Friday, January 24, 2025
Homeបរិយាយនយោបាយអាមេរិក មកលើកម្ពុជា

នយោបាយអាមេរិក មកលើកម្ពុជា

ដោយ អាចារ្យថាំ

នយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ត្រូវបានមើលឃើញថា គ្រប់ប្រធានាធិបតី ទាំងខាងគណបក្សសាធារណរដ្ឋ ក៏ដូចគណបក្សប្រជាធិបតេយ្យ គឺមានទិសដៅ “ប្រឆាំងកុម្មុយនីស្ត ចិន-រុស្ស៊ី” ដូច្នេះបើប្រទេសតូចៗ ត្រូវមហាអំណាច ក្រហមទាំងពីរនេះ ឱបក្តាប់ ច្បាស់ជាអាមេរិក ព្យាយាមដណ្តើមយកវិញ តាមយុទ្ធសាស្ត្រ “គំនាបសេដ្ឋកិច្ច”។ ខណៈដែល លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក មកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ១ថ្ងៃនេះ ក៏មិនខុសពីមន្ត្រីអាមេរិក មុនៗនោះដែរ គ្មានអ្វីក្រៅពីដណ្តើមឥទ្ធិពលគ្នារវាងមហាអំណាចចិន-រុស្ស៊ី នោះឡើយ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “នយោបាយអាមេរិក មកលើកម្ពុជា” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

លោកស្រី វេនឌី រូត សឺរមេន(Wendy Ruth Sherman) អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក អញ្ជើញមក បំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ គឺនៅថ្ងៃនេះ (០១ មិថុនា ២០២១) ដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់សហរដ្ឋ-អាមេរិក ក្នុងអាណត្តិលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ចំពោះភាពចាំបាច់នៅអាស៊ាន និងដំណោះស្រាយកម្រិត ទ្វេភាគី ជាមួយកម្ពុជា ផងដែរ។ តាមព័ត៌មានថា លោកស្រីនេះនឹងជួបពិភាក្សាការងារជាមួយលោកប្រាក់ សុខុន រដ្ឋមន្ត្រីការ បរទេសកម្ពុជា នឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ក្រោយពេលសហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយមនុស្សធម៌ ចំនួន ១១លានដុល្លារ ដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហាប្រល័យ កូវីដ-១៩។

គ្រាន់តែព័ត៌មាននេះផ្សព្វផ្សាយភ្លាម ក៏មានអ្នកគាំទ្របក្សកាន់អំណាច (CPP) មួយចំនួន រិះគន់អាមេរិក ធ្ងន់ៗ ដូច ករណីហ្វេសប៊ុក មួយ បានសរសេរថា “ពួកនេះ (មន្ត្រីអាមេរិក) មកគ្មានបានផលប្រយោជន៍អីទេ បង្កតែរឿងអត់ឈប់” ទោះជាគាត់សរសេរយ៉ាងនេះក្តី ក៏មិនអាចរារាំងដំណើរមន្ត្រីទូតអាមេរិក បានឡើយ ហើយកុំស្មានថា គេអត់ដឹង ព្រោះមិន ខ្វះអ្នកបកប្រែនោះទេ។

យុទ្ធសាស្ត្រឈ្នះ-ឈ្នះ របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា គឺ “ចិន ក៏ត្រូវ អាមេរិក ក៏មិនខុស” ដូចកាលពីពេលថ្មីៗនេះ សម្តេច ប្រកាសទទួលជំនួយពីគ្រប់ច្រក ជាពិសេស ចង់បានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋខ្មែរ ជាង១០លាននាក់។ បើបានអាមេរិក ផ្តល់លុយ ១១លានដុល្លារ ឬជួយជាវ៉ាក់សាំង ទៀតនោះ ត្រូវតែទទួលដោយសោមនស្សរីករាយ។ ដូច្នេះបុគ្គលរិះគន់ ឬជេរអាមេរិក ក្នុងគ្រាដ៏លំបាកនេះ មានន័យធ្វើឱ្យខូចនយោបាយ រាជរដ្ឋាភិបាល ឬ “មិនជួយចូកជួយចែវ យកជើងរាទឹក” តែម្តង។

