Sunday, May 5, 2024
Homeបរិយាយត្រាក់ភេរវកម្ម

ត្រាក់ភេរវកម្ម

ដោយ អាចារ្យថាំ

កាលណាប្រទេសមានជម្លោះនយោបាយ បាត់បង់ឯកភាពជាតិ ឬការគាបសង្កត់ណាមួយ ធ្វើឱ្យចលនាប្រឆាំង កើតឡើង ជារឿងធម្មតា ចៀសមិនរួចឡើយ។ ចលនាប្រឆាំងនោះ គេធ្វើដោយចំហ សម្រាប់ពួកប្រឆាំងនៅក្រៅប្រទេស ប៉ុន្តែគេធ្វើ ដោយសម្ងាត់ចំពោះពួកប្រឆាំងរស់នៅក្នុងស្រុក។ ករណីពួកប្រឆាំង យកក្រដាសប្រាក់ ធ្វើខិតប័ណ្ណវិទ្ធង្សនា ប្រឆាំងបក្ស កាន់អំណាច កំពុងដើរជាន់អតីតកាល នៅសម័យបារាំង ដែល “នគរធំ” សូមគាស់កកាយពីសកម្មភាពប្រឆាំង ដោយការ ប្រើប្រាស់ក្រដាសប្រាក់ ឬខិតប័ណ្ណ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ខិត្តប័ណ្ណ ឬត្រាក់” (Tract) សំដៅដល់ក្រដាសរាប់ពាន់រាប់ម៉ឺនសន្លឹក ដែលគេសរសេរពាក្យវាយប្រហារ ញុះញង់ បំភិតបំភ័យខ្លីៗ តែមានន័យគ្រប់គ្រាន់សម្រាប់បោះបាច ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹង។ កាលពីបុរាណ បើកាលណា មានចលនាប្រឆាំងព្រះមហាក្សត្រ កើតឡើង ស្តេចមួយអង្គទៀត ដែលជាមេឧទ្ទាម តែងបញ្ជាអ្នកចេះដឹង ឱ្យសរសេរខិត្តប័ណ្ណ លើសំពត់ក្រហម កាត់ជាផ្ទាំងៗ យកទៅបិទតាមដើមឈើនានា ក្នុងទីប្រជុំជន ឬផ្លូវបែកជា៤។ សំណេរក្នុងខិត្តប័ណ្ណនោះ គឺ ជាពាក្យអុជអាល ចាក់ដោត វាយប្រហារស្តេចទ្រង់រាជ្យ ដោយចោទប្រកាន់ថា ខ្វះទសពិធរាជធម៌ ធ្វើបាបប្រជារាស្ត្រ យក ពន្ធដារ សង្កត់ករាស្ត្រ ជាដើម។ គេសរសេរឃ្លាឃ្លោងបង្កប់ចិត្តសាស្ត្រទាក់ទាញមនោសញ្ចោតនាប្រជារាស្ត្រ ឱ្យងាកទៅ គាំទ្រពួកឧទ្ទាម រួមគ្នាប្រឆាំងស្តេចផែនដី។

ចលនានេះ ហៅថា “ភេរវកម្ម” មានន័យថា “អំពើដែលគួរខ្លាច គួរឱ្យតក់ស្លុត, ធ្វើឱ្យជ្រួលច្របល់” វាកើតឡើងនៅពេល កម្តៅនយោបាយឡើងខ្លាំង ទោះជាអ្នកកាន់អំណាចព្យាយាមបង្ក្រាបចាប់ខ្លួនពួកភេរវរយ៉ាងណា ក៏មិនខុសពីចាប់ចៃ ឬ ញេចសង្កើច ចាប់បានមេវា ក៏នៅកូន នៅពងញាស់ ខាំមនុស្សដដែល។

កាលពីពេលថ្មីៗនេះ បក្សកាន់អំណាច (CPP) បានព្រមានអ្នកបាចត្រាក់ ដែលយកក្រដាសប្រាក់មកសរសេរជាអាទិ៍ថា “ហ៊ុន សែន កាន់អំណាច រាស្ត្រក្រ ទឹកភ្នែក” និងមានសំណេរខុសៗគ្នា ដែលគេប្រកាសថា មានចំនួន ៣០០០សន្លឹកឯណោះ។

