Friday, May 3, 2024
Homeបរិយាយកម្លាំងឯកភាពជាតិ

កម្លាំងឯកភាពជាតិ

ដោយ អាចារ្យថាំ

នៅពេលមានការឈ្លានពាន រំលោភបូរណភាពទឹកដី ពីប្រទេសជិតខាង បើនគរដែលត្រូវគេឈ្លានពាននោះ “ខ្វះឯកភាព ប្រជាជាតិ” អាចជាចន្លោះប្រហោង ច្រករបៀង បើកផ្លូវឱ្យបច្ចាមិត្ត ចូលបានយ៉ាងស្រួល។ របបប៉ុល ពត មុនដំបូង មាន កម្លាំងទ័ពខ្លាំងក្លាណាស់ លុះធ្វើឱ្យបាត់បង់ឯកភាពប្រជាជាតិ ជាហេតុនាំឱ្យកងទ័ពវៀតណាម វាយលុកចូលផ្តួលរំលំបាន។ បច្ចុប្បន្នបើក្រឡេកមួយភ្លែត ឃើញថា កម្ពុជា ប្រកបដោយសុខសន្តិភាព ប៉ុន្តែបើឃ្លាំមើលឱ្យយូរបន្តិច ទើបដឹងថា កំពុង ឈានទៅបាត់បង់ឯកភាពជាតិ ដែល “នគរធំ” ក្តាប់បានក៏លើកពី “កម្លាំងឯកភាពជាតិ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ឯកភាពជាតិ” សំដៅដល់ការរស់នៅរបស់ប្រជាជាតិមួយ មានសុខសន្តិភាព គ្មានការបែកបាក់ ចែកបក្សចែកពួក គ្មាន ឧទ្ទាមកម្ម គ្មានការប្រឆាំងតវ៉ា គ្មានអនាធិបតេយ្យ៘ គោលនយោបាយ ឬរបបគ្រប់គ្រងប្រទេស ត្រូវការជាចាំបាច់នូវ ការរួបរួមគ្នាជាធ្លុងមួួយួ ប្រមែប្រមូលបណ្ឌិតបញ្ញវន្ត អ្នកឯកទេស ឱ្យធ្វើការបម្រើជាតិ តាមសមត្ថភាពជំនាញ ជាពិសេស ដោះស្រាយយ៉ាងណាកុំឱ្យមាន “ឧទ្ទាមកម្ម” កើតឡើងបាន តាមរយៈការសម្របសម្រួល សម្បទាន សន្តោសប្រោសប្រណី ពុំអាច “យកភ្លើងទៅដុតភ្លើង” បានឡើយ តែគេ “យកទឹក ពន្លត់ភ្លើង”។

សព្វថ្ងៃ យើងឃើញតាមបណ្តាញសង្គម មានការជេរប្រទេចគ្នារវាងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រ អតីតបក្សសង្គ្រោះជាតិ (CNRP) វាយប្រហារគ្នាដោយពាក្យសម្តីអសុរោះ អសីលធម៌ អាក្រក់ជាទីបំផុត។ សកម្មភាព ជេរប្រទេចគ្នានេះ មិនមែនជាគោលការណ៍ “ពហុបក្ស” នោះទេ តែវាឈានដល់ “ឧទ្ទាមកម្ម” ទៅហើយ សូម្បីអ្នកនាំពាក្យ CPP ក៏ទទួលស្គាល់ថា អ្នកជេរ CPP ជា “ឧទ្ទាមក្រៅច្បាប់” ដែរ។ បើកាលណាមានចលនាប្រឆាំងរដ្ឋាភិបាលច្រើន ចង់ ធ្វើអ្វីក៏មិនបានលឿនដូចចិត្តដែរ គឺរដ្ឋាភិបាលត្រូវបោះ “ជំហានគីង្គក់” មិនអាចប្រើ “ជំហានសេះ” បានឡើយ។

ដើម្បីឱ្យបានជំហានសេះ លុះត្រាតែមាន “កម្លាំងឯកភាពជាតិ” ដោយការបង្រួបបង្រួម អូសទាញអ្នកនយោបាយប្រឆាំង ឱ្យចូលរួមសម្បាច់ ជាពិសេស យកតែអ្នកនយោបាយណា ដែលមានឥទ្ធិពលខ្លាំង តែបើអូសទាញបានតែអ្នកនយោបាយរាយរង កំប៉ិកកំប៉ុក រាស្ត្រមិនសូវស្គាល់នោះ ក៏ពិបាករកឯកភាពជាតិដែរ ព្រោះអ្នកនយោបាយមានឥទ្ធិពលខ្លាំង តែងមានប្រជារាស្ត្រ គាំទ្រច្រើន។

