Friday, May 3, 2024
Homeបរិយាយឆ្មាំរក្សាព្រៃ

ឆ្មាំរក្សាព្រៃ

ដោយ អាចារ្យថាំ

ករណីបទល្មើសព្រៃឈើ បើសិនជារាជរដ្ឋាភិបាល ចង់ដោះស្រាយឱ្យចប់ មិនមែននៅត្រង់បង្កើតគណៈកម្មការទប់ស្កាត់បទល្មើសព្រៃឈើ ដោយយកកង- កម្លាំងរាជអាវុធហត្ថ មកប្រើនោះទេ។ ក្រសួងបរិស្ថាន ដែលមានឆ្មាំការពារព្រៃ ជាង ២០០០នាក់នោះ ក៏មិនទាន់មានប្រសិទ្ធភាពដែរ ប៉ុន្តែ បើរាជរដ្ឋាភិបាល ចង់បញ្ចប់បញ្ហានេះ លុះត្រាតែ “បង្កើតឆ្មាំព្រៃ”។

ឆ្មាំព្រៃ ដែលមានប្រសិទ្ធភាពខ្លាំងបំផុត “គឺមនុស្សធ្លាប់ស្គាល់ភូមិសាស្ត្រ ព្រៃ” ឬ មនុស្សចូលព្រៃមិនចេះវង្វេង មិនខ្លាចសត្វសាហាវ ពស់អាសិរពិស និង ចេះមន្តអាគមគាថា ការពារភូតបិសាច តាមជំនឿបុរាណទើបបាន។

ឆ្មាំទាំងនោះ និយាយឱ្យចំ គឺ “សហគមន៍ជនជាតិភាគតិច សកម្មជនបរិស្ថាន” ដោយជ្រើសតាំងយកមកបូកបញ្ចូលជាមួយមន្ត្រីបរិស្ថានមេព្រៃ ទាហាន ប៉េអឹម ដែលមានស្រាប់ ពោលគឺ “ឆ្មាំចម្រុះ” ទើបធានាថា ចោរលួចកាប់ឈើ ធ្វើសកម្ម- ភាពលែងកើត។

សហគមន៍ជនជាតិព្នង គ្រឹង ទំពួន ដែលរស់នៅខេត្តរតនគិរី មណ្ឌលគិរី ពួក គាត់ស្គាល់ភូមិសាស្ត្រព្រៃឧទ្យានជាតិវីរជ័យ ឬតំបន់កន្ទុយនាគច្បាស់ណាស់ ព្រោះពួកគាត់ចាប់កំណើតកើតជានៅតំបន់ព្រៃ ដោយមានបុព្វបុរសជាមេកន្ទ្រាញ ចេះមន្តអាគមផ្សាំងសត្វដំរី ឱ្យបាក់បបខ្លបខ្លាច ចេះមន្តអាលម្ពាយចាប់ពស់វែក។

សហគមន៍ជនជាតិស្អូច ព័រ ជង រស់នៅតំបន់ព្រៃខេត្តកោះកុង គាត់ស្គាល់ ភូមិសាស្ត្រតំបន់ ជាយអារ៉ែង ភ្នំឱរ៉ាល់ ភ្នំក្រវាញ ច្បាស់ណាស់គាត់ដឹងថា កន្លែង ណាជាជំរំឈើប្រណីតមានគ្រញូង បេង នាងនួន ជាដើម។

សមាគមន៍ជនជាតិកួយ នៅខេត្តកំពង់ធំ ព្រះវិហារ គាត់ស្គាល់ភូមិសាស្ត្រ តំបន់ព្រៃ និងជាប់ពូជបុព្វបុរសស្លដែកកំពង់ស្វាយ សម្រាប់ផលិតដាវ លំពែង បម្រើក្នុងកងយោធពលខេមរភូមិន្ទជំនាន់បុរាណ។

