ដោយ អាចារ្យថាំ
អ្នកស្រាវជ្រាវសិលាចារឹក បានរកឃើញ “យុទ្ធសាស្ត្រដឹកនាំ ៨យ៉ាង” របស់ព្រះបាទជយវរ្មន័ទី៧ ដែលជាហេតុនាំឱ្យ មាតុភូមិព្រះអង្គ ក្លាយទៅជា “ចក្រភពកម្ពុជទេស” ថ្កុំថ្កើងរុងរឿងលើសរជ្ជកាលណាទាំងអស់។ យុទ្ធសាស្ត្រទាំង ៨នេះ យើងចាប់អារម្មណ៍ត្រង់ “សម្តីឥសូរ” មានលក្ខណៈស៊ីជម្រៅជាងគេ បើអ្នកដឹកនាំប្រទេស ឬអ្នកនយោបាយណាអនុវត្តបាន នឹងខ្លាំងពូកែឈ្នះគូប្រជែងគ្រប់កាលៈទេសៈ ដែល “នគរធំ” សូមគាស់កកាយយុទ្ធសាស្ត្រខាងលើ មកធ្វើប្រធានបទបរិយាយ ថ្ងៃនេះ…។
ព្រះបាទជយវរ្ម័នទី៧ ព្រះចៅអធិរាជនៃច្រកភពអង្គរ ទ្រង់ប្រតិបត្តិតាមយុទ្ធសាស្ត្រឈ្នះ ៨យ៉ាង គឺ “១. ទឹកអំរែក (ថ្លឹងថ្លែងឱ្យស្មើ) ២. ភ្នែកខ្លែង (មើលបានឆ្ងាយ) ៣. អំណាចរាជសីហ៍ (អំណាចខ្លាំងទប់មិនបាន) ៤. សម្តីឥសូរ (ពិតត្រង់ ម៉ាត់ណាម៉ាត់ហ្នឹង) ៥. ថ្ងូរព្រះឥន្ទ្រ (ទោះជាមានបុណ្យ ក៏ថ្ងូរថាក្របុណ្យ) ៦. សុបិនសួគ៌ (មើលឃើញអនាគតមាតុភូមិដូច ឋានសួគ៌) ៧. ខួរទន្សាយ (មានខួរក្បាលអ្នកប្រាជ្ញ) ៨. សប្បាយស្រមោច (ធ្វើឱ្យរាស្ត្ររស់ដោយសប្បាយ)។
ដោយឡែក “សម្តីឥសូរ” ដែលយើងលើកមកធ្វើប្រធានបទ គឺសំដៅដល់ព្រះរាជបន្ទូល សូរសីហនាថ របស់ព្រះនរបតី មានលក្ខណៈដូចបន្ទូលព្រះសិវៈ ឬព្រះឥសូរ បិតាបង្កើតលោក ក្នុងព្រហ្មញ្ញសាសនា។ ព្រះឥសូរ បើខ្ជាក់សម្តីអ្វីចេញទៅ មិន អាចលេបវិញបានឡើយ ដូចករណីព្រះអង្គ “ជបម្រាមដៃទិព្វ” ឱ្យនន្ទកយក្ស ឬយក្សតុកកែ សម្រាប់ការពារខ្លួន ព្រោះទេវតា ចេះតែនាំគ្នាត្បកក្បាលយក្សឆ្មាំទ្វារប្រាសាទព្រះឥសូរ ជាល្បែងសើចលេង។ លុះអាយក្ស បានម្រាមដៃទិព្វ ចេះតែចង្អុលទេវតា មិនថាល្អ ឬអាក្រក់ ខ្ទាតដល់ចក្រវាលអស់ ឯព្រះឥសូរ “ដកមកវិញមិនកើត” ព្រោះជាសម្តីអាទិទេព ក៏ពឹងព្រះនារាយណ៍ ឱ្យជួយធ្វេអិន្តរាគមន៍។ រីឯព្រះបាទទសរថ ជាព្រះមហាក្សត្រធំ បានជ្រុលលើករាជសម្បត្តិ ថ្វាយទៅព្រះភិរុត ភ្លេចព្រះរាម ជាបុត្រច្បង ដកបន្ទូលមកវិញមិនបាន ក៏កើតទុក្ខរហូតសោយព្រះទិវង្គត ខណៈដែលព្រះរាម ព្រះលក្សណ្ម៍ ត្រូវខ្ចាត់ពីនគរ ទៅបួសជាតាបស។
