Saturday, April 27, 2024
Homeបរិយាយនយោបាយពឹងដំរី

នយោបាយពឹងដំរី

ដោយ អាចារ្យថាំ

តាំងពីសម័យលង្វែក ឧដុង្គ រហូតដល់បច្ចុប្បន្ន បើកាលណា ស្រុកទេស កើតជម្លោះដណ្តើមអំណាចគ្នា អ្នកនយោបាយ តែងរត់ទៅពឹងប្រទេសជិតខាងឱ្យជួយក្លាយជាប្រពៃណីទៅហើយ។ បច្ចុប្បន្នពួកប្រឆាំង បានចោទបក្សកាន់អំណាចថា អស់ ពីពឹងយួន ក៏ទៅពឹងចិន ប៉ុន្តែពួកប្រឆាំង ក៏ពឹងអាមេរិក សហភាពអឺរ៉ុប ដែរ។ គ្រាន់តែការបោះឆ្នោត ជិតចូលមកដល់ ក៏មាន ពួកប្រឆាំងខ្លះលើកឡើងថា អន្តរជាតិ ជាពិសេស មហាអំណាចសេរី មិនព្រមជួយខ្មែរសោះ ដែលការលើកឡើងនេះ វានៅ ក្នុង “នយោបាយពឹងដំរី” ដែល “នគរធំ” ក្តាប់បាន ក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ប្រវត្តិសាស្ត្រ បានចារទុកយ៉ាងច្បាស់ថា កាលពីសម័យអង្គរ ជាពិសេសក្នុងរជ្ជកាល “ព្រះបាទជយវរ្ម័នទី៧” ខ្មែរយើង ជាមហាអំណាច មាននាមថា “ចក្រភព កម្ពុជទេស” មានទឹកដីធំល្វឹងល្វើយ ដោយមានស្តេចយួន ស្តេចចាម ស្តេចជ្វា ស្តេចមន ជាចំណុះ។ លុះចូលមកដល់សម័យលង្វែក ទឹកដីខ្មែររួញក្តោបបន្តិចម្តងៗ ជាពិសេស ខណៈដែល “ព្រះធម្មរាជា” ដែលជា បុត្រ “ព្រះបាទពញាយ៉ាត” មានមាតាជាសៀម ឈ្មោះ “អ្នកម្នាងស្រងៀម” បានទៅពឹងស្តេចសៀម ឱ្យមកជួយច្បាំងយក រាជសម្បត្តិ ខណៈដែលទឹកដីខ្មែរ ពុះជា៣ មានស្តេច ៣អង្គ គ្រប់គ្រង គឺ “ព្រះសុរិយោទ័យ, ព្រះស្រីរាជា និងព្រះធម្មរាជា”។ តាំងពីសៀម ជួយឱ្យបានរាជបល្ល័ង្កមក ព្រះបាទធម្មរាជា ត្រូវជំពាក់គុណសៀម លើកសួយសារអាករ ទៅថ្វាយស្តេចសៀម រាល់ឆ្នាំ ឯទឹកដីខ្មែរ ត្រូវគេច្បិចយកតាមទំនើងចិត្ត។

រីឯ “ព្រះបាទពញាតន់” បានទៅពឹងកងទ័ពយួនអណ្ណាម ឱ្យមកជួយច្បាំង និង “ព្រះអង្គនន់” ជាហេតុនាំឱ្យជំពាក់គុណ យួន កាត់យកខេត្តពីររបស់ខ្មែរទៅគ្រប់គ្រង។ ព្រះបាទអង្គច័ន្ទ ក្សត្រីអង្គម៉ី ក៏នៅក្រោមអំណាចស្តេចយួន រីឯព្រះអង្គឌួង ព្រះអង្គអឹម នៅក្រោមឥទ្ធិពលស្តេចសៀម លុះបានឡើងសោយរាជ្យ ព្រះបាទអង្គឌួង ខ្លាចបាត់បង់ទឹកដី ក៏ទាក់ទងបារាំង ឱ្យជួយ។ រយៈពេលជិត ១សតវត្ស ដែលបារាំង ដាក់អាណានិគម ទោះជាខ្មែរ បាត់បង់ឯករាជ្យម្ចាស់ការ ក៏នៅសល់ទឹកដី កំណើតមិនរលាយដូចនគរចម្ប៉ា ដែលទំព័រប្រវត្តិសាស្ត្របង្ហាញយ៉ាងច្បាស់។

