Friday, May 3, 2024
Homeបរិយាយឧបត្ថម្ភកងទ័ព

ឧបត្ថម្ភកងទ័ព

ដោយ អាចារ្យថាំ

ករណីពួកប្រឆាំង និងមន្ត្រីរដ្ឋាភិបាលខ្លះ រិះគន់មេប្រឆាំងសម រង្ស៊ី ពីរឿងរៃអង្គាសលុយពីអ្នកគាំទ្រថា យកទៅចែក បក្ខពួកចាយវាយនោះ មិនមែនជារឿងថ្មីនោះទេ ព្រោះអតីតកាល ក៏មានសកម្មភាពបែបនេះដែរ។ នៅពេលស្រុកកើត សង្គ្រាម ឬកើតចលនាបះបោរ តែងតែមានការរៃអង្គាសប្រាក់ ឬស្រូវអង្ករ យកទៅចិញ្ចឹមកងទ័ពឧទ្ទាម ឯអ្នកសុខចិត្តឱ្យ គេរៃអង្គាសភាគច្រើន ស្មោះត្រង់នឹងមេឧទ្ទាមដែលសម័យនោះ គេឱ្យឈ្មោះថា “ឧបត្ថម្ភកងទ័ព” ដែល “នគរធំ” សូមគាស់ កកាយមកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។

បន្ទាប់ពីលោកលិម គិមយ៉ា ជាអតីតមន្ត្រីប្រឆាំងក្រុមលោកកឹម សុខា វាយប្រហរមេប្រឆាំងសម រង្ស៊ី ពាក់ព័ន្ធកិបកេង លុយរៃអង្គាស ជាពិសេស “ការលក់ប័ណ្ណនាឡិកាដៃ” បានជាង ២២ម៉ឺនដុល្លារ ថា យកទៅចែកគ្នាចាយមក ស្រាប់តែលោក សួន សេរីរដ្ឋា ជាអតីតអ្នកនយោបាយប្រឆាំង ចុះចូលបក្សកាន់អំណាច បានឋានៈជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ កិនលោកសម រង្ស៊ី បន្ថែមតាមហ្វេសប៊ុក ថា “បុគ្គលម្នាក់នេះ (សម រង្ស៊ី) បានប្រមូលយកលុយពីអ្នកគាំទ្រ ទាំងមូលនិធិ ទូរទស្សន៍ព្រះអាទិត្យ មូលនិធិបោកចូលស្រុក៩វិច្ឆិកា និងចុងក្រោយមូលនិធិបោកលក់នាឡិកាដៃ ទាំងអស់យកទៅដាក់ចូល វិនិយោគជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជាមួយនឹងក្រុមហ៊ុនបារាំង ឈ្មោះក្រុមហ៊ុន PATRIMEA” ។

ក្រៅពីនេះក៏មានអ្នកគាំទ្រ CPP រាប់មិនអស់នាំគ្នាពន្លះមេប្រឆាំងនោះ ឡើងរង្គើហ្វេសប៊ុក ក្នុងខ្ទង់ Comment ប៉ុន្តែ អត់ឃើញលោកសម រង្ស៊ី ឆ្លើយបំភ្លឺសោះឡើយ “លេចចេញឯសកម្មជនក្នុងស្រុកគាំទ្រលោកសម រង្ស៊ី យកអង្ករ លុយ… ទៅចែកឱ្យពលរដ្ឋខ្លះៗដែរ ដោយដាក់ឈ្មោះសប្បុរសជននៅប្រទេសនេះ ប្រទេសនោះ ផ្ញើមកឱ្យទៅវិញ អត់ឃើញដាក់ ឈ្មោះលោកសម រង្ស៊ី។