“សម្តីឥសូរ” គឺនៅត្រង់ខ្ជាក់ចេញទៅហើយ មិនអាចកែប្រែបានឡើយ ម៉ាត់ណាម៉ាត់ហ្នឹង អត់អាច “និរាករណ៍” បានជា ដាច់ខាត។ យ៉ាងណាមិញ រាជរដ្ឋាភិបាលកម្ពុជា មុននឹងដាក់បទបញ្ជា ឬចេញក្រឹត្យអ្វីមួយ សុទ្ធតែប្រជុំ សួរយោបល់ទីប្រឹក្សា ជាបណ្ឌិត បើដាក់ចេញទៅហើយ ស្រាប់តែដកវិញ មិនហៅ “សម្តីឥសូរ” នោះទេ។
ករណីអាជ្ញាធររាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការរុះរើ និងចល័តចេញជាបន្ទាន់ នូវបែចិញ្ចឹមត្រី ផ្ទះបណ្តែត ទឹក ផ្ទះទូកតូចៗ និងសំណង់អនាធិបតេយ្យ នៅលើផ្ទៃទន្លេទាំងអស់ ដោយទុកពេល ១សប្តាហ៍ (កំណត់ត្រឹមថ្ងៃនេះ ៩មិថុនា ២០២១) ធ្វើឱ្យប្រជាពលរដ្ឋគាំទ្រភ្លូកទឹកភ្លូកដី។ សាលារាជធានី ក៏មិនហ៊ានចេញសេចក្តីជូនដំណឹងនេះដែរ បើសិនជា គ្មាន បទបញ្ជាពីរាជរដ្ឋាភិបាល ដូច្នេះមានន័យថា សេចក្តីជូនដំណឹងនេះ ជា “សម្តីឥសូរ” ពិបាកលេបវិញណាស់។
បទបញ្ជា ឱ្យ “ដេញអនាធិបតេយ្យ” អត់មានគិតថា ជាតិសាសន៍ណានោះទេ ឱ្យតែរស់នៅលើទឹក ទន្លេ ត្រូវរុះរើ ទាំងអស់ មិនថាចិន យួន ចាម ជ្វា ក្លិង្គ ឬខ្មែរ នោះទេ។ លុះស្ថានទូតវៀតណាម តវ៉ាថា សេចក្តីជូនដំណឹងនេះ មានភាពរហ័ស ពេក មិនអាចធ្វើតាមបាននោះ បើសិនជាអាជ្ញាធររាជធានី ដកថយ មានន័យថា “មិនមែនសម្តីឥសូរ តែជាសម្តីកូនក្មេង ទៅវិញ”។ ថ្ងៃទី០៩ មិថុនា ជាថ្ងៃឱសានវាទ បើមានការតវ៉ាយ៉ាងនេះ ជួនកាលផែនការរុះរើនោះ ត្រូវបរាជ័យ ព្រោះតែ “ប៉ះពាល់ដល់មិត្តភាព”។ អ្វីដែលមហាជនងឿងឆ្ងល់ នៅត្រង់ស្ថានទូតវៀតណាម ប្រកាសថា ជនជាតិយួន ភាគច្រើន មាន ប័ណ្ណសម្គាល់ខ្លួន និងមករស់នៅលើទឹកដីកម្ពុជា ៤០ឆ្នាំប្លាយទៅហើយ មានជីវភាពក្រីក្រណាស់។ បើនៅ ៤០ឆ្នាំទៅហើយ ហេតុអ្វីមិននៅលើគោក? ដឹងដែរថា ទន្លេ សមុទ្រ សួនច្បារ រមណីយដ្ឋាន ចិញ្ចើមថ្នល់… មិនអនុញ្ញាតឱ្យបុគ្គលណាទៅតាំង លំនៅបានឡើយ ប៉ុន្តែគាត់រស់នៅលើទន្លេ ៤០ឆ្នាំទៅហើយ មានន័យថាម៉េច? គ្មានអ្នកណាដេញជនជាតិវៀតណាម នោះ ទេ តែសាលាក្រុង ចង់ស្តារបរិស្ថានទន្លេ ឱ្យមានសោភណភាពចាំបាច់ ត្រូវតែដេញអនាធិបតេយ្យ “អត់ដេញយួននោះទេ”។
