Thursday, May 16, 2024
Homeបរិយាយកុលាបក្រពុំ ល្អជាងរីក

កុលាបក្រពុំ ល្អជាងរីក

ដោយ អាចារ្យថាំ

ព្រះភិក្ខុធម្មបាលោ ខៀវ ជុំ សង្ឃនយោបាយដ៏ល្បី បានទុកព្រះមរតកសាសន៍ថា “កុលាបក្រពុំ ល្អជាងពេលរីក” មានខ្លឹមសារ អប់រំមនុស្សគ្រប់ជាតិសាសន៍ ជាពិសេសស្រីក្រមុំឱ្យចេះថែលម្អងព្រហ្មចារី កុំរុះរោយមុនរដូវ។ ជាងនេះទៀត យុទ្ធសាស្ត្រ នយោបាយ បើដើរភ្លាត់ស្នៀត អាចនឹងរីករុះរោយ ដូចផ្កាកុលាប ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃ នេះ…។

“កុលាប” ជាផ្កាក្នុងស្រុក ដែលគេដាំមុខផ្ទះ ឬលម្អសួនឧទ្យាន ដើមវាមានសណ្ឋានជាវល្លិ ផ្កាមានពណ៌ស ឬពណ៌ក្រហម មានក្លិនក្រអូបឆ្ងាញ់ ដែលពពួកសត្វកន្លង់ និងឃ្មុំ ចូលចិត្តត្រឹបយកលម្អង រីឯមេអំបៅចូលចិត្តហើរក្រឡឹង។ បើផ្កាកុលាប នៅក្រពុំជាប់ទង មិនសូវមានសត្វមកយាយីទេ ប៉ុន្តែនៅពេលវារីកចោលក្លិន ពិតណាស់ថា ជួនកាលមេអំបៅចុះទៅ ពងញាស់ កើតជាដង្កូវក្នុងផ្កា។ បើកាលណា អ្នកដាំផ្កា បេះផ្កាកុលាបរីកនោះ ទៅក្រងជាកម្រងផ្កា សម្រាប់លក់ ហើយបើសិនជាគេ ទិញកម្រងផ្កានោះ យកទៅបំពាក់ជូនឥស្សរជនណាម្នាក់ ច្បាស់ជា “ដង្កូវឡើងទំក្បាលមនុស្ស ព្រោះកម្រងផ្កា”។

យ៉ាងណាមិញ ស្រីក្រមុំព្រហ្មចារី បើភ្លើតភ្លើនចាញ់កលប្រុសព្រានរូបស្អាត អណ្តាតប្រាក់ដុល្លារ ច្បាស់ណាស់ថា រូបកាយ ក្រពុំបវរល្អល្អះរបស់នាង និងរុះរោយមុនរដូវ មិនខានឡើយ។ ស្រីក្រមុំ ភ្លើតភ្លើនអស់ភាពបរិសុទ្ធ អន់ជាងស្រីមេម៉ាយទៅ ទៀត ព្រោះស្រីមេម៉ាយ មកពីគ្នាអភ័ព្វប្តីស្លាប់ចោល ឬចែកផ្លូវគ្នាដើរ នៅតែរក្សាបានកិត្តិយស មិនរុះរោយ។

“កុលាបក្រពុំ ល្អជាងពេលរីក” អាចយកទៅប្រៀបធៀបនឹងនយោបាយបានដែរ ដោយហេតុថា ព្រះភិក្ខុខៀវ ជុំ ជា សង្ឃនយោបាយ ដូច្នេះដំបូន្មានព្រះអង្គ ចង់ផ្តោតទៅលើនយោបាយ ច្រើនជាងស្រីក្រមុំ។

