Friday, January 24, 2025
Homeបរិយាយអស់បក្សប្រឆាំង នៅពួកប្រឆាំង

អស់បក្សប្រឆាំង នៅពួកប្រឆាំង

ដោយ អាចារ្យថាំ

ព្រោះតែរឿងប្រឆាំងផ្កាប់មុខ ទើបបានជាគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវរំលាយចោលជាស្ថាពរ “បិទផ្លូវតវ៉ា” ដោយសង្ឃឹមថា បញ្ហាពុករលួយ អយុត្តិធម៌សង្គម ច្បាស់ជាមន្ត្រី CPP និយាយជំនួស ឬជួយរិះគន់កែលម្អគ្នា ប៉ុន្តែមានឯណា! មន្ត្រី ជភភ អត់ដែលរិះគន់គ្នាឯងទេ ដោយការពាររហូត។ ដល់អ៊ីចឹងទៅ ស្រាប់តែ “អស់បក្សប្រឆាំង នៅពួកប្រឆាំង” កាន់ តែប្រឆាំងជាងមុនទៅទៀត ដែល “នគរធំ” ក្តាប់បាន ក៏រលីកពីរឿងប្រឆាំង មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“បក្សប្រឆាំង” ត្រូវហៅចំពោះតែអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដឹកនាំដោយលោកសម រង្ស៊ី និងលោកកឹម សុខា ដោយមិនទាន់អាចយកបក្សឯទៀតមកប្រៀបផ្ទឹមបាន។ បក្សឯទៀត ដែលហៅខ្លួនឯងថា “បក្សប្រឆាំង” ទើបបង្កើត ថ្មីនោះ តាមមើលទិដ្ឋភាព “ដូចអត់ប្រឆាំងអីសោះ” ឃើញនៅតែស្ងៀម ឬចាំតែនិយាយការពារបក្សកាន់អំណាច។ លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានប្រាប់ “នគរធំ” បន្ថែមពីលើសំណេរតាមហ្វេសប៊ុក របស់លោកថា “អ្នកសុំ សិទ្ធិចូលបក្សថ្មី ដើម្បីស្នងកឹម សុខា-សម រង្ស៊ី” ក្នុងនោះក៏មានគណបក្សឆន្ទៈខ្មែរ ផងដែរ។ បើសិនជាស្នងមេប្រឆាំង ទាំងពីររូបនោះមែន មិនមែនស្ងាត់ស្ងៀមយ៉ាងនេះទេ ច្បាស់ជា “ចេញក្បាច់គុនល្បុក្កតោ“ មិនខានឡើយ ប៉ុន្តែគណបក្ស រាប់សិប អត់ឃើញស្នងគ្រូគុនល្បុក្កតោ នោះសោះ សូម្បីតែលោកពេជ្រ ស្រស់, លោកម៉ម សូណង់ដូ លោកខឹម វាសនា សុទ្ធតែប្រកូកប្រកាសប្រឆាំងខ្លាំង ក៏អត់ទាន់ឃើញ “ស្នងរបៀបប្រឆាំង” ប៉ុន្តែអាចថាជាការ “ប្រឆាំងលំៗច្បោលៗ វ៉ៃមិន ចំបញ្ហា”។

ឥឡូវ CNRP បាត់ឈ្មោះពីបញ្ជីបោះឆ្នោតទៅហើយ មានន័យស្មើនឹង “អស់បក្សប្រឆាំង” ព្រោះអ្នកថាស្នងនោះ ធ្វើ អត់ដូច ស្រាប់តែលេចចេញ “ពួកប្រឆាំង” ព្រោងព្រាត រញ៉េរញ៉ៃពេញបណ្តាញសង្គម។ ពួកប្រឆាំងទាំងនោះ មិនមែនស្នង សម រង្ស៊ី-កឹម សុខា នោះទេ តែជា “មែកអម្ពិលទឹក” ដែលគេកាប់ផ្តួលដើម ធ្វើអុសដុត មិនបាន ៣ខែផង គល់អម្ពិលទឹក នោះ ក៏ដុះលំពង់ថ្មីយ៉ាងលឿន។ មុនដំបូង ដើមអម្ពិលទឹក មានគល់តែមួយ តែវាដុះចេញជាចម្ពាម ទំហំប៉ុនៗ១ឱប។ លុះ កសិករទៅកាប់ដើមនោះធ្វើអុសដុត ស្មានថាវាងាប់ ដឹងអី! ពេលត្រូវភ្លៀង ១មេ ស្រាប់តែគល់អម្ពិលទឹកនោះ លាស់ក្តៀង លំពង់សាខា មានបន្លាការពារកាន់តែច្រើនជាងមុន។