ករណីនេះ មិនធម្មតាទេ ប្រជាពលរដ្ឋចាំតែបាំងដៃមើលចំណាត់ការរបស់មន្ត្រីអាជ្ញាធរពាក់ព័ន្ធ តើ “លេបសម្តី” ឬ បញ្ចោញ “សម្តីឥសូរ?” ព្រោះរឿងដេញអនាធិបតេយ្យបែបនេះ អភិបាលរាជធានី ច្រើនរូបណាស់មកហើយ បរាជ័យជា បន្តបន្ទាប់ ជ្រុះតំណែងហូរហែ…។
ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា លោកវូ ក្វាងមិញ បានអះអាងថា ពលរដ្ឋវៀតណាម ដែលរស់នៅលើផ្ទៃទឹក ទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានប្រមាណជាង ១ពាន់គ្រួសារ។ លោកទូត លើកឡើងថា ការដាក់កំហិតរយៈពេល ៧ថ្ងៃ ឱ្យពួកគាត់ចាកចេញពីទឹកនោះ វាលឿនពេក មិនអាចធ្វើតាមបានទេ ប៉ុន្តែតាមអ្វីដែលប្រជាពលរដ្ឋខ្មែរ នៅព្រែកព្នៅ ឃ្លាំមើល ដូចគ្មានសញ្ញាណាមួយថា អ្នករស់នៅលើទូករុះរើសំណង់នៅឡើយ ព្រោះបើសិនជាមានចេតនាចាកចេញនោះ ត្រឹម តែ៣ម៉ោង គេអាចរុះរើបានភ្លាម ទាស់ត្រង់មិនខ្ចីចេញ “ធ្វើអីអញ!” ឱសានវាទសាលាក្រុង មកដល់ថ្ងៃនេះហើយ មហាជន ចាំតែមើលដែរ តើអាចធ្វើបានឬដកថយ? ឬខ្លាំងបានខ្មែរ!…
បើតាមការកត់សម្គាល់ ជនជាតិខ្មែរ ស្រួលនិយាយគ្នាទេ បើអាជ្ញាធរឱ្យគាត់ចេញ នឹងមិនជំទាស់ទេ ព្រោះអ្នកខ្លះមានដី ធ្លីសង់ផ្ទះសម្បែងនៅតាមភូមិ ប៉ុន្តែមូលហេតុពួកគាត់មកនៅលើទូក ព្រោះស្រួលចាប់ត្រីលក់ ម៉្យាងឃើញគេមកពីឆ្ងាយ អាច នៅកើត “រឿងអីគាត់នៅមិនកើត?” ចំណែកបងប្អូនខ្មែរអ៊ិស្លាម ក៏មិនពិបាកនិយាយគ្នានោះដែរ បើឱ្យគាត់ចេញ ឬមាន ប្រធានសហគមន៍អ៊ិស្លាម ទៅណែនាំក៏អាចស្តាប់គ្នាបាន ប៉ុន្តែជាមួយជនជាតិវៀតណាម គ្មានដី ១ដុំនៅលើគោក តើសាលា ក្រុង ដោះស្រាយយ៉ាងម៉េច? បើឱ្យដី ៤០ហិកតារ សង់ផ្ទះនៅដូចអាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏មិនស្រួលដែរ ព្រោះប្រជាពលរដ្ឋ លើកឡើងថា ទំនាស់នៅស្រុកអង្គស្នួល មានជម្លោះដណ្តើមដីគ្នា និងមានពលរដ្ឋម្នាក់ ត្រូវយោធាបាញ់របួសធ្ងន់ ចុះបើជនជាតិ យួន ស្រាប់តែឱ្យដីសង់លំនៅ? កាន់តែយ៉ាប់ហើយ។