លោកសុខ ឥសាន អ្នកនាំពាក្យ CPP បានប្រាប់ “នគរធំ” ថា “វាពិតជាខុសច្បាប់ហើយ អាហ្នឹងយើងទុកលទ្ធភាពឱ្យ សមត្ថកិច្ច គេដោះស្រាយបញ្ហាហ្នឹង អាហ្នឹងវាចូលអំពើវិច្ឆេទកម្ម និងភេរវកម្មហើយ។ វាមិនមែនជាសិទ្ធិបញ្ចោញមតិទេ”។ ការព្រមានចាប់ខ្លួនអ្នកសរសេរត្រាក់លុយនោះ ធ្វើឱ្យអ្នកចាយលុយ ព្រួយបារម្ភមិនធម្មតាឡើយ ព្រោះក្រដាសប្រាក់ ចរាចរ គ្រប់ទីកន្លែង បើចៃដន្យគេយកលុយនោះទៅទិញផ្លែឈើ ឬគេអាប់ឱ្យ ដោយមិនបានមើលអក្សរ ស្រាប់តែប៉ូលិសសម្ងាត់ ចាប់អ្នកកាន់លុយនោះ តើ “ផលវិបាកធ្លាក់ទៅលើអ្នកណា?” ជួនកាលអ្នកមិនដឹងអីសោះ ត្រូវរងគ្រោះ ព្រោះតែការចាប់ ច្រឡំក៏ថាបាន។

កាលពីដើមទសវត្សឆ្នាំ២៩៥០ មុនស្រុកបានឯករាជ្យបន្តិច មានចលនាសិស្សវិទ្យាល័យស៊ីសុវត្ថិ ធ្វើសកម្មភាពប្រឆាំង រាជរដ្ឋាភិបាល ដែលបើកកាស៊ីណូ (Casino) បណ្តាលឱ្យកើតចោរលួចប្លន់ព្រោងព្រាត។ កាលនោះ មានលោកយ៉ែម សំបូរ ជានាយករដ្ឋមន្ត្រី លោកមាស សាឯម ជារដ្ឋមន្ត្រីក្រសួងអប់រំ លោកហ៊ុយ ម៉ោង ជាមេប៉ូលិស។ និស្សិតមួយចំនួន ត្រូវជាប់ ក្នុងការឡោមព័ទ្ធនៅតែក្នុងសាលា ប៉ុន្តែបានមន្ត្រីឆ្វេងនិយមខ្លះ តំណាងរាស្ត្រខ្លះ លួចបញ្ជូនស្បៀងទៅឱ្យ។ ទោះជាជាប់ក្នុង ការឡោមព័ទ្ធ ក៏នៅតែបន្តការប្រឆាំងមិនដកថយ តាមរយៈការបាចត្រាក់តាមអាកាស។

យោងតាមឯកសាររបស់លោកព្រឺទ្ធាចារ្យ មៀច ប៉ុណ្ណ បានសរសេរថា កាលនោះ សិស្សវិទ្យាល័យស៊ីសុវត្ថិ ចែកកម្លាំង គ្នារៀបចំខិតប័ណ្ណ ដោយគេចាត់អ្នកសរសេរអក្សរស្អាត ជាអ្នកសរសេរលើក្រដាសក្រាស់ អ្នកណាមិនសូវប្រសប់ គេចាត់ឱ្យ ធ្វើចាហួយ។ គេយកសារាយសមុទ្រ ដែលពួកមន្ត្រីខ្លះលួចបញ្ជូនទៅឱ្យនោះ ទៅរម្ងាស់ឱ្យរលួយ រួចចាក់ដាក់ថាស ឱ្យកករឹង។ គេយកក្រដាសសរសេរថ្មីៗ នៅដាមទឹកខ្មៅ ទៅផ្តិតពុម្ពលើចាហួយ លេចចេញជាអក្សរបញ្ច្រាស បន្ទាប់មក គេយកក្រដាស សស្អាត ទៅផ្តិតលើអក្សរចាហួយនោះ រហូតដល់ផ្តិតលែងជាប់អក្សរ ទើបគេយកទៅហាលថ្ងៃឱ្យស្ងួត។ គេសរសេរជាថ្មី ផ្តិត ជាថ្មី ហាលថ្ងៃ ឱ្យបានរាប់រយសន្លឹក ចងជាបាច់ ដោយចាត់អ្នកចេះធ្វើខ្លែងឯក ឱ្យចាត់ការ។

