រយៈពេលជាង១០ឆ្នាំមកហើយ ដែល លោកករុណា ពេជ្រ តែងតែងព្យាយាមលាក់ ឬឆ្លើយបង្វែងដាន ជុំវិញសំណួរថា តើហេតុអ្វី បានជាលោកលែងច្រៀងជាមួយមាស សុខ សោភា អំឡុងពេលដែលតារាទាំង២ កំពុងតែ ជោគជ័យនៅថោន កាលពីឆ្នាំ២០១០ នោះ។ ប៉ុន្តែនៅពេលនេះ អតីតអ្នកចាត់ការទូទៅរបស់ ផលិតកម្មថោនរូបនេះ ព្រមទម្លាយរឿងនេះ ចេញមកដោយលោកបង្ហើបថា “កុំឱ្យខ្ញុំជាអ្នក បំផ្លាញភា ដោយសារតែច្រៀងជាមួយខ្ញុំ..”។

លោកករុណាពេជ្រ រៀបរាប់រឿងរ៉ាវនេះ ថា “មានការសើចយំចំអក់លេបខាយ បន្ទុះ- បង្អាប់និយាយគ្រប់បែបយ៉ាង ចាក់រុកឆ្កឹះឆ្កៀល មកលើខ្ញុំតែម្នាក់ចេញពីប្រភពសិល្បៈមួយចំនួន តូច… បើទោះបន្ទាប់ពីជោគជ័យលើសាច់រឿង MV ទីមួយរួចមក ក៏ចេញបទសាច់រឿង “ក្រែងចិត្តសង្សារចាស់”, “ទុកឱកាសឱ្យបង ទារបេះដូងពីគេ” នេះបន្តដែលខ្ញុំបានជ្រើសរើស និងកែសម្រួលជាមួយប្អូនប្រុសអ្នកនិពន្ធ លី វណ្ណារិន រួច ភា ក៏បានឭគាត់ក៏បានឱ្យគេ ធ្វើជាបទស្រី… បន្ទាប់មកក៏ជោគជ័យខ្លាំង លើសាច់រឿងទីពីរនេះ ប៉ុន្តែលើកនេះ គឺពាក្យ វ៉ៃប្រហារមកលើខ្ញុំ កាន់តែសាហាវជាងមុន ទៀត គឺនៅបន្តវាយប្រហារមកលើខ្ញុំ ព្រោះ ដោយសារតែភា ជាតារាចម្រៀងនារីម្នាក់ លំដាប់ប្រទេស… ការវ៉ៃប្រហាសម្តីមកលើ រូបខ្ញុំតែម្នាក់ឯង បើទោះខ្ញុំ និងភា រួមការងារ ជាមួយគ្នាមិនដែលបរាជ័យទាំងក្នុង MV និង ការសម្តែងខនសឺត នានាក៏ដោយ… រហូត ចុងក្រោយ មានអ្នកខ្លះបោះសម្តីរហូតដល់ថ្នាក់ ថា បើភាឯងនៅតែច្រៀងសម្តែងរួមគ្នាជាមួយ អាករុណា ពេជ្រ ម្នាក់ហ្នឹងទៀត ភាឯងប្រយ័ត្ន ធ្លាក់ទាំងខ្លួនឯងទៀត ទៅយោងអីអាអ្នក ចម្រៀងចឹងៗ”។


ករុណា ពេជ្រ ធ្លាប់ចាប់ដៃគូជាមួយមាស សុខសោភា ច្រៀងបទជាខ្សែរឿងមានដូចជា “I’m Sorry”, “ក្រែងចិត្តសង្សារចាស់”, ”អស់ឱកាស”, “សុំពេលឈឺចាប់មួយគ្រា”… ដែលជាការដឹកនាំសម្តែងដោយលោកប៊ុន រតនា ហៅសេម និងនិពន្ធទំនុកច្រៀងដោយលោក មាស សុខរតនៈ។ ប៉ុន្តែកំពុងតែទទួលបានការ ចាប់អារម្មណ៍ច្រើននោះ ពួកគេក៏លែងច្រៀង សម្តែងជាមួយគ្នាទៀត ដោយសារតែអ្នកខ្លះ ថា លោកករុណា ពេជ្រ ត្រូវមាស សុខសោភា យោងឱ្យល្បីហើយសោភា អាចប្រឈមធ្លាក់ចុះ។

