Friday, December 27, 2024
Homeព័ត៌មានអន្តរជាតិរដ្ឋប្រហារយោធាលើកទី២នៅម៉ាលី សហគមន៍អន្តរជាតិថ្កោលទោស

រដ្ឋប្រហារយោធាលើកទី២នៅម៉ាលី សហគមន៍អន្តរជាតិថ្កោលទោស

យោងតាមប្រភពជាច្រើនបានប្រាប់សារព័ត៌មានរ៉យទ័ចេញផ្សាយកាលពីថ្ងៃអង្គារទី ២៥ ឧសភា ២០២១ ថា កាលពីយប់ថ្ងៃចន្ទ ពួកយោធាប្រទេសម៉ាលី បានចាប់ឃុំខ្លួនប្រធានាធិបតីលោក Bah Ndaw  នាយករដ្ឋមន្ត្រីលោក Moctar Ouane  និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Souleymane Soucoure  ដែលកំពុងដឹកនាំដ្ឋាភិបាលបណ្តោះអាសន្ន។ រដ្ឋប្រហារយោធាថ្មីនេះកាន់តែធ្វើអោយនយោបាយប្រទេសម៉ាលីកធ្លាក់ចូលក្នុងវិបត្តិកាន់តែជ្រៅ ក្នុងរយៈពេលតែប៉ុន្មានខែបន្ទាប់ពីយោធាបណ្តេញប្រធានាធិបតីមុនចេញពីអំណាច។

ប្រភពព័ត៌មានខាងលើបានអោយដឹងទៀតថា អ្នកទាំងបីត្រូវបានយកទៅឃុំខ្លួននៅបន្ទាយយោធាក្នុងតំបន់Kati ក្រៅរដ្ឋធានីBamako ។ រដ្ឋប្រហារយោធានេះបានកើតឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីសមាជិកមេដឹកនាំយោធា២នាក់ បានបាត់បង់តំណែងក្នុងការរុះរើរដ្ឋាភិបាលបណ្តោះអាសន្ន។

រដ្ឋប្រហារនេះបានកើតឡើង បន្ទាប់ពីក្រុមយោធាមើលឃើញថា រដ្ឋាភិបាលបណ្តោះអាសន្នបច្ចុប្បន្ននេះកំពុងទាត់ចោលអតីតក្រុមយោធា ដែលជិតស្និទ្ធនឹងខ្លួន ជាពិសេសការដកលោក Sadio Camara ពីរដ្ឋមន្ត្រីការពារជាតិ និងលោក Modibo Kone ពីរដ្ឋមន្ត្រីសន្តិសុខ ហើយដាក់ជំនួសដោយ លោក Soylemane Doucoure និងលោក Mamadou Lamine Ballo ជាដើម។
ប្រទេសម៉ាលីមានរដ្ឋប្រហារយោធាម្តងរួចមកហើយកាលពីខែសីហា ឆ្នាំ២០២០ ដែលបង្ខំឲ្យប្រធានាធិបតីជាប់ឆ្នោត លោក Ibrahim Boubacar Keita ចុះចេញពីអំណាច និងបានប្រកាសរំលាយសភា។ វាជារដ្ឋប្រហារលើកទី៤ ក្រោយទទួលបានឯករាជ្យ ហើយក៏ជារដ្ឋប្រហារលើកទី២ក្នុងរយៈមួយឆ្នាំនេះ។


ក្រោយលោក Keita ចុះចេញពីតំណែង ក្រុមយោធាដែលដឹកនាំដោយលោក Assimi Goita បានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ដោយជ្រើសរើសលោក Bah Ndaw ឧត្តមសេនីយ៍ចូលនិវត្តន៍ ធ្វើជាប្រធានាធិបតី ហើយលោក Moctar Ouane ជានាយករដ្ឋមន្ត្រី។


ប្រតិកម្មសហគមន៍អន្តរជាតិ

រយៈពេលតែប៉ុន្មានម៉ោងក្រោយការចា​ប់ខ្លួន សហគមន៍អន្តរជាតិបានចេញសេចក្តីថ្លែងការណ៍និងថ្កោលទោសអោយក្រុមយោធាដោះលែងប្រធានាធិបតី នាយករដ្ឋមន្ត្រី និងអ្នកនយោបាយផ្សេងទៀត ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសម៉ាលីបានអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់និងគ្មានលក្ខខណ្ឌ និងបាននិយាយថាអ្នកដែលចាប់មេដឹកនាំនឹងត្រូវឆ្លើយចំពោះសកម្មភាពរបស់ពួកគេ។

គណៈប្រតិភូមកពីស្ថាប័នធ្វើសេចក្តីសម្រេចចិត្តថ្នាក់តំបន់កំពូលប្រចាំសហភាពអាហ្វ្រិក សហគមន៍សេដ្ឋកិច្ចប្រទេសអាហ្វ្រិកខាងលិច( ECOWAS )នឹងធ្វើទស្សនកិច្ចនៅទីក្រុង Bamako នៅថ្ងៃអង្គារនេះដើម្បីជួយដោះស្រាយការប៉ុនប៉ងធ្វើរដ្ឋប្រហារ ។ចំណែកឯក្រសួងការបរទេសសហរដ្ឋអាមេរិកបានអំពាវនាវនៅក្នុងសេចក្តីថ្លែងការណ៍មួយអោយមាន ការដោះលែងដោយឥតលក្ខខណ្ឌចំពោះអ្នកជាប់ឃុំទាំងអស់៕

RELATED ARTICLES