ក្រឡេកមើលបច្ចុប្បន្ន នយោបាយពឹងអន្តរជាតិ នៅតែដុះស្នឹមយ៉ាងក្រាស់ក្នុងខួរក្បាលអ្នកនយោបាយខ្មែរ សូម្បីអ្នក វិភាគខ្លះ រៀនដល់ថ្នាក់បណ្ឌិត ក៏សង្ឃឹមតែលើមហាអំណាច ដែលអាចជួយខ្មែរបាន។

លោកគឹម សុខ អ្នកវិភាគមុតស្រួច ដូចគេចាក់នឹងកាំបិត បានបង្ហោះសំណេរតាមហ្វេសប៊ុក ជាអាទិ៍ថា “សហគមន៍ អន្តរជាតិ គួរបង្ហាញគោលការណ៍ឱ្យកាន់តែជាក់លាក់ ដើម្បីសង្គ្រោះកម្ពុជា” ដោយបង្ហាញពីគោលការណ៍ធំៗ ៣យ៉ាង រួមមាន “ទម្លាក់បទចោទប្រកាន់លោកកឹម សុខា, ជួយទប់កម្ពុជា កុំឱ្យរអិលឆ្ងាយពីផ្លូវអព្យាក្រឹត, អន្តរជាតិត្រូវបង្ហាញជំហរ ម៉ឺងម៉ាត់ យកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ មកពិនិត្យឡើងវិញ។

ការពឹងផ្នែកអន្តរជាតិ ឬមហាអំណាច មានន័យស្មើនឹង “នយោបាយពឹងដំរី” គឺសត្វតូចៗ ពឹងដំរីជាសត្វធំ ឱ្យជួយបាច ទឹកចាប់ត្រី ព្រោះដំរីមានប្រមោយស្រូបទឹកបានច្រើន ប៉ុន្តែទីបំផុតបានត្រឹម “ដំរីជាន់ងាប់អស់” ដូចការដកស្រង់រឿង ព្រេងខាងក្រោម ៖

កាលនោះ មានចចកត្រោសមួយ ដើរទៅឃើញត្រី កំពឹស ក្តាម កំពុងបម្រះននៀលក្នុងថ្លុករីងខះទឹក ក៏ចង់ចាប់ស៊ី ប៉ុន្តែកំពឹស មានប្រាជ្ញា ក៏បោកចចកថា ត្រូវបងចចក យកពួកយើងទៅលាងទឹកឱ្យស្អាតសិន ចាំពិសា ទើបឆ្ងាញ់ បើហូបទាំង ភក់ យ៉ាងនេះ គ្មានរសជាតិទេ។ ចចក ក៏សួរថា តើធ្វើយ៉ាងណាអាចយកត្រីកំពឹសទៅលាងទឹកបាន? កំពឹស ក៏ប្រាប់ឱ្យចចក ដេកននៀលលើភក់ ទើបពួកវានាំគ្នាខាំតោងរោមចចក ឱ្យដឹកជញ្ជូនយកទៅដាក់បឹងមួយ មានទឹកថ្លា។ កំពឹស បោកចចក ឱ្យ ទៅដឹកជញ្ជូនញាតិសន្តានមច្ឆជាតិ រហូតអស់ពីថ្លុក លុះមកដល់បឹង ក៏នាំគ្នាមុជទឹកបាត់អស់ទៅ។

