ដោយ អាចារ្យថាំ
ពាក្យបណ្តៅ “ព្រឹក្សាដុះនៅខាងផ្លូវ អ្នកផងដើរទៅ ឱ្យថ្លៃមុនទិញ” ជាចម្លើយគឺ “ដើមម្កាក់=១កាក់”។ ដើមម្កាក់ ទោះ ជាវាចេញផ្លែស្ទើរបាក់ដើមអាចលក់បានលុយរាប់ម៉ឺនរៀល ក៏វាមិនហួសពី ១កាក់ ព្រោះមនុស្សបានឱ្យតម្លៃវាតាំងពីមិនទាន់ ទិញ។ សម្រាប់អ្នកនយោបាយ បែកឆ្វេងចេញពីចង្កោមពួកប្រឆាំង ទៅបង្កើតបក្សថ្មីនោះ ច្បាស់ជារាស្ត្រម្ចាស់ឆ្នោត ឱ្យថ្លៃ មុនទិញ ឬវាយតម្លៃពីគុណសម្បត្តិ និងគុណវិបត្តិ មុនពេលបោះឆ្នោត។ ចំណែកគណបក្សប្រជាជនកម្ពុជា (CPP) ឬបក្ស កាន់អំណាច ដែលយល់ព្រមប្រគល់តំណែងក្នុងជួររដ្ឋាភិបាល ឱ្យអ្នកចុះចូល ក៏ឱ្យថ្លៃមុនទិញដែរ ដែល “នគរធំ” ក្តាប់បាន ក៏លើកពាក្យបណ្តៅខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ….។
“ម្កាក់” ជារុក្ខជាតិហូបផ្លែ មានរសជាតិជូរអែម គាប់ចិត្តយុវវ័យបំផុត។ ផ្លែម្កាក់ត្រាំ ចិតជាចំណិត ជាគូនឹងអំបិលម្ទេស វាជួយកាត់សាញស្រួលណាស់ នៅពេលភ្ញាក់ពីដំណេកថ្ងៃត្រង់ ឬកំពុងឈឺក្បាលវិលមុខ។ ទោះបីជាផ្លែម្កាក់ លក់ដាច់យ៉ាង ណា ក៏ឈ្មោះវាមិនហួសពី “១កាក់” ឬថាទិញ ១កញ្ជើ ក៏ ១កាក់ ទិញ ១កញ្ជោ ក៏តម្លៃថេរត្រឹមតែ ១កាក់។
យ៉ាងណាមិញ ពួកប្រឆាំងដែលកំពុងលាបពណ៌ ចោទគ្នារញ៉េរញ៉ៃនោះ ទោះបីជាអ្នកនយោបាយមានសញ្ញាបត្របណ្ឌិត ក៏តម្លៃមិនហួសពី “១កាក់” ព្រោះគេ “ឱ្យថ្លៃមុនទិញ”។ អ្នកនយោបាយបែកចេញពីអតីត CNRP ទោះជាអួតអាងថា ខ្លួន ជាអ្នកស្រោចស្រង់ប្រជាធិបតេយ្យ ប្រឆាំងអំពើពុករលួយ លើកស្ទួយសិទ្ធិមនុស្សយ៉ាងណា ក៏ប្រជាពលរដ្ឋដែលមាននិន្នាការ ប្រឆាំង និងជាម្ចាស់ឆ្នោត “ឱ្យថ្លៃមុនទិញ, មិនហួសពី ១កាក់”។
ពួកប្រឆាំង បានចោទគ្នាឯងថា អ្នកទៅបង្កើតបក្សថ្មីនោះ បក្សកាន់អំណាច ទិញក្នុងតម្លៃចាប់ពី ១៥ម៉ឺនទៅ ២៥ម៉ឺន ដុល្លារ យោងទៅតាមសមត្ថភាពខ្លាំងខ្សោយ ប៉ុន្តែលោកប៉ុល ហំម លោកអ៊ូ ច័ន្ទរ័ត្ន និងអ្នកនយោបាយឯទៀត បានបដិសេធ រួចហើយថា គ្មានអ្នកណាទិញដូរពួកគាត់ទេ គាត់ជិះឡានយូរហើយ មិនមែនទើបតែជិះ ក្នុងពេលចេញបង្កើតបក្សថ្មីនោះទេ។