ត្រង់ហ្នឹងហើយ វាចូលក្នុងបរិបទ “សម្តីឥសូរ” ព្រោះព្រះឥសូរ មានព្រះបន្ធូលចេញទៅហើយ បានជបម្រាមដៃទិព្វ ឱ្យ អាយក្សតុកកែ ដកយកមកវិញអត់បានទេ។ ប្រជាពលរដ្ឋបន្ទោសថា អ្វីៗមកពីមានអំពើពុករលួយ នៅច្រកព្រុំដែន បើក ឱ្យគេចូលតាមចិត្ត លុះមកកកកុញនៅភ្នំពេញ ត្រូវតែអាជ្ញាធរភ្នំពេញ “រងថ្មបាក់”។ ពួកលោកត្រូវអនុវត្ត “សម្តីឥសូរ” គឺបទបញ្ជាពីព្រះឥសូរ ច្បាស់ជា “តឹងទ្រូងស្ទើរប្រេះ” ហាស្លាក់ខ្ជាក់ស្លែង មិនខានឡើយ ជាមួយការដេញអនាធិបតេយ្យ មានខ្នងក្រាស់យ៉ាងនេះ។
បើជាខ្មែរដូចគ្នា ស្រួលដេញទេ អាចបាញ់បង្អើល តែបួនដប់គ្រាប់ រត់ចែកជើងគ្នា ប៉ុន្តែជាមួយពួកអនាធិបតេយ្យលើដង ទន្លេ “យ៉ាប់ណាស់លោកអើយ!”។ ខ្មែរយើងស្រួលទេ សូម្បីពលករចំណាកស្រុក ទៅរកស៊ីនៅប្រទេសថៃ ត្រូវអាជ្ញាធរថៃ ក្រោមបញ្ជាលោកប្រាយុទ្ធ ចាប់ដាក់ឡានទ្រុង ដឹកមកទម្លាក់នៅច្រកប៉ោយប៉ែត និងច្រកឯទៀត គ្មានរឿងយោគយល់ទេ កាល ៣ឆ្នាំមុន និងបន្តចាប់ទៀត អត់ឈប់។ កាលពីខែមុន រដ្ឋាភិបាលវៀតណាម បានចេញបញ្ជាឱ្យពលរដ្ឋខ្មែរ ដែលចូល ទៅរកស៊ីខុសច្បាប់នៅស្រុកយួន ចាកចេញឱ្យអស់ ចំណែកមន្ត្រីទូតខ្មែរ បានទាំង “ជួយដេញ” ថែមទៀត ផ្ទុយពីស្ថានទូត វៀតណាម ចេញមុខការពារជនជាតិគេ ហើយបើអ្នកមកដល់ថ្មីៗ រកដីនៅមិនទាន់នោះ មិនធ្ងន់ទេ វាយ៉ាប់អ្នកមកនៅ ៤០ ឆ្នាំ តែលើទឹក ដេញមិនចេញ មិនដឹងធ្វើម៉េចទេ។
“សម្តីឥសូរ” អាចក្លាយជា “សម្តីក្មេង” ព្រោះការយោគយល់ដល់មិត្តភាព ដូច្នេះដើម្បីស្រោចស្រង់កិត្តិយសព្រះឥសូរ លុះត្រាតែ “កុំយោគយល់”។ បើធ្វើខ្លាំងដូចរបបលន់ នល់ និងរបបប៉ុល ពត ក៏មិនកើតដែរ តែបើពន្យារពេល ១សប្តាហ៍ ថែម១ខែទៀត ក៏កាន់តែអាក្រក់មើល។ អាសូរតែពលករខ្មែរ ទៅធ្វើការខុសច្បាប់ នៅស្រុកគេ ត្រូវគេចាប់ដាក់ឡានទ្រុង ដូចជ្រូក ដឹកមកទម្លាក់ចោល ដែលយើងពិបាកតវ៉ារកខុសត្រូវ ដល់ខ្មែរ យករបៀបគេមកធ្វើ ទៅអត់រួច បង្ហាញថាសមត្ថភាព មិនទាន់គេ ឬខ្សោយខ្លាចគេ!…។