ចចក មួម៉ៅក្តៅក្រហាយខ្លាំងណាស់ ក៏ទៅបបួលសត្វតូចធំ ជាពិសេស ហៅដំរី មកបាចទឹកបឹង ដោយយកសត្វថ្លាន់ ធ្វើទំនប់។ ត្រីក្រាញ់ខ្លាចដំរី ដែលពូកែបាចទឹកជាងគេ ក៏ននៀលដី ទៅពឹងទន្សាយ ឱ្យមកជួយយកអាសា។ ទន្សាយ ក៏បេះ ស្លឹកឈើដែលដង្កូវស៊ីធ្លុះធ្លាយ មកក្លែងថា ជាសំបុត្រព្រះឥន្ទ សូត្រឱ្យសត្វកំពុងបាចទឹក ស្តាប់ថា “កាច់ជើងត្លុម ប្រមុំជើងអក កាប់ក្បាលចចក ដកភ្លុកដំរីស” បណ្តាលឱ្យសត្វតូចធំផ្អើលជាន់គ្នា ឯដំរីធំជាងគេ ស្ទុះទៅជាន់ថ្លាន់ ដែលធ្វើទំនប់ ដាច់ខ្លួនជា ពីរ ធ្លាយទឹក លិចលង់សត្វតូចៗងាប់អស់ ក្លាយជាចំណីត្រី កំពឹស។

យ៉ាងណាមិញ “នយោបាយពឹងដំរី” បើភ្លាត់ស្នៀត នឹងត្រូវដំរីជាន់ក្ស័យមិនខាន។ “ដំរី សំដៅដល់មហាអំណាច” រីឯ “ចចក សំដៅដល់អ្នកនយោបាយកំពូល” ចំណែក “សត្វតូចៗ ជាអ្នកគាំទ្រនយោបាយ”។

រួចមកហើយ ប្រជាពលរដ្ឋ ធ្លាប់ឆ្លងកាត់បានដឹងថា លោកសេនាប្រមុខ លន់ នល់ បានទៅពឹង “ដំរីអាមេរិក” ឱ្យជួយ បាចទឹក បោសសម្អាតខ្មែរសីហនុនិយម ដែលក្លាយជាខ្មែរក្រហម ដោយលាបពណ៌ថា ជា “យៀកកុង យួនខាងជើង” បាន ត្រឹមដំរីអាមេរិក ទម្លាក់គ្រាប់បែកពីយន្តហោះ ព៥២ ខ្ទេចខ្ទាំព្រៃព្រឹក្សា ព្រៃភ្នំក្រំថ្ម។

របបប៉ុល ពត ពឹង “ដំរីចិន” បានត្រឹមធ្វើឱ្យកម្ពុជា ក្លាយជា “វាលពិឃាត” លុះមានបញ្ហា ដំរីអាមេរិក ដំរីចិន ឆ្លើយដាក់ គ្នា ទៅវ័ណ្ឌកអ្នកពឹងដំរី ឡើងសាលាក្តីខ្មែរក្រហម កាត់ទោស ១០ឆ្នាំប្លាយ អត់ទាន់ចប់ បង្ហិនតែលុយសម្រាប់បើកឱ្យចៅក្រម មេធាវី រាជអាជ្ញា។

ឥឡូវអ៊ីចឹងទៀតហើយ ពួកប្រឆាំងនៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ទៅពឹងអាមេរិក សហភាពអឹរ៉ុប ឱ្យជួយ លៃលកយ៉ាងណា បើកផ្លូវលោកសម រង្ស៊ី ឱ្យបានចូលស្រុក ដោះលែងលោកកឹម សុខា ឱ្យរួចពីការចោទប្រកាន់។ សូម្បីតែ លោកគឹម សុខ អ្នកវិភាគនយោបាយ ក៏ផ្តេកផ្តួលក្តីសង្ឃឹមទៅលើអន្តរជាតិ គាបសង្កត់ CPP ដោយជំរុញឱ្យយកកិច្ចព្រម-ព្រៀងសន្តិភាពទីក្រុងប៉ារីស មកអនុវត្ត។

