Sunday, May 19, 2024
Homeព័ត៌មានជាតិប្រពន្ធមិនឱប ដេកឱបកាំភ្លើង ប្រពន្ធខឹង ប្តឹងប៉ូលិសចាប់ប្តី

ប្រពន្ធមិនឱប ដេកឱបកាំភ្លើង ប្រពន្ធខឹង ប្តឹងប៉ូលិសចាប់ប្តី

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ហេតុតែស្រលាញ់កាំភ្លើង ទោះខ្លួនជាប្រជាជនសាមញ្ញ គ្មានតួនាទីអ្វីត្រូវប្រើប្រាស់អាវុធ ក៏បានលួចទិញកាំភ្លើងខ្លី ១ដើម យកមកដេកឱប ជាយូរមកហើយ ស្រាប់តែពេលកើតមានជម្លោះជាមួយប្រពន្ធ ទាញកាំភ្លើងមកភ្ជង់ គំរាមបាញ់សម្លាប់ ទើបប្រពន្ធភ័យ រត់ទៅប្តឹងសមត្ថកិច្ច ចុះចាប់វាយខ្នោះ។

ករណីប្តីដកកាំភ្លើងខ្លីគំរាមបាញ់សម្លាប់ប្រពន្ធខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិរូង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី។

ជនបង្កហេតុ ជាប្តីដែលភ្ជង់កាំភ្លើងគំរាមសម្លាប់ប្រពន្ធ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះហ៊ាន វុទ្ធី ភេទប្រុស អាយុ៤៩ឆ្នាំ។ ចំណែក ស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះឆោម អេម ភេទស្រី អាយុ៥៣ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគីរី បានដឹកនាំកម្លាំងក្នុងអង្គភាពធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះហ៊ាន វុទ្ធី មានមុខរបរ ជាប្រជាពលរដ្ឋ ក្នុងករណីប្រើប្រាស់អាវុធដោយខុសច្បាប់ និងប្រើប្រាស់អាវុធគំរាមសម្លាប់ប្រពន្ធរបស់ខ្លួន ដោយបានដកហូតអាវុធខ្លីប្រភេទ K59 ចំនួន១ដើម គ្រាប់ចំនួន២គ្រាប់នៅក្នុងបង់ស្រាប់។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៧យប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិរូង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី មានករណីគំរាមកំហែងដោយប្រើប្រាស់អាវុធមួយកើតឡើង ដែលករណីនេះបង្កដោយឈ្មោះហ៊ាន វុទ្ធី ជាប្រជាពលរដ្ឋ បានប្រើពាក្យ សម្តី និងអាវុធគំរាមសម្លាប់ទៅលើប្រពន្ធរបស់ខ្លួនឈ្មោះឆោម អេម ក្នុងពេលដែលរូបគាត់មានទំនាស់ជាមួយប្រពន្ធ។

ក្នុងពេលធ្វើសកម្មភាពនេះ ប្រពន្ធដែលមានការភ័យខ្លាច បានរត់ចេញពីផ្ទះនិងរាយការណ៍ភ្លាមដល់សមត្ថកិច្ចមូលដ្ឋាន ហើយពេលទទួល បានព័ត៌មាននេះសមត្ថកិច្ចនគរបាលស្រុករុក្ខគីរី បានចុះទៅអនុវត្តការឃាត់ខ្លួន និងនាំមកធ្វើការស្រាវជ្រាវជាបន្ទាន់។

លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគីរី បានឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះហ៊ាន វុទ្ធី បាន ឆ្លើយសារភាពថា អាវុធខ្លី១ដើម ដែលខ្លួនយកមកប្រើប្រាស់គំរាមសម្លាប់ប្រពន្ធ និងត្រូវបានសមត្ថកិច្ចនគរបាលធ្វើការដកហូតនេះ គឺខ្លួនបានទិញ ពីអ្នកនៅភ្នំពេញម្នាក់ ដែលជាមនុស្សស្គាល់គ្នា។ ហើយមូលហេតុដែលខ្លួនទិញអាវុធខ្លី យកមកប្រើប្រាស់ក្នុងខណៈដែលខ្លួនគឺជាប្រជាពលរដ្ឋ មិនមែនជាសមត្ថកិច្ចផងនោះ ដោយសារតែការស្រឡាញ់អាវុធនេះពេក ទើបគាត់ទិញយកមកទុក។

ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះសមត្ថកិច្ចនគរបាលស្រុករុក្ខគីរីបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ទៅកាន់ការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

RELATED ARTICLES