ករណី “ឱ្យថ្លៃមុនទិញ” លុះត្រាតែបុគ្គលនោះ ស្អាតស្អំ មានជំនាញច្បាស់លាស់ ឬ “ចេះដប់មិនស្មើ ប្រសប់មួយ” ក៏អាច លក់បានថ្លៃហួសពី ១កាក់ ដែលអ្នកទិញហ៊ានកក់លុយមុន តាំងពីអ្នកជំនាញនោះ មិនទាន់ចេញស្នាដៃ ឬផលិតផលរបស់ខ្លួន។
ឧទាហរណ៍ អ្នកនិពន្ធ គង្គ ប៊ុនឈឿន ឬកវីស្ទឹងសង្កែ ល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយម។ លោកមានជំនាញតែង និពន្ធរឿងប្រលោមលោក រឿងភាពយន្ត ទំនុកច្រៀង ប្រកបដោយខ្លឹមសាររស់រវើក។ ម្ចាស់រោងពុម្ព ឬម្ចាស់ផលិតកម្មខ្លះ តែងទៅសុំកវីជើងចាស់នេះ ឱ្យតែងទំនុកច្រៀងសម្រាប់យកទៅជូនលោកស៊ិន ស៊ីសាមុត អ្នកស្រី រស់ សេរីសុទ្ធា ច្រៀងថត ថាសចម្រៀង លក់បានចំណេញយ៉ាងក្រាស់ក្រែល។ គេហ៊ានឱ្យថ្លៃស្នាដៃនោះ មុនសរសេរទៅទៀត ព្រោះតែការទុកចិត្ត និងគោរពស្រលាញ់កវីស្ទឹងសង្កែ។ ចំណែកអ្នកនិពន្ធ ឈ្មោះមិត្ត សាខុន មានស្នាដៃខ្លាំងខាងសរសេររឿងយុទ្ធសិល្ប៍ កាប់ ដាវមន្តអាគមគាថា រហូតមានម្ចាស់រោងពុម្ព និងបណ្ណាគារ យកលុយទៅកក់មុន ដើម្បីទទួលយកវណ្ណកម្មថ្មី ទៅបោះពុម្ព។ រឿង “ឥន្ទ្រីក្រហម” ដែលបោះពុម្ពរាប់សិបភាគនោះ លក់ដាច់ខ្លាំងណាស់ ធ្វើឱ្យម្ចាស់បណ្ណាគារ បានចំណេញកាក់កប ព្រោះ តែ “ឱ្យថ្លៃមុនទិញ” ចេះជ្រើសមនុស្សនេះឯង។
អ៊ីចឹងអ្នកនយោបាយពូកែជេរ លាបពណ៌ សម្អុយឈ្មោះគេនោះ តើមានអ្នកណាឱ្យថ្លៃមុនទិញ? ដូចអត់ទេ! ឱ្យថ្លៃមុន យ៉ាងម៉េច បើហ្វេសប៊ុកគាត់ ឃើញតែសំណេរខ្វះសីលធម៌ អសុរោះ គ្មានរសជាតិទាល់តែសោះ។ ឱ្យថ្លៃយ៉ាងម៉េច បើគាត់ ក្រឡាស់ខ្លួនលឿនយ៉ាងនេះ ព្រោះប៉ុន្មានខែមុន គាត់ថាដាច់ខាតមិនលក់ក្បាល មិនបែកចេញពីខ្មោច CNRP លុះថ្មីៗនេះ លេចធ្លាយព័ត៌មានថា គាត់លក់ហើយ ដើរចេញហើយ មិនអាចដេកចាំបានទេ តែត្រូវធ្វើចាំ។ គ្មានភ័ស្តុតាងចោទគាត់ពីរឿង លក់ខ្លួនតម្លៃចាប់ពី ១៥ទៅ ២៥ម៉ឺនដុល្លារនោះទេ ព្រោះអ្នកចោទនោះ ក៏អត់ប្រជាប្រិយដែរ តែរឿងស្ងាត់ៗ ស្រាប់តែ លែងស្ងាត់ បានត្រឹមគេសង្ស័យ។
ករណី “ឱ្យថ្លៃមុនទិញ” មកពីគេឃើញចំណេញ ដូចក្រុមហ៊ុនអូស្ត្រាលី ហ៊ានឱ្យតម្លៃរ៉ែមាស នៅខេត្តរតនគិរី តាំងពីប៉ុន្មាន ឆ្នាំមុនម៉្លេះ ដោយគេចុះស្រាវជ្រាវរកឃើញថា រ៉ែមាសនោះ អាចចម្រាញ់បានមាស ៣តោន ក្នុង ១ឆ្នាំ។ ដូច្នេះគេឱ្យថ្លៃមុន ទិញ មិនខុសបំណងទេ បើមិនបានចំណេញ គេម៉េចនឹងទិញ?
