Friday, January 24, 2025
Homeបរិយាយអ្នកទោស ក្លាយជាវីរបុរស

អ្នកទោស ក្លាយជាវីរបុរស

ដោយ អាចារ្យថាំ

ករណីអង្គការសង្គមស៊ីវិលមួយចំនួន ក៏ដូចបណ្ឌិតបញ្ញវន្តខ្លះ ស្នើឱ្យដោះលែងពិរុទ្ធជន ដែលគេហៅថា “អ្នកទោសមន-សិការ” ប៉ុន្តែត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌ បដិសេធ និងពន្យល់ស្តីពីការឃុំឃាំងស្របច្បាប់មក ធ្វើឱ្យមានមតិស្រប និងប្រឆាំង នៅតែមានដដែល។ ទោះយ៉ាងណា យោងតាមឯកសារប្រវត្តិសាស្ត្រ ចារទុក ជួនកាលអ្នកទោសក្បត់ជាតិ ក្រោយ មកក៏ក្លាយជាវីរបុរស វីរនារី ដែល “នគរធំ” សូមគាស់កកាយអតីតកាលពាក់ព័ន្ធ “អ្នកទោស ក្លាយជាវីរបុរស” មកធ្វើ ប្រធានបទបរិយាយថ្ងៃនេះ…។

កាលពីពេលថ្មីៗនេះ អង្គការសង្គមស៊ីវិល ២០ បានដាក់សំណើសុំឱ្យដោះលែងជនជាប់ចោទមួយចំនួន ដែលពាក់ព័ន្ធ រងការចោទប្រកាន់ “ក្បត់ជាតិ ឬអនាធិបតេយ្យ ញុះញង់បង្កអសន្តិសុខសង្គម” ឱ្យមានសេរីភាពវិញ ក្នុងនោះមាន លោក រ៉ុង ឈុន, លោកសួង សុភ័ណ្ឌ, កញ្ញា ឈឿន ដារ៉ាវី ជាដើម ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបដិសេធការស្នើដោះ លែងនោះ។

លោកបណ្ឌិត សេង សារី អ្នកវិភាគនយោបាយ-សង្គម បានបង្ហោះសំណេរតាមហ្វេសប៊ុក ជាអាទិ៍ថា “មេមេ ជួយ ពិចារណាបន្តិចមើល បច្ចុប្បន្ននេះមានអ្នកទោសមិនតិចទេ ដែលក្លាយជាអ្នកទោសដោយអយុត្តិធម៌ មានអ្នកទោសមិនតិច ទេ រស់នៅក្នុងគុក ដោយមិនទាន់បានកាត់ទោសត្រឹមត្រូវ មានអ្នកទោសមិនតិចទេ ដែលក្លាយជាអ្នកទោស ដោយសារតែ ចង់ការពារធនធានជាតិ និងស្រលាញ់ជាតិ។ សំណួរសួរថា តើពួកគេជាមនុស្សអាក្រក់ ដែលសមនឹងទទួលបាបកម្ម និង ទារុណកម្មទេ នេះមិនទាន់និយាយអំពីសិទ្ធិមូលដ្ឋានរបស់មនុស្សផង”។

ដោយឡែក លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឆ្លើយតបចំនួន ៥ចំណុច ទៅអង្គការសង្គមស៊ីវិល ក៏ដូច អ្នកវិភាគ តាមរយៈបណ្តាញសង្គមជាអាទិ៍ថា “សេចក្តីថ្លែងការណ៍របស់អង្គការទាំង២០ អំពាវនាវដល់រដ្ឋាភិបាល ឱ្យដោះ លែងអ្នកទោសមនសិការទាំងអស់ គឺមិនសមស្រប ខុសនឹងនីតិវិធីច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជា និងមានចរិតជានយោបាយ…”។

ការឆ្លើយតបរបស់មន្ត្រីក្រសួងយុត្តិធម៌ មិនប្លែកពីមុនទេ ខណៈដែលភាគីម្ខាងទាមទារតវ៉ានូវអ្វីដែលពាក់ព័ន្ធនឹងការ ឃុំខ្លួនអ្នកទោស ដែល “នគរធំ” ធ្លាប់ដកស្រង់ចុះផ្សាយ រាប់សិបដងទៅហើយ។ បើពិចារណាឱ្យហ្មត់ចត់ស៊ីជម្រៅមែនទែន ទៅ “របបណាក៏ត្រូវតែចាប់ឃុំខ្លួនពួកប្រឆាំង” ចៀសមិនរួចទេ ព្រោះចលនាប្រឆាំង ប្រតោងប្រទាញការដឹកនាំប្រទេស មិនឱ្យធ្វើអ្វីបានតាមចិត្ត។ អ្នកទោស ដែលរបបណាមួយចាប់ដាក់ពន្ធនាគារ ជួនកាល “ក្លាយជាវីរបុរស វីរនារី” យោងទៅ តាមការតស៊ូខ្លាំង ឬខ្សោយរបស់អ្នកទោសនោះ ដែល “នគរធំ” សូមលើកមកបង្ហាញដោយត្រួសៗ តាមរយៈឯកសារប្រវត្តិសាស្ត្រ ៖

