Tuesday, April 30, 2024
Homeបរិយាយកំហុសផ្សេងគ្នា

កំហុសផ្សេងគ្នា

ដោយ អាចារ្យថាំ

ការចាប់ខ្លួនសកម្មជនការពារបរិស្ថាន៣នាក់ គឺកញ្ញាស៊ុន រដ្ឋា លោកយឹម លាង និងលោកច័ន្ទ ដារ៉ាវុធ សរុបមុនក្រោយ ៦នាក់នោះ មានការចោទប្រកាន់ ដាក់កំហុស និងការតវ៉ាខុសគ្នា។

បក្សកាន់អំណាច ឬគណបក្សប្រជាជនកម្ពុជា (CPP)បានចោទយុវជន យុវតីទាំងនោះថា គប់គិតសមគំនិតក្បត់ ធ្វើតាមបញ្ជាជនបរទេស បំផ្លិចបំផ្លាញ ដល់សន្តិសុខ និងសុវត្ថិភាពសង្គម។ ផ្ទុយទៅវិញ ពួកប្រឆាំងតវ៉ាថា “ឧកញ៉ា កាប់ព្រៃ បំពាក់មេដាយ អ្នកការពារព្រៃ បំពាក់ខ្នោះដៃ”។

លោកហូរ វ៉ាន់ អតីតតំណាងរាស្ត្រប្រឆាំង ស្មោះត្រង់លោកសម រង្ស៊ី ដែល កំពុងរស់នៅឯក្រៅប្រទេស បានបង្ហោះសំណេរតាមហ្វេសប៊ុក ថា “ស្រុកយើង ហេតុម្តេចក៏បញ្ច្រាសទិសយ៉ាងនេះទៅវិញ? ការពារបរិស្ថាន មនុស្សមួយនគរ អបអរសាទរ បែរជារដ្ឋបាលឯកបក្ស ចាប់ដាក់គុកទៅវិញ ចម្លែកមែន!”។

សម្រាប់ CPP អត់មានបទចោទយ៉ាងនេះទេ ដោយទម្លាក់កំហុសថា យុវជនទាំងនោះ បង្កអសន្តិសុខសង្គម ធ្វើតាមបញ្ជាជនបរទេស រួមចំណែកក្បត់ ជាតិ។ បទចោទនេះធ្ងន់ដូចថ្មភ្នំរលំលើ គេចអត់រួចទេ បើបញ្ជូនទៅដល់តុលាការ ដឹងតែជាប់គុកយ៉ាងតិច ១៨ខែ។

ហេតុអ្វីបានជាមានបទចោទ និងតវ៉ាខុសគ្នា ឯអ្នកធ្វើសកម្មភាពតែមួយ? គឺគ្មានអ្វីក្រៅពី “រងើកភ្លើងនយោបាយ” នោះទេ ហើយបើ “អ្នកណាខ្លាំង អ្នក ហ្នឹងឈ្នះ”។ គោលនយោបាយ CPP ចាំបាច់ត្រូវតែប្រមូលឱ្យអស់ ពួកប្រឆាំងដែល រឹងទទឹង ដើរតាមលោកសម រង្ស៊ី មិនព្រមរណបអាជ្ញាធរដែនដី។ CPP ចាត់ទុក សកម្មជនទាំងនោះ ជាចៃសង្គម” ឬជា “ដង្កូវស៊ីស្លឹកឈើ” មិនឱ្យលូតលាស់ បាន។ អ្នកគាំទ្រ CPP ក៏ដឹងដែរថា ការកាប់ទន្ទ្រានបំផ្លាញព្រៃឈើ នៅតែមាន មិនចេះចប់ បង្កដោយអ្នកមានអំណាច មានលុយ ប៉ុន្តែចំណុចនេះ គេមិននិយាយ ទេ។ អ្នកគាំទ្រ CPP ក៏ដឹងដែរថា ជនជាតិវៀតណាម ដែលមកតាំងលំនៅលើ ទឹកទន្លេនោះ ធ្វើឱ្យខូចបរិស្ថានដែរ តែពួកគាត់មិននិយាយ នាំឱ្យមានបញ្ហា។ លុះបានឃើញលោកឃួង ស្រេង អភិបាលរាជធានី ចាត់វិធានការបណ្តេញពួក អនាធិបតេយ្យ ស្រាប់តែអ្នកគាំទ្រ CPP អបអរសាទរស្ទើរតែ១០០%។

ដូច្នេះរឿងហិនហោចព្រៃឈើ រឿងអនាធិបតេយ្យនោះ “គេដឹងហើយ” លុះមានពួកប្រឆាំងមកបំពាន ក៏មានវិធានការទប់ស្កាត់ ចាប់ខ្លួនជាបន្តបន្ទាប់ ដែលករណីនេះមិនពិបាកយល់នោះទេ។

ឧទាហរណ៍ លោកគ្រូចៅអធិការ និមន្តមកពីស្រុកឆ្ងាយ ចូលដល់វត្ត ហួស ម៉ោង ១២ថ្ងៃត្រង់ ក៏នៅតែឆាន់។ ភិក្ខុសាមណេរឯទៀត ដឹងថា លោកគ្រូ ឆាន់ ខុសវិន័យសិក្ខាបទ ក៏នាំគ្នារិះគន់ ធ្វើឱ្យលោកគ្រូ ចងគំនុំដាក់ទណ្ឌកម្មកូននេនដែល ហ៊ានថា លោកឆាន់ខុសពេលវេលា។

លោកគ្រូវ៉ៃកូននេន អត់យករឿងគំនុំឆាន់ចង្ហាន់ មកចោទទេ តែបានដាក់ កំហុសកូននេនថា “សមគំនិតជាមួយអ្នកភូមិ បើកឱ្យមកដាក់បង្កៃត្រីស្រះវត្ត” ការចោទនេះ លោកនេន ដោះខ្លួនមិនរួចទេ ក៏ត្រូវរំពាត់លោកគ្រូ បែកខ្នង។

ដូច្នេះរវាងអ្នកចាប់ និងសកម្មជន មានការចោទ និងការតវ៉ា មិនដូចគ្នា ទេ។ បើសិនជាអ្នកចាប់លើកឡើងថា រឿងបរិស្ថាន នៅគង់វង្ស អត់អ្នកកាប់ឈើ ទេ តែសកម្មជនទាំងនោះ បង្កហេតុ។ បើសិនជាអ្នកចាប់ និយាយរឿងបរិស្ថាន ដូចជាន់ស្រមោលខ្លួនឯង ដូច្នេះត្រូវចោទពីបទសមគំនិតជាមួយជនបរទេស ដូច លោកគ្រូចោទកូននេន បើកដៃឱ្យអ្នកភូមិចូលដាក់បង្កៃត្រីក្នុងស្រះវត្ត។

ពិបាកណាស់ ទោះជាចាប់យ៉ាងណាក៏មិនចេះអស់ សូម្បីរបបប៉ុល ពត ចាប់ ចោរលួចពោត លួចដំឡូង មិនចេះអស់ ចោទថាក្បត់បដិវត្តន៍ ទីបំផុត ចោរស្រេក- ឃ្លានទាំងនោះ ក៏រលាយអស់ទៅ នៅពេលស្រុកទេសបានរំដោះ ឆ្លងផុតពីគ្រោះ អត់ឃ្លាន គ្មានចោរឯណាទៅលួចកាយដំឡូងទៀតទេ…”៕

RELATED ARTICLES