ដោយ អាចារ្យថាំ
ជំនួបទ្វេភាគី រវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ ប៉ុន្តែអ្វីដែលមានចែងក្នុងរបៀបវារៈ ក៏មាន “បំណុលអាមេរិក” ដែលកម្ពុជា ជំពាក់ផងដែរ។ រឿងខ្ចីលុយគេ ត្រូវតែសងគេ ប៉ុន្តែ “បំណុលជាតិ” ខុសពីបំណុលឯកជន ដោយមានរបៀបទូទាត់ ចំណេញទាំងសងខាង ពោលគឺអាមេរិក ក៏ចំណេញ កម្ពុជា ក៏ចំណេញ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “បំណុល” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
នៅក្នុងជំនួបថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ រវាងគណៈប្រតិភូអាមេរិក ដឹកនាំដោយលោកស្រីវេនឌី រូត សឺរមេន (Wendy Ruth Sherman) ជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណុចសំខាន់គឺលោកស្រីនោះ បាននាំយកលិខិតប្រធានាធិបតី អាមេរិក (Joe Bidin) មកជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ គ្មានអ្នកណាដឹងពីខ្លឹមសារក្នុងសារលិខិតប្រធានាធិបតី អាមេរិក នោះទេ ប៉ុន្តែអ្វីដែល “នគរធំ” ចាប់អារម្មណ៍នៅត្រង់ “ចំណុលអាមេរិក” ដែលកម្ពុជា ជំពាក់ប្រមាណ ៥០០លាន ដុល្លារ តាំងពីសម័យលន់ នល់ ត្រូវលើកមកពិភាក្សា។ ចំណុចទី៣ នៃបញ្ហាបំណុល សរសេរថា “បំណុលដែលកម្ពុជា ជំពាក់ សហរដ្ឋអាមេរិក គឺសំណងចំនួន ៧០% ត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជា វិញ ទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យ ដោះមីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះជាដើម”។
ចំណុចទី៣ នេះ ប្រជាពលរដ្ឋខ្មែរ ភាគច្រើនពិបាកយល់ សូម្បីតែតាៗញៀនកាហ្វេខ្លះ បានសួរគ្នាគាត់ថា “អាមេរិក ទូទាត់ បំណុលយ៉ាងម៉េច អត់យល់?” ប៉ុន្តែ “នគរធំ” អាចសន្និដ្ឋានបានថា ជារបៀបទូទាត់ម៉្យាងដូចរឿងព្រេងខ្មែរ។
នៅក្នុងរឿង “ដឹងសងដឹង អំបែងសងអំបែង” បានតំណាលពីបុរសដ៏ក្រីក្រម្នាក់ បានទៅខ្ចីដឹងសេដ្ឋី យកទៅកាប់ឈើ។ ជាអកុសល ផ្លែដឹងរង្គោះពីដង ហើរទៅត្រូវសត្វក្តាន់មុតជាប់ខ្លួនវាបោលទៅបាត់។ បុរសនោះ បានទិញផ្លែដឹងថ្មី ទៅសង សេដ្ឋី ប៉ុន្តែសេដ្ឋីមិនព្រមទទួលដោយអះអាងថា ដឹងដែលបាត់នោះ ជាកេរអាករមែឪចែកឱ្យ ទាល់តែបានអាចាស់នោះមក សង ទើបយក។ បុរសកម្សត់ អង្វរសុំសង ១ជា១០ ក៏សេដ្ឋីមិនព្រម រហូតក្លាយជា “កូនបំណុលសេដ្ឋី” ដោយប្រគល់កូន កំលោះ ឱ្យនៅបម្រើសេដ្ឋី ផាត់បំណុល។ កូននោះ នៅបម្រើគេមានប្រាក់ខែ ប្រាក់កម្រៃដែរ តែសេដ្ឋី “ទូទាត់បំណុល” បានត្រឹមតែបាយ ១ចម្អែតប៉ុណ្ណោះ លុះថ្ងៃក្រោយ បុរសកម្សត់ចូលព្រៃ បានឃើញសត្វក្តាន់ងាប់ជាប់ផ្លែដឹង នឹងខ្លួនរបស់វា ក៏រើសយកទៅសងសេដ្ឋីវិញ ទើបកូនប្រុសរួចពីបំណុល៘
