Friday, May 3, 2024
Homeបរិយាយអ្នករូតវាំងនន

អ្នករូតវាំងនន

ដោយ អាចារ្យថាំ

លោកបណ្ឌិត សេង សារី អ្នកវិភាគនយោបាយ សង្គម បានបង្ហោះសំណេរ តាមហ្វេសប៊ុក ក៏ដូចផ្តល់សម្ភាសន៍ដល់ “នគរធំ” ជាអាទិ៍ថា “អ្នកបន្តវេនរូតវាំងនន សង្គម និងកូនសិស្ស របស់លោកបណ្ឌិត (កែម ឡី) រយៈពេល៥ឆ្នាំចុងក្រោយ កើតឡើងច្រើនតែក៏ត្រូវចាប់ខ្លួន ច្រើនដែរ”។

“នគរធំ” ចាប់អារម្មណ៍នៅត្រង់ “រូតវាំងនន” មិនថា តែនយោបាយនោះ ទេ សូម្បី “អ្នករូតវាំងននល្ខោនបាសាក់” ក៏រងការស្តីបន្ទោស ឬបញ្ឈប់ការងារ ពីថៅកែល្ខោន ឬគ្រូល្ខោនដែរ។

កាលពីសម័យសង្គមរាស្ត្រនិយម ល្ខោនបាសាក់ រោងទួលទំពូង របស់លោក សាំង សារុន អ្នកស្រីចេក ម៉ាច ក៏ដូចល្ខោនបាសាក់ វង់បាក់ស្រេង នៅរោងផ្សារ ស៊ីឡឹប មានវាំងនន ជិត១០ផ្ទាំងឯណោះ សម្រាប់រូតបិទបើក បង្ហាញទិដ្ឋភាព តាមឈុតឆាកសម្តែង។ ផ្ទាំងវាំងននទាំងនោះ មានដូចជា ទិដ្ឋភាពព្រះបរមរាជវាំង ព្រៃភ្នំ មាត់សមុទ្រ ទឹកជ្រោះ ពពក សួនច្បារ អាស្រមតាបសឥសី ឋានព្រះ-ឥន្ទកោសិយ នគរយក្ស ជាដើម។

ឧបមាថាតួបុត្រីស្តេច ចេញប្រពាតសួនឧទ្យាន អ្នករូតវាំងនន ត្រូវបន្ធូរខ្សែ ទម្លាក់វាំងននរូប សួនច្បារ។ បើត្រូវត្រង់ឆាកតាឥសី និងអាគាំង ត្រូវទម្លាក់វាំងនន រូបអាស្រមឥសី ប្រក់ស្បូវភ្លាំង។ បើសិនជាអ្នករូតវាំងនននោះ ងងុយដេក ច្រឡំ រូតវាំងននខុសឈុតឆាកសម្តែង ច្បាស់ជាគ្រូល្ខោនស្តីបន្ទោស ឬបញ្ឈប់ការងារ មិនខាន។ អ្នករូតវាំងនន យ៉ាប់ជាងគេផង ព្រោះត្រូវពូកែទ្រាំអត់ងងុយក្តាប់ ឱ្យជាប់ស្លាកវាំងននលេខប៉ុន្មាន? ត្រូវនឹងរូបអី ព្រោះរមូរវាំងនន មើលរូបមិន ឃើញទាល់តែចាំលេខកូដរបស់វា។

យ៉ាងណាមិញ ករណី “អ្នកកែម ឡី និយម” ធ្វើសកម្មភាពការពារព្រៃឈើ បរិស្ថាន និងរិះគន់បក្សកាន់អំណាច បណ្តាក់គ្នាដូចខ្យងនោះ មកពី “ធ្វើតាម បង្គាប់គ្រូល្ខោន” ដែលល្ខោនប្រឆាំងនោះ មានមេប្រឆាំង នៅពីក្រោយ បើរូតខុស អាចត្រូវបញ្ឈប់ពីការងារ។ ម៉្យាងទៀត “អ្នកកែម ឡី និយម” មាននិន្នាការ ប្រឆាំងស្រាប់ផង លុះគេចាត់ឱ្យរូតវាំងនន ក៏នាំគ្នារូតចេញ ជា “នគរយក្ស” រហូត អត់សូវរូតបង្ហាញពីទិដ្ឋភាពព្រះបរមរាជវាំង ឬឋានព្រះឥន្ទកោសិយ នោះឡើយ។

