Friday, May 3, 2024
Homeបរិយាយនយោបាយយកខ្មោចធ្វើអាជីវកម្ម

នយោបាយយកខ្មោចធ្វើអាជីវកម្ម

ដោយ អាចារ្យថាំ

អ្នកនយោបាយខ្មែរ មានទម្លាប់មួយ គឺ “យកខ្មោចធ្វើអាជីវកម្ម” តាំងពីបុរមបុរាណមក លុះមកដល់បច្ចុប្បន្ន បើខ្មោច ណាជាអតីតអ្នកនយោបាយ ឬជាបណ្ឌិតបញ្ញវន្ត ត្រូវគេធ្វើឃាត ឬស្លាប់លើសមរភូមិ ក៏ត្រូវគេតម្កុំតម្កើងជាវីរបុរស វីរនារី។ នយោបាយយកខ្មោចកាងបែបនេះ “ស្មើដៃគ្នា” គឺភាគីណាក៏លើកបន្តុបខ្មោច បញ្ជោរខ្មោច ដែលសល់នៅតែអដ្ឋិធាតុបញ្ចុះ ក្នុងចេតិយ ឬសម្រាន្តស្តូកស្តឹងក្នុងផ្នូរ ដែល “នគរធំ” ក្តាប់បាន ក៏លើកពីរឿង ខ្មោច មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។

សូមរំព្ញកថា កាលពីទសវត្សឆ្នាំ ១៩៤០ ដល់ទសវត្សឆ្នាំ ១៩៥០ គណបក្សប្រជាធិបតេយ្យ ឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ដោយមានព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ជានាយករដ្ឋមន្ត្រី។ លុះព្រះអង្គសុគតដោយជំងឺរបេង លោកអៀវ កើស ក៏ឡើង បន្តវេនដឹកនាំគណបក្សប្រជាធិបតេយ្យ ប៉ុន្តែជាអកុសល អតីតប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្ត្រីរូបនេះ ត្រូវឃាតករ អនាមិក បោកគ្រាប់បែកសម្លាប់លោក កាលពីឆ្នាំ ១៩៥២។ ទោះបីជាទ្រង់យុ់ត្តិវង្ស សុគត និងលោកអៀវ កើស ស្លាប់ ក៏អ្នកនយោបាយប្រជាធិបតេយ្យ ឬ “ពួកដេម៉ូ” (Les démo) នៅតែបន្តលើកស្ទួយលទ្ធិប្រជាធិបតេយ្យ រហូតដល់សព្វថ្ងៃ ដោយលើកតម្កើងទ្រង់យុត្តិវង្ស និងលោកអៀវ កើស ជា “បិតាប្រជាធិបតេយ្យ”។

របបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់ មុនដំបូងគោរពទ្រង់យុត្តិវង្ស និងលោកអៀវ កើស ដែរ លុះ ក្រោយមក របបនេះ បានលើកតម្កើង “អាចារ្យស្វា, ពោធិ៍កំបោរ, អាចារ្យហែម ចៀវ, កញ្ញាឌៀប វណ្ណដារ៉ា” ថាជា “បុព្វ ការីជននៃការផ្តួលរំលំរបបរាជានិយម”។ នៅចុងឆ្នាំ ១៩៧០ លោកលន់ នល់ បានបញ្ជាលោកប៊ុណ្ណ ច័ន្ទម៉ុល អតីតមេឥស្សរៈ ធ្លាប់ជាប់គុកកោះត្រឡាច ឱ្យឡើងឧទ្ធម្ភាគចក្រ ទៅគាស់អដ្ឋិធាតុ ព្រះអាចារ្យហែម ចៀវ នៅកោះត្រឡាច ព្រោះលោក ម៉ុល ធ្លាប់ដាក់ដុំថ្មចំណាំផ្នូរសពនោះ។ ពេលយកឆ្អឹងមកដល់ភ្នំពេញ លោកលន់ នល់ ដែលមានលោកសឹង ង៉ុកថាញ់ ជា នាយករដ្ឋមន្ត្រី បានរៀបចំពិធីបុណ្យយ៉ាងមហោឡារិក អធិកអធម បូជាឆ្អឹងនោះ និងរើសធាតុដាក់កោដ្ឋមាស បញ្ចុះក្នុង ចេតិយវត្តឧណ្ណាលោម ដោយផ្តល់គោរមងារសពថាជា “វីរបុរសខ្មែរ”។ ជាងនេះទៀត លោក លន់ នល់ បានលើកតម្កើង នាងកញ្ញា ឌៀប វណ្ណដារ៉ា ជាកងកុម្មង់ដូ ការពារក្រុងសៀមរាប ដែលត្រូវគ្រាប់ស្លាប់លើសមរភូមិ ជា “វីរនារី” បានទាំង យករូបរបស់នាង ដាក់លើក្រដាសប្រាក់ ៥០០រៀលទៀតផង។