យ៉ាងណាមិញ “បំណុលអាមេរិក” ប្រមាណ ៥០០លានដុល្លារនោះ របប លន់ នល់ បានខ្ចីមកចាយវាយ និងទិញគ្រឿង អាវុធ សម្រាប់ធ្វើសង្គ្រាម លុះរបបសាធារណរដ្ឋខ្មែរ ដួលរលំ បើតាមច្បាប់អន្តរជាតិ ត្រូវ “របបប៉ូល ពត” ជាអ្នកសង។ លុះរបបប៉ុល ពត ដួលរលំទៀត ត្រូវ “របបសាធារណរដ្ឋប្រជាមានិកម្ពុជា, រដ្ឋកម្ពុជា” អ្នកសង។ លុះកម្ពុជា ក្លាយទៅ ជាព្រះរាជាណាចក្រ មានអាសនៈនៅអង្គការសហប្រជាជាតិ ត្រូវរ៉ាប់រងសងបំណុលចាស់នោះ មានឧបមាដូច “កូនកំលោះ បុរសកម្សត់ ទូទាត់បំណុលផ្លែដឹងឪពុក”។
កិច្ចព្រមព្រៀងទូទាត់បំណុលនោះ ត្រូវបង្វិល ៧០% ធ្វើជាជំនួយដល់កម្ពុជា វិញ លើវិស័យអប់រំ វប្បធម៌ ដោះមីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដូច្នេះឧបមាថា អាមេរិក ប្រកាសផ្តល់ជំនួយជួសជុលប្រាសាទបុរាណនានានៅតំបន់អង្គរ គឺអាជ្ញាធរ អប្សរា “ទូទាត់ជាមួយអាមេរិក” ប៉ុន្តែត្រូវបើកលុយពីធនាគារកម្ពុជា ឬដកចេញពី “ថវិកាជាតិ” ផ្នែកបំណុល។ ឧបមាថា អាមេរិក ប្រកាសជួយវិស័យអប់រំ ១០លានដុល្លារ ក៏ត្រូវដកពីថវិកាជាតិដែរ តែលុយនោះមានឈ្មោះថា “ជំនួយអាមេរិក”។ ចំពោះវិស័យដោះមីន និងបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ បើសិនជាអាមេរិក ជួយ ៥លានដុល្លារ មិនមែនបើកលុយពី ធនាគារអាមេរិកទេ តែអង្គភាពស៊ីម៉ាក់ (CMAC) ត្រូវបើកនៅធនាគារកម្ពុជា។
ថ្មីៗនេះ អាមេរិក បានប្រកាសផ្តល់ជំនួយ ១១លានដុល្លារ សម្រាប់ទប់ទល់វិបត្តិកូវីដ-១៩ ”ដែលកំពុងឆ្លងរាលដាល ពេញពិភពលោក។ ជំនួយនេះ ជាផ្នែកមនុស្សធម៌ មិនមែននៅក្នុងវិស័យអប់រំ វប្បធម៌ ឬដោះមីននោះទេ ដូច្នេះក្រសួង សុខាភិបាល ត្រូវបើកពីធនាគារអាមេរិក យកមកដោះស្រាយបន្ទាន់។
អ្នកអត់យល់ពី “ច្បាប់អន្តរជាតិ” ប្រឹងតែជេរអាមេរិកថា អាមេរិក ធ្វើបាបប្រទេសតូចតាច របបលន់ នល់ អ្នកខ្ចីលុយ សោះ បែរជាមកទារពីរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នទៅវិញ? ការបើមិនយល់ពីច្បាប់អន្តរជាតិ នាំឱ្យមានការមួម៉ៅក្តៅ-ក្រហាយ ផ្តល់ផលវិបាកដល់សង្គម។
សព្វថ្ងៃ កម្ពុជា បានបន្តខ្ចីលុយបរទេស រាប់ពាន់លានដុល្លារ យកមកកសាងប្រទេស អ៊ីចឹងអ្នកអត់យល់នោះ តម្រូវឱ្យ រាជរដ្ឋាភិបាលសម្តេចហ៊ុន សែន ជាអ្នកសងរហូតទៅឬ? មិនអ៊ីចឹងទេ ឧបមាថា សម្តេចឈប់ធ្វើនាយករដ្ឋមន្ត្រី ចាំបាច់ត្រូវ តែរាជរដ្ឋាភិបាលបន្តវេន រ៉ាប់រងសងបំណុលនោះ ដោយខានមិនបាន។