ដោយឡែក សកម្មជនដែលចេញមុខការពារបរិស្ថាន ទោះជានៅក្មេងៗមិន ធ្លាប់ស្គាល់ភូមិសាស្ត្រព្រៃ ក៏ពួកគេធ្លាប់ “ស្គាល់មុខឈ្មួញលួចកាប់ឈើ” និងស្គាល់ ផ្លូវដឹកឈើចេញ មិនច្រឡំឡើយ ប៉ុន្តែ ចលនាការពារព្រៃនោះ បានត្រឹមដាក់វេន គ្នាចូលគុក។

ដូច្នេះឆ្មាំព្រៃ ដូចរៀបរាប់ខាងលើនេះ បើរដ្ឋាភិបាលជ្រើសរើសយកមក បញ្ចូលជាមួយឆ្មាំចាស់ ដែលមានស្រាប់ ធានាថា “ឈ្មួញទុច្ចរិត ងើបក្បាលអត់ រួចទេ”។ បើហ៊ានជួលជនក្រីក្រចូលកាប់ឈើ នឹងប៉ះជាមួយឆ្មាំជនជាតិព្នង កួយ គ្រឹង ទំពួន ជង ស្អូច ព័រ។ ប្រពៃណីជនជាតិ “ខ្លាចអារក្ស” អត់ហ៊ានពុករលួយទេ ដូច្នេះអ្នកស៊ីឈ្នួលកាប់ឈើ អាចប្រឈមនឹងធ្នូ ស្នា កាំបិត របស់ឆ្មាំទាំងនោះ។ បើមានរថយន្តដឹកឈើចេញពីព្រៃ តាមផ្លូវណាក៏មិនរួចពីភ្នែក “សកម្មជនបរិស្ថាន” ដែលអនុវត្តទ្រឹស្តី “ស្នេហាព្រៃព្រឹក្សា គឺស្នេហាជាតិ” ទោះជាឈ្មួញសូកប៉ាន់ យ៉ាងណាក៏មនោសញ្ចោតនាស្នេហាជាតិរារាំងពួកគេ មិនឱ្យទទួលសំណូក។

មិនចាំបាច់ឱ្យប្រាក់ខែ ដល់ឆ្មាំជ្រើសថ្មីទាំងនោះទេ ប៉ុន្តែ អាចអំពាវនាវដល់ ឧកញ៉ាៗ ដែលស្នេហាសម្បត្តិធម្មជាតិ ឬសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យជួយថវិកា ឧបត្ថម្ភជីវភាពឆ្មាំទាំងនោះផង។ មិនខ្វះទេអ្នកចាំជួយលុយដោះ ស្រាយជីវភាពឆ្មាំរក្សាព្រៃ ឱ្យតែចាត់វិធានការម៉ឺងម៉ាត់ គ្មានរថយន្ត ឬម៉ូតូដឹក ឈើទៅស្រុកយួន។

ទោះយ៉ាងណា បើសិនជាមានការស៊ុមគ្រលុំគ្នា រកលុយតាមរយៈការកាប់ ឈើនោះ គេមិនចង់ឱ្យមានសហគមន៍ជនជាតិភាគតិច និងពួកសកម្មជនបរិស្ថាន មាននិន្នាការប្រឆាំង មករំខាននោះទេ។ ឧបមាថា មន្ត្រីបរិស្ថាន ជាង ២០០០ នាក់ មេព្រៃ រាប់រយនាក់ ប៉េអឹម ទាហាន ប៉ូលិស ឈរយាមបណ្តាក់គ្នា ដូចខ្យង ក៏គ្មានប្រសិទ្ធភាពដែរ បើសិនជាឈ្មួញឈើនោះ មានឥទ្ធិពលខ្លាំង។

ហេតុនេះ បើចង់ឱ្យបទល្មើសព្រៃឈើ ត្រូវបញ្ចប់ គ្មានអីធំជាងបង្កើតឆ្មាំព្រៃ ដូចរៀបរាប់ខាងលើនេះទេ”៕

RELATED ARTICLES