តារាចម្រៀងហង្សមាសឆន សុវណ្ណារាជ បានកោសក់បួសនាគនៅវត្តទួល សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញមុនពេលដែលសពម្ដាយរបស់លោកអ្នកស្រីលី សុខា ត្រូវបានបូជានៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១ ក្រោមដំណក់ទឹកភ្នែករបស់សុវណ្ណារាជ និងសាច់ញាត្តិគ្រួសារបស់សពបានយំលាន់រំពងជុំវិញវលាមេរុ។


ឆន សុវណ្ណារាជ បានគ្រងស្បងចីវ ទាំងទឹកមុខស្រងូតស្រងាត់ដែលតាមសាច់ញាត្តិរបស់អ្នកចម្រៀងរូបនេះបង្ហើបឲ្យដឹងថាលោកត្រូវឃ្លាតពីឆាកតន្រ្ដីមួយរយៈខ្លីសិនដើម្បីបួសនិងកាន់ទុក្ខសងគុណម្ដាយជាទីស្រលាញ់របស់លោក។ទោះជាយ៉ាងណាអារម្មណ៍របស់លោកឆន សុវណ្ណារាជ នៅតែអាលោះអាល័យម្ដាយខ្លាំងណាស់ពិសេសក្រោយពីរូបកាយម្ដាយត្រូវបានរំលាយដោយភ្លើងឆាបឆេះនៅសល់តែផ្សែងហុយទៅលើវាហាស៍នោះធ្វើឲ្យតារាក្លាយជាព្រះសង្ឃអង្គនេះហូទឹកភ្នែកជោគថ្ពាល់។


ឆន សុវណ្ណារាជ បានថ្លែងសារថា”ញ៉ោមម៉ែផុតទុក្ខហើយ ញ៉ោមម៉ែទៅឲ្យបានសុខណា បុណ្យកុសលអាត្មាបួស និងបានធ្វើជូនទាំងអស់ សូមឧទ្ទិលដល់ញ៉ោមម៉ែលី សុខា សូមលោកអ្នកមានគុណទទួលនូវបុណ្យកុសល ដែលអាត្មានិងបងប្អូនកូនចៅបានធ្វើជូនទាំងអស់ ដោយត្រជាក់ស្ងប់សុខ នឹងទៅកាន់ឋានតុសិត”។


គូរំលឹកថាម្ដាយឆន សុវណ្ណារាជ អ្នកស្រីលី សុខា បានទទួលមរណៈភាពកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២១ ក្នុងជន្មាយុ៦០ឆ្នាំដោយជំងឺលើសឈាមនិងគាំងបេះដូង ដែលធ្វើឲ្យសុវណ្ណារាជ ត្រូវលុបចោលជាបន្ទាន់រាល់ការច្រៀងសម្ដែងតាមឆាកតន្រ្ដីទូរទស្សន៍ទាំងឡាយហើយលោកបានកោសក់ភ្លាមៗដើម្បីកាន់ទុក្ខជូនម្ដាយ។មុនវេលាបូជាសពម្ដាយសុវណ្ណារាជ បានសម្រេចចិត្តគ្រងចីវ បួសជានាគក្នុងរយៈពេលខ្លី ខណៈដែលពិធីបុណ្យខួបម្ដាយលោកគម្រប់៧ថ្ងៃធ្វើនៅថ្ងៃទី២៧និងព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១នៅផ្ទះលេខ៥៩E0 ផ្លូវលំលេខ៥ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ។


តារាសិល្បៈរួមអាជីពបានផ្ញើរសារជាបន្ដរបន្ទាប់ចូលរួមរំលែកទុក្ខលោកសុវណ្ណារាជ ស្របពេលដែលសាច់ញាត្តិរបស់លោកបានប្រាប់ថាយ៉ាងហោចណាស់ក៍រយៈពេល១ខែដែរដែលអ្នកចម្រៀងរូបនេះត្រូវបាត់មុខពីឆាកតន្រ្ដីព្រោះពេលនេះលោកកំពុងតែកាន់ទុក្ខជូនអ្នកស្រីលី សុខា ៕