ករណីបែបនេះ បើគិតឱ្យដិតដល់ គឺជា “យុទ្ធសាស្ត្រស្ទាបស្ទង់ការគាំទ្រ” សុទ្ធសាធ ពោលគឺ លោកសម រង្ស៊ី ចង់ដឹងថា រូបគាត់នៅមានអ្នកគាំទ្រដល់កម្រិតណា? ឬធ្លាក់សូន្យ? ក៏បញ្ចោញយុទ្ធសាស្ត្ររៃលុយនេះឡើង។ ចំណុចសំខាន់ការរៃអង្គាស មិនមែនជារឿងថ្មី ឬចម្លែកនោះទេ បើគេស្រាវជ្រាវពីរបៀបធ្វើក្នុងអតីតកាល ដែលគហៅថា “ឧបត្ថម្ភកងទ័ព” ក្នុងពេល ស្រុកកើតសង្គ្រាម ឬ “ថ្លើងបះ” បានន័យថា “ឡើងចាងមិនរណបអាជ្ញាធរដែនដី”។ ចលនាថ្លើងបះ គ្មានប្រភពថវិកាជាតិ ដែលបានមកពីពន្ធស្រូវ ពន្ធមាសប្រាក់ សំពត់អាវសាវស្បៃ ដូចព្រះមហាក្សត្រ នោះទេ គឺគេបានមកពីការរៃអង្គាសពីប្រជា- រាស្ត្រដែលគាំទ្រចលនានោះ។

ឧទាហរណ៍ “សម័យបះតេជោទែន” បង្កសកម្មភាពខ្លាំងនៅខេត្តកំពង់ស្វាយ កាលនេះ មេឧទ្ទាមបានចាត់ឱ្យកេណ្ឌទ័ព យកប្រុសៗទៅច្បាំង ឯស្រីៗឱ្យបុកអង្ករ កិនស្រូវ បញ្ជូនស្បៀងទៅ “ឧបត្ថម្ភកងទ័ព” រហូតដល់កម្លាំងថ្លើងបះនេះ ដណ្តើម បានជ័យជម្នះពី “ព្រះបាទអង្គនន់” ដែលប្រវត្តិសាស្ត្របានចារទុកយ៉ាងច្បាស់។

នៅសម័យសង្គ្រាមពីឆ្នាំ១៩៧០-១៩៧៥ កាលនោះសម្តេចព្រះនរោត្តម សីហនុ បានបង្កើត “រណសិរ្សរួបរួមជាតិកម្ពុជា” អំពាវនាវឱ្យយុវជនចូលបម្រើកងទ័ព ដើម្បីវាយប្រឆាំងនឹងពួកទាហានសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់។ កងទ័ពអាវខ្មៅទាំងនោះ មុនដំបូងកាន់វិន័យថ្លៃថ្នូរណាស់ ពេលបោះបន្ទាយរាយពលនៅភូមិណា សូម្បីតែម្ទេស ១ផ្លែ ក៏មិន ហ៊ានបេះផង បើអ្នកភូមិ ឬម្ចាស់ដើមម្ទេសនោះ មិនទាន់ឱ្យ។ កាលនោះទៅតាមភូមិនីមួយៗ មានចលនារៃអង្គាសជាអង្ករ អំបិល ត្រីងៀត បន្លែ មាន់ទា យកទៅឧបត្ថម្ភកងទ័ពរំដោះ។

លោកអ៊ំម្នាក់ មកពីខេត្តកំពត បានប្រាប់ថា កាលពីឆ្នាំ១៩៧៣-១៩៧៥ មានការប្រយុទ្ធគ្នាខ្លាំងណាស់ ខណៈដែល យន្តហោះ ព៥២ របស់អាមេរិក ចេញទម្លាក់គ្រាប់បែករាល់ថ្ងៃ។ រូបគាត់ធ្លាប់ជញ្ជូនស្បៀងយកទៅឧបត្ថម្ភកងទ័ព ដោយច្រក អង្ករ ក្នុងទៃ ស្ពាយពាក់ឆៀងស្មា និងយួរមាន់រស់ ២ក្បាលផង ចំណែកអ្នកភូមិ ប្រហែលជាង ១០នាក់ទៀត សុទ្ធតែមានស្ពាយ ទៃអង្ករ យួរម្ហូបបន្លែ ដូចគ្នា។ ពួកគាត់ត្រូវដើរឆ្លងកាត់ព្រៃនៅតំបន់ភ្នំវល្លិ ក្នុងគម្លាតពីគ្នា ៥ម៉ែត្រ ដោយយកមែកឈើ ស្លឹក ឈើស្រស់មកសៀតពេញខ្លួន កុំឱ្យយន្តហោះមើលឃើញ។ ជួនកាលពេលឮសន្ធឹកយន្តហោះ ព៥២ ហោះពីចម្ងាយ ក៏នាំគ្នា ក្រាបពួន ឬលោតចូលថ្លុកក្របី លុះស្ងប់ការទម្លាក់គ្រាប់បែក ធ្លាក់មិនចំកន្លែងពួកគាត់កំពុងក្រាបនោះ ក៏បន្តដំណើរទៅមុខ ទៀត ទាំងភ្នែកសេក ភ្នែកលលក។

