Friday, January 24, 2025
Homeបរិយាយសាសនានៅឆ្ងាយ

សាសនានៅឆ្ងាយ

ដោយ អាចារ្យថាំ

យោងតាម “ពុទ្ធព្យាករណ៍” ព្រះពុទ្ធសាសនា កន្លងទៅ បាន ២៥៦៥ឆ្នាំ ហើយ គឺនៅសល់ ២៤៣៥ឆ្នាំទៀត ទើបដល់អាយុកាល ៥០០០ព្រះវស្សា។ បើ “សាសនា នៅឆ្ងាយ” យ៉ាងនេះ ទោះជាអ្នកមិនជឿសាសនា ព្យាយាមរិះគន់ ឬចាំតែចាប់ កំហុសព្រះសង្ឃ យ៉ាងណាក៏ព្រះពុទ្ធសាសនា មិនរលាយដែរ សូម្បីរបបប៉ុល ពត កម្ទេចសាសនា ដល់កម្រិតសូន្យ ក៏នៅតែព្រះពុទ្ធសាសនា រស់វិញ។

ករណីសម្តេចព្រះសង្ឃរាជបួរ គ្រី ខាងគណៈធម្មយុត្តិកនិកាយ តែងតាំង ឧត្តមទីប្រឹក្សា និងជាមហាឧបាសិកា ស្រាប់តែមានការរិះគន់ព្រះអង្គព្រោងព្រាត នោះ គួរពិចារណាដែរ។ គេរិះគន់ថា គ្រាន់តែស្រីលក់ឡេម្នាក់ យកមកតែងតាំង ធ្វើទីប្រឹក្សា ដូចគណៈធម្មយុត្តិរកព្រះសង្ឃ ១អង្គ ធ្វើទីប្រឹក្សាមិនបាន។ ការរិះគន់ នោះ ផ្តើមចេញពីព្រះសង្ឃ ១អង្គ គ្រងស្បង់ចីវរក្រហម ទំនងជាគណៈមហា-និកាយ ក៏មានអ្នកចែករំលែក (Share) និងComment ព្រោងព្រាតវាយ ប្រហារសម្តេចព្រះសង្ឃរាជ ជាទីសក្ការៈ។

បើស្រាវជ្រាវករណីនេះ សូម្បីព្រះពុទ្ធអង្គ ក៏បានតែងតាំងសេដ្ឋិនី ឈ្មោះ “វិសាខា” ជាមហាឧបាសិកា ទុកជាទីប្រឹក្សាសាសនា សម្រាប់ជួយពិនិត្យនូវអ្វី ដែលទាក់ទងនឹងស្ត្រីភេទ។ កាលស្ត្រីម្នាក់ ស្រលាញ់ភេទបព្វជិត ក៏សុំលាប្តីទៅ បួសជាភិក្ខុនី ខណៈដែលនាងមានផ្ទៃពោះ ៣ខែ តែអត់ដឹងថា ខ្លួនមានផ្ទៃពោះ។ លុះបួសច្រើនខែ ពោះចេះតែខ្ទាតធំទៅៗ ផ្អើលដល់ពុទ្ធបរិស័ទរិះគន់ថា នាង ភិក្ខុនី នោះលួចខូចគ្នាជាមួយភិក្ខុ ជាសាវ័កព្រះ ធ្វើឱ្យអាប់ឱនកិត្តិយសព្រះពុទ្ធសាសនា។ ព្រះពុទ្ធ បរមគ្រូ ក៏ស្នើទៅព្រះបាទពិម្ពិសារ មហាក្សត្រដែនមគធៈ ក្រុងរាជគ្រឹះ ឱ្យជួយរំលត់អធិករណ៍ ទាក់ទងនិងរឿងមាតុគ្រាម ទើបស្តេច ត្រាស់បង្គាប់ សេដ្ឋិនី វិសាខា ទីប្រឹក្សាសាសនា ឱ្យទៅពិនិត្យពោះនាងភិក្ខុនីនោះ។ លុះពិនិត្យ ស៊ើបអង្កេតទៅ ទើបដឹងថា នាងមានផ្ទៃពោះជាមួយប្តី តែបានលាប្តី មកបួស ព្រោះស្រលាញ់ព្រះពុទ្ធសាសនា។ លុះបានដឹងការពិត នាងភិក្ខុនោះ មិនត្រូវផ្សឹក ទេ គឺបួសទាំងមានផ្ទៃពោះ រហូតដល់ប្រសូតបានបុត្រប្រុស១ ស្តេចក៏យកទៅ ចិញ្ចឹម លុះកុមារនោះ មានវ័យ ៧ឆ្នាំ បានបួសនៅវត្តជាមួយម្តាយ បានសម្រេច ព្រះអរហត្តផល មានព្រះនាមថា “កស្សបសាមណេរ”…។

