Saturday, April 27, 2024
Homeបរិយាយចេះឯង ឱ្យក្រែងចេះគេ

ចេះឯង ឱ្យក្រែងចេះគេ

ដោយ អាចារ្យថាំ

ករណីអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ (CNRP) ដើរចេញពីលោកកឹម សុខា ម្តងមួយៗទៅបង្កើត បក្សថ្មី ដាច់ដោយឡែកពីគ្នានោះ ត្រូវពួកប្រឆាំង សម រង្ស៊ី និយម ចោទប្រកាន់ ថា “ស៊ីលុយ CPP បម្រើ CPP” ប៉ុន្តែលោកអ៊ូ ច័ន្ទរ័ត្ន លោកប៉ុល ហំម លោកគង់ គាំ… បានបដិសេធថា “ធ្វើចាំ ល្អជាងដេកចាំ…”។

លុះលេចឮថា លោកថាច់ សេដ្ឋា ជាមនុស្សស្មោះត្រង់លោកសម រង្ស៊ី សុំ ច្បាប់បង្កើតគណបក្ស “បេះដូងជាតិ” ក៏ត្រូវអ្នកបង្កើតបក្សមុន រិះគន់ថា “ជា កូនអុក CPP”។

តាមការពិចារណា របៀបធ្វើតាមគ្នានោះ វានៅក្នុងសុភាសិត “ចេះឯង ឱ្យ ក្រែងចេះគេ” ព្រោះយើងចេះម៉្យាងទៅគេចេះម៉្យាងទៅ កុំអួតអាងថា ខ្លួនចេះ លើសគេ គ្មានអ្នកណាដល់។ ពិតជាមិនសាមញ្ញោពកទេ ដែលពីមុន កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ស្មោះត្រង់លោកសម រង្ស៊ី អត់ដែលគាំទ្រអ្នកនយោបាយណាដែលបង្កើតបក្សថ្មីនោះទេ។ លុះបក្សបេះដូងជាតិ ត្រូវបង្កើតឡើង ស្រាប់តែនាងគាំទ្រ គឺមានន័យថា បក្សថ្មីនេះ មានលោក សម រង្ស៊ី នៅពីក្រោយ ទោះជាមានការច្រានចោលក្តី។

បក្សកាន់អំណាច (CPP) ក៏គួរប្រុងប្រយ័ត្នដែរ នៅពេលពួកប្រឆាំងចេញ ក្បួនរាយបណ្តាក់គ្នាដូចខ្យង ឬ “ចេះឯងឱ្យក្រែងចេះគេ”។ អ្នកណាក៏ដឹងដែរថា មេប្រឆាំង សម រង្ស៊ី មានអ្នកគាំទ្រច្រើនជាងលោកកឹម សុខា លុះដល់ពេល ឃោសនាបោះឆ្នោត ស្រាប់តែលោកសម រង្ស៊ី ចេញមុខជួយឃោសនាឱ្យបក្ស បេះដូងជាតិ មុខជាសំឡេងប្រឆាំងធ្លាប់បង្ហាញច្បាស់កាលបោះឆ្នោតជ្រើសតំណាង-រាស្ត្រអាណត្តិទី៥ “ប្រមូលផ្តុំគ្នាទៀត”។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ច្បាស់ជាឋិតនៅក្រោម ការឃ្លាំមើលពីអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ខ្លាំងជាងអាណត្តិមុនៗ ដូច្នេះ យុត្តិធម៌ តម្លាភាព ក៏ខ្លាំងដែរ ក្នុងពេលបោះឆ្នោតឆ្នាំ២០២២-២០២៣។

