ភ្នំពេញ៖ ក្រោយបាត់មុខមួយរយៈធំ ព្រោះតែកូវីដ-១៩ និងជាប់ដៃបើកក្រុមហ៊ុនរកស៊ីរួចមក តារាចម្រៀងស្រីសិចស៊ី កញ្ញា រតនៈ ពិសី បានប្រកាសជាចំហថា នាងនឹងចូលខ្លួនបម្រើ ក្នុងវិស័យសិល្បៈចម្រៀងឡើងវិញ ទោះក្នុងរដូវកាលជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលក្ដី ខណៈដែលការប្រកាសនេះ គឺនាងបានចេញនូវបទចម្រៀងថ្មីមួយបទ មានចំណងជើងថា «Hater» បានបង្កប់អត្ថន័យច្រៀងដៀល ដល់អ្នកដែលចេះដឹងរឿងរបស់អ្នកដទៃ មិនសំចៃមាត់ អមដោយចង្វាក់ភ្លេង និងការរ៉េបក៏ប្លែកអារម្មណ៍ ពុំធ្លាប់មាន។

តារាចម្រៀងចូលចិត្តលេងខ្លួនសិចស៊ី បញ្ចេញដើមទ្រូងទ្រលុកទ្រលន់ រតនៈ ពិសី បានថ្លែងថា ជាការពិតនាងបានសម្រេច ចិត្តចូលឲ្យជ្រៅ ទៅក្នុងការងារសិល្បៈ ចម្រៀងរបស់នាងវិញហើយ បន្ទាប់ពីស្ងប់ស្ងាត់ជាច្រើនខែព្រោះតែកូវីដ-១៩ វាយលុយ ជាសកល និងជាប់ដៃលើជំនួញឆ្លងទ្វីបរបស់ខ្លួន ដោយរូបនាងនឹងបន្តថត និងផលិតបទចម្រៀងដើម្បីបំពេញតម្រូវការទីផ្សារ និងអ្នកគាំទ្រដែលតែងតែគាំទ្រ នូវបទចម្រៀងរបស់នាងកន្លងមក។ នាងបន្តថា ម្យ៉ាងទៀត ពេលដែលនាង គ្មានសកម្មភាព សិល្បៈកន្លងមក គឺនាងបានងាកទៅពង្រឹងលើមុខជំនួញរកស៊ីរបស់ខ្លួន និងលក់ផលិតផលនានា ព្រោះការងារសិល្បៈ មិនអាច ដំណើរការទៅមុខបាន ក្នុងសម័យកូវីដនេះបានឡើយ។

តារាចម្រៀងសិចស៊ីសាច់សខ្ចី រតនៈពិសី សង្កត់ថា នៅពេលនេះនាងសម្រេចថា នឹងចូលសិល្បៈឲ្យស៊ុបតែម្ដង ព្រោះតែ អ្នកនៅជុំវិញខ្លួនដែលធ្លាប់គាំទ្រ និងធ្លាប់ស្គាល់នាងគឺពួកគាត់ចង់ឃើញនាងច្រៀងនិងសម្ដែងសម្ដែង មានបទថ្មីៗប្លែកៗ ឡើងវិញ។ ម្យាងទៀតនាងក៏មិនចង់ឲ្យពួកគាត់ (អ្នកគាំទ្រ) ភ្លេចមុខដែរ ព្រោះនាងមានផលិត កម្មជ្រកត្រឹមត្រូវ គឺពួកគាត់មិន ចង់ឲ្យស្ងាត់ទេ ទោះក្នុងសម័យកូវីដក៏ដោយ។ បន្ថែមពីនេះតារាចម្រៀង រតនៈ ពិសី ក៏បានសង្កត់ធ្ងន់ថា ជាការពិតនៅក្នុងបរិបទនៃសម័យកាលជំងឺកូវីដ១៩ វាយលុកនេះ គឺអ្នកសិល្បៈទាំងអស់ ហាក់ពុំមានសកម្មភាពអ្វីឲ្យច្រើនឡើយ ដូច្នេះនាង ក៏មិនចង់បាត់មុខយូរពេក ក៏បញ្ចេញបទចម្រៀងថ្មី និងរិះរកអ្វីដែលថ្មីប្លែកបន្ថែម ចែកជូនដល់អ្នកគាំទ្រទស្សនា និងស្ដាប់ កម្សាន្តកុំឲ្យស្ងាត់ពេក។

រតនៈ ពិសី បន្ថែមថា ស្របពេលជាមួយនឹងការបាត់មុខនេះ នាងក៏បានបើកក្រុមហ៊ុនរកស៊ីមួយបន្ថែមទៀតដែរ គឺក្រុមហ៊ុន «អេលីខេភី» ដែលនាំចូលផលិតផលសុខភាព ពីអាមេរិកមកលក់នៅក្នុងទីផ្សារ នៃប្រទេសកម្ពុជា។ គូសបញ្ជាក់ថា បទ «Hater» ដែលតារាចម្រៀងរតនៈ ពិសី បានបញ្ចេញក្នុងពេលចូលសិល្បៈវិញនេះ គឺជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក យឹម ជីមហ៊ុយ និងដឹកនាំសម្តែងដោយ លោក ចាន់ សុវណ្ណរ័ត្ន ជាDirector វ័យក្មេង ក្នុងផលិតកម្ម «Top Music»។

ទោះជាយ៉ាងណា រតនៈ ពិសី ក៏មិនភ្លេចផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវថែទាំសុខភាព និងជៀសផុតពីជំងឺរាតត្បាតចង្រៃពិសេសគឺកូវីដនេះតែម្ដង៕





