Sunday, May 19, 2024
Homeបរិយាយអាណិតសត្វ

អាណិតសត្វ

ដោយ អាចារ្យថាំ

លេចធ្លាយរូបថតបង្ហោះតាមហ្វេសប៊ុក បង្ហាញឱ្យឃើញសត្វតោ ស្គមៗ នៅតែស្បែកដណ្តប់ឆ្អឹង ដោយគេបញ្ជាក់ថា ជាតោ នៅភ្នំតាម៉ៅ និងនៅតាដា ខេត្ត កំពត។ ទិដ្ឋភាពបែបនេះ គួរឱ្យអាណិតសត្វ ជាពន់ពេក ពុំដឹងជាតោភ្នំតាម៉ៅ តោ តាដា ពិតប្រាកដ ឬគេកុហក? ប៉ុន្តែ បើសិនជាពិតមែននោះ ជាសោកនាដកម្ម ដ៏អាស្រូវ មិនគួរឱ្យមាននៅស្រុកខ្មែរ។

សត្វគ្រប់ប្រភេទ ដែលដាក់ចិញ្ចឹមក្នុងសួនសត្វ ស៊ីចំណីខុសគ្នា គឺតោ ខ្លា ឆ្កែព្រៃ ពស់ថ្លាន់ ក្រពើ ភេ ស្ការ ជាដើម ស៊ីសាច់ឆៅ មាន់ ទា ត្រី។ ទន្សោង ខ្ទីង រមាំង ឈ្លូស ក្តាន់ ប្រើស ដំរី ស៊ីស្មៅ ឬអំពៅ។ ស្វា ទោច ស៊ីផ្លែឈើ ក្ងោក មាន់ព្រៃ ស៊ីស្រូវ អង្ករ៘

“នគរធំ” សុំនិយាយពីតោ និងខ្លា ជាសត្វសាហាវ ស៊ីសាច់ឆៅ ដូចឯកសារសត្វ បង្ហាញថា តោ ១ក្បាល ស៊ីសាច់ឈ្លូសអស់១ក្បាលដែរ ទើបវាឆ្អែត។ អាចថា តោទម្ងន់ ៣០០គីឡូ ត្រូវស៊ីសាច់ ១ថ្ងៃ១០-២០គីឡូ ទើបវាស្កប់ស្កល់។ ចុះសួនសត្វ យើង មានលទ្ធភាពរកសាច់គោ ឱ្យតោ ខ្លាស៊ីគ្រប់គ្រាន់ឬទេ?

យើងធ្លាប់ចូលទស្សនាសួនសត្វ ភ្នំតាម៉ៅ កាលពីប៉ុន្មានឆ្នាំមុន ឃើញខ្លា ១ក្បាល ស្គមកន្តេវរ៉េវ ក៏មានអ្នកលើកទូរស័ព្ទតាមថតវា ដោយលាន់មាត់ថា “ខ្លាអីស្គម ម៉្លេះ?” ខ្លះទៀតថា “ខ្លានេះ បើលោតទៅចាប់គោ ច្បាស់ជាគោជល់ងាប់”។

កាលប៉ុន្មានឆ្នាំមុន ត្រឹមតែស្គមកន្តេវរ៉េវ ដើរអូសលោង លុះមានវិបត្តិកូវីដ-១៩ កើតឡើង សូម្បីប្រជាពលរដ្ឋក៏ត្អូញដាច់បាយ ចុះទម្រាំសត្វនៅក្នុងទ្រុង តើវាយ៉ាង ណាទៅ? ដូច្នេះបើសិនជារូបតោស្គមៗ ដែលគេថតបង្ហាញនោះ ពិតជាតោ ភ្នំតាម៉ៅ សួនសត្វតាដា ប្រាកដមែននោះ បង្ហាញថា “តោអត់ស៊ី” តែម្តង បានជាវានៅសល់តែ ស្បែកដណ្តប់ឆ្អឹងយ៉ាងនេះ?