-អាចារ្យស្វា-ពោធិ៍កំបោរ ៖ ជាអ្នកតស៊ូប្រឆាំងអាណានិគមបារាំង និងរបបគ្រប់គ្រងសម័យនោះ បានធ្វើសកម្មភាព ប្រដាប់អាវុធយ៉ាងខ្លាំងក្លា ប៉ុន្តែមិនឈ្នះរដ្ឋអំណាច ក៏ត្រូវក្ស័យលើសមរភូមិ ជាពិសេសអាចារ្យស្វា ត្រូវកងទ័ពបារាំង ចាប់ បាន បញ្ជូនទៅដាក់គុកនៅកោះកណ្តាលសមុទ្រ រហូតបាត់បង់ជីវិត។ ជំនាន់នោះ អាចារ្យស្វា ពោធិ៍កំបោរ ត្រូវរបបសង្គម ដាក់ឈ្មោះថា “ជនក្បត់ជាតិ” ប៉ុន្តែនៅក្នុងរបបសង្គមរាស្ត្រនិយម និងរបបសាធារណរដ្ឋខ្មែរ បានលើកតម្កើងជាវីរបុរស បាន ទាំងយកឈ្មោះអាចារ្យស្វា, ពោធិ៍កំបោរ ទៅដាក់ឈ្មោះដងវិថីនៅភ្នំពេញ ទៀតផង។

-ក្រឡាហោម គង់ ៖ ជាមន្ត្រីចតុស្តម្ភ សេនាបតីកងទ័ពជើងទឺក ធ្វើសកម្មភាពប្រឆាំងបារាំង ត្រូវខ្មែរចៃបារាំង បញ្ជោត ឱ្យឡើងមើលកប៉ាល់បារាំង ដែលចូលចតនៅទន្លេចតុម្មុខ ត្រូវគេព្រួតចាប់ចងផ្អោបនឹងបំពង់ផ្សែងកប៉ាល់ ស្លាប់ទៅ។ ក្រឡា ហោម គង់ ក៏ក្លាយជាវីរបុរសនៅសម័យសង្គមរាស្ត្រនិយម ក្រោយប្រទេសបានឯករាជ្យ បានទាំងយកសកម្មភាពលោកដាក់ ក្នុងកម្មវិធីសិក្សាទៀតផង។

-ព្រះអាចារ្យ ហែម ចៀវ ៖ សកម្មភាពលោកឧតុង្គឧត្តមថ្លៃថ្លាណាស់ ព្រោះបើកុំតែព្រះអង្គដឹកនាំព្រះសង្ឃតវ៉ា កុំអី អក្សរសាស្ត្រខ្មែរ ត្រូវបារាំង ឱ្យសរសេរយកតាមគំរូអក្សរយួន មិនខាន។ លោកទទួលមរណភាពនៅកោះត្រឡាច ប៉ុន្តែ លោកសេនាប្រមុខ លន់ នល់ បានបញ្ជាឱ្យទៅលើងសពលោកមកធ្វើបុណ្យបូជា ប្រកាសកិត្តិនាមជាមហាវីរបុរសខ្មែរ ហើយ អដ្ឋិធាតុរបស់លោកបានបញ្ចុះនៅក្នុងចេតិយវត្តឧណ្ណាលោម។

-ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ៖ រួមមាន សម្តេច ហេង សំរិន, សម្តេច ជា ស៊ីម, សម្តេច ហ៊ុន សែន ត្រូវប៉ុល ពត ចោទប្រកាន់ពីបទ “ក្បត់បដិវត្តន៍” មានការបញ្ជូនទ័ពទៅបង្ក្រាបយ៉ាងចាស់ដៃ។ ឥស្សរជនទាំង ៣រូបនេះ បានរត់ភៀស ខ្លួនទៅវៀតណាម ជាពិសេសសម្តេចហ៊ុន សែន អតីតប្រធានកងវរសេនាធំ ត្រូវវៀតណាម ចាប់ដាក់ពន្ធនាគារ ព្រោះមិន ទាន់ទុកចិត្ត។ បច្ចុប្បន្ន អតីតអ្នកក្បត់បដិវត្តន៍របស់អង្គការមហាលោតផ្លោះ និងជាអតីតអ្នកទោសយួន ត្រូវបានអ្នកគាំទ្រ បក្សកាន់អំណាច (CPP) លើកតម្កើងជាវីរបុរស។

នៅមានឥស្សរជននយោបានច្រើនទៀត ដែល “នគរធំ” ដកស្រង់មិនអស់ សុទ្ធតែធ្លាប់ជាប់គុកច្រវាក់ រងការធ្វើទារុណកម្ម ទីបំផុតក៏ក្លាយជាវីរបុរស-វីរនារី។ ការតស៊ូ លុះត្រាតែមានកម្រិតខ្លាំង ឬរងការចោទប្រកាន់ពីបទ “ក្បត់ជាតិ” ត្រូវទទួល ទោសប្រហារជីវិត ទើបអាចទទួលបានងារជាវីរបុរស ប៉ុន្តែបើការតស៊ូល្មមៗ ត្រឹម “ទោសមជ្ឈិម” មិនអាចទទួលងារជា វីរបុរសបានឡើយ។