សរុបទៅ “សម្តីឥសូរ” សំដៅដល់បទបញ្ជា ដាក់ចេញទៅ បើដល់កំណត់ថ្ងៃឱសានវាទ ធ្វើអត់អនុវត្ត មិនហៅ “សម្តីឥសូរ” តែជា “សម្តីក្មេង” ដែលកន្លងទៅនេះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ពិសេស នៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ធ្លាប់កត់សម្គាល់ពី “សម្តីឥសូរ” ក្លាយទៅជា “សម្តីក្មេង” នេះ ករណីដែលអភិបាលខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្តីជូន ដំណឹងឱ្យប្រជាពលរដ្ឋ នៅក្នុងបុរីពិភពថ្មី ត្រពាំងថ្លឹង រុះរើសំណង់អនាធិបតេយ្យ ដែលសង់បន្ថែមលើអណ្តូងលូ និងចិញ្ចើម ផ្លូវទាំងអស់ ចេញ ដីម្បីដោះស្រាយប្រព័ន្ធបង្ហូរទឹក កុំឱ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋទៀត ដោយកំណត់ថ្ងៃឱសានវាទ ច្បាស់លាស់ថា បើមិនរុះរើដោយខ្លួនឯងទេ អាជ្ញាធរនឹងចុះរុះរើ។ ប៉ុន្តែក្រោយពីចេញសេចក្តីជូនដំណឹងនោះ លោកអភិបាល ខណ្ឌ ទម្លាយថា មានការគំរាមពីអ្នកសង់សំណង់ខុសច្បាប់មួយចំនួន ស្រាប់តែអាជ្ញាធរដកថយ មិនហ៊ានអនុវត្តសេចក្តីជូន ដំណឹងឱ្យរុះរើនោះ រហូតមកដល់ឥឡូវ ជិត ១ឆ្នាំទៅហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនដែលគោរពច្បាប់ និងបានរុះរើ សំណង់បន្ថែមរបស់ខ្លួន តាមសេចក្តីជូនដំណឹងនោះ មានការខកចិត្ត ស្តាយក្រោយ អស់ទំនុកចិត្តលើអាជ្ញាធរ។ រីឯអ្នកដែល មិនគោរពច្បាប់ រួមទាំងអ្នកគំរាមអភិបាលខណ្ឌផង មិនបានរុះរើសំណង់ខុសច្បាប់របស់ខ្លួនចេញឡើយ ដោយខ្លះបានលុប អក្សរក្រហម ដែលអាជ្ញាធរសរសេរថា “រុះរើ” ចេញ ហើយសើចចំអកឱ្យអាជ្ញាធរខណ្ឌថា “អញមិនរុះ ធើអីអញ!”។ ករណី នោះគឺមកពីអាជ្ញាធរ ដែលជាអ្នកអនុវត្តច្បាប់ ខ្សោយជាងអ្នកអង្គុយលើច្បាប់ ដោយបានចេញសេចក្តីជូនដំណឹងឱ្យរុះរើ ឬ ហៅថា “សម្តីឥសូរ” តែដល់ត្រូវគេគំរាមបន្តិច មិនហ៊ានអនុវត្ត ក៏ក្លាយជា “សម្តីក្មេង” នេះឯង… គ្មានបានការ!…។ ស្រុក ណាប្រទេសណា ដែលមាន “អនាធិបតេយ្យ“ នឹងអូសទាញការរីកចម្រើនឱ្យដើរថយក្រោយ ហេតុនេះ ចាំបាច់ត្រូវតែបោស សម្អាតអនាធិបតេយ្យឱ្យអស់ ដោយយក “សម្តីឥសូរ” មកអនុវត្តជាកំហិត ស្របតាម “យុទ្ធសាស្ត្រ ៨យ៉ាង” របស់ព្រះបាទ-ជយវរ្ម័នទី៧…”៕