ដោយ អាចារ្យថាំ
សុភាសិតបារាំង ថា “បើអ្នកសង្ស័យ ចូរអ្នកតមធ្វើអ្វីទាំងអស់” (Dans le doute abstiens-toi) មានខ្លឹមសារអប់រំ មនុស្សគ្រប់ជាតិសាសន៍ ឱ្យចេះប្រុងប្រយ័ត្នកាយវាចាចិត្ត ប្រឈមនឹងការងារអ្វីមួយ។ សម្រាប់អ្នកនយោបាយ ឬអ្នកវិភាគ នយោបាយ បើគ្រាន់តែសង្ស័យសោះ ស្រាប់តែគាត់លើកមកអះអាងដូចរឿងពិតនោះ អត់ល្អទេ។ ជាក់ស្តែង ករណីលោក កឹម សុខា ដែលមិនទាន់បង្ហាញសញ្ញាណាមួយ បែកផ្លូវពីលោកសម រង្ស៊ី ហើយក៏មិនឃើញគាត់ចុះចូលបក្សកាន់អំណាច នោះ បើអ្នកវិភាគចេះតែថាព្រតៗ “មាត់អត់គម្រប” អាចស្របនឹងសុភាសិតខាងលើ ដែល “នគរធំ” ក្តប្កា់បាន ក៏លើកមក ធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
សព្វថ្ងៃគេដឹងថា សហការីជំនិតរបស់លោកកឹម សុខា ក្នុងនោះមានលោកប៉ុល ហំម, អ៊ូ ច័ន្ទរ័ត្ន, មុត ចន្ថា, យ៉ែម បុញ្ញប្ញទ្ធិ និងលោកមេធាវី ផាន់ ច័ន្ទស័ក្តិ ជាដើម បានបែកឆ្វេង រត់ចោលលោក កឹម សុខា ទៅបង្កើតបក្សថ្មីរៀងៗខ្លួន។ នៅតែលោកកឹម សុខា និងភរិយា ដូចអត់ឃើញចេញទៅណានឹងគេទេ ប៉ុន្តែឃើញលោកឯកអគ្គរដ្ឋទូតអាមេរិក និងបណ្តា ប្រទេសមួយចំនួនទៀត ចេញចូលសួរសុខទុក្ខគាត់ សឹកកាំជណ្តើរទៅហើយ។
គ្មានអ្នកណាដឹងប្រាកដថា “ចិត្តគំនិតលោកកឹម សុខា បត់បែនទៅណាទេ” ប៉ុន្តែអ្នកវិភាគខ្លះ ចេះតែថាព្រតៗ គ្មានភ័ស្តុតាង ច្បាស់លាស់ ឬផ្ទុយនឹងសុភាសិតថា “បើសង្ស័យ កុំធ្វើអ្វីទាំងអស់” ប៉ុន្តែគាត់នាំគ្នាធ្វើ នាំគ្នានិយាយរិះគន់ លាបពណ៌តាមតែ នឹកឃើញ បានត្រឹមប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ មិនពេញចិត្ត។
លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ដែលតែងផ្តល់បទសម្ភាសន៍ដល់ “នគរធំ” ជាហូរហែនោះ ក៏គាត់ពន្លះលោកកឹម សុខា មិនធម្មតាដែរ។
ថ្មីៗនេះ លោក រស់ សារ៉ុម បានផ្តល់បទសម្ភាសន៍ដល់ “នគរធំ” យ៉ាងក្បោះក្បាយ បកស្រាយបន្ថែមលើសំណេរតាម ហ្វេសប៊ុក ថា “សម្តេចហ៊ុន សែន និងលោកសម រង្ស៊ី កូនបន្តវេន ឬយុវជនបន្តវេន អភ័ព្វតែកឹម សុខា អ្នកនយោបាយលាង គូទ គ្មានជម្រើសក្រៅពីបញ្ជូនកូនក្រមុំលក់មិនដាច់ បង្កើតបក្សសង្គ្រោះ”។
