Friday, March 29, 2024
Homeព័ត៌មានជាតិឃើញប៉ូលិសអនុវត្តបម្រាមគោចរ បើករថយន្តរត់

ឃើញប៉ូលិសអនុវត្តបម្រាមគោចរ បើករថយន្តរត់

ភ្នំពេញ ៖ ស្ត្រីម្នាក់បានបើករថយន្តមួយគ្រឿង ម៉ាកហ្វដ រ៉ែនជ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-6799 ឆ្លងកាត់គោលដៅសមត្ថកិច្ចកំពុងតែអនុវត្តបម្រាមគោចរ មិនព្រមឈប់ឲ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យ បែរជាព្យាយាមបើករត់គេចខ្លួន តែត្រូវសមត្ថកិច្ចដេញតាមឃាត់បាន កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ចំណុចស្តុបបូកគោ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន បានដាក់គោលដៅអនុវត្តបម្រាមគោចរ តាមសេចក្តីសម្រេចលេខ ១០០ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ នៅត្រង់ចំណុចរង្វង់មូលផ្សារដើមថ្កូវ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកហ្វដ រ៉ែនជ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-6799 ដែលបើកបរដោយស្រ្តីម្នាក់ និងបុរសម្នាក់ ជាអ្នករួមដំណើរ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីជើង ទៅត្បូង ហើយបានបើកឆ្លងកាត់គោលដៅដែលសមត្ថកិច្ចកំពុងតែអនុវត្ត។

ប្រភពដដែល បន្តថា ភ្លាមនោះ សមត្ថកិច្ចបានហៅរថយន្តនោះឲ្យឈប់ ដើម្បីត្រួតពិនិត្យលិខិតធ្វើដំណើរ ប៉ុន្តែរថយន្តនោះ មិនបានឈប់ទេ បែរជាព្យាយាមបើករត់គេចចេញពីគោលដៅតែម្តង ទើបកម្លាំងសមត្ថកិច្ច បានបើកម៉ូតូដេញតាមពីក្រោយរថយន្ត រហូតដល់ចំណុចខាងលើ ទើបអាចធ្វើការស្ទាក់ចាប់បាន រួចនាំយករថយន្ត អ្នកបើកបរ និងអ្នករួមដំណើរ ទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន។

តាមប្រភពមន្រ្តីនគរបាលខណ្ឌចម្ការមន បានឲ្យដឹងថា ក្រោយឃាត់បានរថយន្ត និងអ្នកបើកបរខាងលើនេះ ដែលល្មើសបម្រាមគោចរ យកមកសាកសួរនៅអធិការខណ្ឌ ដោយឲ្យពួកគាត់ទាំងពីរនាក់ ផ្លុំជាតិអាល់កុល ដើម្បីធ្វើតេស្តរកជាតិស្រវឹង ប៉ុន្តែមិនមានជាតិស្រវឹង ក៏ធ្វើការណែនាំ រួចឲ្យត្រលប់ទៅផ្ទះវិញ ដោយយោគយល់អ្នកបើកបរ គឺជាមនុស្សស្រី ព្រោះតែមានការភិតភ័យ ទើបបើករត់៕

RELATED ARTICLES