យ៉ាងណាមិញ បន្ទាប់ពីកាប់ចម្ពាមបែកជា២ សម រង្ស៊ី-កឹម សុខា ស្មើគល់មក ឥឡូវពួកប្រឆាំងចេញពី សម រង្ស៊ី-កឹម សុខា ដុះលំពង់កាន់តែច្រើនទៅៗ។ ពួកប្រឆាំងរាយបណ្តាក់គ្នាដូចខ្យងទាំងក្នុង និងក្រៅប្រទេស ព្រួតគ្នារិះគន់ជេរ ប្រទេចបក្សកាន់អំណាច គ្មានលោះថ្ងៃ ទោះជាអ្នកគាំទ្រ CPP ប្រឹងជេរតទល់ក៏ជម្លោះនយោបាយកាន់តែឡើងកម្តៅ។

ករណីរំលាយអតីតបក្សសង្គ្រោះជាតិ គឺមកពីបក្សប្រឆាំងនោះ “ប្រឆាំងផ្កាប់មុខ” តាំងពីនៅក្នុងរដ្ឋសភា ព្រឹទ្ធសភា បើពួកគាត់មិនពេញចិត្តនឹងសេចក្តីព្រាងច្បាប់អ្វីមួយ ក៏នាំគ្នាដើរចេញឆ្កុយ ធ្វើពហិការ មិនរវល់នៅលើដៃអនុម័ត។ លុះពិបាក ធ្វើការជាមួយគ្នា ព្រោះតែរឿង “ទឹក និងប្រេង” ជាហេតុនាំឱ្យមានការប្តឹងឹផ្តល់រំលាយ CNRP ព្រោះ “ទុកមិនចំណេញ ដកចេញមិនខាត” ឯរឿងពុករលួយ បក្ខពួកគ្រួសារនិយម ទុកឱ្យ CPP ដោះស្រាយតាមរយៈ “អភិក្រម៥”។

យុទ្ធសាស្ត្រចាប់ “ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល វះកាត់” នោះឃើញយូរៗធ្វើមួយ ព្រោះតែមន្ត្រី CPP មិន សូវជួយរិះគន់កែលម្អគ្នា ឬ “សំងំសុខ” បណ្តាលឱ្យអំពើពុករលួយ អនាធិបតេយ្យ កើតឡើងដដែលៗដូចបញ្ហាកាប់បំផ្លាញ ព្រៃឈើ, រំលោភយកដីរដ្ឋ, ប្លន់ដីរាស្ត្រ, ឡើងបុណ្យស័ក្តិតាមខ្សែ, កិបកេងសម្បត្តិរដ្ឋ៘ បើនឹងសង្ឃឹមអ្នកនយោបាយ ចេញបង្កើតបក្សថ្មី រិះគន់ ជួយកែលម្អ ទិតៀន ក៏អត់ឃើញជួយ បណ្តាលឱ្យអ្វីៗ “ទៅទាំងប៉ីទាំងស្គរ” ទើបពួកប្រឆាំងចេញ ព្រាត។

អាចថាមកពីមន្ត្រី CPP “កាន់វិន័យដែកថែប” បើរិះគន់គ្នា នាំឱ្យមានការសង្ស័យថា “បែកឆ្វេង” ទើបម្នាក់ៗមិនសូវ រវីរវល់ ឈានដល់ដំណាក់កាល “ក្បាលអ្នកណា សក់អ្នកហ្នឹង” រឿងមន្ត្រីពុករលួយ ជិះជាន់រាស្ត្រ បើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា មិនស្រែក មិនចង្អុលមុខ ដឹងតែមន្ត្រីឯទៀតជួយលាក់គ្នា ធ្វើមិនដឹងមិនឮ។ ការងារសម្តេច ច្រើនណាស់ ត្រូវដឹកនាំគ្រប់គ្រង ២៨ក្រសួង បើសូម្បីតែមន្ត្រីពុករលួយ ក៏ចាំសម្តេច ចង្អុលមុខដែរនោះ ចប់ ហើយ។

