ដោយ អាចារ្យថាំ
និន្នាការនយោបាយ បើកាលណាឡើងដល់កម្រិត តែងតែមានការលាបពណ៌ គ្នា បើអ្នកដឹកនាំប្រទេស ឬអ្នកនយោបាយកំពូល មិនរកវិធីទប់ស្កាត់ការលាប-ពណ៌គ្នានោះ អាចនាំគ្រោះថ្នាក់ដល់ប្រជាជាតិ។
នៅក្នុងរឿង “សត្វមៀម និងក្អែក” បានតំណាលពីបឋមកប្ប សត្វបក្សាបក្សី ពណ៌សម្បុរដូចៗគ្នា ឬ “ពណ៌ផ្ទៃមេឃ” ទាំងអស់។ ក្រោយមកមៀម ហើរ ទៅពឹងក្អែកជាក្លើ ឱ្យជួយលាបពណ៌ខ្លួនឱ្យល្អមើលផង ទើបក្អែកយកថ្នាំពណ៌ស មកលាបឱ្យមៀម។ អាសត្វភ្នែកធំ រកស៊ីពេលយប់នេះ អត់ពេញចិត្តទេ ដោយ គិតថា អាក្អែកនេះ ខូចណាស់ វាដឹងថា ឯងរកស៊ីយប់ ក៏លាបពណ៌សឱ្យ ច្បាស់ ជាក្តាមខ្យងមើលឃើញស្ទុងៗ រត់គេចអស់ រកចំណីស៊ីលែងបាន។
ដល់ក្អែកពឹងវិញ មៀមចងគំនុំ ក៏យកធ្យូងបាតឆ្នាំង មកលាបឱ្យឡើងខ្មៅ អ៊ូញ លុះឆ្លុះកញ្ចក់ឃើញរូបអាក្រក់ ក្អែកខឹងណាស់ ក៏ដេញចឹកមៀម ក្លាយទៅ ជាសត្រូវនឹងគ្នា រហូតដល់សព្វថ្ងៃ។
រឿងនិទាននេះ “សំដៅដល់វប្បធម៌លាបពណ៌” គ្នានេះឯង ដែលវាអត់បាន ចំណេញអ្វីដល់ជាតិមាតុភូមិក្រៅពីការចងគំនុំគុំកួន នឹងខ្មែរដូចគ្នានោះទេ។
កន្លងមក ពួកប្រឆាំង នៃអតីតបក្សសង្គ្រាះជាតិ (CNRP) លាបពណ៌ឱ្យមន្ត្រី គណបក្សប្រជាជនកម្ពុជា (CPP) ដែលជាបក្សកាន់អំណាច ថា “អាយ៉ងយួន, កាត់ដីឱ្យយួន, ក្បាលយួនខ្លួនខ្មែរ” ជាដើម។ គេគូររូបថ្នាក់ដឹកនាំប្រទេសពាក់ដួន មានសញ្ញាផ្កាយទង់ជាតិវៀតណាម គឺជាការលាបពណ៌ដូច “ក្អែកលាបពណ៌ឱ្យ មៀម”។
ដោយឡែកអ្នកគាំទ្របក្សកាន់អំណាច លាបពណ៌ឱ្យមេប្រឆាំងសម រង្ស៊ី ថា “បម្រើយួន, កាត់ដី ៤ខេត្តឱ្យយួន, គប់គិតជាមួយយួនសេរី ឈ្មោះកុកស” ជាដើម។
ឥឡូវរវាងអ្នកគាំទ្រ CPP និងអ្នកគាំទ្រ CNRP ទរគ្នារង្គើហ្វេសប៊ុក លាប ពណ៌គ្នាទៅវិញទៅមក សុទ្ធតែយួន ទាំងអស់ ដោយហោចទៅ សូម្បីទារក-ទារិកា ទើបនឹងកើត ក៏មានឈាមយួនដែរ។ ករណីនេះ បើអ្នកនយោបាយកំពូល នៅតែ បណ្តែតបណ្តោយឱ្យមានការលាបពណ៌យ៉ាងនេះទៀត អាចប្រឈមនឹងគ្រោះ ថ្នាក់ដល់ប្រជាជាតិខ្មែរ ដូចជំនាន់ប៉ុល ពត។
របបកម្ពុជាប្រជាធិបតេយ្យ បានយក “វប្បធម៌លាបពណ៌” មកប្រើក្នុងការ បោសសម្អាតអ្នកប្រឆាំងបដិវត្តន៍។ គេចោទហ៊ូ នឹម, ហ៊ូ យន់, កុយ ធួន, សោ ភិម… ជាផ្ទៃក្នុងរបស់យួន ដោយរៀបចំរបៀបសម្លាប់អ្នកប្រឆាំងដោយការ ចោទប្រកាន់បែបនេះ។ ប្រជាជនទាសករដែលហ៊ានលួចពោត ១ផ្លែ, ដំឡូង ១មើម ត្រូវកម្មាភិបាលខ្មែរក្រហម ចោទថា “គិញយួន” ក៏ដល់នូវសេចក្តីស្លាប់ ដោយត្បូងចប គល់ប្ញស្សី ដែលយើងមិនបាច់រំព្ញកវែងឆ្ងាយ។
ឥឡូវ “វប្បធម៌លាបពណ៌” វិលមកវិញទៀតហើយ ខ្មែរចោទប្រកាន់គ្នា ខុសពីការពិត ភាគីណាក៏យួនដែរ។ សូម្បីតែលោកប៉ុល ហំម, លោកអ៊ូ ច័ន្ទរ័ត្ន ចេញទៅបង្កើតបក្សថ្មី ក៏គេថា “បម្រើយួន” ឬ “អាយ៉ងរបស់អាយ៉ងយួន”។ អ្នកវិភាគគឹម សុខ ក៏គេលាបពណ៌ឱ្យថា “បម្រើយួន” ព្រោះហ៊ានរិះគន់លោក សម រង្ស៊ី និងលោកកឹម សុខា។
ធ្ងន់បំផុត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានឈាមជនជាតិខ្មែរសុទ្ធ ស្រុកកំណើតនៅខេត្តកំពង់ចាម ក៏គេថាយួន។ លោកសម រង្ស៊ី ជាកូនលោក សម សារី អតីតឧបនាយករដ្ឋមន្ត្រី ធ្លាប់តវ៉ាទាមទារដីកម្ពុជាក្រោម ជាមួយ សម្តេចសឺន សាន ក៏មេប្រឆាំងនេះត្រូវគេលាបពណ៌ថា “យួន កាត់ដី៤ខេត្តឱ្យ យួន ធ្វើការតាមយួនបញ្ជា”។
ដូច្នេះ “វប្បធម៌លាបពណ៌” បើទុកយូរទៅ ដូច “មៀម និងភ្នែក” យកគ្នា ជាសត្រូវ អត់ដឹងថា ពួកខ្លួនជាសត្វស្លាបដូចគ្នា។ ខ្មែរ ជាពូជសាងប្រាសាទអង្គរវត្ត ដូចគ្នា បើនាំគ្នាលាបពណ៌សុទ្ធតែយួន យ៉ាងនេះ គង់តែជួបគ្រោះថ្នាក់ធ្ងន់។ គួរ យកគំរូតាមសម្តេចឪ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបង្កើតពាក្យ “ខ្មែរ លើ, ខ្មែរកណ្តាល, ខ្មែរក្រោម” គឺសុទ្ធតែខ្មែរដូចគ្នា គ្មានឈាមយួនទេ…”៕