លោកករុណា ពេជ្រ បន្ថែមថា “ដល់ឮ ពាក្យសាហាវ រហូតដល់ថាខ្ញុំអាចទាញអាភា ឱ្យធ្លាក់ដោយសារតែខ្ញុំនាពេលខាងមុខចឹង … គឺចាប់ពីពេលហ្នឹងមកខ្ញុំក៏ព្យាយាមប្រាប់ក្រុម ការងារក្នុងផលិតកម្មថោន ស្និទ្ធស្នាលមួយចំនួន ថាខ្ញុំសូមដកឃ្លា ឬផ្អាកសម្តែងច្រៀងជាមួយ ភា មួយរយៈសិនទៅ ក្រោមហេតុផលថាកុំឱ្យ ទស្សនិកជនសាំ ឬមានអារម្មណ៍ដដែលៗ ហើយ យើងក៏ឃ្លាតឆ្ងាយក្នុងការសម្តែងច្រៀងជាមួយ គ្នារហូតមក…។ នេះជាចម្លើយមួយដែលទស្សនិកជន ក៏ដូចជាបងៗ តែងតែសួររហូតមកថា ម៉េច បានមិនចាប់ដៃគូជាមួយភា ទៀតអ៊ីចឹង ព្រោះ មហាជនគេគាំទ្រខ្លាំងណាស់… ខ្ញុំតែងតែផ្តល់ ចម្លើយដូចគ្នាក្រោមហេតុផលកុំឱ្យទស្សនិកជន សាំ ដដែល ចាំយូរបន្តិច ព្យាយាមចេញជាមួយ គ្នាម្តងទៀត ហើយប្លែកក្រែងផ្ទុះល្បីទៀត ប៉ុន្តែការពិតខ្ញុំគិតថា កុំឱ្យខ្ញុំជាអ្នកបំផ្លាញភា ដោយសារច្រៀងជាមួយខ្ញុំ…”។


លោកករុណា ពេជ្រ បន្ថែមទៀតថា ទោះ ជាលោក និងសោភា លែងជាដៃគូចម្រៀង និងគ្នាមែន តែពេលនោះលោក និងនាងនៅ តែរាប់អាន និងទំនាក់ទំនងគ្នាល្អរហូតមក។ លោកក៏បានអះអាងដែរថា កាលដែលលោក មានឱកាសបានចេញទៅច្រៀងសម្តែង នៅ អូស្ត្រាលី ឆ្នាំ២០១១ ក៏ដោយសារតែសោភា បានណែនាំលោកទៅខាង ផ្សៀនសៀរ ដែរ។ យ៉ាងណា លោកករុណា ពេជ្រ ហាក់ដូចជាឆ្ងល់ ក្នុងចិត្តថា ដូចជាបាត់មុខអ្នកនិយាយមួយចំនួន កាលនោះហើយលោកចង់សួរថា តើពេលនេះ សុខសប្បាយយ៉ាងណាដែរ? មានការរីកចម្រើន លូតលាស់យ៉ាងណា? ឬក៏លួចទៅរស់នៅស្រុក គេស្ងាត់ៗអស់ហើយ? អរគុណពាក្យសម្តីស្មោគ-គ្រោករបស់អ្នកដែលបានជួយកែប្រែឱ្យខ្ញុំរឹងមាំ ក្នុងវិថីសិល្បៈរហូតមកដល់ពលេនេះ។ ប៉ុន្តែ តារាចម្រៀងថោន លោកករុណា ពេជ្រ មិន ប្រាប់ថា អ្នកដែលនិយាយវ៉ៃប្រហារពេលសោភា ចាប់ដៃច្រៀងសម្តែងជាមួយលោកនោះ ជា អ្នកណាឡើយ។


ការចេញមុខទម្លាយរឿងលាក់ទុកក្នុង ចិត្តរបស់ករុណា ពេជ្រ នៅពេលនេះ ស្រប ពេលដែលមាស សុខសោភា លែងជាតារា ចម្រៀងថោនទៀតហើយ ក្រោយពីនាងបាន ជ្រកនៅទ្រនុំនេះ៩ឆ្នាំ ហើយបានដើរចូលផលិតកម្ម រាម ដែលចុះកុងត្រារយៈពេល១ឆ្នាំ កាលពី ពេលថ្មីៗនេះ។ លោកករុណា ពេជ្រ ធ្លាប់ និយាយថា ទោះជាពេលនេះសោភា មិនមែន ជាតារាថោនក្តី ប៉ុន្តែនៅថ្ងៃណាមួយនាងអាច ជាតារាថោន ម្តងទៀតក៏ថាបានដែរ ដែលការ អះអាងរបស់អតីតអ្នកចាត់ការទូទៅ នៅថោន រូបនេះ ហាក់មានន័យថា ថោន ស្វាគមន៍ជានិច្ច ប្រសិនបើសោភា ចង់វិលវិញ” ៕ ហ៊ឹម វិចិត្រ

