Sunday, May 19, 2024
Homeព័ត៌មានជាតិហៅផឹក ចាក់ស្លាប់ ចាប់ឃាតករដល់ក្នុងព្រៃ

ហៅផឹក ចាក់ស្លាប់ ចាប់ឃាតករដល់ក្នុងព្រៃ

ខេត្តសៀមរាប ៖ ជនដៃដល់ម្នាក់ ដែលបានចាក់ប្រហារទៅលើយុវជនម្នាក់បណ្តាលឱ្យស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះ បន្ទាន់ បន្ទាប់ពីកើតមានជម្លោះរឿងហៅផឹក អត់ព្រម កាលពីយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង មកដល់វេលាល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បានតាមចាប់ខ្លួនបានហើយ នៅចំណុចក្នុងព្រៃ ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខណៈជននោះកំពុងសំងំលាក់ខ្លួនពីការតាមចាប់របស់សមត្ថកិច្ច។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន មានឈ្មោះជិន វណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើស្រែ មានលំនៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង។ ចំណែកជនរងគ្រោះដែលត្រូវជនដៃដល់ ចាក់បណ្តាលឱ្យស្លាប់ មានឈ្មោះរុន ដូង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។ ចំណែកជនរងគ្រោះម្នាក់ទៀត ដែលរងរបួសធ្ងន់ មានឈ្មោះរិន លាភ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះជិន វណ្ណា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់ប្រហារជនរងគ្រោះទាំង ២នាក់ខាងលើ ប្រាកដមែន ដោយសារខឹងនឹងក្រុមជនរងគ្រោះ ដែលបានវាយតប់មកលើខ្លួន ដោយគ្រាន់តែខឹងរឿងហៅឱ្យចូលផឹក តែត្រូវបាន រូបគេបដិសេធ។

ជនសង្ស័យបានបន្តសារភាពថា នៅមុនពេលកើតហេតុ រូបគេ ទើបនឹងត្រឡប់មកពីដើរឆ្លុះសត្វ លុះមកដល់កន្លែងកើតហេតុ ឃើញ ក្រុមជនរងគ្រោះ កំពុងជួបជុំគ្នាផឹកស៊ី ពេលនេះ ជនរងគ្រោះឈ្មោះរុន ដូង បានស្រែកហៅរូបគេ ឱ្យចូលផឹកស៊ីជាមួយ ប៉ុន្តែរូបគេ បានប្រកែក មិនព្រមផឹកនោះទេ ព្រោះប្រញាប់ទៅផ្ទះ ស្រាប់តែរំពេចនោះ ជនរងគ្រោះខឹង ក៏ព្រួតគ្នាវាយមកលើរូបគេ រហូតដល់គេទ្រាំលែងបាន ក៏ដកកាំបិត ចាក់ទៅលើជនរងគ្រោះ១កាំបិត ចំចុងដង្ហើមបណ្តាលឱ្យស្លាប់ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះរិន លាភ បានរងរបួសធ្ងន់។ ក្រោយពីធ្វើ សកម្មភាពរួច រូបគេក៏បានរត់គេចខ្លួនមកសម្ងំលាក់ខ្លួននៅក្នុងព្រៃភូមិសាស្ត្រ ស្រុកជីក្រែងបាន១យប់ ក៏ត្រូវកម្លាំងសមត្ថកិច្ចតាមប្រមាញ់ ចាប់ខ្លួន បានតែម្តង។

គួររំលឹកថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ មានករណីឃាតកម្មមួយបានកើតឡើង នៅចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ដោយយុវជន១ក្រុម កំពុងអង្គុយជុំគ្នាផឹកស្រាស្រវឹងធ្លាក់ភ្នែក លុះឃើញយុវជនម្នាក់ជាអ្នកភូមិនឹងគ្នា ទើបត្រឡប់មក ពីឆ្លុះសត្វ ក៏ហៅមកផឹកជុំគ្នា តែយុវជននោះប្រកែកមិនព្រមផឹក ទើបធ្វើឱ្យភាគីយុវជនដែលកំពុងស្រវឹងស្រា អាងមានគ្នាច្រើន ក៏រករឿងឈ្លោះ និងវាយទៅលើយុវជនរូបនោះ រហូតដល់យុវជនរូបនោះទ្រាំលែងបាន ក៏ទាញកាំបិតចាក់សងវិញ បណ្តាលឱ្យចំចុងដង្ហើមយុវជនម្នាក់១កាំបិត ស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសយ៉ាងធ្ងន់។

តាមប្រភពពីសមត្ថកិច្ច នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះរុន ដូង និងជនរងគ្រោះឈ្មោះរិន លាប ព្រមទាំងមិត្តភក្តិប៉ុន្មាននាក់ ទៀត បានជួបជុំគ្នាផឹកស្រារហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏ឃើញជនដៃដល់ឈ្មោះជិន វណ្ណា ទើប នឹងត្រឡប់មកពីឆ្លុះសត្វ ដើរកាត់វង់ផឹករបស់ខ្លួន ទើបជនរងគ្រោះឈ្មោះរុន ដូង ក៏បានស្រែកហៅជនដៃដល់ឱ្យមកចូលផឹកស្រាជុំគ្នា តែជនដៃដល់ ប្រកែកមិនព្រមផឹកនោះទេ ទើបធ្វើឱ្យជនរងគ្រោះ ដែលកំពុងផឹកស្រាស្រវឹងទន់ខ្លួនផង និងអាងមានគ្នីគ្នាច្រើនផង ក៏បានទៅបង្ករឿងឈ្លោះ ប្រកែកជាមួយនឹងជនដៃដល់ និងថែមទាំងព្រួតគ្នាវាយទៅលើជនដៃដល់ទៀតផង ទើបធ្វើឱ្យជនដៃដល់ បានដកកាំបិតដែលដាក់តាមខ្លួននៅពេល ដើរឆ្លុះសត្វនោះ ចាក់ប្រហារទៅលើជនរងគ្រោះឈ្មោះរុន ដូង ១កាំបិតចំចុងដង្ហើម បណ្តាលឱ្យស្លាប់នៅនឹងកន្លែងភ្លាមៗតែម្តង។ ចំណែកជនរង គ្រោះឈ្មោះរិន លាប ក៏ត្រូវបានជនដៃដល់ចាក់បណ្តាលឱ្យរងរបួសធ្ងន់ផងដែរ និងត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តសៀមរាប៕

RELATED ARTICLES