ប្រទេសវៀតណាម កាន់របបកុម្មយនីស្តនិយម គេមិនឱ្យមានពហុបក្សនោះទេ និងគ្មានឧទ្ទាមកម្ម បង្កជាជម្លោះជេរ ប្រទេច ដូចកម្ពុជា នោះទេ លុះគេព្យាយាមរៀបចំឯកភាពជាតិ អាមេរិក មើលឃើញក៏ចាប់ដៃវៀតណាម ជំរុញសេដ្ឋកិច្ច និងយោធា ធ្វើឱ្យវៀតណាម ក្លាយទៅជា “បងធំនៅអាស៊ាន” យ៉ាងឆាប់រហ័ស គឺហួសពី “បងធំឥណ្ឌូចិន” ទៅហើយ។

ដោយឡែក ប្រទេសចិន ធ្លាប់ដាក់អាណានិគមទៅលើប្រទេសដៃវៀត អណ្ណាមកុក ជាង ១០០០ឆ្នាំ លុះឃើញប្រទេស នេះ ចាប់ដៃអាមេរិក ជាមហាអំណាចទី១ ក្នុងពិភពលោក ធ្វើឱ្យចិនិ ញញើតយួន តិចៗដែរ។ ជាក់ស្តែងចិន អត់សូវហ៊ាន រំលោភដែនសមុទ្រខាងត្បូង ដែលវៀតណាម អះអាងថា ជារបស់ខ្លួននោះឡើយ។ មានន័យថា វៀតណាម ទទួលបាន “ឯកភាពជាតិ” ទើបគេខ្លាំង សូម្បីតែចិន ក៏មិនសូវហ៊ានក្អក រហូតដល់វៀតណាម មានលទ្ធភាពការពារជនជាតិគេ ដែល ចេញមករស់នៅកម្ពុជា ដោយខុសច្បាប់ទៀតផង។

ករណីអាជ្ញាធររាជធានី ដេញពួកអនាធិបតេយ្យ ដែលភាគច្រើនជាជនជាតិយួន ទោះជារុះរើសំណង់បណ្តែតលើទឹកទន្លេ ក៏ពិបាកដេញទៅស្រុកវិញ ព្រោះតែយើង “គ្មានឯកភាពជាតិ” នេះឯង។ យើងខ្វះការរួបរួមគ្នា ដល់បើកប្រតិបត្តិការដេញ ជនជាតិយួន ដែលគេចេះរួបរួមឯកភាពគ្នា មានទៅស្រួលអី? ប្រៀបបាននឹងក្មេងពីរនាក់ ឈ្លោះវាយតប់គ្នា រួចទៅរំខាន ក្មេង ១០នាក់ ដែលកំពុងលេងជុំគ្នានោះ តើរំខានគេយ៉ាងម៉េចបាន? ច្បាស់ជាក្មេង ១០នាក់នោះ ព្រួតគ្នាវ៉ៃក្មេងទាំងពីរ មិនខានឡើយ។

តាមការឃ្លាំមើល មន្ត្រី CPP ដែលមានទ្រព្យសម្បត្តិច្រើន អត់ចង់ឱ្យពួកប្រឆាំង ចូលរួមជាមួយទេ ដោយចាត់ទុកជា ឧទ្ទាមក្រៅច្បាប់ ជាមនុស្សថោកទាប បាតសង្គម។ អ្នកដើរតាមលោកសម រង្ស៊ី និងលោកកឹម សុខា ឬប្រឆាំងផ្កាប់មុខនោះ គេស្អប់ដូចគំរង់ ប៉ុន្តែបើពិចារណាទៅ “សត្វតិរច្ឆានថោកទាបយ៉ាងណា ក៏អាចយកជាមិត្តបានដែរ ដើម្បីរួមគ្នាទប់ទល់សត្រូវ ពីក្រៅ” ដែល “នគរធំ” សូមលើករឿងបុរាណមួយ មកធ្វើជាទឡ្ហីករណ៍ ៖

នៅក្នុងរឿង “ព្រះមហិស្សរាធិបតី និងស្តេចស្រមោចខ្មៅ” ដកស្រង់ពីស្នាដៃ “គតិលោក” របស់អ្នកឧកញ៉ាសុត្តន្តប្រីជា ឥន្ទ បានតំណាលពីព្រះមហាក្សត្រាធិរាជ ១អង្គព្រះនាម ព្រះមហិស្សរាធិបតី។ ព្រះអង្គមានស្តេច ១០១នគរ ជាចំណុះ និងមាន ស្តេចគ្រុឌ ស្តេចនាគ ស្តេចដំរី និងសត្វធំៗឯទៀត សុំថ្វាយខ្លួនជាមិត្ត។ ស្តេចអង្គនោះ យល់ព្រមទទួលតែសត្វធំៗប៉ុណ្ណោះ ឯសត្វ តូចៗថោកទាប មិនទទួលឡើយ ប៉ុន្តែថ្ងៃមួយ ស្តេចស្រមោចខ្មៅ បានទៅសុំភ្ជាប់មិត្តភាព។ ស្តេចធំ មិនព្រមទទួល ទេ ប៉ុន្តែ ព្រាហ្មណ៍បុរោហិត ថ្វាយយោបល់ថា “ការធ្វើគ្រឿងអលង្ការ មាសពេជ្រ គេប្រើញញួរពន្លាកតូចៗ ការធ្វើកាំបិត ពូថៅ គ្រឿងដែក គេប្រើញញួរធំ” ស្តេចយល់នូវការពន្យល់នេះ ក៏យល់ព្រមទទួលស្តេចស្រមោចខ្មៅជាមិត្ត។