-លោកណែលសុន ម៉ង់ដេឡា ៖ អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង ជាអ្នកប្រឆាំងលទ្ធិអាប៉ាថេត ប្រកាន់ពណ៌សម្បុរ ត្រូវពួកអាណានិគមអង់គ្លេស ចាប់ដាក់គុក ជិត៣០ឆ្នាំ។ ទីបំផុតលោកជាប់ឆ្នោត ក្លាយជាប្រធានាធិបតីស្បែកខ្មៅមុនគេ និងជាវីរបុរសដ៏ល្បីល្បាញ។

-លោកស្រីអោងសាន ស៊ូជី ៖ អ្នកនយោបាយភូមាដ៏អស្ចារ្យ មាតានៃលទ្ធិប្រជាធិបតេយ្យ ត្រូវពួកយោធា ធ្វើរដ្ឋប្រហារ ចាប់ដាក់គុក ២ដងទៅហើយ ដែលលើកក្រោយនេះ ពុំដឹងជាវាសនាលោកស្រី ងើបវិញ ឬធ្លាក់រហូតនោះទេ។ ប្រជាជន ភូមា ប្រហែល ៨០% បានលើកតម្កើងលោកស្រី ជា “វីរនារី” រហូតដល់មានយុវតីស្ម័គ្រចិត្តកាន់កាំភ្លើង ធ្វើការតស៊ូប្រឆាំង របបយោធារដ្ឋប្រហារ មិន អុងឡាំង។

ក្នុងពេលកំពុងធ្វើសកម្មភាពនយោបាយប្រឆាំង បើធ្វេសប្រហែសឱ្យរដ្ឋអំណាចចាប់បាន នឹងត្រូវចោទប្រកាន់ពីបទ “ក្បត់ជាតិ” ចៀសមិនរួចឡើយ។ ទោះបីជាជនជាប់ចោទ ប្រកែកតវ៉ាយ៉ាងណា ក៏អត់ផ្លូវរួចខ្លួនឡើយ បើដូចពីបុរាណ នឹងរងទារុណកម្មស្ទើរស្លាប់ លុះត្រាតែមានអ្នកមកជួយរំដោះ ទើបមានសេរីភាពវិញ។

ដូច្នេះករណីលោកកឹម សុខា, រ៉ុង ឈុន, សួង សុភ័ណ្ឌ៘ កំពុងជាប់រនាំងសេរីភាពនោះ ទោះជាបានមេធាវី ឬអង្គការ សង្គមស៊ីវិល ជួយធ្វើអន្តរាគមន៍យ៉ាងណា ក៏មិនងាយរួចខ្លួន។ ក្រឡាអុកនយោបាយ បើភាគីម្ខាងដើរកូនត្រី កូនសេះ កូនទូក ភ្លាត់ស្នៀត នឹងត្រូវភាគីខ្លាំង “អុកដាក់កំប៉ុង” មិនខានឡើយ ពោលគឺ “ចាប់ខ្លួនពួកប្រឆាំង រុញទៅតុលាការផ្តន្ទាទោស ដាក់ គុក”។ បើវាសនាជនជាប់ចោទទាំងនោះមាន អាចនឹងក្លាយជា “វីរបុរស-វីរនារី” ទៅអនាគត ប៉ុន្តែបើអស់អាយុសង្ខារមុន ពេលមានសេរីភាព ឈ្មោះថា វីរបុរស វីរនារី មានតែនៅលើក្រដាសប៉ុណ្ណោះ។

សរុបទៅ “អ្នកទោស ក្លាយជាវីរបុរស” គ្រាន់តែជាការគាស់កកាយប្រវត្តិសាស្ត្រ មកបង្ហាញតែប៉ុណ្ណោះ។ របបណា ក៏ចាប់ពួកប្រឆាំង ដាក់គុកដែរ ដូចរបបលន់ នល់ ចាប់ខ្លួនមន្ត្រីជំនិតសម្តេចឪ ដាក់គុក ឬនិរទេសចេញពីស្រុក។ របបប៉ុល ពត ចាប់ខ្លួនមន្ត្រី ឬនាយទាហាន លន់ នល់ ដាក់គុក ឬកម្ទេចចោល សូម្បីតែប្រជាជន ក៏មិនលើកលែងដែរ។ របបសាធារណរដ្ឋ ប្រជាមានិតកម្ពុជា ចាប់ខ្លួនកម្មាភិបាល ឬកងឈ្លបប៉ុល ពត ដាក់គុក អប់រំ មុននឹងដោះលែងវិញ។ ករណីសម្តេចនាយក-រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអ្នកគាំទ្រតម្កុំតម្កើងជាវីរបុរស គឺមកពីសម្តេច ធ្លាប់ជាអ្នកទោសប្រឆាំងបដិវត្តន៍ប៉ុល ពត ដែល ជាបរិបទសម្រាប់ពិចារណាទាំងអស់គ្នា….”៕

RELATED ARTICLES