Sunday, May 5, 2024
Homeព័ត៌មានជាតិសម្ងំជល់មាន់ ប៉ូលិសឆ្មក់បង្ក្រាប ឱបមាន់រត់ចោលម៉ូតូ៣គ្រឿង

សម្ងំជល់មាន់ ប៉ូលិសឆ្មក់បង្ក្រាប ឱបមាន់រត់ចោលម៉ូតូ៣គ្រឿង

ខេត្តកណ្តាល ៖ សង្វៀនជល់មាន់ដុះស្លែមួយកន្លែង ស្ថិតនៅក្នុងចំការស្វាយ ភូមិស្វាយរលំ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ត្រូវបាន ពលរដ្ឋរាយការណ៍មកថា បានបើកលេងជាយូរមកហើយ ទោះបីក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ប៉ុន្តែមិនឃើញសមត្ថកិច្ច ប៉ុស្តិ៍ស្វាយរលំ ចុះបង្ក្រាបទាល់តែសោះ ស្រាប់តែមកដល់វេលាថ្ងៃត្រង់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ កម្លាំងនគរបាលក្រុងតាខ្មៅ ដឹកនាំដោយ លោកវរសេនីយ៍ឯក ពៅ បារមី អធិការងក្រុងតាខ្មៅទទួលផែនព្រហ្មទណ្ឌ បានឆ្មក់ចុះបង្ក្រាប តែត្រូវក្រុមអ្នកញៀនល្បែងជល់មាន់ដឹងខ្លួន ស្ទុះបី មាន់រត់ សុខចិត្តេចោលម៉ូតូចំនួន៣គ្រឿង ឱ្យសមត្ថកិច្ចដកហូតយកទៅរក្សាទុក។

តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា ពួកគាត់ពិតជាសប្បាយចិត្តជាខ្លាំង ខណៈដែលឃើញកម្លាំងប៉ូលិសរបស់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ចុះមកបង្ក្រាប បែបនេះ ដោយជារៀងរាល់ថ្ងៃអាទិត្យ ក្រុមអ្នកញៀនល្បែងជល់មាន់ បាននាំគ្នាជិះម៉ូតូជាច្រើនគ្រឿង និង អ្នកខ្លះ ដើរស្ពាយមាន់យកទៅជល់ យ៉ាងអនាធិបតេយ្យ ហាក់មិនខ្លាំចញញើតសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ ទាល់តែសោះ និង ជាពិសេសជំងឺកូវីដ-១៩ កំពុងផ្ទុះរីករាលដាល ថែមទៀតផង ខណៈដែលសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ស្វាយរលំ ហាក់មិនអើពើចុះបង្ក្រាបសោះឡើយ។

ជាមួយនេះ ប្រជាពលរដ្ឋ បានស្នើទៅលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយពិនិត្យមើល ឥរិយាបទការងារ របស់សមត្ថកិច្ចមូលដ្ឋាន សង្កាត់ស្វាយរលំផង ព្រមទាំងទទូចឱ្យវែកមុខម្ចាស់សង្វៀន ដើម្បីនាំយកទៅចាត់ការតាមច្បាប់ផង ដែរ។

គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ ក្រុមអ្នកជល់មាន់ដែលកំពុងពពាក់ពពូនគ្នាលេង គ្មានខ្លាចសមត្ថកិច្ច ពិសេសអត់ខ្លាច កូវីដ-១៩នោះ នៅពេលឃើញកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅចុះទៅដល់ នាំគ្នាស្ទុះបីមាន់រត់គេចខ្លួនបាត់អស់ ដោយគ្មានស្តាយស្រណោះរបស់ទ្រព្យ នោះឡើយ ពោលគឺសុខចិត្តចោលម៉ូតូចំនួន៣គ្រឿងឱ្យសមត្ថកិច្ចដកហូតទៅរក្សាទុក ធ្វើម៉េចឱ្យតែខ្លួន និងមាន់សំណព្វ បានរួចខ្លួន។/

RELATED ARTICLES