នាំរោង) សម្រាប់ចាយវាយ។ ការបើកសំបកខ្យងបៀឲ្យមន្ត្រីរាជការ ក៏ជាប់ពាក្យថា “បើកបៀវត្ស” គឺ១ឆ្នាំបើកឲ្យម្តង។ ចំណែក “បៀលៀង” គឺប្រាក់ចិញ្ចឹម (សោធននិវត្តន៍) នេឯង។
ទោះបើកជាប្រាក់ខែ ក៏ហៅបៀវត្ស បើកឲ្យជាមាស ជាប្រាក់សុទ្ធ ឬជាលុយក្រដាស ក៏ហៅ បៀវត្ស បៀលៀង ជាប់ពាក្យនេះរហូតដល់សព្វថ្ងៃ៕
ឯកសារយោង ៖ វចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត និងការតំណាលតៗគ្នារបស់ចាស់ៗជំនាន់មុន
ស្រាវជ្រាវដោយ ៖ លោកង៉ែត សោភ័ណ និពន្ធនាយករងទស្សនាវដ្តី “អង្គរធំ”
ភ្នំពេញ ថ្ងៃទី 01/02/2021