គួររំព្ញកថា “កម្ពុជា-អាមេរិក” មានទំនាក់ទំនងមិត្តភាពជាមួយគ្នា តាំងពីសម័យសង្គមរាស្ត្រនិយម ប៉ុន្តែនៅឆ្នាំ១៩៦៤ មានភាពកករល្អក់ ដោយសារពួកនិស្សិតបញ្ញវន្ត ធ្វើបាតុកម្មវាយស្ថានទូតអាមេរិក ដោយខឹងសម្បានឹងកងទ័ពអាមេរិក ទម្លាក់ គ្រាប់បែកនៅភូមិចន្ទ្រា ខេត្តស្វាយរៀង ជួយធ្វើអន្តរាគមន៍កងទ័ពអាយ៉ងព្រៃនគរ (ធីវ-គី)។ កាលនោះ អាមេរិក ផ្តាច់ ជំនួយទាំងអស់ បណ្តាលឱ្យសេដ្ឋកិច្ចកម្ពុជា មានវិបត្តិ ប៉ុន្តែមិនបានប៉ុន្មាន សម្តេចឪ ព្រះនរោត្តម សីហនុ ចេះសម្របសម្រួល អញ្ជើញលោកស្រីមេម៉ាយ ហ្សាក់គីលីន កេណ្ណេឌី មកលេងស្រុកខ្មែរ ធ្វើឱ្យភាពរកាំរកូសជាមួយអាមេរិក មានភាពធូរស្រាល វិញ។ លុះចូលមកដល់អាណត្តិប្រធានាធិបតី និក សុន (Nixon) ក៏មានរដ្ឋប្រហារផ្ទុះឡើងនៅថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ដែល គេដឹងថា អ្នកដឹកនាំរដ្ឋប្រហារ មាន លោក លន់ នល់, ទ្រង់ស៊ីសុវត្ថិ សិរីមតៈ, លោកចេង ហេង, លោកអ៊ិន តាំ… មាន អាមេរិក នៅពីក្រោយ។ រដ្ឋប្រហារនេះ បង្កើតជាសង្គ្រាមឈាមដាបធរណី ធ្វើឱ្យកម្ពុជា ដើរថយក្រោយ ដែលយើងមិន បាច់សរសេរវែងឆ្ងាយ។

ឥឡូវទោះបីបានដឹងថា មហាអំណាចកុម្មុយនីស្តចិន បានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ក៏អាមេរិក មិន សុខចិត្តឱ្យកម្ពុជា របូតពីដៃងាយៗនោះដែរ។ នយោបាយអតីតប្រធាននាធិបតី ដូណាល់ ត្រាំ គឺធ្វើលំៗ ច្បោលៗ មិនសូវ លូកដៃចូលកម្ពុជា ពេកទេ ប៉ុន្តែលោកត្រាំ ចាប់វៀតណាម ឯណោះ ព្រោះដឹងថា វៀតណាម មិនត្រូវធាតុគ្នាជាមួយចិន។ ឥឡូវលោកចូ បៃដិន ប្រហែលជាមិនធ្វើដូចលោកត្រាំ នោះទេ ជាក់ស្តែងគាត់ឡើងកាន់កាប់សេតវិមាន មិនបាន ៥ខែផង ក៏ក្រឡេកមើលកម្ពុជា ថាជាប្រទេសដ៏សំខាន់មួយនៅអាស៊ាន ដែលមហាអំណាចចិន កំពុងជះឥទ្ធិពល។ ជាកិច្ចចាប់ផ្តើម លោកចូ បៃដិន បានប្រកាស់ផ្តល់លុយ ១១លានដុល្លារដល់កម្ពុជា ភ្លាម ដើម្បីទប់ទល់វិបត្តិកូវីដ-១៩ និងបញ្ជូនមន្ត្រីការ-បរទេស មកកម្ពុជា “បែបរួសរាន់ទាន់ក្តៅដី”។

“នគរធំ” យល់ស្រពេចស្រពិលថា “អាមេរិក កំពុងថ្នមសភាពការណ៍” ជាមួយកម្ពុជា ខ្លាចរបូតទៅចិន ដូច្នេះឆ្លៀតឱកាស “គេចោមស្រលាញ់” បែបនេះ កម្ពុជា គួរតែ “ញញឹមស្វាគមន៍” ប្រសើរជាង “បូញមាត់បត់ដុំដៃ” ដាក់អាមេរិក ដូចអ្នក គាំទ្រ CPP មួយចំនួន ដែលមិនសូវយល់ពីគោលនយោបាយថ្នាក់លើ។

កម្ពុជា មិនអាចធ្វើដូចរបបប្រធានាធិបតី បាសារ អាល់អាសសាធ នៃប្រទេសស៊ីរី ដែលជាប់ឥទ្ធិពលចិនរុស្ស៊ី អ៊ីរ៉ុង់ បានឡើយ។ កម្ពុជា ក៏មិនអាចធ្វើដូចរបបយោធាភូមា ដែលធ្វើរដ្ឋប្រហារ ផ្តួលលោកស្រីអោងសាន ស៊ូជី ហើយត្រូវគេចោទ ថា មានចិន នៅពីក្រោយនោះដែរ។ កម្ពុជា ត្រូវតែដើរ “យុទ្ធសាស្ត្រកណ្តាល” មិនផ្អៀងទៅចិនពេក ហើយបើអាមេរិក សុំផ្តល់ជំនួយបែបមនុស្សធម៌ ត្រូវតែទទួល។

បញ្ហាប្រជាធិបតេយ្យ សេរីពហុបក្ស និងសិទ្ធិមនុស្ស ច្បាស់ជាមន្ត្រីអាមេរិក លើកយកមកពិភាក្សាមិនខានឡើយ ប៉ុន្តែជា មួយថ្នាក់ដឹកនាំកម្ពុជា ដែលធ្លាប់មានបទពិសោធន៍រាប់សិបឆ្នាំ “ដោះចេញផុយ” អត់ពិបាកទេ។ កម្ពុជា ប្រើពាក្យYes! ល្អជាងពាក្យ NO! ជាមួយនឹងបញ្ហាសិទ្ធិមនុស្ស ដោយសន្យាអ៊ីចេះអ៊ីចុះ ដោះទាល់សិន បន្ទាប់មក ចាំដើរក្រឡាអុក លៃលក យ៉ាងណា យក “ច្បាប់នីតិរដ្ឋ ជាអំណះអំណាង”។

