Sunday, December 22, 2024
Homeតារាខ្មែរសុផា លីនដា ពន្យារពេលរៀបការ លែងមានកំណត់ រហូតដល់កូនធំ

សុផា លីនដា ពន្យារពេលរៀបការ លែងមានកំណត់ រហូតដល់កូនធំ

តារាសម្ដែង បង្ហាញម៉ូដ និងពិធីការិនី សុផា លីនដា បានប្រាប់ ”នគរធំ” កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ថា គម្រោងរៀបការរបស់នាងនៅឆ្នាំ២០២១ នេះ ត្រូវបានលើកពេលហើយ ព្រោះថា ពេលនេះកូនស្រីរបស់នាងទើបតែមានអាយុបាន១ខែប៉ុណ្ណោះ ខណៈដែលកូវីដ-១៩ មិនទាន់ស្ងាត់ផង អីចឹងនាងមិនអាចរៀបចំពិធីជប់លៀងអាពាហ៍ពិពាហ៍នៅពេលនេះបានទេ។

តារាកូន១ រូបនេះ បានឲ្យដឹងដែរថា ផែនការរៀបការលែងមានពេលកំណត់ច្បាស់លាស់ហើយ តែអាចច្រើនឆ្នាំទៅទៀត ពោលគឺទាល់តែកូននាងបានធំបន្ដិច ទើបអាចគិតគូររឿងរៀបការនេះសាជាថ្មីបាន។

សុផា លីនដា ក៏បានបន្ថែមថា ទោះជាពេលនេះ នាងមានកូន១មែន ប៉ុន្ដែជីវិតនាងមិនមានការប្រែប្រួលច្រើនពេកនោះទេ ព្រោះកូននាងស្លូត ហើយស្វាមីរបស់នាងនាងជួយមើលថែជាប្រចាំតែម្ដង។ នាងថា នៅពេលដែលស្ងប់ស្ងាត់កូវីដ-១៩ ខាងមុខនេះ នាងគ្រោងធ្វើពិធីបង្កក់កូនជាលក្ខណៈគ្រួសារផងដែរ។

ដោយឡែក ទាក់ទងមុខរបរដែលនាងបានបើកហាង ”ខ្ទះពុះ” ដែលមានទីតាំងនៅខាងក្រោយសាលាវ៉ាន់ដា នោះ នាងបានផ្អាកដំណើរការយៈពេល២ខែមកហើយ ព្រោះតែកូវីដ បើទោះជានៅតំបន់នោះ ជាទីតាំងដែលគេចាត់ទុកថា ជាតំបន់លឿង ដែលអាចធ្វើចរាចរណ៍បានក្ដី ប៉ុន្ដែនាងមានការប្រុងប្រយ័ត្នការពារខ្ពស់ដល់អតិថិជនរបស់នាង ព្រោះពួកគេមកញាំដល់កន្លែង អីចឹងទាល់តែស្ងាត់កូវីដ ដូចដើមវិញ ទើបនាងអាចបើកហាងនោះឡើងវិញ។

សុផា លីនដា បានភ្ជាប់ពាក្យជាមួយលោកកាំង ប៉ុណ្ណា វ័យ៣០ឆ្នាំ  ជាអាណិកជនខ្មែរ មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ហើយនាងបានសម្រាលកូនកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ដោយដាក់ឈ្មោះថា “Penelope”។

លីនដា ថា តាំងពីបានចាប់ដៃជាមួយស្វាមីមក នាងមិនដែលបានទៅលេងផ្ទះខាងស្វាមីនៅអាមេរិក ទេ តែតាមគម្រោង នាងចង់ចេញទៅរដ្ឋកាលីហ្វ័រញ៉ា ជាមួយប្ដី នៅដំណាច់ឆ្នាំ២០២១ ខាងមុខនេះហើយ។

ចំណែកទាក់ទងរឿងអាជីពសិល្បៈវិញ ក្រោយមានកូនស្រី១នេះ លីនដា បានឲ្យដឹងថា នាងអាចរយាលៗពីការងារសិល្បៈមួយចំនួន ព្រោះពេលនេះនាងមានកូន១ហើយ អីចឹងចង់គិតលើការកស៊ីច្រើនជាង។ ដោយឡែក ស្វាមីរបស់នាងវិញ មិនហាមឃាត់ការលេងសិល្បៈរបស់នាងទេ ពោលគឺនៅលើការសម្រេចចិត្តរបស់នាងប៉ុណ្ណោះ។

សុផា លីនដា មិនទាន់រៀបគម្រោងយកកូនថែមនោះទេ បើទោះជាពេលនេះ នាងថា មានសុខភាពល្អជាធម្មតាដូចមុនសម្រាលទៅហើយក្ដី។ មុនសម្រេចចិត្តយកកូននេះ លីនដា ធ្លាប់សរសើរស្វាមីនាងថា ជាបុរសដែលចេះយល់ចិត្តនិងស្រលាញ់រូបនាង និងក្រុមគ្រួសារ ដោយស្មោះ ទើបនាងព្រមប្រគល់បេះដូងឲ្យបុរសឯនាយសមុទ្ររូបនេះ ដោយផាត់ចោលការសុំស្នេហ៍ពីសំណាក់ប្រុសៗក្នុងស្រុកមួយចំនួន។

យ៉ាងណា លីនដា ថា សម្រាប់ដំណើររបស់នាងទៅអាមេរិក ជាលើកដំបូង លេងផ្ទះខាងស្វាមីនោះ គ្រាន់តែទៅលេងប៉ុណ្ណោះ មិនមែនទៅរស់នៅទីនោះជាអចិន្ត្រៃយ៍ឡើយ។

ក្រៅពីសុផា លីនដា តារាដែលយកកូនមុនរៀបការ មានដូចជា អ្នកនាងយុគ ចិន្ដា, ខាត់ សុឃីម, ឡោម លក្ខិណា, ទេព សម្ផស្ស, នៅ សុនិតា, សុន ស្រីពេជ្រ, ផាត់ ផាន់ណា និងឌុច លីដា ជាដើម។ ដោយឡែកលីនដា មុនរកបានម្ចាស់បេះដូងពិតជាអាណិកជនខ្មែរ មកពីអាមេរិកនេះ កន្លងមកក៏ធ្លាប់លេចឮថា នាងមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងហង្សមាស លោកនៅ ស៊ីនឿន ដែរ បើទោះជានាងតែងតែប្រកែកក្ដី៕ ដោយ ៖ ហ៊ឹម វិចិត្រ

RELATED ARTICLES