ខណៈដែលមន្ត្រីប្រឆាំង នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) នាំគ្នាដើរចេញពីសម្ព័ន្ធភាព សម រង្ស៊ី-កឹម សុខា ទៅបង្កើតគណបក្សថ្មីជាបន្តបន្ទាប់ ដាច់ដោយឡែកពីគ្នានោះ កំពុងដើរជាន់មរតកសាសន៍ “កុលាបក្រពុំ ល្អជាងពេលរីក” នោះហើយ។ ដើរជាន់យ៉ាងម៉េច? ចំណុចនេះ មិនពិបាកយល់នោះទេ ដើមឡើយអ្នកនយោបាយបង្កើតបក្សថ្មីទាំងនោះ មិន ទាន់ជ្រួលជ្រើមរត់ចោលមេកោយ និងអ្នកគាំទ្រនោះទេ ហើយត្រូវបានសកម្មជននៃអតីត CNRP គោរពស្រលាញ់។ លុះ ពួកគាត់ដាក់ពាក្យសុំចូលទ្វារនយោបាយ បង្កើតបក្សរៀងខ្លួន ជាហេតុនាំឱ្យអ្នកគាំទ្រ CNRPរ រិះគន់វាយប្រហារជុំទិស។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដែលមិនទាន់ចេញទៅណានឹងគេ បានបង្ហោះសំណេរតាមហ្វេសប៊ុកថា “នៅតិចទេ។ ហ៊្វុនស៊ិនប៉ិច (FUNCINPEC) គេបំបែកជា ១១បក្ស” ប៉ុន្តែនៅពេលនេះ CNRP ត្រូវបែកជា ៥បក្ស និងនៅបែកបន្តទៀត។ ជាការឆ្លើយតបវិញ លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានបង្ហោះសំណេរវាយបកវិញថា “សោកស្តាយដែល នៅមានបណ្ឌិត និងអ្នកនយោបាយងប់ងុលនឹងអតីត CNRP ជ្រុលនិយម និងអន្តរជាតិម្ចាស់ជំនួយ យល់ធ្វើមិនយល់ ឬខ្វះ ការវិនិច្ឆ័យគ្រប់ជ្រុលជ្រោយ បានព្យាយាមរាប់បញ្ចូលគណបក្សឆន្ទៈខ្មែរ ជាមួយក្រុមគណបក្ស នយោបាយថ្មីៗ ដែលមេ-ដឹកនាំរបស់គេជាអតីតថ្នាក់ដឹកនាំ CNRP …”។

ការឆ្លើយឆ្លងគ្នារវាងអ្នកបង្កើតបក្សថ្មី បែកចេញពីសង្គ្រោះជាតិ និងអ្នកមិនព្រមបែក ក៏ចេញការហែកហួរគ្នានេះ មានន័យស្មើនឹង “កុលាបក្រពុំ ល្អជាងពេលរីកនេះឯង” មានន័យថា បើអ្នកនយោបាយនោះមិនហក់លោតដូចគេ ក៏គ្មានអ្នក ណាថាអី តែបើហក់ចូលក្រឡាអុក ក៏ត្រូវអ្នកមិនហក់នោះរិះគន់ មិនខុសពី “កុលាបរីក ត្រូវមេអំបៅចុះទំ ពងញាស់ជាដង្កូវ” ឯត្របកកុលាបរីកនោះ នឹងជ្រុះធ្លាក់ដីម្តងមួយៗ ធុំក្លិនស្អុយ គេបោសយកទៅចោល មិនដូចកុលាបក្រពុំ គេថែទាំនោះទេ។

អ្នកនយោបាយ ដើរចេញពី CNRPរ រួមមានលោក គង់ គាំ, លោករៀល ខេមរិន្ទ្រ, លោកជីវ កត្តា, លោកអ៊ូ ច័ន្ទរ័ត្ន, លោកប៉ុល ហំម ជាដើម បានបង្កើតគណបក្សថ្មី អស់ហើយ។ ដោយឡែកលោកថាច់ សេដ្ឋា ជាមនុស្សស្មោះត្រង់លោកសម រង្ស៊ី ក៏ល្បីបង្កើត “គណបក្សបេះដូងជាតិ” ដែលត្រូវក្រុមបង្កើតបក្សមុន រិះគន់ថា “លោកសម រង្ស៊ី នៅពីក្រោយ” បន្ទាប់ពី ក្រុមសម រង្ស៊ី រិះគន់ថា អ្នកបង្កើតបក្សមុន មានកឹម សុខា នៅពីក្រោយ។

ការរិះគន់លាបពណ៌គ្នារញ៉េរញ៉ៃបែបនេះ គឺមកពី “ផ្កាកុលាបនាំគ្នារីក តាមទឹកសន្សើម” ជាហេតុនាំឱ្យពពួកកន្លង់ ឃ្មុំ មេអំបៅ ហិចហើរក្រវែលស្រង់ក្លិន។ ធ្ងន់បំផុត កុលាបរីកទាំងនោះ មានដង្កូវញាស់ស៊ីត្របកផ្កា ឱ្យស្អុយបន្តិចម្តងៗ ស្តែង ចេញតាមរយៈការរិះគន់ លាបពណ៌គ្នាដូចឃើញស្រាប់។

ចំណុចនេះ គេគ្មានភ័ស្តុតាងអ្វីចោទថា “CPP បំបែក” នោះទេ គឺអ្វីៗមកពី “បែកខ្លួនឯង រីកខ្លួនឯង” ទៅតាមទឹកសន្សើម បើកុំរីក ឬថានៅក្រពុំជាប់ទង ក៏គ្មានមេអំបៅឯណាទៅពងដាក់នោះដែរ។ ឥឡូវសូម្បីតែលោកសម រង្ស៊ី មេប្រឆាំងធំជាង គេនោះ ក៏បានចោទប្រកាន់អ្នកបង្កើតបក្សថ្មីថា “ស៊ីលុយ CPP លក់ក្បាលឱ្យ CPP” ដោយអត់ភ័ស្តុតាង។ លុះមានគណបក្ស បេះដូងជាតិ ទើបនឹងកើតក្រោយគេនោះ ក៏ត្រូវអ្នកមុនចោទថា “សម រង្ស៊ី នៅពីក្រោយ តាមការរៀបចំរបស់អេង ឆៃអ៊ាង”។