មូលហេតុនេះហើយ បានជា “អស់បក្សប្រឆាំង នៅពួកប្រឆាំង” ព្រោះតែពួកគាត់ទ្រាំមិនបាននឹងអំពើអយុត្តិធម៌។ ករណីពួកទាហាន ប្រើអាវុធបាញ់ទៅលើប្រជាពលរដ្ឋ តវ៉ារឿងដីធ្លី នៅឃុំទួលព្រេច ស្រុកអង្គស្នួល កំពុងក្លាយជារឿងក្តៅ ព្រោះតែអាជ្ញាធរដាក់កំហុសទៅលើពលរដ្ឋ អត់ឃើញថ្កោលទោសអ្នកបាញ់។ “នគរធំ” មិនបានដឹងរឿងនេះ ច្បាស់លាស់ ទេ តែយោងតាមការបំភ្លឺពីលោកអភិបាលខេត្តកណ្តាល ថា ប្រជាពលរដ្ឋប្រដាប់ដោយដំបង កាំបិត ដបសាំង តំណាងឱ្យ ១៧០គ្រួសារ តវ៉ារឿងដីធ្លី ដែលជាកម្មសិទ្ធិរបស់សាលាបច្ចេកទេសតេជោ ហ៊ុន សែន ទើបខាងយោធាប្រើសិទ្ធិការពារខ្លួន។

ផ្ទុយទៅវិញ ខាងពលរដ្ឋ និយាយថា នាយទាហានរំលោភយកដីពួកគាត់ ទុកជាកម្មសិទ្ធិឯកជន មិនមែនជារបស់សាលា យោធានោះទេ ខណៈដែលអ្នករាយការណ៍ប្រហែល ៩៥% សុទ្ធតែគាំទ្រពលរដ្ឋ ថ្កោលទោសអ្នកបាញ់។

ករណីនេះ អាចថាមកពីអាជ្ញាធរ មិនចេះដោះស្រាយ ដោយទុកឱ្យ “ផ្សែងពូតជាដុំ ផ្លុំឆេះជាភ្លើង” អាចនឹងបន្តរាលឆេះ ព្រៃ ព្រោះតែអណ្តាតភ្លើងដ៏តូចនេះ។ រឿងដីធ្លី លុះត្រាតែសម្តេចនាយករដ្ឋមន្ត្រី ដោះស្រាយ ក៏ចេញរួចមួយរំពេច ដោយ បញ្ជាឱ្យកាត់ឆ្វៀលដីជូនពលរដ្ឋ អត់កាន់ជើងមន្ត្រីយោធា ឬឧកញ៉ាណាទេ ដូចអ្វីដែលសម្តេច ធ្លាប់លើកឡើងថា “ដីហ្នឹង ដីម៉ែលោកឯង?” ពោលគឺសុទ្ធតែដីរដ្ឋទាំងអស់ ហើយបើត្រឹមតែយកធ្វើសាលាហ្វឹកហ្វឺនយោធា ត្រឹមតែ ២ហិកតារ ល្មមហើយ តែបើវាតយករាប់សិបហិកតារ អាចរងការចោទប្រកាន់ថា “យកទៅចែកគ្នា”។