ដោយឡែក របបប៉ុល ពត មុនដំបូង ឃើញលើកទង់រូបកណ្តៀវ ញញួរ និងរូបថតខ្មោច “កាល់ម៉ាក្ស អង់ហ្គែល ឡេនីន” មេដឹកនាំបង្កើតលទ្ធិកុម្មុយនីស្ត។ លុះក្រោយមក របបប៉ុល ពត ប្តូរមកគោរព “អង្គការ” វិញ ដែលអង្គការនោះ មានប៉ុល ពត ជាអគ្គមគ្គុទ្ទេសក៍ដ៏មហិមា។

ចំណែករបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានលើកតម្កើងខ្មោចម៉ាក្ស ឡេនីន អង់ហ្គែល ដោយបន្ថែម “សមមិត្តទូ សាមុត និងសមមិត្ត សឺង ង៉ុកមិញ” ជាវីរបុរស។ លុះយូរៗទៅ បន្ទាប់ពិសហភាពសូវៀត ធ្វើការកែទម្រង់របៀបរបបកុម្មុយនីស្ត លែងសូវជឿឡេនីន ទើបនៅកម្ពុជា ក៏ប្តូរដែរ ដោយលែងឃើញលើករូបថតខ្មោចតទៅទៀត។

គណបក្សហ៊្វុនស៊ិនប៉ិច ចូលចិត្តលើកតម្កើង លោកប៉ែន សុវណ្ណ តាំងពីគាត់នៅរស់ រហូតដល់ទទួលមរណភាព ដែល ធ្លាប់ជាប់គុកនៅក្រុងហាណូយ ជាង១០ឆ្នាំ។ ក្រៅពីនេះ ហ៊្វុនស៊ិនប៉ិច “មិនភ្លេចគុណអ្នកតាឃ្លាំងមឿង, អ្នកតាក្រហមក” ដែលជាអតីតវីរបុរសខ្មែរ បូជាជីវិតដើម្បីជាតិមាតុភូមិ។

ការលើកឡើងដោយត្រួសៗនេះបង្ហាញថា “អ្នកនយោបាយខ្មែរ គ្រប់និន្នាការចូលចិត្តយកខ្មោច ធ្វើអាជីវកម្ម” ដោយ ចេញឃោសនាឱ្យប្រជារាស្ត្រជឿទុកចិត្ត។ វប្បធម៌យកខ្មោចមកកាងនយោបាយ ទោះជារៀនសូត្រចេះដឹងមានឋានៈបណ្ឌិត ក៏មិនដែលភ្លេច យកខ្មោចមកកាង។

កាលលោកបណ្ឌិត កែម ឡី នៅមានជីវិត មិនដែលឃើញអ្នកនយោបាយណាលើកតម្កើងលោកទេ លុះដល់លោកត្រូវគេ ធ្វើឃាត ក៏ស្រាប់តែអ្នកនយោបាយ អ្នកវិភាគ នាំគ្នាតម្កុំតម្កើងថាជា “វីរបុរសប្រជាធិបតេយ្យ”។ លោកសម រង្ស៊ី ក៏ដូច លោកកឹម សុខា តែងសរសើរវីរភាពលោកបណ្ឌិតកែម ឡី ប៉ុន្តែមេប្រឆាំងទាំងពីរនេះ មិនដែលជួយលុយកាក់អីសម្រាប់ ចិញ្ចឹមប្រពន្ធកូនបណ្ឌិតកែម ឡី ដែលភៀសខ្លួនទៅនៅប្រទេសអូស្ត្រាលី ក៏ត្រូវលោកគឹម សុខ អ្នកវិភាគមុតស្រួច រស់នៅ ប្រទេសហ្វាំងឡង់ រិះគន់ប៉ោចៗ ឱ្យលោកសម រង្ស៊ី សុំទោសខ្មោច។

លោកសម រង្ស៊ី ក៏បានរិះគន់បក្សកាន់អំណាច (CPP) ថា “បានយកសឺង ង៉ុកមិញ ហៅអាចារ្យមៀន” ជាបុព្វបុរស ដោយមេប្រឆាំងនោះ ចោទប្រកាន់ថា ខ្មោចអាចារ្យមៀន ជាជនក្បត់ជាតិ លក់ដីឱ្យយួន។

ជាការឆ្លើយតបវិញ លោកសុខ ឥសាន អ្នកនាំពាក្យ CPP បានលើកឡើងអាទិ៍ថា “អាចារ្យមៀន ជាជនស្នេហាជាតិ មាតុភូមិ ដែលវិញ្ញាណក្ខន្ធអាចារ្យមៀន នៅតាមជួយគណបក្សប្រជាជនកម្ពុជា ទើបអាចកាន់អំណាច បានរាប់សិបឆ្នាំ ដឹកនាំ ប្រទេសឱ្យជឿនលឿន”…។

