តារាចម្រៀងពេជ្រ សោភា បានឲ្យដឹងកាលពីថ្ងៃទី៤ ខែឩសភា ថា បើទោះជាពេលនេះ កូវីដ-១៩ នៅតែផ្ទុះមិនទាន់ស្ងាត់ក្ដី ប៉ុន្ដែការងារសិល្បៈរបស់នាងនៅតែបន្ដជាធម្មតា តាមរយៈការច្រៀងសម្ដែងនៅលើឆាកតន្រ្ដីហង្សមាស ដែលមានការផ្សាយផ្ទាល់។
ប៉ុន្ដែទាំងការឡើងច្រៀងនិងចុះពីលើឆាកតន្រ្ដី នាងមានការប្រុងប្រយ័ត្នខ្ពស់ខ្លាំងណាស់ ដូចជាការពាក់ម៉ាសក៍ជាប្រចាំ លាងដៃជាមួយអាល់កុល រក្សាគម្លាត និងពាក់ស្រោមដៃ ជាដើម។
សោភា ថា មុនឡើងឆាកនាងសម្ងំតែនៅក្នុងរថយន្ដ ហើយពេលចុះវិញទៅចូលក្នុងរថយន្ដវិញភ្លាមតែម្ដង ព្រោះកូវីដ នេះ មិនអាចធធ្វេសប្រហែសបានទេ បើទោះជានៅក្រុមហ៊ុនហង្សមាស ក្រុមការងាររក្សារអនាម័យ និងគោរពតាមគោលការណ៍ក្រសួងសុខាភិបាល ជានិច្ចក្ដី។
យ៉ាងណា សោភា ថា ក្រៅពីឆាកហង្សមាស នាងមិនទាន់ហ៊ានឡើងច្រៀងសម្ដែងនៅឆាកទូរទស្សន៍ណាផ្សេងទេ បើទោះជាមានគេទាក់ទងមកជាហូរហែក្ដី។ នាងថា រង់ចាំកូវីដ ឲ្យស្ងាត់ជាងនេះបន្ដិច ទើបអាចឡើងឆាកតន្រ្ដីទាំងឡាយទូទៅ ដូចដើមឡើងវិញបាន ប៉ុន្តែពេលនេះ គឺនាងឡើងច្រៀងតែនៅឆាកហង្សមាស ដែលជាទូរទស្សន៍របស់មេនាងប៉ុណ្ណោះ។
បន្ទាប់ពីបានចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូសរួច ពេជ្រ សោភា កាលពីពេលថ្មីៗនេះ ក៏បានចេញចម្រៀង១បទ ទាក់ទងកូវីដ ផងដែរ គឺប ទ”រួមគ្នាការពារកម្ពុជា ឈ្នះកូវីដ-១៩” ដែលបទចម្រៀងនេះ នាងច្រៀងឆ្លងឆ្លើយជាមួយលោកឆន សុវណ្ណារាជ ហើយអត្ថន័យទាំងមូលផ្ដោតលើការដាស់តឿនពលរដ្ឋកុំឲ្យភ្លេចពីកូវីដ ឲ្យសោះ ពិសេស គឺអនុវត្តន៍ជាប្រចាំ “៣កុំ ៣ការពារ”។
សោភា ថានាងមានមោទនភាពដែលបានចេញបទចម្រៀងនេះប្រៀបដូចជាផ្ញើសារទៅបងប្អូនទាំងឡាយឲ្យចូលរួមទាំងអស់គ្នាដើម្បីកម្ចាស់ជំងឺចង្រៃនេះផុតពីកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។
ក្រៅពីច្រៀងឆ្លងឆ្លើយជាមួយលោកឆន សុវណ្ណារាជ នោះ បទ ”រួមគ្នាការពារកម្ពុជា ឈ្នះកូវីដ-១៩” ក៏ជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ដោយសោភា ផ្ទាល់ផងដែរ ខណៈដែលកន្លងមក តារាចម្រៀងហង្សមាស រូបនេះ ក៏ធ្លាប់ចេញបទ ”រួមគ្នាប្រឆាំងកូវីដ-១៩” ដែរ កាលពីចុងឆ្នាំ២០១៩។
ពេជ្រ សោភា បានឲ្យដឹងដែរថា ទំនាក់ទំនងរវាងនាងជាមួយសង្សារបណ្ដូលចិត្ត លោកឆឹម សក្កដា គឺនៅតែរក្សារដូចដើមដដែល បើទោះជាពេលនេះ នាងនិងសក្កដា ខកខានបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាង១ឆ្នាំ ព្រោះតែកូវីដនេះក្ដី។
សោភា ថា នាងនៅតែជួបគ្នាតាម Online ស្ទើររៀងរាល់រាត្រី តាមរយៈ Video Call ហើយម្នាក់ៗចង់ជួបគ្នាផ្ទាល់ខ្លាំងណាស់ តែមិនអាចធ្វើបានឡើយ គឺមានតែបន្ដឃ្លាតគ្នាមួយរយៈសិន ព្រោះមិនមែនបែកគ្នារហូតឯណា៕