បុរសអាយុ ៦០ឆ្នាំ បន្តទៀតថា ពួកគាត់ជាអ្នកជញ្ជូនស្បៀងនេះ ត្រូវដេកផ្លូវ ២យប់ ត្រូវដាំបាយហូបក្នុងព្រៃ និងកាប់ មាន់ដែលត្រូវបានទៅកងទ័ពនោះ ចែកគ្នាហូប រួចចងអង្រឹងដេកក្រោមដើមឈើ។ លុះទៅដល់ក្បែរសមរភូមិក្បាលរមាស ក្បែរក្រុងកំពត ទើបមានកងទ័ពអាវខ្មៅមកទទួលយកអង្ករ ម្ហូប បន្លែ និងប្រាប់ពួកគាត់ឱ្យវិលទៅភូមិវិញ ខណៈដែលទាហាន លន់ នល់ បាញ់កាំភ្លើងផ្លោងធុន ១០៥មិល្លីម៉ែត្រ ធ្លាក់ជញ្ជ្រែំក្បរនោះ។ គាត់បញ្ជាក់ថា អង្ករ ម្ហូប បន្លែនោះ បានមកពីការ រៃអង្គាសពីប្រជាជនមូលដ្ឋាន ដែល “គោរពស្រលាញ់សម្តេចឪ និងស្នេហាកងទ័ពបដិវត្តន៍” គឺប្រមូលបានពីភូមិ ទៅដាក់ “មន្ទីរឃុំ” បញ្ជូនពីឃុំ ទៅដាក់ “មន្ទីរស្រុក” ទើបកម្មាភិបាលស្រុក ចាត់ឱ្យកេណ្ឌអ្នកភូមិដែលមានផ្ទះនៅជិតមន្ទីរស្រុក ឱ្យ បញ្ជូនស្បៀងទាំងនោះទៅសមរភូមិ។ ការរៃអង្គាស បាន ១០០ភាគរយ ត្រូវពួកឃុំ ស៊ីអស់ ២០ភាគរយ ពួកស្រុក ដកហូត យកទៅស៊ីអស់ ៣០ភាគរយ អ្នកជញ្ជូនតាមផ្លូវ ស៊ីអស់ ២០ភាគរយទៀត ទម្រាំទៅដល់ដៃកងទ័ព វានៅសល់តែ ៣០ ភាគរយប៉ុណ្ណោះ។

ដូច្នេះយើងឃើញថា “ឧបត្ថម្ភកងទ័ព” គឺមកពីស្មារតីប្រជាជនមូលដ្ឋាន គាំទ្ររណសិរ្សរួបរួមជាតិកម្ពុជា ដែលជំនាន់នោះ ថ្នាក់ដឹកនាំ CPP មានសម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេចហ៊ុន សែន ក៏នៃក្នៅងុចលនារំដោះជាតិនៃរណសិរ្សរួបរួម ជាតិកម្ពុជា ដែរ។ លុះប៉ុល ពត ប្លន់យកជ័យជម្នះ ថ្ងៃ ១៧ មេសា ឆ្នាំ១៩៧៥ ការគាំទ្រកងទ័ព ឬឧបត្ថម្ភកងទ័ព ក៏លែង មាន ជាហេតុនាំឱ្យកម្លាំងទ័ពខ្មែរក្រហម ខ្សោយទៅៗ មិនខ្លាំងដូចកាលតស៊ូ និងមានការឧបត្ថម្ភពីប្រជាជនមូលដ្ឋាន។