“នយោបាយអាមេរិក មកលើកម្ពុជា” គ្មានអ្វីក្រៅពី “មិនចង់ឱ្យចិន ដាក់ឥទ្ធិពល” ប៉ុន្តែអាមេរិក គ្មានសិទ្ធិលូកដៃចូល កិច្ចការផ្ទៃក្នុងប្រទេសតូចៗបានឡើយ ក៏មានមធ្យោបាយតែមួយ គឺ “ឱ្យលុយ ឬឱ្យនំស៊ី” នេះជានយោបាយអាមេរិក។ អំឡុង សង្គ្រាមឆ្នាំ ១៩៧០-១៩៧៥ ដោយសារលោកលន់ នល់ សុំកម្លាំងអន្តរាគមន៍ ទើបអាមេរិក ប្រើយន្តហោះ ព៥២ ទម្លាក់ គ្រាប់បែក រាប់ពាន់តោន មកលើកម្ពុជា ប៉ុន្តែបានចុះហត្ថលេខាដកថយវិញ នៅឆ្នាំ១៩៧៣។ កាលនោះ មកពីអាមេរិក ដឹង ថា “រណសិរ្សរួបរួមជាតិកម្ពុជា” ដែលក្លាយជាខ្មែរក្រហម ស៊ីជំនួយចិន ទើបអាមេរិក លេងធម៌ក្តៅ ប៉ុន្តែគ្រាប់បែកធ្លាក់ពី លើយន្តហោះនោះ អាមេរិក ចេះប្រយ័ត្នដែរ មិនឱ្យប៉ះពាល់ដល់ប្រាង្គប្រាសាទនៅតំបន់អង្គរ ឬទីប្រជុំជននោះទេ ដោយ ទម្លាក់តែតំបន់ភ្នំ។

ឥឡូវទំនាស់រវាងចិន-អាមេរិក គឺ “ដណ្តើមឥទ្ធិពលគ្នានៅអាស៊ី” មិនខុសពីរឿង “កូរសមុទ្រទឹកដោះ យកទឹកអម្រឹត” រវាងពពួកទេវតា និងពពួកយក្ស។ ដូច “នគរធំ” បញ្ជាក់ខាងលើរួចហើយថា នយោបាយលោកដូណាល់ ត្រាំ មិនសូវអើពើនឹង កម្ពុជា ប៉ុន្មានទេ ប៉ុន្តែជាមួយលោកចូ បៃដិន មិនអាចបាំងដៃឈរមើលខ្មែរបានឡើយ។ លោកចូ បៃដិន ធ្លប្កា់ធ្វើអនុប្រធានា- ធិបតី របស់លោកប៉ារ៉ាក់ខ៍ អូបាម៉ា ដែលកាលនោះ មានការបញ្ជូនលោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសមក កម្ពុជា។ លោកបារ៉ាក់ខ៍ អូប៉ាម៉ា ក៏ធ្លាប់អញ្ជើញមកដល់រាជធានីភ្នំពេញ ឆ្នាំ២០១២ ចូលរួមប្រជុំបណ្តាប្រទេសអាស៊ាន ផង ដែរ។ ដូច្នេះ “នយោបាយអាមេរិក” វិលចុះវិលឡើង តាមនិន្នាការដឹកនាំរបស់ប្រធានាធិបតីម្នាក់ៗ អត់ដូចគ្នាទេ ខ្លះតឹងខ្លះធូរ។

សរុបទៅ “នយោបាយអាមេរិក មកលើកម្ពុជា” គ្មានអ្វីក្រៅពីចង់ទប់ឥទ្ធិពលមហាអំណាចចិន នោះឡើយ។ កម្ពុជា មិនខុសពី “ក្រមុំរូបស្អាត” ដែលមានប្រុសចោមស្រលា់ញច្រើន ដូច្នេះបើឪពុកម្តាយ សម្រេចលើកកូនស្រីនេះទៅឱ្យ កំលោះណា ក៏ត្រូវតែចេះសម្របសម្រួលជាមួយកំលោះឯទៀត ដែលមិនបានកូនស្រីធ្វើប្រពន្ធ។ មហាអំណាចចិន-រុស្ស៊ី ក៏ មិនអាចមកហាមឃាត់កម្ពុជា មិនឱ្យទទួលជំនួយអាមេរិក ឬពីសហគមន៍អឺរ៉ុប នោះដែរ អ៊ីចឹងឆ្លៀតឱកាសដ៏ល្អនេះ កម្ពុជា ត្រូវតែញញឹមស្វាគមន៍រាល់ជំនួយមនុស្សធម៌ និងកុំជឿស្តាប់មនុស្សមួយចំនួន ដែលជេរអាមេរិក ភ្លេចគិតពីផលវិបាក ដល់ជាតិ…”៕

RELATED ARTICLES