បើខ្លាចបំណុល “កុំចង់ដឹកនាំប្រទេសអី” ប៉ុន្តែករណីលោកសម រង្ស៊ី មេប្រឆាំងដ៏ស្រួចស្រាល់ ចង់ធ្វើនាយករដ្ឋមន្ត្រី អាចថាមកពីគាត់ចេះច្បាប់អន្តរជាតិ ជាពិសេស “មិនខ្លាចបំណុល”។ បំណុលចិន រាប់ពាន់លានដុល្លារ កម្ពុជា ត្រូវតែសងគេ ចៀសអត់រួចទេ បើរាជរដ្ឋាភិបាល ពូកែអែបអបចិន ធ្វើឱ្យចិន ពន្យារការសង ឬ “លុបបំណុល” ប៉ុន្តែបើមិនចេះអែបអប ឬ ធ្វើខ្លាំងដូចប្រទេសសិរីលង្កា ត្រូវចិន រឹបអូសយកកំពង់ផែសមុទ្រដ៏សំខាន់មួយ ទូទាត់បំណុល។ ឥឡូវប្រទេសប៉ាគីស្ថាន ដែល ជំពាក់លុយចិន សន្ធឹកសន្ធាប់នោះ ត្រូវចិន រឹបអូសទ្រព្យសម្បត្តិជាតិ កាត់កងបំណុលតាមកិច្ចសន្យា។
ប្រទេសជប៉ុន ធ្លាប់ជំពាក់ “បំណុលសង្គ្រាម” បន្ទាប់ពីចុះចាញ់អាមេរិក ក្នុងសង្គ្រាមលោកលើកទី២ ក្រោយពេលអាមេរិក ទម្លាក់គ្រាប់បែកបរមណូ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ក៏ជាប់បំណុលរាប់ពាន់លានដុល្លារ។ ដោយសារជនជាតិ ជប៉ុន ពូកែរកស៊ីផ្នែកផលិតផលអេឡិចត្រូនិក ក៏អាចលក់វិទ្យុ, ម៉ាញ៉េ, រថយន្ត, គ្រឿងម៉ាស៊ីន រកលុយសងអាមេរិក បានរួច បំណុលយ៉ាងងាយ រួចជប៉ុន ឈានទៅជានាគសេដ្ឋកិច្ចនៅអាស៊ី និងឈរជួរមុខគេនៅលើពីភពលោក បន្ទាប់ពីអាមេរិក។
ដូច្នេះករណីកម្ពុជា ជំពាក់លុយអាមេរិក តាំងពីសម័យលន់ នល់ មកនោះ ក៏យើងបានទូទាត់សងបណ្តើរៗហើយ។ លុះ មានកិច្ចព្រមព្រៀងបង្វិលលុយ ៧០% ជួយវិស័យអប់រំ វប្បធម៌ កម្ចាត់មីន លុះត្រាតែកម្ពុជា មានកំណើនសេដ្ឋកិច្ចផងដែរ ទើបទូទាត់បំណុលបាន។ ឧបមាថា អាមេរិក ប្រកាសជួយជួសជុលប្រាសាទបុរាណ ជាលុយប៉ុណ្ណេះប៉ុណ្ណោះ ឱ្យទូទាត់ជាមួយ ធនាគារ ជាតិ លុះទៅបើក ថាមិនទាន់មាន ក៏អាចធ្វើឱ្យការជួសជុលប្រាង្គប្រាសាទនោះ ស្ទះដំណើរការ។ អាមេរិក ឱ្យបង្វិល ៧០% លុះត្រាតែខ្មែរ មានថវិកាដែរ តែបើអត់ ក៏មិនដឹងធ្វើម៉េច ឯបំណុល នៅតែមិនអាចដោះរួចដដែល។
សរុបទៅ “បំណុលអាមេរិក” ដែលមានរបៀបទូទាត់កាត់បង្វិលថវិកាជាតិ ដាក់ឈ្មោះជំនួយអាមេរិក បែបនេះ មាន របៀបធ្វើលឿនស្រួលណាស់ ប៉ុន្តែបើរដ្ឋអត់លុយ ធ្វើឱ្យស្ទះជំនួយនោះ។ ដូចស្ត្រីជាម្តាយម្នាក់ ទៅខ្ចីលុយអុងប៉ាង ៥០០ រៀល ក៏ជាប់បំណុលគេ ឡើងដល់ ៦០០រៀល គិតទាំងចុងការផង។ ដល់កូនរបស់ស្ត្រីនោះ រងគ្រោះដោយសារភ្លើងឆេះផ្ទះ ធ្វើឱ្យអុងប៉ាង អាណិតអាសូរ ប្រកាសផ្តល់ជំនួយ ៣០០រៀល តែគាត់អត់ឱ្យលុយទេ ដោយប្រាប់កូនស្រីនោះ ឱ្យយកពីម្តាយ ជាកូនបំណុលគាត់។ ដូច្នេះបើម្តាយនោះ អត់លុយ កូនស្រីនោះ រកតែខ្ទមដេកមិនបានផង ព្រោះលុយកសាងផ្ទះថ្មី នៅក្នុង បំណុលម្តាយ…”៕