ករណីនេះ អង្គការសហប្រជាជាតិ (អ.ស.ប) ធ្លាប់ជួយដែរ គឺជួយឱ្យមានសន្និសីទអន្តរជាតិ, ជួយបញ្ជូនកម្លាំងទ័ព មួកខៀវ (អ៊ុនតាក់) មកជួយរៀបចំស្រុកខ្មែរ លុះរៀបចំរួចរាល់ គេដកទៅវិញអស់ ស្រាប់តែខ្មែរ “ទរគ្នាទៀត” រួចតាំង ហៅគេមកជួយយ៉ាងម៉េច? បើមហាអំណាចទាំងនោះ កំពុង “ប្រឈមវិបត្តិសេដ្ឋកិច្ច និងកូវីដ-១៩”។

ត្រង់ហ្នឹងហើយដែលហៅថា “នយោបាយពឹងដំរី” បើអ្នកនយោបាយកំពូល ធ្វេសប្រហែស អាចនឹងរងគ្រោះព្រោះដំរី។ ខ្មែរធ្លាប់ពឹងបារាំង ឱ្យជួយទប់សៀម និងយួន កុំឱ្យកម្ពុជា ក្លាយជា “រដ្ឋទ្រនាប់” ប៉ុន្តែចុងក្រោយ “បារាំង កាត់ដីកម្ពុជា ក្រោម ឱ្យយួន”។

នយោបាយដែលល្អបំផុត គឺពឹង “ទន្សាយបណ្ឌិត” ដោយយកបញ្ញាញាណមកប្រើ អាចយកឈ្នះអ្វីៗទាំងអស់បាន។ បើ ពួកប្រឆាំងនៃអតីត CNRP ចង់យកឈ្នះគណបក្សប្រជាជនកម្ពុជា (CPP) កុំពឹងផ្អែកអាមេរិក បារាំង អង់គ្លេស… ពេក តែត្រូវរក “អ្នកប្រាជ្ញ” ឱ្យជួយ។ អ្នកប្រាជ្ញនោះ ខ្លាំងលើសបណ្ឌិតទៅទៀត ខាងផ្នែកនយោបាយ ដោយមិនចាំបាច់ឆ្លងកាត់ រៀនជំនាញវិទ្យាសាស្ត្រនយោបាយ ចេញពីឧត្តមសិក្សា។ អ្នកប្រាជ្ញធនញ្ជ័យ អត់រៀនពីមហាវិទ្យាល័យណាទេ តែគាត់ដុះ គំនិតអ្នកប្រាជ្ញ អាចជួយកម្ពុជា ឱ្យផុតពីអាណានិគមចិន។ បើឃើញតែការបែកបាក់គ្នា ឈ្លោះជេរគ្នាដូចពេលនេះ តើពួកប្រឆាំង សង្ឃឹមអី? រកអ្នកប្រាជ្ញឯណាបាន? ព្រោះរឿងចង់ឱ្យមានការផ្លាស់ប្តូរនោះ មិនមែនស្រួលដូចបកចេកឯណា?

សរុបទៅ “នយោបាយពឹងដំរី” ដូចបងចចកល្ងង់នោះ បានត្រឹមដំរីជាន់ងាប់ គឺមិនងាប់តែចចក សូម្បីសត្វកញ្ជ្រោង ស្វា កំប្រុក ឈ្លូស ក្តាន់ ដែលនាំគ្នាទៅបាច់ទឺកចាប់ត្រី ត្រូវដំរីជាន់ងាប់ ក្លាយជាចំណីត្រី។ នយោបាយពឹងមហាអំណាចលោក ខាងលិច ឬពឹងចិន យួន សៀម មានចារទុកក្នុងឯកសារប្រវត្តិសាស្ត្រ មិនទាន់រលុបរលាយទេ គួរងាកទៅពឹងអ្នកប្រាជ្ញវិញ ព្រោះអ្នកប្រាជ្ញ តែម្នាក់ អាចយកឈ្នះមហាយក្សបាន…”៕

RELATED ARTICLES