លុះដល់វាំងននចេញ “នគរយក្ស” ញឹកពេក ធ្វើឱ្យ “ម្ចាស់រោងល្ខោន ឬ ចៅសង្កាត់” ដែលគ្រប់គ្រងរោងល្ខោននោះ មិនចូលចិត្ត ក៏ចាប់ខ្លួនអ្នករូតវាំងនន ទៅដាក់ទណ្ឌកម្ម ខណៈដែលគ្រូល្ខោនចាំតែបញ្ជាឱ្យរូតវាំងនន នគរយក្សនោះ នៅក្រៅប្រទេសឯណោះ។

លោកបណ្ឌិត សេង សារី ថា មិនខុសទេ ករណីចាប់ខ្លួនសកម្មជនបរិស្ថាន ដាក់ គុក ជាបន្តបន្ទាប់នោះ បើយើងពិនិត្យពីកំហុសពួកគេ គឺមកពីរូតវាំងនន តាម បង្គាប់មេប្រឆាំង ជាពិសេស ស្តាប់ដំបូន្មានលោកអាឡិច ជនជាតិអេស្ប៉ាញ អតីត ប្រធានចលនាមាតាធម្មជាតិ។

លោកអាឡិច ក៏ធ្លាប់រូតវាំងនន ចេញទិដ្ឋភាព “នគរយក្ស ឬឋាននរក” ដូច ជាករណីព្រៃឈើ នៅតំបន់អារ៉ែង ខេត្តកោះកុង ការបូមខ្សាច់នៅស្រុកបទុមសាគរ ជាដើម ជាហេតុនាំឱ្យអ្នកគ្រប់គ្រងរោងល្ខោន មិនចូលចិត្ត ក៏ដេញគាត់ លែងឱ្យ រូតវាំងននតទៅទៀត។

ឥឡូវអ្នកបន្តវេនរូតវាំងនន ពីលោកអាឡិច ឃើញជាប់គុក ជាហូរហែ ប៉ុន្តែ ទោះជាចាប់យ៉ាងណាក៏មិនចេះអស់។ សម្រាប់វង់ល្ខោនដែលគាំទ្រ CPP ឃើញ រូតវាំងនន បង្ហាញតែទិដ្ឋភាពសួនឧទ្យានឋានត្រៃត្រិង្ស សួនវិមានទិព្វ ទើបគ្មាន អ្នកណារករឿង វាយ៉ាប់តែអ្នកបន្តវេនពីម្សៀរអាឡិច។

បើពិចារណាទៅ ធ្វើជាអ្នករូតវាំងនន មិនមែនស្រួលទេ បើរូតខុស ថៅកែ ឬគ្រូល្ខោនបន្ទោស តែបើរូតចេញទិដ្ឋភាពនគរយក្ស ឬចេញឋាននរកដដែលៗ ច្បាស់ជាសមត្ថកិច្ចហៅទៅសួរ។ បើដឹងថា ការងារហ្នឹងគ្មានបានដេកពួនដែរ ហេតុអ្វីគេនៅតែចង់ធ្វើជាអ្នករូតវាំងនន? គឺមកពី “និស្ស័យស្រលាញ់ល្ខោន” មិនចូលចិត្តយក្ស ឬមិនចូលចិត្តយមបាល យមរាជ កាត់ទោសមនុស្ស ទើបគេ រូតវាំងនន ចេញតែរូបភាពហ្នឹង….”៕

RELATED ARTICLES