ដោយ អាចារ្យថាំ
សុភាសិតខ្មែរថា “ភ្លើងឆេះពីសំរាម អង្កាមកើតពីស្រូវ” មានខ្លឹមសារចង្អុលបង្ហាញពីមូលហេតុនៃការកើតអនាធិបតេយ្យ ផ្សេងៗ ក្នុងសង្គម បណ្តាលមកពីមានអំពើពុករលួយ គប់គិតសមគំនិតគ្នាជាប្រព័ន្ធ។ ទោះបីជារំលាយអតីតបក្សសង្គ្រោះ ជាតិ (CNRPរ) ក៏រលាយតែក្នុងបញ្ជី ឯនិន្នាការដើរតាមលោកសម រង្ស៊ី និងលោកកឹម សុខា វាអត់ទាន់រលាយ លុះមាន បញ្ហាអយុត្តិធម៌សង្គម ធ្វើឱ្យនិន្នាការនោះ ក្លាយទៅជាសំរាមប៉ះនឹងភ្លើងឬ អង្កាមបាចច្រាសខ្យល់ ហើរចូលភ្នែក ដែល “នគរធំ” សូមលើកសុភាសិត “ភ្លើងឆេះពីសំរាម អង្កាមកើតពីស្រូវ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
“ភ្លើងឆេះពីសំរាម” បើបរិយាយតាមន័យត្រង់ ឬអត្ថានុរូប មានន័យថា សំរាមដែលគរជាពំនូក ឬស្លឹកឈើស្ងួត ដែល ជ្រុះខ្ជាំគ្មានអ្នកបោសសម្អាត ពេលត្រូវថ្ងៃក្តៅក៏ស្ងួតហប់ លុះមានអ្នកចោលកន្ទុយបារីទៅលើ ប៉ះខ្យល់បក់ត្រសៀកៗ ក៏ចេញ ជាអណ្តាតភ្លើង ឆាបឆេះសំរាម។ បើត្រឹមតែឆេះសំរាម អត់អីទេ តែអណ្តាតភ្លើងនោះ វារាលឆេះផ្ទះសម្បែង ឬឆេះព្រៃ រាប់រយហិកតារ ព្រោះតែការធ្វេសប្រហែស មិនចេះបោសសំរាម ឬបោះសំរាមចោលពាសវាលពាសកាល។
“អង្កាមកើតពីស្រូវ” បើបង្ហាញន័យត្រង់ សំដៅដល់អ្នកស្រុកយកស្រូវ ទៅកិននឹងត្បាល់កិនដោយដៃ ដោយមិននិយាយ ដល់ម៉ាស៊ីនកិនស្រូវនោះទេ។ ទាល់តែមានស្រូវកិន ទើបវាចេញអង្កាម ដែលអង្កាមនោះ មានប្រយោជន៍ណាស់ គេប្រមូល កើបយកទៅលាយភក់ និងចំបើង សម្រាប់បូកជញ្ជាំងផ្ទះដី ឬយកទៅជាន់ឥដ្ឋ ទើបឥដ្ឋនោះមិនប្រេះ។ ជំនាន់បុរាណ មានគ្រូ ធ្មប់ខ្លាំងពូកែ អាចយកអង្កាម ដាក់នឹងថ្នក់កន្សែង រាយមន្តអាគមជបអង្កាម ឱ្យក្លាយទៅជាស្រាំង ឪម៉ាល់ តាឱ ដេញទិច កងទ័ពបច្ចាមិត្រ ឱ្យរត់ចោលសមរភូមិ។ អង្កាម១ក្តាប់ ដែលបាចចេញពីដៃគ្រូធ្មប់ ក្លាយជាឪម៉ាល់ រាប់ពាន់ក្បាល មាន ពិសក្តៅដូចភ្លើង ប៉ុន្តែ បើគ្រូធ្មប់នោះ សាបសិល្ប៍វេទមន្ត ធ្វើឱ្យអង្កាមនោះ ត្រូវខ្យល់ផាត់ចូលភ្នែកគាត់វិញ។
បើបរិយាយតាមអត្ថប្បដិរូប ឬន័យធៀប “ភ្លើងឆេះពីសំរាម” សំដៅដល់មូលហេតុនៃការកើតនិន្នាការប្រឆាំង ពោលគឺ កាលពីឆ្នាំ១៩៧៩ ប្រជាពលរដ្ឋខ្មែរ ដឹងគុណគណបក្សប្រជាជនកម្ពុជា ប្រមាណ៩៥ភាគរយ ព្រោះកុំតែបានថ្នាក់ដឹកនាំរណសិរ្ស សាមគ្គីសង្គ្រោះជាតិ ជួយរំដោះ ម៉្លេះសមរបបប៉ុល ពត កម្ទេចប្រជាពលរដ្ឋឯងស្លាប់ហិនហោចមិនខាន។ លុះរដ្ឋអំណាចថ្មី ទប់ទល់អំពើពុករលួយ អយុត្តិធម៌សង្គម មិនជាប់បណ្តាលឱ្យ “ចលនាប្រឆាំង” កើតឡើងជាបន្ទាប់។ រហូតមកទល់បច្ចុប្បន្ន ទោះបីជាអតីត CNRP ត្រូវរំលាយទៅហើយក្តី ក៏និន្នាការប្រឆាំង នៅតែមិនព្រមរលាយ កើតទៅជា “ភ្លើងឆេះសំរាម” ពោលគឺសំរាម សំដៅដល់អយុត្តិធម៌សង្គម ពុករលួយ បក្ខពួក-គ្រួសារនិយមនោះឯង ទើបបានជា “ភ្លើងប្រឆាំង” វាឆាបឆេះ មិនព្រមរលត់។
