Friday, January 24, 2025
Homeបរិយាយកន្ទុយក្បិន

កន្ទុយក្បិន

ដោយ អាចារ្យថាំ

មានអ្នកនយោបាយខ្លះ ចូលចិត្តសន្សំរឿងកាច់កុងគ្នា ដោយយកករណី “កន្ទុយក្បិន”មកធ្វើប្រធានបទ។ គាត់ចោទគេថា មនុស្សមានប្រពន្ធពីរបី មាន ស្រីក្មេងកំដរ មិនមែនជាអ្នកនយោបាយជាតិនិយមនោះទេ។ គាត់លើកឡើងថា អ្នកនយោបាយណាដែលតោងកន្ទុយក្បិន នាំជាតិឱ្យលិចលង់ ផុងធ្លាក់ទៅក្នុង វិបត្តិសេដ្ឋកិច្ច ងើបមិនរួច។

បើពិចារណាឱ្យហ្មត់ចត់មែនទែនទៅ អ្វីៗ “វាឌាតែខ្នូច” អ្នកចោទគេនោះ ក៏ “ដូចតែគ្នា” អាខិល ក៏ដូចអាខូច ព្រោះសម័យនេះ អ្នកនយោបាយមិនមែន ដូចព្រះអរហន្តនោះទេ គាត់មានរាគកិលេសណែនខ្លួន អត់តណ្ហាកំដរ មិនអាច ធ្វើនយោបាយបានឡើយ។

គួរយើងរំព្ញកទៅសម័យព្រេងនាយ ដែលព្រះមហាក្សត្រ នៅប្រទេសឥណ្ឌា ឬជម្ពូទ្វីប បើគ្មានស្រីស្នំ (ប្រពន្ធ) ១៦០០០នាក់ សម្រាប់កំដរតណ្ហាក៏ស្តេចនោះ មិនអាចរៀបប្រាប្តាភិសេកបានដែរ។ ព្រះមហាក្សត្រខ្មែរ តាំងពីសម័យអង្គរ លង្វែក ឧដុង្គ ធ្វើនយោបាយ ឬកាន់អំណាចទាំង៣ សុទ្ធតែមានស្រីស្នំរាប់រយ នាក់ គាល់បម្រើ។

ចំពោះនាហ្មឺនធំៗ ក៏មានអស់អ្នកអស់នាង ប្រពន្ធតូច ប្រពន្ធធំ ចោមបម្រើ ដែរ ដូចឯកសារខ្លះថា លោកអគ្គមហាសេនា អ៊ំ មានប្រពន្ធរាប់មិនអស់ សូម្បីតែ ស្រីសៀម ដែលចួលមកបង្ហាត់របាំ ក៏លោកអគ្គមហាសេនា យកគ្រូសៀម ៣នាក់ នោះ ធ្វើប្រពន្ធ។

លោកម្ចាស់កថាថន ឈុំ អតីតស្តេចត្រាញ់ខេត្តបាត់ដំបង នៅក្រោមចំណុះ សៀម មានប្រពន្ធជាង ៤០នាក់ និងមានកូនចៅរាប់រយនាក់ឯណោះ សឹងមាន ឯកសារចារទុកជាភ័ស្តុតាង។

ក្រឡេកមើលបច្ចុប្បន្ន ទោះបីជា “ច្បាប់ឯកពន្ធភាព” នៅចូលជាធរមាន ក៏បន្តិចឮថា ឧកញ៉ានោះ ឧកញ៉ានេះ មានរឿងក្តីក្តាំ ព្រោះប្រពន្ធដើម ប្រពន្ធ ចុង។ បន្តិចឮថាលោកធំនេះ លោកធំនោះ ត្រូវស្រីស្នេហ៍បោកប្រាស់ ឬបរិហារទារ ជំងឺចិត្ត។ បន្តិចឃើញអ្នកនយោបាយខ្លះ បរិហារចៅហ្វាយនាយ ពីរឿងប្រពន្ធចុង ប្រពន្ធដើម បើតាមដានយូរៗទៅ វាដូចតែគ្នា គឺអ្នកចោទគេ ក៏ខូចដែរ។

ករណីយករឿង “កន្ទុយក្បិន” មកធ្វើជាយុទ្ធសាស្ត្រនយោបាយ មិនសូវ មានរាស្ត្រគាំទ្រនោះទេ ព្រោះរាស្ត្រដឹងថា រឿងស្រីញី វាជាវប្បធម៌មានមកតាំង ពីបុរាណកាល។ មកពីអ្នកនយោបាយនោះទាល់ច្រកអត់រឿងអីចោទគេ ក៏យក រឿងកន្ទុយក្បិន មកអនុវត្ត អត់ក្រឡាលោតទាល់តែសោះ។

“នគរធំ” ក៏មិនគាំទ្រដែរ អ្នកនយោបាយមានប្រពន្ធច្រើន ប៉ុន្តែរឿងនេះ វា មានមកយូរហើយ លុបបំបាត់យ៉ាងម៉េចបាន? ពីដើម ខ្មែរច្បាំងគ្នា ព្រោះរឿងស្រី ដូចករណីព្រះរាជសម្ភារ ច្បាំងតទល់នឹងព្រះឧទ័យ ក៏ព្រោះតែរឿងកន្ទុយក្បិន ដណ្តើមព្រះនាងអង្គវតី។ ព្រះបាទរាមា កាត់ទោសឧកញ៉ាអរជូន ម៉ឺនងួន យាយ ផាន់ និងញាតិ ៧សន្តាន ត្រូវរនាស់ដែក និងបញ្ចូលជាអ្នកងារ ក៏មកពីរឿងកន្ទុយ- ក្បិននាងទាវ។

ដូច្នេះអ្នកនយោបាយ ចង់ឈ្នះ តែអត់យុទ្ធសាស្ត្រ ឬទស្សនវិជ្ជាគតិបណ្ឌិត អ្វីមកទប់គេ បែរជាយករឿងកន្ទុយក្បិន មកប្រើនោះ បានសេចក្តីថា ជាអ្នកនយោ- បាយទាល់ច្រក អត់ក្រឡាលោត។ យើងមិនគាំទ្រទេ រឿងអ្នកនយោបាយ លួច សោគ្រី ស៊ីក្រៅ ក្បត់ប្រពន្ធកូននោះ ប៉ុន្តែ អ្វីៗវាជាវប្បធម៌ សូម្បីលោកប៊ីល គ្លីនតុន អតីតប្រធានាធិបតីអាមេរិក ធ្លាប់មានរឿងព្រោះស្រី ក៏ដូចលោកសឺកាណូ បិតាឯករាជ្យឥណ្ឌូណេស៊ី មានប្រពន្ធមិនតិចទេ សម្រាប់កំដរជីវិតនយោបាយរបស់ លោក។

នារីស្អាតៗខ្លះ ក៏ត្រូវការតែអ្នកនយោបាយហ្នឹង ព្រោះលុយកាក់ ឋានៈ បុណ្យ ស័ក្តិ វាកើតពីមុខរបរធ្វើនយោបាយ។ សម័យផឹកស៊ី រាំច្រៀង ស្តាប់ភ្លេង លេង ភ្លៅ ទៅយករឿងស្រីចោទគេអត់ប្រយោជន៍ទេ ប៉ុន្តែ ច្បាប់ឯកពន្ធភាព នៅតែ គោរព ត្រង់ការអនុវត្ត ១០០% នោះវាទៅអត់រួច…”៕

RELATED ARTICLES