និយាយរួម អ្នកនយោបាយខ្មែរ តែងប្រើយុទ្ធសាស្ត្រយកខ្មោចធ្វើអាជីវកម្មគ្រប់របប គ្រប់រជ្ជកាល គ្រប់អាណត្តិ។ កាលពីសម័យបារាំង ជាពិសេស រជ្ជកាលព្រះបាទនរោត្តម បានចាត់ទុក “អាចារ្យស្វា, ពោធិ៍កំបោរ, ស្នងសូរ មនោកែវ…” ជាជនក្បត់ជាតិ។ លុះរបបលន់ នល់ បានកាន់ចង្កូតប្រទេស ក៏លើកខ្មោចទាំងនេះ ជា “វីរបុរស” បានទាំងយកទៅដាក់ឈ្មោះ ដងវិថី នៅភ្នំពេញ ទៀតផង។

បើនិយាយពីរឿងឈ្មោះវិថី ឃើញដូរចុះដូរឡើងទៅតាមនិន្នាការនយោបាយរបស់អ្នកដឹកនាំ ឧទាហរណ៍ “មហាវិថី ព្រះនរោត្តម” កាលជំនាន់បារាំង មានឈ្មោះថា “មហាវិថីឌូដា ដឺឡាក្រេ” (Douodat de lagrèe) ដែលជានាយទាហាន បារាំង។ លុះស្រុកបានឯករាជ្យ ផ្លូវធំតាមបណ្តោយវិមានឯករាជ្យនោះ ក៏ដូរជា “មហាវិថីព្រះនរោត្តម”។ ចូលដល់របប លន់ នល់ ក៏ដូរជា “មហាវិថី ៩តុលា” ដែលជាថ្ងៃបង្កើតរបបសាធារណរដ្ឋខ្មែរ ។ លុះរបបប៉ុល ពត ភ្នំពេញក្លាយជាទីក្រុង ខ្មោច គេវ៉ៃទម្លាក់ស្លាកដងវិថីទាំងអស់ ប៉ុន្តែរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា បានដាក់ស្លាកថ្មីជា “មហាវិថីទូ សាមុត”។ ឥឡូវក៏ក្លាយជា “មហាវិថីព្រះនរោត្តម” ដូចមុន ដែលបង្ហាញថា គ្រាន់តែឈ្មោះផ្លូវ ក៏លេចតាមនិន្នាការនយោបាយ ដែរ ខណៈដែល “អ្នកនយោបាយយកខ្មោចធ្វើអាជីវកម្ម”។

ដូច្នេះយើងឃើញថា អ្នកនយោបាយខ្មែរ សុទ្ធតែមានឋានៈបណ្ឌិត មិនសូវជឿអារក្សអ្នកតា ព្រាយបិសាចអ្វីទេ ប៉ុន្តែ អ្នកនយោបាយ “ស្គាល់ចិត្តរាស្ត្រ ដែលគោរពលទ្ធិព្រលឹង” ក៏ប្រើយុទ្ធសាស្ត្រតម្រូវចិត្តរាស្ត្រយ៉ាងនេះទៅ។ គាត់មិនជឿខ្មោច ទេ តែក៏មានអ្នកនយោបាយខ្លះចូលទៅថ្វាយភ្លេង និងគ្រឿតង្វាយផ្សេងៗនៅអាស្រមអ្នកតាឃ្លាំងមឿង។ គាត់គ្មានជំនឿ លើបារមីស្អីទេ តែបានលើកឡើងថា កុំតែបានបារមីបុព្វបុរសជួយកាន់ខ្នងរងមុខ ក៏គ្មានថ្ងៃនេះដែរ។ ខ្មោចខ្លះ បើគេស្អប់ក៏ មានវិធានការទប់ស្កាត់ មិនឱ្យធ្វើបុណ្យ ឬនឹករលឹក ដូចករណីខ្មោចឧត្តមសេនីយ៍ហ៊្វុនស៊ិនប៉ិច មួយចំនួន ដែលស្លាប់ក្នុងព្រឹត្តិ- ការណ៍៥-៦កក្កដា ឆ្នាំ១៩៩៧ មេដឹកនាំហ៊្វុនស៊ិនប៉ិច មិនសូវហ៊ានទៅបង្សុកូលឱ្យទេ ព្រោះខ្លាចឥទ្ធិពល CPP។

សរុបទៅ “នយោបាយយកខ្មោចធ្វើអាជីវកម្ម” គឺស្មើដៃគ្នាតែម្តង ដែលអ្នកនយោបាយណាក៏ “កាន់កូនខ្មោច” ដូចគ្នា។ “នគរធំ” ក៏គោរពខ្មោចដែរ ដោយមិនរើសថា ខ្មោចនេះ ខ្មោចនោះ ឱ្យតែមានឈ្មោះចារទុកក្នុងប្រវត្តិសាស្ត្រ គោរពទាំង អស់ តាមរយៈការធ្វើបុណ្យភ្ជុំបិណ្ឌ ឧទ្ទិសកុសល។ បើអ្នកនយោបាយយើងចូលចិត្តយកខ្មោចធ្វើអាជីវកម្ម គួរឧស្សាហ៍ធ្វើ បុណ្យបង្សុកូល ឧទ្ទិសមគ្គផលជូនខ្មោចផង ប៉ុន្តែបើ “យកខ្មោចមកកាង” រួចឈ្លោះលាបពណ៌គ្នានោះ មិនសមរម្យទេទាន….”៕

RELATED ARTICLES