ដោយ អាចារ្យថាំ
អាចថា មកពីអ្នកនយោបាយខ្មែរ ជាប់ពូជបុព្វបុរសពីសម័យលង្វែក-ឧដុង្គ ដែលតែងទៅពឹងពាក់ជំនួយពីក្រៅ ដើម្បី អំណាច ទើបអ្នកនយោបាយខ្មែរ បច្ចុប្បន្ន គ្រប់និន្នាការ ចូលចិត្តពឹងជំនួយបរទេស ស្របនឹងសុភាសិតបារាំង ថា “ជំនឿលើ ជំនួយពីខាងក្រៅ នឹងនាំទៅដល់សេចក្តីទុក្ខព្រួយ (La comfiance en un secours extérieur apporte la détresse) ដែល “នគរធំ” ក្តាប់បាន ក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
“ជំនួយពីក្រៅ” សំដៅដល់សេដ្ឋកិច្ច យោធា និងការប្រឹក្សាពិគ្រោះយោបល់ ដែលអ្នកនយោបាយខ្មែរសម័យនេះ យក មកអនុវត្តគ្រប់គ្នា ព្រោះតែខ្លួនឯងគ្មានអ្វីជាលំនឹង ឬពុំអាច “ខ្លួនទីពឹងខ្លួនបាន” ទាល់តែពឹងគេ។ កាលពីសម័យលង្វែក-ឧដុង្គ យើងឃើញព្រះមហាក្សត្រខ្មែរ អង្គខ្លះតែងពឹងសៀម-យួន ឱ្យជួយច្បាំងប្រឆាំងនឹងចលនាបះបោរ ដែលមានកម្លាំង ខ្លាំងជាងកងទ័ពរដ្ឋាភិបាល។ ជួនកាលទៀតក៏មានស្តេចជាមេឧទ្ទាម ពឹងសៀម-យួន ឱ្យជួយច្បាំងដណ្តើមរាជ្យ ដូចករណី “ព្រះបាទធម្មរាជា” (បុត្រព្រះបាទពញាយ៉ាត) ចាប់ផ្តើមពឹងសៀមជាដំបូងគេ ក្នុងប្រវត្តិសាស្ត្រ ដើម្បីបានសោយរាជ្យ។ រីឯ “ព្រះបាទអង្គតន់” ក៏បានពឹងយួន ដើម្បីទប់ទល់នឹងចលនាបះបោរក្នុងនគរ ដែលមាន “ព្រះអង្គ នន់” ជាមេឧទ្ទាម។ លុះ ពឹងគេ ក៏ត្រូវអ្នកជួយនោះទាមទារគុណបំណាច់ កាត់ច្រឹបយកដីខ្មែរ តាមអំពើចិត្ត ជាហេតុនាំឱ្យទឹកដី “ចក្រភពកម្ពុជទេស ឬមហានគរ” ក្រោយរជ្ជកាល “ព្រះបាទជយវរ្ម័នទី៧” រួញក្តោបបន្តិចម្តងៗរហូតដល់សព្វថ្ងៃ។
ចូលមកដល់របបសាធារណរដ្ឋខ្មែរ របស់លោកប្រធានាធិបតី លន់ នល់ ឃើញ “ពឹងអាមេរិក និងអាយ៉ងព្រៃនគរ” ដោយ សុំជំនួយជាកម្លាំងទ័ព អមដោយរថក្រោះ យន្តហោះ ព៥២ កាំភ្លើងតូចធំ បាញ់ផ្លោងធ្លាក់ជញ្ជ្រោំលីទឹកដីខ្មែរ។ របបលន់ នល់ បានទាំងខ្ចីលុយអាមេរិក អត់អីសង ទុកផលវិបាកដល់សព្វថ្ងៃ សរុបបំណុល ៥០០លានដុល្លារ ដែលប្រជាពលរដ្ឋខ្មែរ បាន ដឹងជាទូទៅ។