បន្ទាប់ពីធ្វើខ្លែងឯករួច គេយកខិត្តប័ណ្ណ ចងភ្ជាប់ផ្នែកខាងក្រោមនៃតួខ្លែង គេអុជធូប ១សរសៃ ចងភ្ជាប់នឹងរមូរខិត្ត-ប័ណ្ណ។ កាលណាខ្លែងហើរឡើងជក់ខ្យល់ ភ្លើងធូបក៏ឆេះទៅដល់ចំណងរមូរខិត្តប័ណ្ណនោះដាច់ ដូចពន្លែងក្រដាសត្រាក់ ឱ្យហើរ ព្រោងព្រាតទៅតាមជំនោរកត្តិក ព្រោះកាលនោះ ចលនាប្រឆាំង កើតឡើងចំរដូវធ្លាក់ខ្យល់នៃឆ្នាំ១៩៥២។ ខិត្តប័ណ្ណធ្លាក់ ចេញពីខ្លែងឯកនោះ វាហើរព្រោងព្រាតទៅធ្លាក់ចម្ងាយពីរបីគីឡូម៉ែត្រឯណោះ លុះប្រជាពលរដ្ឋរើសយកទៅអាន ទើបដឹង ពីវត្ថុបំណងនៃការប្រឆាំងបារាំងផង ប្រឆាំងរដ្ឋាភិបាលអាយ៉ងបារាំងផង ដែលបើកកាស៊ីណូ បិទវិទ្យាល័យ។

ដូច្នេះយើងឃើញថា ចលនាប្រឆាំង មានគ្រប់ជំនាន់ រហូតចូលមកដល់ឆ្នាំ១៩៧០ ក៏មានខិត្តប័ណ្ណ ពីគ្រប់ក្រុមភាគី ដូច ខាងលន់ នល់ គេបាចត្រាក់ តាមយន្តហោះ អំពាវនាវប្រជាពលរដ្ឋ ឱ្យប្រឆាំង “យៀកកុង=យួនខាងជើង” រីឯពួកខ្មែរក្រហម បាចខិត្តប័ណ្ណសរសេរថា “ពួកអាក្បត់លន់ នល់ សិរីមតៈ, ចេង ហេង, អ៊ិន តាំ” ខណៈដែលខិត្តប័ណ្ណពួកអាយ៉ងព្រៃនគរ (ធីវគី) បាចពីយន្តហោះ ជាអក្សរពុម្ព ជ្រុះពេញវាលស្រែ សរសេរជាអក្សរយួន ប្រកាសថា “គេមកជួយវាយបណ្តេញពួក យៀកកុង គាំទ្ររបបសាធារណរដ្ឋខ្មែរ របស់លោកលន់ នល់”។

