កាលពីពុធទី ២៥ ឧសភា ២០២១ សមាគមបាល់ទាត់អាល្លឺម៉ង់ (DFB) បានប្រកាសថា លោក Hansi Flick នឹងចូលមកស្នងតំណែងលោក Joachim Loew ដឹកនាំក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ក្រោយបញ្ចប់ការប្រកួតយូរ៉ូ២០២០។
លោក Hansi Flick វ័យ៥៦ឆ្នាំ បាននិយាយថា ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់។ ខ្ញុំទទួលបានកុងត្រាបីឆ្នាំ ស្នងតំណែងលោក Loew។

លោក Flick ធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹករបស់លោក Loew នៅពេលដែលក្រុមជម្រើសជាតិអាល្លឺម៉ង់ឈ្នះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៤ គឺជាមនុស្សដែលស័ក្តិសមបំផុតដើម្បីចូលកាន់តំណែងជំនួសលោក Low ដែលនឹងចាកចេញពីការងារបន្ទាប់ពីលោកបានដឹកនាំអស់រយៈពេល ១៥ ឆ្នាំ ។

លោក Flick ដែលធ្លាប់ធ្វើការជានាយកកីឡារបស់ DFB ចន្លោះឆ្នាំ ២០១៤ និង ២០១៧ បានធ្វើឱ្យខ្លួនគាត់ក្លាយជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកកំពូល ៗ នៅអឺរ៉ុបក្នុងរយៈពេលពីរឆ្នាំនៅជាមួយក្លឹបជើងឯកអាល្លឺម៉ងប៊ុនដេស្លីហ្គា Bayern ។
លោក Oliver Bierhoff នាយកគ្រប់គ្រងក្រុមជម្រើសជាតិបាននិយាយថា លោកHansi Flick គឺជាមនុស្សម្នាក់ដែលខ្ញុំចង់បានខ្លាំងជាងគេតាំងពីដំបូង។