អ៊ីចឹងករណីមេប្រឆាំង សម រង្ស៊ី ដែលរៃអង្គាសលុយពីអ្នកគាំទ្រគាត់នោះ យើងមិនបាច់សង្ស័យទេថា “បើគេមិនគាំទ្រ ក៏គ្មានអ្នកណាសុខចិត្តឱ្យលុយម្នាក់ ១០ ឬ២០ដុល្លារ” ទៅគាត់ដែរ។ ការលក់ប័ណ្ណនាឡិកាដៃ តម្លៃ ៥ដុល្លារនោះ យើង ឃើញអ្នកគាំទ្រខ្លះ ទិញប័ណ្ណ៤-៥តែឯង ភាគច្រើននៅក្រៅប្រទេស។ ចំណែកអ្នកគាំទ្រមេប្រឆាំងនៅក្នុងប្រទេស ក៏ សាកសួរតាមបណ្តាញសង្គមថា “តើត្រូវទិញប័ណ្ណនាឡិកានោះដោយវិធីណា កុំឱ្យសមត្ថកិច្ចចាប់ខ្លួន?” លុះលក់បានជាង ២២ម៉ឺនដុល្លារ មិនទាន់ឃើញលោកសម រង្ស៊ី បែងចែងលុយនោះ ទៅជួយពលរដ្ឋរងគ្រោះ ដោយកូវីដ-១៩ ក៏មានពួក ប្រឆាំង ក្រុមលោកកឹម សុខា មួយចំនួន និងមន្ត្រីរដ្ឋាភិបាលខ្លះរិះគន់ថា “យកទៅចែកគ្នាចាយ” ដែលការរិះគន់នោះ “មិន ខុសទេ” ព្រោះថា អម្បាលយ៉ាងអង្ករ បន្លែ មាន់ ទា “ឧបត្ថម្ភកងទ័ព” ម្តេចគង់គណៈឃុំ គណៈស្រុក ចែកគ្នាស៊ី ចុះទម្រាំ លុយដុល្លារ រឿងអីគេមិនចាយខ្លះ?” យើងអាចឧបមាទៅនឹងអ្នករែកទឹក ដោយប្រើថាំងឈើ មានរន្ធតូចៗ ទឹកចេញរួច ទម្រាំរែកទឹក ១អំរែកនោះទៅដល់ផ្ទះ វាក្រឡក និងចេញតាមរន្ធថាំង អស់ពាក់កណ្តាល ឬសល់តែទឹកកន្លះថាំង។ សំខាន់នៅ ត្រង់អ្នកចេញលុយ ឬទិញប័ណ្ណនាឡិកានោះ “គ្មានប្រតិកម្ម” មិនឮសួរដេញដោលថា យកលុយនោះទៅណា? ឃើញតែ អ្នកនយោបាយខ្លះ រិះគន់ទៅវិញ។

សរុបទៅ “ឧបត្ថម្ភកងទ័ព” គ្រាន់តែចង់បង្ហាញថា បើកាលណាស្រុកកើតសង្គ្រាម ឬជម្លោះនយោបាយ តែងតែមាន ចលនារៃអង្គាស ជាធម្មតា ឯអ្នកបរិច្ចាគនោះ មកពីគេគាំទ្រចលនាបះបោរ។ ឥឡូវអ៊ីចឹងទៀតហើយ អ្នកទិញប័ណ្ណនាឡិកា ដៃនោះ មកពីគេគាំទ្រមេប្រឆាំង សម រង្ស៊ី ទោះជាយកលុយនោះទៅចែកគ្នាស៊ី ក៏គេមិនឮមាត់ ប៉ុន្តែអ្នកមិនគាំទ្រ សម រង្ស៊ី ជាអ្នកថា…”៕

RELATED ARTICLES