ទំនងជាដឹងថា គ.ជ.ប នៅក្រោមកែវភ្នែកអ្នកសង្កេតការណ៍ខ្លាំងជាង គ.ជ.ប មុន ទើបពួកប្រឆាំង ដែលគ្មានសង្ឃឹមថា CNRP រស់វិញនោះ គ្មានជម្រើស អ្វីក្រៅពី “បញ្ជូនកីឡាករថ្មី” ឱ្យចូលប្រកួតបាល់ទាត់។ ក្លឹប CNRPរ រលាយបាត់ គេបង្កើតក្លឹបផ្សេងៗ ឱ្យបានច្រើន ដើម្បីរកកីឡាករជើងខ្លាំង បន្តវេនពីកីឡាករ ចាស់ចូលនិវត្តន៍ ប៉ុន្តែកីឡាករចាស់នោះ នៅពីក្រោយកីឡាករថ្មី។

ការសុំបង្កើតបក្សថ្មី បណ្តាក់គ្នាតែមេប្រឆាំងសម រង្ស៊ី និងកឹម សុខា ខំប្រកែក មិនពាក់ព័ន្ធនោះ បើ CPP ភ្លាត់ស្នៀតប្រយ័ត្នគេស៊ុតបាល់បញ្ចូលទីបាន។ ដូច “នគរធំ” ធ្លាប់លើកឡើងពីមុនថា ពួកប្រឆាំងបានចោទ “CPP បំបែក” ទើបគេ ប្រើល្បិច “ធ្វើជាបែក ដើម្បីទប់បំបែក” ជាហេតុនាំឱ្យមានករណី “ចេះឯងឱ្យ ក្រែងចេះគេ” នេះឡើងរួចធ្វើជាឈ្លោះគ្នា រញ៉េរញ៉ៃដូចសុនខ ខាំគ្នាដណ្តើម ឆ្អឹងគោ។

យុទ្ធសាស្ត្រខ្លាំង គឺចេញពី “ខួរក្បាលអ្នកនយោបាយខ្លាំង” ព្រោះថា បើ សិនជានៅជាប់បម្រាមនយោបាយ៥ឆ្នាំនោះ គេមិនអាចធ្វើអ្វីកើតទេ អ៊ីចឹងគេ ត្រូវសុំបង្កើតបក្សជាបន្តបន្ទាប់ ដើម្បីព្រួតគ្នាកិន CPP ដែលកែទម្រង់យឺតយ៉ាវ ឬមិនព្រមកែ។ ដូចករណីពួកអនាធិបតេយ្យលើទឹកទន្លេ ដេញពីកន្លែងមួយ ទៅ ចតនៅកន្លែងមួយ ករណីចាក់ថ្មលុបទន្លេ ជាដើម គេនាំគ្នាពន្លះ CPP ដូចខ្យង ប្រណាំងជាមួយទន្សាយ។

ដូច្នេះកុំទាន់អាលមើលស្រាល នៅពេលពួកប្រឆាំង ចេញស្នៀត “ចេះឯង ឱ្យក្រែងចេះគេ” ចោទលាបពណ៌គ្នា រឿងបង្កើតបក្សនោះ ខណៈដែលមេប្រឆាំង ទាំងពីរប្រកែកថា អត់ដឹង។ ឱ្យដឹងយ៉ាងម៉េច បើផែនការមិនទាន់ដល់គោលដៅ ឬមិនទាន់ពេលឃោសនារកសំឡេងឆ្នោតផងនោះ? ប៉ុន្តែ បើដល់ពេលសមស្រប ច្បាស់ណាស់ថា លោកសម រង្ស៊ី នឹងជួយឃោសនាឱ្យលោកថាច់ សេដ្ឋា ចំណែក លោកកឹម សុខា នឹងជួយឃោសនាឱ្យលោកប៉ុល ហំម អ៊ូ ច័ន្ទរ័ត្ន ហោចណាស់ ក៏បាន២០-៣០កៅអី ក្នុងរដ្ឋសភា រួមគ្នា “ក្លាយជាបក្សប្រឆាំង” ដូចដើមវិញ”៕

RELATED ARTICLES