រឿងនេះចង់បង្ហាញថា បើគ្មានទីប្រឹក្សាជាស្ត្រី ជួយពិនិត្យ ក៏បុរសពិបាក ពិនិត្យផ្ទៃពោះភិក្ខុនី នោះដែរ។ រឿងមួយទៀត តំណាលពី “នាងអម្ពបាលី” ជាស្រីពេស្យា ផ្កាមាសជាន់ខ្ពស់ បើបុរសណាចង់រួមរ័កជាមួយទាល់តែបង់ប្រាក់១ ពាន់កហាបណៈ ទាល់តែស្តេច ឬសេដ្ឋីទើបមានប្រាក់ជួលនាងទៅដេក។ ក្រោយ មក នាងអម្ពបាលី ភ្ញាក់រលឹក និមន្តព្រះពុទ្ធ និងសាវ័ក ទៅប្រគេនចង្ហាន់ ប្រគេន ទាំងព្រៃស្វាយ កសាងជា “វត្តអម្ពបាលីវ័ន” ដែលរឿងនេះចង់បង្ហាញថា សូម្បីតែ ស្រីផ្កាមាស ដែលចាស់ៗនិយមហៅ “សំផឹង” ក៏ព្រះពុទ្ធ មិនប្រកាន់ដែរ។

ព្រះពុទ្ធ បានទាំងយកចោរអង្គុលីមាល៍ ឱ្យចូលបួសជាភិក្ខុ ដោយមិនគិតពី អតីតភាពធ្លាប់សម្លាប់មនុស្ស ៩៩៩នាក់ កាត់យកតែម្រាមដៃ។ ដូច្នេះនៅក្នុង ព្រះពុទ្ធសាសនា ត្រូវតែយកមនុស្សអាក្រក់ ឬបាតសង្គម មកឱ្យធ្វើទីប្រឹក្សាខ្លះ ដើម្បីអូសទាញមនុស្សខូច ឱ្យចូលធ្លុងសាសនា។

យ៉ាងណា ការតែងតាំងលោកស្រីឧកញ៉ា ហៅម៉ែរួយ មិនខុសពីការដែល ព្រះពុទ្ធ តែងតាំងនាងវិសាខា ដើម្បីអូសទាញស្រីៗឯទៀតឱ្យជួយការពារ និង កសាងសមិទ្ធផលក្នុងវត្តអារាម។ ការតែងតាំង “មេភ្នាល់ល្បែងទឹកភ្លៀង” ក៏ដើម្បី ឱ្យមេល្បែងនោះអូសទាញអ្នកលេងឯទៀតឱ្យមានការភ្ញាក់រលឹក។

“ការរិះគន់ ជាការងាយ តែសិល្បៈនៃការរិះគន់ ជារឿងពិបាក” ពោលគឺអ្នក រិះគន់សម្តេចព្រះសង្ឃរាជ អត់ចេះវិន័យ ឬមិនដែលបានអានពុទ្ធប្បវត្តិ មិនដឹង ពីអតីតកាល មើលឃើញតែបច្ចុប្បន្ន។ គេចាំតែចាប់កំហុសព្រះសង្ឃស្រែបុណ្យ ដូចធ្លាប់រិះគន់សម្តេចព្រះសង្ឃរាជ ទេព វង្ស ថា “សូត្រធម៌៧មករា” គេរិះគន់ ព្រះតេជគុណពិន សែម រឿង “វ៉ៃប្រដៅកូនសិស្ស” ឥឡូវគេពន្លះសម្តេចព្រះ-សង្ឃរាជ បួរ គ្រី រឿងតែងតាំងទីប្រឹក្សា។ ព្រះអង្គមិនតបតទេ ដូចព្រះពុទ្ធ មិនដែលតបតនឹងពួកអចេលក៍ ធ្វើឱ្យមេអចេលក៍ឈ្មោះមហាវីរៈ ក្អួតឈាមស្លាប់។

ព្រះពុទ្ធសាសនា នៅ ២៤៣៥ឆ្នាំទៀត ទើបដល់អាយុកាល ដូច្នេះទោះជា អ្នករិះគន់យ៉ាងណា ក៏មិនអាចធ្វើឱ្យព្រះពុទ្ធសាសនា រលាយបានដែរ តែបានត្រឹម “ឆ្នាំងមិនក្តៅ ទៅក្តៅគម្របឆ្នាំង” ឯណោះ…”៕

RELATED ARTICLES