តាមពិត “របបតោ ខ្លា” បានមកពីថវិកាជាតិ មួយផ្នែក ពីការលក់ប័ណ្ណចូល ទស្សនាសួនសត្វ មួយផ្នែក មិនអាចទុកឱ្យសត្វដាច់ពោះបានឡើយ ប៉ុន្តែបើវាស្គម មើលឃើញតែឆ្អឹងបែបនេះ អាចថា ប្រហែលមានអ្នក “កេងរបបតោខ្លា”។

ពីមុន យើងធ្លាប់ឃើញគេដាក់ក្បាលគោ ១ ឱ្យមេខ្លាដំបង ដែលមានកូនបៅ ដោះស៊ី នៅសួនសត្វទឹកឈូ វាមិនស្គមពេកទេ អាចចិញ្ចឹមកូន បីបួនក្បាល រស់ ដោយស៊ីតែក្បាលគោ ១។ ឥឡូវបើសិនជាបានក្បាលគោ ដាក់ឱ្យតោ ភ្នំតាម៉ៅ ស៊ី រាល់ថ្ងៃ ក៏មិនស្គមដល់ថ្នាក់នេះដែរ។

លុះមានការដកហូតតោឈ្មោល ១ក្បាល ពីជនជាតិចិន ទៅដាក់ភ្នំតាម៉ៅ វា លែងស៊ីចំណី អាចថា មកពីតោ នោះឆ្លាត ព្រោះបើវារស់នៅក្នុងសួននោះតទៅទៀត អាចនឹងស្គមទៅៗ ទើបវាមិនព្រមស៊ី ធ្វើឱ្យអ្នកតាមឃ្លាំមើលអាណិតអាសូរ ដឹង ដល់នាយករដ្ឋមន្ត្រី ក៏បញ្ជាឱ្យប្រគល់តោនោះទៅម្ចាស់វាយកទៅចិញ្ចឹមវិញ។

មានអ្នកលេងហ្វេសប៊ុកខ្លះរិះគន់អ្នកអាណិតតោ ភ្នំតាម៉ៅ ថា មនុស្សមិនអាណិត ទៅអាណិតសត្វ សូម្បីតារាចម្រៀងសុខ ពិសី ក៏គេរិះគន់រឿងអាណិតសត្វដែរ។ តាមពិត មនុស្សអនាថា ពិកល្យពិការ ក៏គេអាណិត បើយកសត្វទៅដាក់ទ្រុង ឱ្យវាស៊ី មិនឆ្អែតធ្វើឱ្យគេអាណិតជាងមនុស្សទៅទៀត ព្រោះមនុស្សចេះតវ៉ា ទាមទារ យុត្តិធម៌ ចុះសត្វវាចេះទាមទារអី?

ហេតុនេះ គួរតែរាជរដ្ឋាភិបាល ជាពិសេស ក្រសួងកសិកម្ម ពិនិត្យតាមដាន របៀបរបបធ្វើការនៅតាមសួនសត្វផង ក្រែងលោមានអំពើពុករលួយ “កេងរបប តោ ខ្លា” បើជាសត្វស៊ីស្មៅ ដូចខ្ទីង ទន្សោង ជាដើម វាអត់បញ្ហាទេ ព្រោះខ្ទីង នៅតែ ធាត់កន្ទ្រល ព្រោះស៊ីស្មៅឆ្អែតរាល់ថ្ងៃ អាសូរតែតោខ្លា ឆ្កៃព្រៃ ក្រពើ ថ្លាន់ បើកេង របបពួកវា តើជាកំហុសអ្នកណា? “នគរធំ” មិនចោទប្រកាន់អ្នកគ្រប់គ្រងសួនសត្វ ករណីកេងប្រវ័ញ្ច របប សត្វស៊ីសាច់ឆៅនោះទេ តែចង់រកឱ្យឃើញការពិត ដើម្បីសង្គ្រោះសត្វកម្រ។ តោ១ក្បាល ឮថា ថ្លៃជាងឡានទំនើបទៅទៀត តែបើយកវាមកដាក់ទ្រុង ឬសួនសត្វ ឱ្យស៊ីមិនឆ្អែតនោះ ជាបាបកម្ម ពៀរវេរាធ្ងន់ណាស់៕

RELATED ARTICLES