រាត្រីមួយ ព្រះមហិស្សរាធិបតី ទ្រង់ផ្ទំលក់ ស្រាប់តែមានសត្វក្លឹស ១ក្បាល ត្បុលចូលព្រះកាណ៌ (ត្រចៀក) ទោះបី ជាប្រឹងទាញខ្វារចេញយ៉ាងណា ក៏មិនចេញ។ ទ្រង់ហៅពេទ្យហ្ម មកដាក់ថ្នាំយ៉ាងណា ក៏សត្វល្អិតត្បុលចូលរន្ធត្រចៀកជ្រៅទៅៗ ទ្រង់ក៏ប្រកាសហៅសត្វធំៗ មកជួយ ក៏គ្មានសត្វណាអាចជួយបាន។ ទីបំផុតព្រាហ្មណ៍បុរោហិត ទូលស្តេច ឱ្យពឹងស្តេចស្រមោចខ្មៅ សាកមើល៍ ព្រះមហាក្សត្រ ក៏ចាត់សេនាតាមហៅជាបន្ទាន់។ ស្តេចស្រមោចខ្មៅ ក៏ចាត់សេនាស្រមោច ២ក្បាល ឱ្យវារចូល រន្ធព្រះកាណ៌ ខាំទាញសត្វក្លឹស យកមកក្រៅបាន ធ្វើឱ្យព្រះមហាក្សត្រធិរាជ បាត់ឈឺ និងយល់ច្បាស់ថា “មិត្តភាព មិនរើស សត្វធំ សត្វតូច ខ្ពស់ខ្ពស់ ឬថោកទាប” នោះឡើយ។

យើងឃើញមន្ត្រី CPP ដៀលត្មះលោកសម រង្ស៊ី លោកកឹម សុខា ជា “អ្នកនយោបាយក្បត់ជាតិ ថោកទាប…” ទោះជា រំលាយ CNRP ចោលទៅហើយ ក៏អ្នកនយោបាយទាំងពីរនេះ មិនព្រមរណបខ្លបខ្លាចបក្សកាន់អំណាច។ លុះមេកោយរឹងត្អឹង សកម្មជនរាប់រយនាក់ ក៏រឹងរូសដែរ ដោយមានអ្នកគាំទ្រជាច្រើន ស្តែងចេញតាមរយៈប្រតិកម្មតវ៉ា ជេរប្រមាថ CPP។ ទោះជាពួកប្រឆាំង ថោកទាប ក្បត់ជាតិ ក៏ “ជាខ្មែរដែរ” លុះត្រាតែ CPP យកគំរូបតាមព្រះមហិស្សរាធិបតី យកស្តេច ស្រមោចខ្មៅ ជាមិត្តទើបបាន។ សត្វក្លឹស ចូលត្រចៀក ប្រៀបបាននឹងពួក “អនាធិបតេយ្យ” ពិបាកដេញណាស់ រួមទាំងជន-អន្តោប្រវេសន៍ខុសច្បាប់ វាចេះតែត្បុលជ្រៅទៅៗ កើតជាកូនពូនជាចៅ។ ចង់យកក្លឹស នេះចេញបាន លុះត្រាតែពង្រឹង គោលការណ៍ “ឯកភាពជាតិ” ជាពិសេស លៃយ៉ាងណាខ្មែរឈប់ជេរប្រទេចគ្នាតាមបណ្តាញសង្គម ទើបទាញសត្វក្លឹសនោះ ចេញពីត្រចៀកបាន។

សរុបទៅ “កម្លាំងឯកភាពជាតិ” ជាយុទ្ធសាស្ត្រចាំបាច់បំផុត សម្រាប់ទប់ទល់នឹងការរំលោភអធិបតេយ្យជាតិ បូរណភាព ទឹកដី ពីប្រទេសជិតខាង។ ការដែលអតីតសមាជិកសភា នៃអតីត CNRPរ លោកអ៊ំ សំអាន ប្រធានគណៈកម្មការព្រំដែន និងអន្តោប្រវេសន៍ នៃអតីត CNRPរ គាំទ្រចំណាត់ការដេញអនាធិបតេយ្យតាមដងទន្លេ របស់រដ្ឋបាលរាជធានីភ្នំពេញ នោះ ជាសញ្ញាល្អមួយនៃឯកភាពជាតិ ដូច្នេះបើពួកប្រឆាំង ដើរចូលធ្លុងឯកភាពជាតិ និងក្លាយជា “កម្លាំងដ៏រឹងមាំ ក្នុងកិច្ចការពារ អធិបតេយ្យជាតិ”…”៕

RELATED ARTICLES