ក្នុងស្ថានភាពបែបនេះ បើសិនជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លូកមាត់លូកក ឱ្យអ្នកបង្កើតបក្សថ្មី នោះ “ធ្វើយ៉ាងនេះយ៉ាងនោះ” អាចធ្វើឱ្យអ្នកតាមដានសង្ស័យថា CPP នៅពីក្រោយទៀត។ បក្សកាន់អំណាច ត្រូវសម្ងំ ឱ្យឈឺង កុំលូកដៃរឿងគេ ដោយគ្រាន់តែធ្វើតាមច្បាប់វិសោធនកម្ម បើកផ្លូវឱ្យធ្វើនយោបាយ ឬថាទុកឱ្យក្រសួងមហាផ្ទៃ ចាត់ចែងបានហើយ។

មានអ្នកគាំទ្រអតីត CNRP មួយចំនួន លើកឡើងថា អតីតមន្ត្រីប្រឆាំងដែលជាប់បម្រាមនយោបាយ ១១៨នាក់នោះ នឹងដើរចូលជាបន្តបន្ទាប់ ទៅបង្កើតបក្សថ្មី ឱ្យបាន ៣០-៤០គណបក្ស។ អ្នកគាំទ្រអតីតបក្សប្រឆាំងនោះ បង្ហើបទៀតថា “CPP លេងតែស្នៀតដដែលៗ ដូច្នេះខាងប្រឆាំងក៏ចេញស្នៀតដដែលៗដែរ” ចំណុចនេះ មានន័យថា ពួកប្រឆាំងចោទ CPP ជាអ្នកបំបែក ទើបគេយកស្នៀតធ្វើជាបែកបាក់គ្នា រយោងរយានដូចសម្លកំពឹស មកទប់។

បើជាយ៉ាងនេះមែន ការបែកសំឡេងរាប់សិបគណបក្សនោះ កាន់តែចាញ់ CPP ហៅលែងឮតែម្តង។ ចង់យកឈ្នះ CPP លុះត្រាតែប្រទេសកម្ពុជា មាន “គណបក្ស២” ដូចនៅអាមេរិក ដែលមានតែគណបក្សសាធារណរដ្ឋ និងគណបក្ស ប្រជាធិបតេយ្យ ដូរជើងគ្នាកាន់អំណាច ប៉ុន្តែបើមានគណបក្សរាប់សិបដូចស្រុកខ្មែរ គណបក្សប្រជាជនកម្ពុជា នឹងកាន់អំណាច ជារៀងរហូត បើអស់ពីចាស់ទុំ ក៏ដល់វេនក្មេងៗស្រករក្រោយ ឡើងកាន់អំណាច ស្នងឪពុក ស្នងជីតា..។

ដូច្នេះយើងឃើញថា “កុលាបក្រពុំ ល្អជាងរីក” បានត្រឹមរុះរោយមុនរដូវតែប៉ុណ្ណោះ។ គ្មានអ្នកណា បេះផ្កាកុលាបរីក ត្រូវសន្សើម ឬត្រូវទឹកភ្លៀងសើមល្អូក ទៅថ្វាយព្រះនោះទេ តែគេបេះយកតែកុលាបក្រពុំ ទៅបូជាព្រះរតនត្រ័យ ទើបបាន កុសលផលានិសង្សខ្ពស់។

សរុបទៅ “កុលាបក្រពុំ ល្អជាងរីក” មានន័យយ៉ាងនេះឯង។ ឧបមាថា អតីតតំណាងរាស្ត្រនៃ អតីតគណបក្សសង្គ្រោះ ជាតិ ដើរចេញម្តងមួយៗ ទៅបង្កើតបក្សថ្មី ដាច់ដោយឡែកពីគ្នា ឬឡើងប្រធានគ្រប់គ្នានោះ បានត្រឹមតែអ្នកគាំទ្ររិះគន់ សម្អុយឈ្មោះ ដូចមេអំបៅ ពងដាក់ផ្កាកុលាប ញាស់ជាដង្កូវអ៊ីចឹង ដែលជាបរិបទសម្រាប់អ្នកបង្កើតបក្សថ្មី ពិចារណា ហើយ កុំបន្ទោស CPP ថាបំបែក គឺមកពីបែកខ្លួនឯងទេ…”៕

RELATED ARTICLES