របបប៉ុល ពត កម្ពុជាប្រជាធិបតេយ្យ “ពឹងចិនដីគោក” បាននាំចូលទីប្រឹក្សា និងជំនួយសេដ្ឋកិច្ច តាំងពីគ្រឿងម៉ាស៊ីន ក្រណាត់ ថ្នាំពេទ្យ ប៉ុន្តែរបបនេះ មិនទុកឱ្យជំពាក់គេទាន់ទេ ក៏ដឹកស្រូវទាំងកប៉ាល់ៗ យកទៅទូទាត់ថ្លៃទំនិញ ជាហេតុនាំឱ្យ ប្រជាទាសករ ហុតបបររាវកក្លូក។
របបសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា “ពឹងចិន រុស្ស៊ី វៀតណាម” ពិសេសផ្នែកសេដ្ឋកិច្ច ដោយការ ខ្ចីបុលចិន រាប់ពាន់លានដុល្លារ មកកសាងប្រទេស ក្រោយពេលពឹងកងទ័ពវៀតណាម ឱ្យជួយវាយរំលំរបបប៉ុល ពត ប្រល័យពូជ-សាសន៍។
ចលនាត្រីភាគី តស៊ូនៅជាយដែន ដែលមានសម្តេចព្រះនរោត្តម សីហនុ ជាព្រះប្រធាន អមដោយភាគីសំខាន់ៗ មាន សម្តេចសឺន សាន ខៀវ សំផន និងបញ្ញវន្តទាំងស្តាំ ទាំងឆ្វេង ធ្វើសកម្មភាពប្រឆាំងរបបក្រុងភ្នំពេញ ក៏ពឹងអាមេរិក ចិន ថៃ” ទើបចលនាត្រីភាគី មានលទ្ធភាព ឈានទៅដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១។
លុះខ្មែរ ព្រមព្រៀងគ្នាឈប់ច្បាំង ក៏ “ពឹងអ៊ុនតាក់ ឬកងទ័ពពហុសាសន៍” ឱ្យមកជួយទៀត ដើម្បីរៀបចំការបោះឆ្នោត អាណត្តិទី១ ខណៈដែលភាគីខ្មែរក្រហម មិនព្រមទម្លាក់អាវុធ និងធ្វើពហិការបោះឆ្នោត។
និយាយរួម តាំងពីសម័យលង្វែកមក ខ្មែរយើងជាប់វប្បធម៌ “ពឹងជំនួយពីក្រៅ” ព្រោះបើទីពឹងខ្លួនឯងដោះស្រាយមិន ចេញ ទាល់តែពឹងគេ។ កាល “ព្រះបាទអង្គឌួង ពឹងបារាំង” មិនសូវខុសទេ ព្រោះកាលនោះ កម្ពុជា “ជារដ្ឋទ្រនាប់” ត្រូវសៀម និងយួន ស្រុះស្រួលគ្នាលើក ព្រះអង្គឌួង ឱ្យឡើងសោយរាជ្យ តែអ្នកជិតខាងទាំងពីរនេះ ចង់ពុះដីខ្មែរចែកគ្នា ដោយយក ទន្លេមេគង្គ ជាព្រំប្រទល់។ លុះបានបារាំង មកជួយទើបអាចទប់ទល់នឹងមហិច្ឆតាអ្នកតាំងពីរនោះបាន ដែលប្រវត្តិវិទូ ត្រឹង ងា បានសរសេរថា “បើបារាំង មកយឺតតែ ៥០ឆ្នាំ សៀម-យួន ពុះដីខ្មែរ ចែកគ្នាបាត់ទៅហើយ”។
ក្រឡេកមើលបច្ចុប្បន្ន យើងឃើញ “ពួកប្រឆាំងនៃអតីត CNRP” យកវប្បធម៌ទីពឹងជំនួយពីក្រៅ មកប្រើទៀត ហើយ។ ពួកប្រឆាំងខ្លះ បានដង្ហោយហៅអង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប និងអាមេរិក ឱ្យប្រញាប់ជួយពួកគេផង ដោយអំពាវនាវឱ្យប្រើធម៌ក្តៅ ទៅលើបក្សកាន់អំណាច (CPP) ជាពិសេសគេទាមទារឱ្យគាបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យចុះចេញពីតំណែង។