ករណីបក្សកាន់អំណាច ទទួលយកមនុស្សប្រឆាំងឱ្យចូលជួររាជរដ្ឋាភិបាល គឺមកពី “ឱ្យថ្លៃមុនទិញ” ដែរ ពោលគឺ CPP តាមឃ្លាំមើលគំនិតមារយាទអ្នកនយោបាយប្រឆាំងនោះ ដោយវាយតម្លៃបានថា បើយកទៅប្រើមិនខាត ទើបមានការ ប្រគល់តំណែងជារដ្ឋលេខាធិការ តាមក្រសួងខ្លះ។ CPP មិនទិញទេ តែការផ្តល់តំណែងតួនាទីក្នុងជួររដ្ឋាភិបាល ធ្វើឱ្យអ្នក ចុះចូលនោះ បានប្រាក់ខែទទួលទាន មិនពិបាកទាត់ខ្យល់ដូចមុន។
កាលពីសម័យបារាំង មានកើតចលនាឥស្សរៈ ដែលមេចលនាទាំងនោះ មានឈ្មោះត្រូវ “ឱ្យថ្លៃមុនទិញ”។ គេឱ្យតម្លៃ ដាប ឈួន តើគួរពាក់ស័ក្តិប៉ុន្មាន សមរម្យសម្រាប់គាត់? គឺគេគិតមុនរួចទៅហើយ លុះដាប ឈួន ចុះចូល ក៏ត្រូវបំពាក់ឋាន- ន្តរស័ក្តិជាវរសេនីយ៍ឯក ដែលសម័យនោះ ស័ក្តិ៥ មានតែ ២នាក់ រួចប្រគល់តំណែងជាស្តេចត្រាញ់ ត្រួត ៣ខេត្ត។ មេឥស្សរៈ ក្រៅពីនេះ មានដូចជា ទ្រង់ច័ន្ទរង្ស៊ី, លោកប៊ុណ្ណ ច័ន្ទម៉ុល ជាដើម គេមើលមិនសូវឃើញ មិនឱ្យតម្លៃមុនទិញ ទើបបុណ្យ- ស័ក្តិទាបជាងដាប ឈួន។
ដូច្នេះពិតណាស់ថា អ្នកនយោបាយប្រឆាំងផ្កាប់មុខ មានឈ្មោះល្បីខ្លាំងច្បាស់ជាលក់បានថ្លៃខ្ពស់កប់ពពក ផ្ទុយពីអ្នក នយោបាយប្រឆាំងឡប់ឡែ “បានត្រឹម ១កាក់”។ អ្នកនយោបាយ ១កាក់ មកពី “ដុះនៅខាងផ្លូវ” ប៉ុន្តែអ្នកនយោបាយ ១ម៉ឺន ដុះនៅកណ្តាលព្រៃជ្រៅ ដូចដើមគ្រញូងលក់បានថ្លៃណាស់។
ចំណាំទុកចុះ អត់ខុសទេ តាំងពីរាជ្យណារាជ្យណីមក តែងតែមានអ្នកនយោបាយ ១កាក់ ដើរចូលទ្វារនយោបាយ ជា បន្តបន្ទាប់ ឱ្យរពុយ ប៉ុន្តែអ្នកនយោបាយ ១ម៉ឺន ដើរចូលក្រោយគេ។ ទាហានខ្មែរក្រហម តូចតាចនាំគ្នាដើរចូលសមាហណរកម្ម ជាបន្តបន្ទាប់ ក្រោយមក ទើបមេដឹកនាំកំពូលមានលោកខៀវ សំផន, អៀង សារី, នួន ជា ដើរចូលតាមក្រោយ។
បច្ចុប្បន្ន ចៀសមិនផុតពីដើរជាន់អតីតកាល ពោលគឺអតីតមន្ត្រី CNRPរ កំប៉ិកកំប៉ុក ដើរចូលម្តងមួយៗ គេថាលក់បាន ថោក ឬមិនហួសពី ១កាក់ ប៉ុន្តែសម្រាប់មេប្រឆាំង សម រង្ស៊ី-កឹម សុខា បើដល់ពេល “លោតឆ្លងខ្សែសីមា មហាសំកាំង” ច្បាស់ជាតម្លៃខ្លួនគាត់មិនថោកទេ។
សរុបទៅ “ឱ្យថ្លៃមុនទិញ” សំដៅដល់ការវាយតម្លៃពួកប្រឆាំង ដែលត្រូវដើរចូលច្រកទ្វារនយោបាយ ហ្នឹងឯង។ អ្នក នយោបាយណាដែលដុះក្បែរផ្លូវ ស្រួលកាច់មែក បេះស្លឹកទ្រាប់អង្គុយ មិនហួសពី ១កាក់។ អ្នកនយោបាយណា ដែលដុះក្នុង ព្រៃជ្រៅ មិនមែន ១កាក់ទេ ព្រោះគេឱ្យថ្លៃមុនទិញទៅហីយ។ ដូចបញ្ជាក់រួចហើយថា គ្មានភ័ស្តុតាងពីរឿងទិញដូរនោះទេ ប៉ុន្តែការប្រគល់មុខតំណែង តួនាទីក្នុងជួររាជរដ្ឋាភិបាល ឬឱ្យបង្កើតបក្សថ្មីនោះ សម្រាប់អ្នកចុះចូល CPP និងអ្នកដើរចូលទ្វារ នយោបាយ មកពីគេ “ឱ្យថ្លៃមុនទិញ”…”៕