“អង្កាមកើតពីស្រូវ” បើបរិយាយតាមន័យធៀប សំដៅដល់អាជ្ញាធរមានសមត្ថកិច្ចព្យាយាម ទប់ស្កាត់ បង្ក្រាបនិន្នាការ ប្រឆាំង ឬមានអ្នករង់ចាំ “ជេរតទល់នឹងពួកប្រឆាំង” តាមបណ្តាញសង្គម បានត្រឹមតែពួកប្រឆាំងជេរប្រទេច ខូចកិត្តិយសតែ ប៉ុណ្ណោះ។ អ្នកគាំទ្រ CPP កើតចេញពី CPP បើធ្វើជាអង្កាម បាចចេញជាឪម៉ាល់ ស្រាំង តាឱ ឱ្យហើរទៅទិចពួកប្រឆាំង លុះត្រាតែ “សិល្ប៍សាស្ត្រខ្លាំងពូកែ” តែបើដូចសព្វថ្ងៃ លែងពូកែហើយ បើបាចកាន់តែខ្លាំង អង្កាមច្រាលចូលភ្នែកក៏ខ្លាំងដែរ ដូចឃើញក្នុងហ្វេសប៊ុក រាល់ថ្ងៃ ជេរគ្នាដូចព្យុះ។
ទោះយ៉ាងណា “ភ្លើងឆេះពីសំរាម” អាចនឹងរលត់វិញ អាស្រ័យលើគោលនយោបាយបក្សកាន់អំណាច ប្រកាន់ជំហរ ម៉ឺងម៉ាត់ ឬមានឥរិយាបថ “សម្តីឥសូរ” ដូច “នគរធំ” សរសេរពីលេខមុន។
“សម្តីឥសូរ” គឺនិយាយម៉ាត់ណាម៉ាត់ហ្នឹង មិនឡប់ឡែឡេះឡោះបាតដៃជាខ្នងដៃដូចក្មេង។ អភិបាលរាជធានីភ្នំពេញ ដែលចាត់ទុកជាភ្នែកត្រចៀករបស់នាយករដ្ឋមន្ត្រី បានដាក់ផែនការ “ដេញអនាធិបតេយ្យ” ត្រូវតែធ្វើឱ្យខាងតែបាន ម៉ឺងម៉ាត់ ហ្មត់ចត់ហើយក៏អត់មានដំណោះស្រាយអ្វីទន់ភ្លន់ជាមួយពួកអនាធិបតេយ្យទាំងនោះដែរ។ អាជ្ញាធរដេញតែពួកអនាធិប-តេយ្យដែលរស់នៅលើទឹកទន្លេនាំឱ្យខូចបរិស្ថាន អត់មានប្រកាន់ថា យួន ចិន ចាម ខ្មែរ អ្វីទេ ឱ្យតែតាំងលំនៅខុសច្បាប់ ត្រូវតែរើកញ្ជើ រើតោកតាមការកំណត់។ បើធ្វើបានសម្រេច គ្មានភ្លើងឯណាឆេះសំរាមទៀតទេ ព្រោះ “សម្តីឥសូរ” អាចពន្លត់ ភ្លើងបានយ៉ាងមានប្រសិទ្ធភាព។ មូលហេតុដែលនាំឱ្យជនជាតិវៀតណាម ឡើងតាមទូក មករស់នៅលើដែនទឹកក្នុងភូមិសាស្ត្រ រាជធានី និងតាមបណ្ត្កាខេត្តនានានោះ គឺមកពី “មានសំរាម” ពោលគឺអំពើពុករលួយ បើកផ្លូវឱ្យគេចូលតាមចិត្ត។ មិនមែន មកពីរដ្ឋាភិបាលកម្ពុជា ខ្លាចឥទ្ធិពលគេនោះទេ តែអំពើពុករលួយតាមច្រកព្រំដែន មានលក្ខណៈជាប្រព័ន្ធ ទោះជាខាងក្រសួង អន្តោប្រវេសន៍ ចាប់បញ្ជូនចេញទៅវិញយ៉ាងណា ក៏មិនឈ្នះអ្នកបើកផ្លូវឱ្យចូល។
ដូច្នេះដើម្បីឱ្យអស់សំរាម លុះត្រាតែយក “អភិក្រម៥” មកអនុវត្តឱ្យដល់កម្រិត ឬដូចភ្លៀងរលឹម ធ្វើរហូតទើបបាន។ ជនជាតិខ្មែរ ជិះកង់ឆ្លងដែនខុសច្បាប់ទៅស្រុកយួន ត្រូវប៉ូលិសយួន ចាប់បញ្ជូនមកវិញ ដោយគ្មានការយោគយល់ តែទូក យួន ឡើងតាមទន្លេ រហូតដល់ភ្នំពេញ បែរជាគ្មានឧបសគ្គអ្វីសោះ។ ចំណាត់ការដេញពួកអនាធិបតេយ្យ ត្រូវប្រជាពលរដ្ឋខ្មែរ ជិត ១០០% គាំទ្រ ប៉ុន្តែក៏នៅសល់បុគ្គលពុករលួយខ្លះ មិនចង់ឱ្យដេញអនាធិបតេយ្យនេះទេ។
“ពួកប្រឆាំង ឬភ្លើងកន្ទុយបារី” ចូលចិត្តឆាបឆេះគំនរសំរាមស្ងួត តែបើបោសសំរាមស្អាងធេង តើភ្លើងកន្ទុយបារីនោះ បានស្អីឆេះ?