ឥឡូវស្រាប់តែលេចចេញ “ត្រាក់លុយ” ចេញពីពួកប្រឆាំងនៅក្នុងស្រុក ដែលមន្ត្រី CPP ដាក់កំហុសទៅលើពួក ប្រឆាំងដឹកនាំដោយលោកសម រង្ស៊ី។ ក្រដាស ១ម៉ឺនរៀល ៥ពាន់រៀល ១ពាន់រៀល ត្រូវគេយកមកសរសេរដោយទឹកប៊ិក មិនងាយរលុប ចាយបន្តពីម្នាក់ទៅម្នាក់ អត់ដឹងប្រភពអ្នកសរសេរនោះនៅឯណា? មានខ្លឹមសារវាយប្រហាររាជរដ្ឋាភិបាល និងប្រមាថសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គេវាយប្រហារតាមបណ្តាញសង្គម ហ្វេសប៊ុក យូធូប រាល់ថ្ងៃ មិនទាន់អស់ ក្បាច់ ក៏ចេញតាមក្រដាសប្រាក់ម្តង អាចថាជា “អ្នកប្រឆាំងលាក់មុខ” នៅក្នុងស្រុក។ បើអ្នកប្រឆាំងនៅក្រៅស្រុក គេវ៉ៃតាម ហ្វេសប៊ុក រីឯអ្នកនៅក្នុងស្រុក មិនអាចវ៉ៃតាមហ្វេសប៊ុក បាន ទើបគេចេញរបៀបថ្មី សរសេរបទភេរវកម្ម តាមត្រាក់លុយ។

ប្រឈមបញ្ហានេះ តើ CPP ត្រូវដោះស្រាយយ៉ាងណា? ឬមួយចាត់ភ្នាក់ងារសម្ងាត់តាមស៊ើបអង្កេត ចាប់ពួកប្រឆាំង? បើធ្វើយ៉ាងនេះមែន បានត្រឹមតែនឿយហត់ប៉ុណ្ណោះ បើចាប់បានម្នាក់ នៅសល់ច្រើននាក់ បន្តការសរសេរត្រាក់លុយ អត់ឈប់ ព្រោះអ្នកណាក៏មានលុយ មានប៊ិក សម្រាប់សរសេរ មិនពិបាករម្ងាស់ទឹកល័ខពណ៌ស្វាយ សម្រាប់សរសេរខិត្តប័ណ្ណដូចសិស្ស វិទ្យាល័យស៊ីសុវត្ថិ ឆ្នាំ១៩៥២ នោះទេ។ វិធីដ៏ល្អបំផុត សម្រាប់ទប់ទល់វិច្ឆេទកម្ម ភេរវកម្ម គឺ “CPP ធ្វើតែល្អទៅ គេថា អីថាទៅ!” ស្របតាមសុភាសិតបារាំង ថា “Fais bien et laisse-le dire” (ចូរអ្នកធ្វើតែល្អទៅ បើកឱ្យគេថា គេនិយាយទៅ ចុះ!) ដូចពេលនេះ កំពុងប្រឈមនឹងរោគមហាប្រល័យ កូវីដ-១៩ បក្សកាន់អំណាច ធ្វើតែល្អ ជួយសង្គ្រោះប្រជារាស្ត្រ ឱ្យ ផុតមរណភ័យទៅ ពួកប្រឆាំងថាអីថាទៅ!។

សរុបទៅ “ត្រាក់ភេរវកម្ម” វាកើតឡើងគ្រប់ជំនាន់ មិនមែនទើបតែឥឡូវនេះទេ។ ពីបុរាណ គេបិទក្រណាត់ខិត្តប័ណ្ណតាម ដើមឈើ ឬសរសេរលើក្តារ លើផ្ទាំងថ្ម បន្ទាប់មក គេបាចតាមខ្លែងឯក ដោយប្រើពុម្ពចាហួយ និងបាចទម្លាក់ពីយន្តហោះ។ សម័យនេះ គេផ្សាយតាមហ្វេសប៊ុក យូធូប ព្រឹត្តិបត្រ និងសរសេរត្រាក់លុយ វាយប្រហាររាជរដ្ឋាភិបាល។ សកម្មភាពប្រឆាំង នឹងរាបទាបឯងៗ មិនចាំបាច់បង្ក្រាប នៅពេលអ្នកនយោបាយរួបរួមគ្នា ឈានទោឯកភាពជាតិ ប្រៀបដូចស្រមើលកើតពេញ ទ្រុងមាន់ កាលណាត្រូវភ្លៀងធំមួយមេ ត្រជាក់ត្រជំ ស្រមើលក៏វិនាសអស់ទៅ…”៕

RELATED ARTICLES