ដោយឡែក បក្សកាន់អំណាច ក៏ពឹងគេដែរ ដោយផ្តោតជំនឿទៅលើ “មហាមិត្តចិន ទាំងខាងសេដកិច្ច និងសង្គមកិច្ច” ជំនួយសង្គមកិច្ចរបស់ចិន គឺការផ្តល់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ រាប់លានដូស ត្រូវចិន ដឹកតាមយន្តហោះ មកឱ្យ ដែល បង្ហាញថា ក្នុងស្ថានភាពដ៏លំបាកនេះ បើមហាមិត្តចិន មិនជួយសង្គ្រោះ ច្បាស់ជាខ្មែរ រងគ្រោះធ្ងន់ដោយសារមេរោគមហា-ប្រល័យនេះ។
ទោះយ៉ាងណា ខ្មែរយើងក៏ធ្លាប់ជួយគេដែរ ប៉ុន្តែអ្នកមកពឹងខ្មែរនោះ ជាមនុស្សរមិលគុណ លុបចោលព្រឹត្តិការណ៍ដែល ខ្មែរ បានជួយនោះ មិនដាក់ក្នុងប្រវត្តិសាស្ត្ររបស់គេ។ នៅឆ្នាំ១៨០០ “សម្តេចចៅហ៊្វា ប៉ុក” បានបញ្ជូនកងទ័ពខ្មែរ ទៅជួយ ស្តេច “ង្វៀង តុកអាញ់ ឬស្តេចយ៉ាឡុង” ដើម្បីកម្ចាត់ “ពួកតៃសឺន” និងបានជួយជ្រោមជ្រែងឱ្យង្វៀង តុកអាញ់ បានឡើង សោយរាជ្យ ដែលកាលនោះ យួនបានប្រគល់ឱ្យខ្មែរវិញ នូវកាំភ្លើងធំ ២ដើម ដែលយួនរឹងអូស កាលធ្វើសង្គ្រាមជាមួយ ព្រះអង្គនន់។
បារាំង ក៏ធ្លាប់កេណ្ឌទ័ពខ្មែរ យកទៅវាយអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២ ដែលកាលនោះ កងទ័ពខ្មែរ បូជាជីវិត អស់មិនតិចទេ ដោយចាញ់ធាតុអាកាសត្រជាក់។ ទោះយ៉ាងណា បារាំង មិនភ្លេចគុណខ្មែរទេ គេបាន “សង់វិមានរូបពីរ” នៅជិតវត្តចិនដំដែក (ភ្នំពេញ) ដោយសិតរូបទាហានបារាំង និងទាហានខ្មែរ ឈរកៀកដៃគ្នា ប៉ុន្តែវិមានអនុស្សាវរីយ៍នោះ ត្រូវរបបប៉ុល ពត វាយកម្ទេចចោលទៅហើយ។
ខ្មែរ ធ្លាប់ផ្តល់សិទ្ធិជ្រកកោនដល់ជនជាតិចិន ដែលរត់ភៀសខ្លូនតាមទូកសំពៅ សម័យស៊ុន យ៉ាតសេន និងម៉ៅ សេទុង ធ្វើបដិវត្តន៍ និងសង្គ្រាមពង្រីកឥទ្ធិពលកុម្មុយនីស្ត។ ជនជាតិចិន រាប់ពាន់នាក់ ត្រូវបានអាជ្ញាធរខ្មែរ ជួយទំនុកបម្រុងដោយ ចែកដីឱ្យនៅ ប្រកបរបររកស៊ីដោយសេរី មិនដែលធ្វើទុក្ខបុកម្នេញដល់ជនជាតិចិន ដែលក្លាយជាកុងម៉ាយើងសព្វថ្ងៃនោះទេ។