ដោយឡែក លោកមេធាវី ផាន់ ច័ន្ទស័ក្តិ ពីមុនល្អូកល្អិនជាមួយលោកកឹម សុខា ខ្លាំងណាស់ រហូតដល់អតីតប្រធាន គណបក្សសង្គ្រោះជាតិ (CNRP) អញ្ជើញឱ្យជួយការពារក្តី រួមជាមួយមេធាវី ៣រូបទៀត។ លុះដល់លោកកឹម សុខា ដកចេញ លែងឱ្យការពារក្តី ស្រាប់តែលោកផាន់ ច័ន្ទស័ក្តិ ពន្លះអតីតកូនក្តីរបស់ខ្លួន ដូចសំណេរតាមហ្វេសប៊ុក ថា “ដូច្នេះវាសនាមេ-ដឹកនាំម្នាក់ (កឹម សុខា) នៅពេលមនុស្សសំខាន់ៗចាកចេញ និងមេទ័ពបោះបង់ចោល ចុងបញ្ចប់ មេដឹកនាំនោះ នឹងនៅ ត្រឹមកងឈ្លបស្មោះត្រង់បន្តិចបន្តួច សម្រាប់សែងក្តារមឈូសយកទៅដុតយ៉ាងអាណោចអាធ័ម” សំណេរនេះធ្ងន់មែនទែន នៅត្រង់ “សែងក្តារមឈូសទៅដុត” មានន័យថា លោកកឹម សុខា នឹងត្រូវស្លាប់ដោយសារកូនចៅរត់ចោលអស់។
“បើអ្នកសង្ស័យ ចូរអ្នកតមធ្វើអ្វីទាំងអស់” គឺជាពាក្យសម្តីរបស់លោកពីតាហ្គ័រ (Pythagore) កវីអង់គ្លេស ត្រូវជន-ជាតិបារាំង ដកស្រង់ជាសុភាសិត (Proverbe) ទុកដាស់តឿនក្រើនរំព្ញកមនុស្សគ្រប់ជាតិសាសន៍ ជាពិសេស អ្នកវិភាគឱ្យចេះ ប្រយ័ត្ន។ រឿងលោកកឹម សុខា គឺ “ឋិតនៅក្នុងការសង្ស័យ” ដែលខ្លះសង្ស័យថា គាត់មិនទាន់បែកចិត្តពីរៀមច្បង សម រង្ស៊ី ខ្លះទៀតថា គាត់កំពុងត្រៀមខ្លួនរៀបចំ CNRP ឡើងវិញ តាមបញ្ជា CPP ដោយទាត់ចោលសម រង្ស៊ី។ ខ្លះថា អ៊ីចេះ ខ្លះថាអ៊ីចុះ “នៅក្នុងការសង្ស័យ”។
បើត្រឹមតែសង្ស័យសោះ ស្រាប់តែអ្នកវិភាគលើកឡើងដូចពិត ១០០% បែបនេះ មហាជនមិនឱ្យតម្លៃទេ ពោលគឺត្រូវតែរកភ័ស្តុតាងឱ្យឃើញសិន ចាំថា។ លោក រស់ សារ៉ុម ថា កូនក្រមុំលោកកឹម សុខា លក់មិនដាច់ តើពិតទេ? ពួកនាងស្អាត ម៉្លឹងៗដែរ លក់អត់ដាច់ តើអ្នកណាជឿ? រីឯលោកមេធាវី ផាន់ ច័ន្ទស័ក្តិ ថា “មានអ្នកសែងក្តារមឈូស” ក៏មិនពិតដែរ អ្វីៗ ជា “គំនុំ ឬកំហឹង” តែម្តង។
