Friday, January 24, 2025
Homeបរិយាយសំណាបយោងដី

សំណាបយោងដី

ដោយ អាចារ្យថាំ

តាមទិដ្ឋភាពជាក់ស្តែង អ្នកដឹកនាំប្រទេស ឬអ្នកនយោបាយខ្លាំងៗនៅលើ សកលលោកនេះ ភាគច្រើនមានឧត្តមភរិយា ជាទីប្រឹក្សាកំពូល ឬជាឧត្តមទីប្រឹក្សា ស្របតាមសុភាសិតថា “សំណាបយោងដី ស្រីយោងប្រុស”

ជាទូទៅ ដីស្រែល្បាយខ្សាច់ មិនសូវមានជីជាតិ បើបានសំណាបល្អ ដើម ថ្លោសៗ យកទៅស្ទូង ក៏លូតលាស់ស្រស់បំព្រង យោងដីអន់នោះឱ្យប្រសើរឡើង ឬ “ដីអន់ ក្លាយជាដីខ្លាញ់”។ យ៉ាងណាមិញ អ្នកនយោបាយធំៗ វៀរលែងតែបុរស តណ្ហាស្តើង មិនយកប្រពន្ធ ដូចលោកហូ ជីមីញ ទើបមិនចាំបាច់មានឧត្តមទីប្រឹក្សាជាស្ត្រី ឬភរិយា។

កាលពីពេលថ្មីៗនេះ លោកលឹម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្ស សង្គ្រោះជាតិ បានពន្លះលោកសម រង្ស៊ី ជាអតីតចៅហ្វាយគាត់ថា “លោកសម រង្ស៊ី ដេញកូនចៅអ្នកស្មោះត្រង់ចេញពីបក្ស បើអត់លុយឱ្យប្រពន្ធ” នេះពុំមែនជា លើកទី១ ទេ គឺរាប់ភ្លេចទៅហើយ ដែលលោកលិម គិមយ៉ា ចោទប្រកាន់លោក សម រង្ស៊ី ពីបទ “តោងកន្ទុយក្បិនប្រពន្ធ ឬនយោបាយស្រីដឹក” ប៉ុន្តែបើយោង តាមការស្រាវជ្រាវ អ្នកនយោបាយខ្លាំង ភាគច្រើនសុទ្ធតែបានភរិយានាំមុខ ទើបសម្រេចបាន “យុទ្ធសាស្ត្រឈ្នះ-ឈ្នះ”។

-ព្រះបាទជយវរ្ម័ទី៧ ៖ នៃចក្រភពអង្គរ ដែលក្លាយជាព្រះចៅអធិរាជ គ្រប់គ្រងមហាអាណាចក្រដ៏ធំល្វឹងល្វើយ លាតសន្ធឹងដល់នាយសមុទ្រវាយឈ្នះ បច្ចាមិត្រ ឱ្យបាក់បបខ្លបខ្លាចព្រះចេស្តាបារមី ក៏ដោយសារបាន “ព្រះនាងឥន្ទ្រទេវី” ជាព្រះអគ្គមហេសី ជួយតម្រង់ផ្លូវ។

-ព្រះចៅណាប៉ូឡេអុង នៃប្រទេសបារាំង ដោយសារបានព្រះអង្គគមហេសី ហ្សូហ្សេហ្វីន ធ្វើជាឧត្តមទីប្រឹក្សា ទើបព្រះអង្គអាចវាយយកទឹកដីមួយចំហៀង ទ្វីបអឺរ៉ុប មកត្រួតត្រា។

-សម្តេចឪ ព្រះបរមរតនកោដ្ឋ ធ្លាប់មានព្រះបន្ទូលថា ព្រះអង្គធ្លាក់ដល់ ស្ថានភាពស្ទើរអស់តម្លៃ ក្រោយរដ្ឋប្រហារ ១៨មីនា ឆ្នាំ១៩៧០ ជាពិសេសពេល មេដឹកនាំខ្មែរក្រហម បង្ខំព្រះអង្គឱ្យចូលនិវត្តន៍ និងបង្ខាំងតែក្នុង “គុកវាំង” គឺ បានសម្តេចម៉ែ ឬហ្លួងម៉ែ ចាំតែលើកទឹកព្រះទ័យ កុំឱ្យព្រះស្វាមី អស់សង្ឃឹម។ ទីបំផុត ដោយសារបានព្រះអគ្គមហេសី ជួយយឹតយោង ទើបព្រះអង្គ បានយាង មកសោយរាជ្យវិញ។

-សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ថ្លែងជាសាធារណៈថា “ខ្ញុំក៏ខ្លាច ប្រពន្ធដែរ តែខ្លាចមានរបៀបរបស់ខ្ញុំ” បានសេចក្តីថា ស្ត្រីទី១ គឺសម្តេច ប៊ុនរ៉ានី ជាសំណាបយោងដី តែម្តង។

បើអ៊ីចឹងនោះ លោកសម រង្ស៊ី ពិតជាបានលោកស្រី ជូឡុង សូមួរ៉ា ជាឧត្តមទីប្រឹក្សា ទើបរាល់បញ្ហាទាំងឡាយ ឃើញមេប្រឆាំងនេះ អាចដោះស្រាយបាន តាមលទ្ធភាព សូម្បីតែគាត់ប្រកាសលក់ប័ណ្ណនាឡិកាដៃ ឮថាមានអ្នកទិញរាប់ ម៉ឺននាក់។ ភរិយាលោកសម រង្ស៊ី ជាបុត្រីសម្តេចចក្រីញ៉ឹក ជូឡុង នាហ្មឺនជំនិត របស់សម្តេចឪ បានសិក្សាផុតឧត្តមសិក្សា មានចំណេះដឹងជ្រៅជ្រះណាស់ ដូច្នេះ មិនបាច់ឆ្ងល់ទេថា មេប្រឆាំងសម រង្ស៊ី ត្រូវតែស្តាប់មតិយោបល់ភរិយានេះ។

ផ្ទុយទៅវិញ អ្នកនយោបាយណា អត្តនោម័ត អស្មិមានះ មិនចេះស្តាប់ការ ណែនាំរបស់ឧត្តមភរិយា ច្រើនតែដើរធ្លាក់រណ្តៅអបាយមុខ។ អ្នកនយោបាយ ខ្លាំងយ៉ាងណាក៏ដោយ បើសេពគប់នឹងស្រីផ្សេង ផិតក្បត់ភរិយា អត់កំណើត ធ្វើឱ្យ បាត់បង់កិត្តិយស។ សូម្បីវីរបុរស តេជោ មាស មុនដំបូងបានលោកជំទាវស្រែន្យ ជួយតម្រង់ផ្លូវ លុះដល់លោកយកនាងម៉ៃ ជាប្រពន្ធចុង ក៏ចាញ់សម្តីស្រីប្រពន្ធ ក្មេងនេះ រហូតឈឺចិត្តទ្រាំមិនបាន សម្លាប់ខ្លួនទៅ។

ដូច្នេះអ្នកដឹកនាំប្រទេស អ្នកនយោបាយកំពូល បើខ្វះឧត្តមទីប្រឹក្សាជាកំពូល ភរិយា កុំសង្ឃឹមអនុវត្តគោលនយោបាយឈ្នះ-ឈ្នះបានឱ្យសោះ ដែលជាបរិបទ សម្រាប់អ្នករិះគន់គេ ពិចារណាតាមការគួរ…”៕

RELATED ARTICLES