ដោយ អាចារ្យថាំ
បទល្មើស “ចាប់រំលោភសេពសន្ថវៈ” ត្រូវមានភ័ស្តុតាងដាក់បន្ទុកឱ្យសម ហេតុសមផល ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះប៉ុន្តែ បើភ័ស្តុតាងនោះ យកតាមតែ ការប្តឹងផ្តល់ ឬចម្លើយសារភាពតាមការភ័យខ្លាចនោះ ធ្វើឱ្យយុត្តិធម៌រលាយ បាត់បង់។
លោកប៊ីល គ្លីនតុន អតីតប្រធានាធិបតីអាមេរិក ធ្លាប់រងការប្តឹងផ្តល់ ចោទ ប្រកាន់ថា លេកបានសាងស្នេហ៍លួចលាក់ជាមួយនាងលេខា ឈ្មោះម៉ូនីកា ឡេវីនស្គី។ ខាងស្រីប្តឹងថា នាងត្រូវលោកប្រធានាធិបតី លួងលោមក្នុងការិយាល័យ។ ក្រុម សុភាចារបុរស ឬអ្នកស៊ើបអង្កេត ក៏បានយកសំពត់របស់នាងឡេវីនស្គី បញ្ចូល ទីពិសោធន៍ ឆ្លុះមើលទឹកកាមលោកគ្លីនតុន ដែលនាងអះអាងថា ប្រឡាក់សំពត់ នាងនោះ តែរកមិនឃើញ ធ្វើឱ្យការប្តឹងផ្តល់នោះអត់បានការ។
ផ្ទុយទៅវិញ ការប្តឹងផ្តល់ពីបទចាប់រំលោភនៅក្នុងស្រុកខ្មែរ ឃើញប៉ូលិស រឹបអូសយកវត្ថុតាងផ្សេងៗ ដូចជា ម៉ូតូ ឡាន ទូរស័ព្ទ ថ្នាំញៀន ជាដើម អត់សូវ ឃើញ រឹបអូសយកសំពត់ខាងស្រី ទៅឆ្លុះមើលទឹកកាមនោះទេ។ ភ័ស្តុតាងចាប់ រំលោភ ពិតប្រាកដ បើពិចារណាទៅ ជនល្មើសនោះចាប់បង្ខំស្រីរងគ្រោះ ដោយ កម្លាំងបាយ អត់ស្រាតអស់ពីខ្លួននាងរលីងឆិញនោះទេ ដូច្នេះពេលដល់ត្រើយ ច្បាស់ ជាអ្នករំលោភបាញ់ទឹកកាមប្រឡាក់សំពត់ស្រី ឬមានស្នាមខាំក្តិចខ្ញាំ ជាប់ខ្លួននាង មិនខានឡើយ។
ចុះភ័ស្តុតាង ម៉ូតូ ឡាន ទូរស័ព្ទ ថ្នាំញៀន មានជាប់ទឹកកាមឯណា? ហេតុអ្វី ក៏អាចយកជាភ័ស្តុតាងបាន បើវត្ថុទាំងនោះគ្រាន់តែគេសម្រាប់ជិះ សម្រាប់ឆ្លើយឆ្លង និងសម្រាប់ជក់។ ឡានម៉ូតូ ភ័ស្តុតាងចាប់រំលោភនេះ បានត្រឹមយកទៅទុកចោល ឱ្យច្រេះស៊ី ជួនកាលក៏មានប៉ូលិស ខ្ចីជិះធ្វើការក៏សឹងមាន។
ករណីលើកឡើងនេះ ពុំមែន “នគរធំ” កាន់ជើងជនល្មើស ចាប់ស្រីរំលោភ សេពសន្ថវៈនោះទេ តែចង់ឱ្យរកយុត្តិធម៌តម្លាភាពពាក់ព័ន្ធដល់ការចាប់រំលោភ។ កន្លងមកឃើញតែការប្តឹងផ្តល់ ចោទប្រកាន់យុវជនមួយចំនួន ដែលត្រូវរ៉ូវគ្នា ជាមួយនាងក្រមុំ យកទៅរួមមេត្រី លុះម៉ែខាងស្រីតាមទាន់ក៏ចោទប្រកាន់ពីបទ ចាប់រំលោភ យុវជននោះត្រូវបង់ជំងឺចិត្ត និងជាប់គុក ព្រោះតែ “ជាប់អន្ទាក់តណ្ហា”។
ជួនកាលជាល្បិចកាច់ផ្តួលដៃគូស្នេហ៍ ឬគំនុំសងសឹកក៏មានដែរ ដូចរឿង “ព្រះលក្សិណវង្ស” នៅពេលនាងព្រាហ្មណ៍កេសរ ក្លែងខ្លួនជាប្រុស ទៅបម្រើ ព្រះស្វាមី ធ្វើឱ្យនាងយីស៊ុន ច្រណែនប្រចណ្ឌ ក៏រកល្បិចកម្ចាត់ចៅព្រាហ្មណ៍។ នាងយីស៊ុន ជាប្រពន្ធទី២ បានប្រើល្បិចហៅចៅព្រាហ្មណ៍ ជួយជោះបន្លា បាន ឱកាសល្អក៏ចាប់ផ្តួលចៅព្រាហ្មណ៍ឱ្យនៅពីលើខ្លួន លុះព្រះលក្សិណវង្ស ទៅទាន់ ក៏ ជឿថា ចៅព្រាហ្មណ៍ ចាប់រំលោភនាងយីស៊ុន តាមការអុជអាល រហូតចេញបញ្ជា ឱ្យពេជ្ឈឃាតចាប់មហេសីក្លែងជាប្រុសនោះ ទៅកាត់ក្បាល…។
ដូច្នេះករណីចាប់រំលោភខ្លះ វាកើតពីការសងសឹក ឬអន្ទាក់តណ្ហា ដែលភាគី ខាងស្រី ចង់បានលុយប្រុស ក៏ហៅឬណាត់ជួបគ្នារួមមេត្រី ទោះបីជាការត្រូវរ៉ូវគ្នា ក៏សមត្ថកិច្ចនៅតែចាប់វ៉ៃខ្នោះ បញ្ជូនទៅតុលាការ ដាក់គុកគ្នា ខានរៀនសូត្រ អ៊ីចឹងទៅ។
ហេតុនេះ ជាសំណូមពររបស់ “នគរធំ” គួរតែក្រសួងយុត្តិធម៌ ធ្វើសេចក្តីព្រាង ច្បាប់ ឱ្យបានហ្មត់ចត់ តម្រូវឱ្យមានការស៊ើបអង្កេតច្បាស់លាស់ តើជាការចាប់ រំលោភ ឬត្រូវរ៉ូវគ្នា? មិនគួរឱ្យភាគីខាងប្រុស រងគ្រោះ ខកការរៀនសូត្រ ព្រោះ តែចាញ់ល្បិចស្រី។
បើជាការចាប់រំលោភពិតៗ ត្រូវតែផ្តន្ទាទោសតាមកំហុស ប៉ុន្តែត្រូវរកភ័ស្តុតាង ប្រឡាក់ទឹកកាម ឬស្នាមជាប់ខ្លួននារីរងគ្រោះ ឱ្យឃើញច្បាស់ ប៉ុន្តែបើដកហូត ឡាន ម៉ូតូ ទូរស័ព្ទ យកទៅទុកឱ្យច្រែះស៊ី ថាជាវត្ថុតាងចាប់រំលោភនោះ ក៏មិន ល្អមើលដែរ”៕