កាលពីគ.ស ១៥៧៤ ព្រះមហាក្សត្រខ្មែរ “ព្របាទសត្ថាទី១” បានត្រាស់បង្គាប់ “មហាឧបរាជស្រីសុរិយោពណ៌” ឱ្យ លើកទ័ពទៅជួយស្តេចសៀម “ព្រះនរេសូរ” ដើម្បីដេញកងទ័ពភូមា យោងទៅតាមសន្ធិសញ្ញាមិត្តភាពខ្មែរ-សៀម។ លុះក្រោយមកដោយខឹងនឹងព្រះស្រីសុរិយោពណ៌ មិនគោរពខ្លួន ស្រាប់តែព្រះចៅនរេសូរ លើកទ័ពសៀម មកសងគុណខ្មែរ ដោយ “វាយបែកបន្ទាយលង្វែក” ដែលទំព័រប្រវត្តិសាស្ត្រ ចារទុកយ៉ាងច្បាស់។
ដូច្នេះយើងឃើញថា “ជំនឿលើជំនួយពីក្រៅ នាំទៅដល់សេចក្តីទុក្ខព្រួយ” ពោលគឺខ្មែរយើងពឹងគេ ត្រូវជំពាក់គុណគេ ខ្ចីលុយគេ ត្រូវសងគេ ដូចច្បាប់ក្រមង៉ុយ ថា “ខ្មែរចេះតែកិន ចិនចេះតែកត់” ប៉ុន្តែដល់ខ្មែរយើងជួយគេៗ អត់កត់ទេ ដោយ បំភ្លេចគុណខ្មែរ សូន្យឈឹង។ ខ្មែរ ធ្លាប់ជួយច្បាំងយួន សៀម បារាំង តែអន្តរាគមន៍របស់ខ្មែរ គេមិនដែលរំព្ញក ផ្ទុយពីខ្មែរ ឯណេះ ជំពាក់គុណយួន ក៏ចារទុកក្នុងបេះដូង ឬ “មិត្តភាពម៉ឺនឆ្នាំ” និងចារឹកគុណរបស់ចិន ទៅជា “មហាមិត្តដែកថែប”។ ខ្មែរ ពឹងគេក៏បានទុក្ម្ខ គេពឹងខ្មែរ ក៏បានទុក្ខដែរ ដូចករណីខ្មែរ បើកឱ្យជនជាតិចិន រាប់ពាន់នាក់ មកនៅក្រុងព្រះសីហនុ និង បើកឱ្យជនជាតិយួន មកនៅលើផ្ទះបណ្តែតទឹក លើទន្លេសាប បានត្រឹមរងទុក្ខ ព្រោះដេញមិនចេញ ខូចបរិស្ថានទន្លេ។ ពួក ប្រឆាំង ដែលពឹងអាមេរិក អឺរ៉ុប ថា អាចជួយពួកគេឱ្យមានការផ្លាស់ប្តូរនោះ ក៏កាន់តែឆ្ងាយទៅៗ ដូចសង្ឃឹមផ្កាយលើ មេឃ។
សរុបទៅ “នយោបាយពឹងជំនួយពីក្រៅ” បើអ្នកនយោបាយខ្មែរ ខ្វះការប្រុងប្រយ័ត្ន អាចដើរជាន់ប្រវត្តិសាស្ត្រ ដូចករណី បុព្វបុរសខ្មែរ ទៅពឹងយួន សៀម បានត្រឹមគេកាត់ច្រឹបយកដី។ ពេលខ្មែរ ទៅជួយគេដូចកាលឱ្យដីពួកយៀកមិញ យៀកកុង ធ្វើសកម្មភាពអត់បានចំណេញស្អីទេ ជួនកាលគេឱ្យ “ស្រីស្អាត” សាច់សដូចបណ្តូលចេក មកកំដរតណ្ហា កាន់តែខាតធ្ងន់ទៅៗ។ ហេតុនេះ ជាទស្សនៈ “នគរធំ” ការពឹងគេ មិន ដូចពឹងខ្លួនឯងទេ យើងឃើញព្រះមហាក្សត្រគំរូ ដូចជាព្រះបាទជយវរ្ម័នទី៧, ព្រះបាទអង្គច័ន្ទទី១, ព្រះជ័យចេស្តា ជាដើម អត់ពឹងគេទេ តែសម័យនោះ កម្ពុជា ខ្លាំងណាស់…”៕