Friday, January 24, 2025
Homeបរិយាយរងើកនយោបាយ

រងើកនយោបាយ

ដោយ អាចារ្យថាំ

មន្ត្រី CPP បានប្រកាសរួចហើយថា លោកសម រង្ស៊ី អតីតប្រធានគណបក្ស សង្គ្រោះជាតិ (CNRP) ត្រូវតុលាការផ្តន្ទាទោសកំបាំងមុខ ឱ្យជាប់គុកជាង ១០០ឆ្នាំ មិនអាចដើរចូលទ្វារនយោបាយបានឡើយ។ ចំណែកលោកកឹមសុខា មេប្រឆាំងទី២ គ្មានឱកាសចរចានយោបាយមុនពេលបោះឆ្នោត ជាដាច់ខាត។

ក្នុងករណីនេះ បើមានសកម្មជនប្រឆាំងណាធ្វើតាមបញ្ជាលោកសម រង្ស៊ី ដែលអនុវត្តតាមទ្រឹស្តីជនបរទេស នឹងត្រូវចាប់ខ្លួន។ លុះសមត្ថកិច្ចអនុវត្តនីតិវិធី បោសសម្អាតសកម្មជនប្រឆាំង ១៦នាក់ ដោយគិតតាំងពីចាប់លោករ៉ុង ឈុន កញ្ញាឈឿន ដារ៉ាវី រហូតដល់យុវជនបរិស្ថាន៣នាក់ ចុងក្រោយនេះ ក៏មានពួក ប្រឆាំងខ្លះថា មកពីពួកសកម្មជនជា “រងើកភ្លើងនយោបាយ” ទើបគេចាប់។

ក្តាប់បានពីករណីចាប់ខ្លួននេះ “នគរធំ” ក៏មានទស្សនៈថា រងើកភ្លើងប៉ុនចុង ចង្កឹះ បើវានៅលើគំនរសំរាម ត្រូវខ្យល់បក់បោក និងក្លាយជាអណ្តាតភ្លើងឆាបឆេះ សំរាម រាលឆេះដល់ផ្ទះឯណោះទៀត។

លោកសុខ ឥសាន អ្នកនាំពាក្យ CPP បានលើកឡើងថា “ចំណាត់ការផ្លូវ ច្បាប់លើក្រុមយុវជនម៉ែធម្មជាតិ ៖ គឺដើម្បីទប់ស្កាត់កុំឱ្យប្រព្រឹត្តអំពើខុសច្បាប់ តាមផែនការភេរវកម្ម បញ្ជាដោយជនបរទេស ក្នុងការបំផ្លាញជាតិខ្មែរ។

ដូច្នេះ ធម្មតារងើកភ្លើងគេមិនទុកទេ ចាំបាច់ត្រូវតែដងទឹកពន្លត់ កុំឱ្យរាល ឆេះព្រៃ ប៉ុន្តែពន្លត់តែភ្លើងខ្មែរ បានហើយ កុំលាបពណ៌ជំពាក់ជំពិនជនបរទេស អាចធ្វើឱ្យមានផលវិបាកដល់សង្គម ដូចរបបមុនៗ។

នៅសម័យសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់ អត់ទទួល ស្គាល់ថា កងទ័ពរំដោះ ជាខ្មែរនោះទេ ដោយរបបនោះ លាបពណ៌ថា “ជាពួក យៀកកុង- យួនខាងជើង”។ រូបភាពទាហានលន់នល់ កាត់ក្បាលកងទ័ពរំដោះ យួនស្តោក ចេញពីសមរភូមិមួយនោះ គេសរសេរថា “ក្បាលខ្មោចយួនយៀកកុង”។ ទ័ពព្រៃនៃរណសិរ្សរួបរួមជាតិកម្ពុជា ជាខ្មែរសុទ្ធ តែពាក់អាវខ្មៅ ក៏មានឈ្មោះ ជាយួន ទោះជាត្រូវទាហានលន់ នល់ កាត់ក្បាល ក៏គេថាយួន។

សម័យកម្ពុជាប្រជាធិបតេយ្យ បើគេចង់សម្លាប់អ្នកណាម្នាក់ ត្រូវចោទថា គិញយួន ឬសេអ៊ីអា អាយ៉ងអាមេរិក។ សូម្បីតែប្រជាទាសករ ស្រេកឃ្លានពេក ទៅលួចបូតកួរស្រូវ ត្រូវកងឈ្លបចាប់បាន គេលាបពណ៌ថា ជាគិញយួន បំផ្លាញ បដិវត្តន៍។

ការចាប់ខ្លួន ឬកម្ទេចខ្មែរដូចគ្នា យកឈ្មោះបរទេសមកលាប អត់ល្អទេ បាន ត្រឹមនាំមកនូវអរិភាពរវាងខ្មែរ និងអាមេរិក វៀតណាម ចិន សហភាពអឺរ៉ុប។ គួរអនុវត្តទ្រឹស្តី “ក្បាលអ្នកណា សក់អ្នកហ្នឹង” ល្អជាង កុំចោទបរទេសនៅពីក្រោយ មិនចំណេញទេ។ ការចាប់ខ្លួនយុវជនបរិស្ថាន ៣នាក់ ចុងក្រោយនេះ ដោយចោទ ថា មានជនបរទេសនៅពីក្រោយ ឬថា ស្តាប់បង្គាប់លោកអាឡិច ជាជនជាតិ អេស្ប៉ាញ បានត្រឹមបង្កទំនាស់ជាមួយប្រទេសអេស្ប៉ាញ។ បើចោទថា មានជន- ជាតិអាមេរិក នៅពីក្រោយ បានត្រឹមអរិភាពជាមួយរដ្ឋាភិបាលលោកចូ បៃដិន។

“ក្បាលអ្នកណា សក់អ្នកហ្នឹង” ល្អជាង ឬថា អ្វីៗជាកំហុសរបស់សកម្មជន ទាំងអស់នោះ ដែល “រំលោភដែនសមត្ថកិច្ចក្រសួងបរិស្ថាន” ព្រោះក្រសួង បាន ដាក់ពង្រាយមន្ត្រីបរិស្ថាន គ្រប់ច្រករបៀង ការពារព្រៃ រាប់ពាន់នាក់ មិនចាំបាច់ មនុស្សក្រៅក្របខ័ណ្ឌ ទៅធ្វើគេ។

អ៊ីចឹងពន្លត់តែរងើកភ្លើងនយោបាយតូចៗហ្នឹងបានហើយ កុំឆ្លើយដាក់បរទេស ថា នៅពីក្រោយ។ កូនយើងទៅលួចបេះស្វាយគេ ត្រូវឪពុកវ៉ៃប្រដៅតែកូនខ្លួន បានហើយ តែបើហ៊ានវ៉ៃកូនគេ នឹងជេរដៀមដាមដល់តាម៉ុក យាយម៉ែន ថាជា អ្នកប្រើកូនខ្លួនទៅលួចស្វាយគេ បានត្រឹមកូនចៅតាម៉ុក យាយម៉ែន ខឹងរាលដាល មើលមុខគ្នាលែងត្រង់។ ពន្លត់តែរងើកភ្លើងតូចៗហ្នឹង វាចប់ទៅហើយ គ្មានអី ពិបាកទេ តែបើពន្លត់អគ្គិភ័យ ឬភ្លើងឆេះផ្ទះ មិនមែនស្រួលទេ…”៕

RELATED ARTICLES