Friday, May 3, 2024
Homeបរិយាយនង្គ័លចាក់ក្អម

នង្គ័លចាក់ក្អម

ដោយ អាចារ្យថាំ

នង្គ័ល ជាឧបករណ៍សម្រាប់ភ្ជួរដីស្រែចម្ការ បើជាងចេះផលិតបានល្អ លក់ ដាច់ណាស់។ នង្គ័លល្អ គេសាកល្បងភ្ជួរដីស្រែ ដែលមានភ្លៀងដក់ទឹកត្រឹមភ្នែក គោរ ឬភ្នែកគោលអ្នកភ្ជួរ។ គេចាប់គោលឿន មកទឹមឱ្យវាអូសនង្គ័ល ដោយដាក់ ក្អមមួយ តាមគន្លង នៅពេលគោដើរទៅមុខ ធ្លាក់អាចម៌បំណះផ្លាប់ៗ ទឹកក៏ហូរ តាមគន្លងនង្គ័ល អណ្តែតទាំងក្អមនោះ ដេញតាមពីក្រោយនង្គ័លដោយមិនទាក់ អាចម៍បំណះ។ នង្គ័លល្អបែបនេះ ចាស់ៗឱ្យឈ្មោះថា “នង្គ័លចាក់ក្អម” លក់ ដាច់ណាស់។

យ៉ាងណាមិញ លោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ប្រៀបបាននឹង “នង្គ័លចាក់ក្អម”។ គាត់ធ្លាប់រត់តាមគន្លងអាមេរិក អឺរ៉ុប តាំងពី នៅជាប្រធានអង្គការសិទ្ធិមនុស្ស លុះក្លាយជាជនជាប់ចោទពីបទក្បត់ជាតិ ក៏ នៅតែ “នង្គ័លចាក់ក្អម” ដដែល។

ទោះជាពេលលោកកឹម សុខា ជាប់រនាំងសេរីភាព និងនីតិវិធីរបស់តុលាការ នៅតែក្នុងផ្ទះ ក៏នៅតែមានលោក-លោកស្រី អង្គទូតប្រទេសលោកខាងលិច ចេញ ចូលសួរសុខទុក្ខមិនដែលដាច់ឡើយ។ នេះមកពីក្អមរត់តាមគន្លងនង្គ័ល មិនទាក់ អាចម៍បំណះ ទើបអង្គទូតទាំងនោះ ស្រលាញ់នង្គ័ល មិនព្រមបោះបង់។

នង្គ័ល កឹម សុខា កាន់តែថ្លៃទៅៗ នៅត្រង់មិនព្រមបត់បែនតាមការចង់ បានរបស់ CPP សុខចិត្តតែពីជាប់រនាំងសេរីភាព មិនដឹងឆ្នាំណារួច។ អ្នកគាំទ្រ CPP ខ្លះ លើកឡើងថា ទូតលោកខាងលិច យកចិត្តទុកដាក់តែកឹម សុខា មិនដែល ឮនិយាយពីសម រង្ស៊ី ប៉ុន្តែបើពិចារណាទៅ មេប្រឆាំងសម រង្ស៊ី នៅក្រៅប្រទេស មានសេរីភាព ដើរហើរតាមចិត្ត ដែលបរទេសមិនចាំបាច់ខ្វល់នោះទេ ឬថាគេ នៅតែជួយចិញ្ចឹមជួយឧបត្ថម្ភលោកសម រង្ស៊ី និងសហការីដែលរត់ចោលស្រុក ទាំងនោះ មិនបោះបង់ចោលទេ។

ផ្ទុយទៅវិញ ទូតលោកខាងលិច ខ្វល់ខ្វាយពីលោកកឹម សុខា ដែលបាត់បង់ សេរីភាព និងខ្លាច “ក្អមរសាត់តាមគន្លង ទាក់អាចម៍បំណះ” ទើបគេឧស្សាហ៍ ចេញចូល សួរសុខទុក្ខ។

អ្នកណាទៅដឹងថា លោកទូតទាំងនោះ ផ្តែផ្តាំ ក្រើនរំព្ញកលោកកឹម សុខា ថាម៉េច? បើគេជួបគ្នាស្ងាត់ៗ តែក្នុងបន្ទប់ មានតែរូបភាពថតបង្ហាញប៉ុណ្ណោះ។ លោកកឹម សុខា ចេះភាសាអង់គ្លេស ស្ទាត់ណាស់ មិនចាំបាច់អ្នកបកប្រែទៅ រញ៉េរញ៉ៃនោះទេ ព្រោះអាំងទែរព្រែត (interprète) ខ្លះ លោកកឹម សុខា អត់ ទុកចិត្តទេ ខ្លាចបែកការទៅក្រៅ។

បើលោកកឹម សុខា នៅតែជា “នង្គ័លចាក់ក្អម” រត់តាមគន្លងអាមេរិក អឺរ៉ុប ដដែលនោះ មានន័យថា “សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ” ព្រោះតែ លោកទូត ចេញចូលប្រុងប្រុយ័ត្ន ក្រែងក្អមនោះវាបែក។ កូនក្រមុំទាំងពីររបស់ លោកកឹម សុខា ក៏ជា “នង្គ័លចាក់ក្អម” ដូចឪពុកដែរ ព្រោះពួកនាងបានអាមេរិក ចិញ្ចឹម ពីមុនធ្លាប់ដៀមដាមលោកសម រង្ស៊ី ខ្លះដែរ តែឥឡូវស្ងាត់ឈឹង។

ករណីលោកទូតអាមេរិក អង់គ្លេស អូស្ត្រាលី បារាំង ក៏ដូចលោកស្រីឧបការី រដ្ឋមន្ត្រី ការបរទេសអាមេរិក ចូលសួរសុខទុក្ខលោកកឹម សុខា ដោយមិនឮនិយាយ ពីលោកសម រង្ស៊ី នោះ គឺមកពីមនុស្សម្នាក់នៅក្រៅស្រុកបានសុខស្រួលហើយ វាយ៉ាប់តែមនុស្សម្នាក់នៅក្នុងស្រុក រស់ពិបាកដកដង្ហើម។ ករណីអតីតសហការី លោកកឹម សុខា បែកឆ្វេងចេញទៅបង្កើតបក្សថ្មី ស្រាប់តែនាំគ្នាលើកពីរឿងបាត់ លុយ ៧០ម៉ឺនដុល្លារ មូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យ ឱ្យរយោងដូចសម្លកំពឹស នោះ ជាអាថ៌កំបាំងមួយដែរ ទាល់តែអ្នកមានភ្នែកមុតបញ្ញាវ៉ៃ ទើបឆាប់យល់។ កូនចៅរត់ចោលអស់ នៅសល់តែលោកកឹម សុខា និងប្រពន្ធ រង់ចាំជួបលោកទូត បរទេស មិនគួរឆ្ងល់ទៀតទេ ពោលគឺមកពីលោកកឹម សុខា ជា “នង្គ័លចាក់ក្អម” ហ្នឹងហើយ បានជាគេប្រយ័ត្ន ខ្លាចនង្គ័លទាក់អាចម៍បំណះ បែក”៕

RELATED ARTICLES