ការសង្ស័យ រួចនាំគ្នាធ្វើផ្តល់ផលវិភាគធ្ងន់ណាស់ ដូចរឿង “នាងចិញ្ចា” ដែលជាស្រីស្អាត ត្រូវពួកតិរ្ថិយ ជួលឱ្យទៅ ផ្ចាញ់ព្រះ។ កាលនោះ នាងចិញ្ចា បានសំណូកជាមាសយ៉ាងច្រើន ក៏ចេញចូលៗវត្តជេតពន ពីរបីខែ បើមានគេសួរ ក៏ប្រាប់គេ ថា នាងជាអគ្គមហេសីព្រះសមណគោតម។ លុះក្រោយមក នាងយកកូនឈើមកចងពោះ ធ្វើដូចមានផ្ទៃពោះ ទៅចង្អុលមុខ ព្រះពុទ្ធ កណ្តាលចំណោមបរិស័ទកំពុងស្តាប់ធម៌ថា ព្រះពុទ្ធរួមរស់ជាមួយនាង ស្កប់ស្កល់ អត់ខ្វល់យកចិត្តទុកដាក់ដល់កូនក្នុង ផ្ទៃ។ ពុទ្ធបរិស័ទស្តាប់ឮ នាំគ្នាសង្ស័យ “តែមិនធ្វើអ្វីទេ រង់ចាំមើលសិន” ក៏ក្តៅរំជួលដល់ព្រះឥន្ទ្រាធិរាជ ចុះមកប្រែកាឡា ជាបុរសម្នាក់ ឈរបក់ផ្លិតថ្វាយព្រះពុទ្ធ និងបក់ខ្លាំងៗ រហូតដល់ដាច់ខ្សែចំណងចងពោះនាងចិញ្ចា ជ្រុះកូនឈើទៅដី (គម្ពីរ ខ្លះថា ព្រះឥន្ទ ប្រែកាឡាជាសត្វកណ្តុរ ទៅកកេរចំណង) ធ្វើឱ្យឃើញជាក់ស្តែង មហាជនក្តៅក្រហាយ ក៏ដេញវាយនាងចិញ្ចា ហើយស្ត្រីទុរយសនោះ ខំរត់គេចទៅដល់ខ្លោងទ្វារវត្ត ក៏ត្រូវព្រះធរណីស្រូបទៅ…។
ដូច្នេះ “បើអ្នកសង្ស័យ ចូរអ្នកតមធ្វើអ្វីទាំងអស់” ដូចពុទ្ធបរិស័ទ ធ្លាប់ស្តាប់ព្រះពុទ្ធ សម្តែងធម៌ទេសនា លុះនាងចិញ្ចា ទៅចោទព្រះអង្គថា សហាយស្មន្ធនឹងខ្លួនបែបនេះ ក៏នាំគ្នាសង្ស័យ។ ពុទ្ធបិរស័ទឆ្លាតណាស់ ពេលសង្ស័យ ក៏សំងំមិនធ្វើអ្វី ទាំងអស់ លុះឃើញកូនឈើ ធ្លាក់ពីពោះនាងចិញ្ចា ទើបបញ្ចោញប្រតិកម្ម។
អ៊ីចឹងរឿង “កូនស្រីលោកកឹម សុខា លក់មិនដាច់” និង “មានកូនឈ្លបសែងមឈូសទៅដុត” គួរចាំមើលភ័ស្តុតាងសិន ទើបគួរ។ ឧបមាថា នាងកញ្ញាទាំងពីររូបនោះ មានឱកាសចូលស្រុក ស្រាប់តែបណ្តើរប្តីអាណិកជន មកជាមួយ ឬក៏បានប្តី បរទេស តើអ្នកវិភាគគិតដូចម្តេច? បើលោកកឹម សុខា នៅតែមានក្រឡាលោត មិនទាន់ដល់ថ្នាក់ “គេសែងទៅបូជា” តើ អ្នកថាគាត់នោះ គិតយ៉ាងណាដែរ?
សរុបទៅ “បើអ្នកសង្ស័យ ចូរអ្នកតមធ្វើអ្វីទាំងអស់” មានន័យយ៉ាងនេះឯង។ ពុំមែន “នគរធំ” កាន់ជើងលោកកឹម សុខា និងកូនស្រីទាំងពីររបស់គាត់នោះទេ ប៉ុន្តែគោលជំហរ “នគរធំ” ឃើញយ៉ាងណា ថាយ៉ាងនោះ ប្រកាន់ផ្លូវកណ្តាលជា- និច្ច។ ទោះយ៉ាងណា យើងក៏សូមអរគុណ លោករស់ សារ៉ុម ក៏ដូចអ្នកវិភាគ អ្នកនយោបាយ ទាំងអស់ ដែលតែងសហការ ផ្តល់បទសម្ភាសដោយភាតរភាព”៕