អាណិតសម្តេច ផង! រឿងដី រឿងព្រៃ រឿងគ្រួសារនិយម គួរតែមន្ត្រីថ្នាក់ក្រោម ជួយរិះគន់ ជួយថាគ្នា តែបើជួយ ការពារគ្នាឯងយ៉ាងនេះ បានត្រឹមធ្វើឱ្យ “អស់បក្សប្រឆាំង នៅពួកប្រឆាំង”។ សព្វថ្ងៃ គ្មានបក្សប្រឆាំង CNRP ទៀតទេ ទោះបីជាលោក គង់ គាំ ប្រកាសថា “បក្សបង្កើតថ្មី ស្នង សម រង្ស៊ី-កឹម សុខា” ក៏មិនទាន់ឃើញសកម្មភាពស្នង។ ដល់បក្សថ្មី មិនចេញរបៀបស្នង ទើបសកម្មជននៃអតីត CNRP ចេញមុខម្តងមួយៗ លែងខ្លាចគុកច្រវាក់ ទោះជាចាប់មួយ ក៏នៅ សល់ពីរ បន្តការប្រឆាំង បណ្តាក់គ្នាដូចខ្យង។

“ពួកប្រឆាំង កើតពីអ្វី?” មិនពិបាកយល់នោះទេ “រុយ វាកើតពីសំរាម ឬគំរង់”, “ដង្កូវដួង វាកើតពីឈើពុក”, ដូច្នេះ បើអត់សំរាម អត់ឈើពុក តើរុយ និងដង្កូវដួង វាកើតពីណា?

កុំភ្លេចថា ប្រជាពលរដ្ឋដែលនៅក្រោមការគ្រប់គ្រងរបស់លោកសេនាប្រមុខ លន់ នល់ ស្អប់ខ្មែរក្រហម។ លុះប៉ុល ពត ក្តាប់អំណាច ផ្តួលរបបលន់ នល់ គឺផ្តួលតែរបប រីឯចិត្តគំនិតប្រជាជន ១៧ មេសា ធ្លាប់រស់នៅហ៊ឺហា ស៊ីវិល័យ ផ្តួលយ៉ាង ម៉េចកើត? នៅពេលអង្គការប្រើឱ្យរែកដី ស៊ីអត់ស៊ីឃ្លាននោះ ក៏ងើបប្រឆាំងដោយសម្ងាត់។ ជំនាន់នោះ កម្មាភិបាលខ្មែរ- ក្រហម អត់ហ៊ានរិះគន់គ្នាទេ ខ្លាចចោទថាក្បត់បដិវត្តន៍ ជាហេតុនាំឱ្យរបបប្រល័យពូជសាសន៍ ដួលរលំ។

ហេតុនេះបើបក្សកាន់អំណាច “ចង់ឱ្យអស់ពួកប្រឆាំង” គ្មានអីធំជាងរួមគ្នាបោសសម្អាតអំពើពុករលួយ កុំសមគំនិតគ្នា។ អាជ្ញាធរមូលដ្ឋាន ត្រូវមានចិត្តសាស្ត្រ “យកចិត្តរាស្ត្រ” ល្អជាងទម្លាក់កំហុសទៅលើរាស្ត្រ ហើយការពារគ្នាឯង។ ធ្ងន់បំផុត រាស្ត្រខ្លះពាក់អាវគណបក្សប្រជាជន រូបទេវតា មានន័យថា គាត់គាំទ្រ CPP ស្រាប់តែត្រូវគ្រាប់កាំភ្លើង ហើយខុសទៀត នោះ អាចធ្វើឱ្យ “ស្របក្លាយជាប្រឆាំង”។

សរុបទៅ “អស់បក្សប្រឆាំង នៅពួកប្រឆាំង” គឺមកពីការអនុវត្តផ្នែករដ្ឋបាល មានការខ្វះចន្លោះ។ ទំនាស់ដីធ្លី រាប់សិប ឆ្នាំ ដោះស្រាយមិនចេះចប់ ក៏បង្ហាញពីលក្ខណៈបក្ខពួក គ្នាឯងគ្នាគេ ជាហេតុនាំឱ្យរុយកើតពីសំរាម។ បើសិនជានាយករដ្ឋមន្ត្រី ចេញមុខដោះស្រាយរឿងដីធ្លីនោះ ពិតណាស់ថា “បញ្ជាឱ្យកាត់ឆ្វៀល” ទៀតហើយ ព្រោះយុទ្ធសាស្ត្រឈ្នះ-ឈ្នះ CPP ទុករាស្ត្រជាចៅហ្វាយ មិនមែនទុកជាខ្ញុំបម្រើនោះទេ…”៕

RELATED ARTICLES