“ពួកជេរប្រទេច CPP” ជាអង្កាមកើតចេញស្រូវ ឬជាខ្មែរម្ចាស់ស្រុកដូចគ្នា បើ “អ្នកគាំទ្រ CPP” ជាអង្កាមដែរ ប្រឹង បាចអង្កាមច្រាសខ្យល់ ឬប្រឹងជេរប្រទេចពួកអង្កាមប្រឆាំងនោះ បានត្រឹម “អង្កាមច្រាលចូលភ្នែក” យ៉ាងនេះឯង។
របបលន់ នល់ មិនអាចទប់ទល់អំពើពុករលួយបានឡើយ ដោយមាននាយទាហាន តាំងពីថ្នាក់ក្រសួង រហូតដល់ថ្នាក់ វរសេនាតូច “លួចស៊ីលុយទាហានខ្មោច” ជាជំនួយអាមេរិក។ អំពើពុករលួយ “តូចស៊ីដោយតូច ធំស៊ីដោយធំ” បានធ្វើឱ្យរបប លន់ នល់ បែកបាក់គ្នា ដល់នូវបរាជ័យ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។
ដោយឡែក របប ប៉ុល ពត ប្រកាសថាស្អាតស្អំណាស់ ជាបដិវត្តន៍ក្រហមឆ្អិនឆ្អៅ បរិសុទ្ធចាំងចែង ប៉ុន្តែគណៈស្រុកខ្លះ ខិលខូចលួចសហាយស្មន្ធជាមួយប្រធានារីស្រុក។ គណៈឃុំខ្លះ លួចទៅជួបស្រីមេម៉ាយស្អាតៗ ដែលប្តីនាងត្រូវគេយកទៅ សម្លាប់។ ប្រធានកងចល័តស្ទើរទាំងអស់ លួចស៊ីបាយ មានត្រីអាំង ឬសាច់គោអាំង ជាមួយចុងភៅក្នុងរោងបាយ ខណៈ ដែលកូនកងចល័ត ចែកបបររាវកក្លូក បានម្នាក់១កា ឬ១វែក។
ពុករលួយមានកម្រិត មានស្តង់ដារ ក្លាយទោជាគំនរសំរាម ប៉ះភ្លើងកន្ទុយបារី ក៏ឆាបឆេះឡើង បើគ្មានវិធីទប់ទល់ ឬ បោសចេញ អាចធ្វើឱ្យភ្លើងឆេះសំរាម រាលឆេះព្រៃ រាប់ពាន់ហិកតារ។
សរុបទៅ “ភ្លើងឆេះពីសំរាម អង្កាមកើតពីស្រូវ” មានន័យយ៉ាងនេះឯង។ ព្រោះតែមានអំពើពុករលួយតាមព្រំដែន ទើបមានអនាធិបតេយ្យរស់នៅលើទឹកទន្លេ ហើយរឿងយកអង្កាមបាចដាក់គេ បានត្រឹមគេបាចដាក់វិញ។ ដើម្បីស្តារបញ្ហា នេះ លុះត្រាតែបក្សកាន់អំណាច បោសឱ្យអស់អនាធិបតេយ្យ ទាំងក្នុងទឹក ទាំងលើគោក អស់ភាពរញ៉េរញ៉ៃ លក់ដូរលើផ្លូវ និងចិញ្ចើមថ្នល់ ចតយានយន្តពាសវាលពាសកាល… ទើបធានាថា “អស់ភ្លើងឆេះសំរាម” តទៅទៀត…”៕